Saturday, June 2, 2012

ក្រោយ​ប្រាំ​ឆ្នាំ​នៅ​រោង​ចក្រ​មិន​ត្រឡប់​ទៅ​ស្រែ​តែ​បើក​ហាង​មួយ​កណ្ដាល​ក្រុង

កញ្ញា​ អាលីន ដែល​យុវតី​ជា​អតិថិជន​របស់​នាង​តែង​ហៅ​ថា បង​ស្រី​ហ័ង្ស​ មាន​​វ័យ​២៣​ឆ្នាំ​​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស “អាលីន​អ៊ុត​សក់” ធ្លាប់​ធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ​​តាំង​ពី​​អាយុ​១៦​ឆ្នាំ​ដោយ​ចាប់​ ផ្ដើម​នៅ​​ឆ្នាំ​២០០៥ រហូត​ដល់​២០១០ ​ក្នុង​រោង​ចក្រ​មួយ​ក្នុង​​រាជធានី​ភ្នំ​ពេញ។
ជួប​ជា​មួយ​ sabay​ អាលីន​ បាន​ដំណើរ​ប្រាប់​ពី​ខ្សែ​ជីវិត​ខ្លះៗ​របស់​នាង​អំឡុង​ពេល​ធ្វើ​ការ​នៅ​រោង​ ចក្រ​រយៈ​ពេល​ជាង​៥​ឆ្នាំ​ទម្រាំ​នាង​អាច​បើក​ហាង​អ៊ុត​សក់​តូច​មួយ​នេះ​ បាន។ “ខ្ញុំ​ខ្ចី​អត្តសញ្ញាណប័ណ្ណ​គេ​ទើប​ចូល​ធ្វើ​ការ​បាន​ព្រោះ​ពេល​នោះ​មិន​ ទាន់​គ្រប់​អាយុ​ចូល​ធ្វើ​ការ​ទេ”។
នាង​បន្ត​ក្នុង​ទឹក​មុខ​រំលឹក​ដល់​អតីតកាល​ថា ពេល​នោះ​នាង​នៅ​ក្មេង​មិន​ចេះ​គិត​អ្វី​វែង​ឆ្ងាយ​ទេ គ្រាន់​តែ​ដឹង​ថា​ត្រូវ​ធ្វើ​ការ​ ហើយ​ឆ្លៀត​ធ្វើ​ថែម​ម៉ោង​ទៀត​ដើម្បី​រក​ប្រាក់​អោយ​បាន​ច្រើន​ផ្ញើ​ទៅ​ម្ដាយ ​ដែល​ជា​ស្ត្រី​មេម៉ាយ​នៅ​ ឯ​ស្រុក និង​ចាយ​វាយ​នៅ​ភ្នំ​ពេញ​ ព្រម​ទាំង​ទិញ​របស់​ដែល​ខ្លួន​ស្រឡាញ់​តាម​បែប​យុវវ័យ។ អាលីន សើច​ហើយ​រំលឹក​អារម្មណ៍​នៅ​ពេល​នោះ​ថា “គ្មាន​ចេះ​គិត​អី​ទេ​ខ្ញុំ​ពេល​នោះ ដឹង​ថា​ធ្វើ​ការ​ដើម្បី​បាន​លុយ បាន​លុយ​ដើម្បី​ផ្ញើ​អោយ​ម៉ែ សល់​ប៉ាម៉ាន​ចាយ​ម៉ា​គ្រប់​និង​ទិញ​របស់​ប្រើ”។
នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​ថា មូល​ហេតុ​អ្វី​ទើប​អាច​ធ្វើ​អោយ អាលីន មាន​ជំនាញ​កែ​សម្ផស្ស​និង​រហូត​ដល់​បើក​ហាង​ខ្លួន​ឯង​បាន? អាលីន រៀបរាប់​អោយ​ដឹង​ថា បួន​ឆ្នាំ​ចេញ​ចូល​ក្នុង​រោង​ចក្រ​មួយ​ថ្ងៃ​មិន​តិច​ជាង​៩​ម៉ោង​​ដូច​តួ​ ល្ខោន នាង​ក៏​ចាប់​ផ្ដើម​ស្គាល់​ពី​ជីវិត​ និង​សម្លឹង​ឃើញ​ជ្រុង​ខ្លះៗ​នៃ​ជីវិត​នារី​ក្នុង​ក្រុង​ភ្នំពេញ​ដែល​មាន​ ស្ថានភាព​ប្រសើរ​ជាង​នាង។ “ខ្ញុំ​ឃើញ​គេ​ចេះ​កាត់​ដេរ​សំលៀកបំពាក់​ម៉ូដ ចេះ​កែ​សម្ផស្ស បើក​កន្លែង​លក់​ដូរ ខ្ញុំ​ភ្នក​គំនិត​មួយ​ថា តិច​ខ្ញុំ​អាច​ធ្វើ​ដូច​គេ​បាន​ដែរ​ទៅ?”។

