ខេត្តឧត្តរមានជ័យៈ ចាប់តាំងពីម៉ោង៧ព្រឹក នាថ្ងៃអាទិត្យទី០៣
ខែមិថុនា ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត យ៉ាងច្រើនកុះករ
នៅខេត្តឧត្តរមានជ័យ បានធ្វើដំណើរទៅ កាន់ការិយាល័យបោះឆ្នោតនានា ក្នុងឃុំ
សង្កាត់នីមួយៗ ដែលរៀបចំឡើង ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ក្នុងទឹកមុខញញឹមរីករាយ និងមានរបៀបរៀបរយ បញ្ជាក់ពីការពេញចិត្ត
ក្នុងការអនុវត្តសិទ្ធិ របស់ខ្លួន ។
ដោយឡែក លោក គន់ គីម ប្រធានក្រុមទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្រី្តជាន់ខ្ពស់
គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តឧត្តរមានជ័យ រួមនឹងមន្ត្រី ក្រុមការងារ
ថ្នាក់កណ្តាលមួយ ចំនួនទៀត ក៏បានអញ្ជើញ ទៅបោះឆ្នោតឃុំ-សង្កាត់
នៅក្នុងការិយាល័យបោះឆ្នោត លេខ ០១០៣ សិ្ថតក្នុងបរិវេណ វត្តប្រាសាទរាជា
សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។សូមបញ្ជាក់ថា សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៣នេះ នៅខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋមាន សិទ្ធិបោះឆ្នោតមានចំនួនសរុប ១២២.៤៩៩នាក់ និងមានការិយាល័យចំនួន ២៤៥ ។ សំរាប់អាណត្តិទី២កន្លងទៅ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈមេឃុំ ចៅសង្កាត់ចំនួន ២៣ ក្នុងចំណោមមេឃុំ ចៅសង្កាត់សរុបចំនួន២៤ ដោយក្នុងនោះ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានតែ១អាសនៈប៉ុណ្ណោះ។
យ៉ាងណាក៏ ដោយការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១២អាណត្តិទីបីនេះ ត្រូវបានក្រុមអ្នកវិភាគនានា បានផ្តល់ពិន្ទុជាវិជ្ជមាន ដល់គណបក្ស ប្រជាជនកម្ពុជា ថា នឹងទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីជាក់ជាមិនខានឡើយ៕