ម្ចាស់​ហាង​វ័យ​២៣​ឆ្នាំ​រូប​នេះ​បន្ត​អោយ​ដឹង​ថា នៅ​ឆ្នាំ​២០០៩​នាង​យល់​ពី​ការ​រស់​នៅ​ក្នុង​ជីវិត​ជា​កម្មការិនី[បាន​មុខ​ ខ្វះ​ក្រោយ ចុង​ខែ ហ៊ឹម!] ដូច្នេះ​ហើយ​ទើប​នាង​មិន​សង្វាត​ថែម​ម៉ោង​រក​កម្រៃ​បន្ថែម​ទេ ប៉ុន្តែ​យក​ពេល​នោះ​ទៅ​រៀន​ជំនាញ​កែ​សម្ផស្ស។ រហូត​ដល់​ឆ្នាំ​២០១០​ទើប​នាង​ឈប់​ធ្វើ​ការ​នៅ​រោង​ចក្រ​ព្រោះ​នាង​មាន​ជំនាញ ​កែ​សម្ផស្ស​នេះ​អាច​ប្រើ​ការ​បាន។ នាង​បញ្ជាក់​ថា នាង​គ្មាន​លទ្ធភាព​បើក​ហាង​ខ្លួន​ឯង​ទេ ប៉ុន្តែ​នាង​ទៅ​ធ្វើ​ការ​ក្នុង​ហាង​គេ​យក​ប្រាក់​ខែ​និង​ចែក​ភាគ​រយ។
អាលីន រំលឹក​អោយ​ដឹង​ថា មួយ​ឆ្នាំ​ពេញ​ដែល​នាង​ត្រូវ​ធ្វើ​ការ​នៅ​ហាង​របស់​គេ​យក​ប្រាក់​ខែ ប៉ុន្តែ​មួយ​ឆ្នាំ​នោះ​នាង​ដឹង​ថា ជីវិត​គឺ​ផ្លាស់ប្ដូរ​ហើយ។ នាង​បន្ត​ថា ត្រឹម​ប្រើ​ជំនាញ​ដែល​នាង​ខំ​រៀន​ទាំង​ត្រដាបត្រដួស​​ពេញ​មួយ​ឆ្នាំ​នោះ​មក​ ធ្វើ​ការ​អោយ​គេ ​ក៏​ជីវិត​មាន​ភាព​ប្រសើរ​ជាង​ការ​ដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​ច្រើន​ដែរ នៅ​ពេល​នោះ​នាង​ក៏​ខំ​សន្សំ​ប្រាក់​ និង​តាំង​ចិត្ត​បើក​ហាង​មួយ​ផ្ទាល់​ខ្លួន “វា​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​ដែល​អាច​បើក​ហាង​ខ្លួន​ឯង​មួយ”។
ទី​បំផុត​នៅ​ចុង​ឆ្នាំ​២០១១​ អាលីន​ ក៏​អាច​ជួល​ផ្ទះ​បើក​ហាង​អ៊ុតសក់​មួយ​បាន​ដោយ​ចូល​ហ៊ុន​ជា​មួយ​មិត្តភ័ក្ដិ។ នាង​បាន​បង្ហើប​ពី​មុខ​របរ​នេះ​ថា ដំបូង​ឡើយ​មិន​សូវ​ជា​មាន​គេ​ចូល​ច្រើន​ទេ ប៉ុន្តែ​នាង​សំណាង​ល្អ​ដោយ​តាំង​ពី​ខែ​ដំបូង​មក​នាង​មិន​ខាត​ទេ​គឺ​មាន​ ភ្ញៀវ​ចូល​ល្មម​នឹង​អាច​ចំណាយ​គ្រប់​គ្រាន់​លើ​ថ្លៃ​ផ្ទះ​និង​ការ​ចំណាយ​ ផ្សេងៗ។ ទាំង​មុខ​ញញឹម​ម្ចាស់​ហាង​រូប​នេះ​បន្ត​ថា មិន​បាន​ប៉ុន្មាន​ខែ​ទេ ហាង​នាង​ក៏​មាន​គេ​ស្គាល់​ច្រើន​ជា​ពិសេស​ក្មេង។ “ពេល​ខ្លះ​មួយ​ថ្ងៃ​ខ្ញុំ​រក​បាន​ស្មើ​នឹង​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​ខែ ខ្ញុំ​រក​និយាយ​ពី​អារម្មណ៍​នោះ​មិន​ចេញ​ទេ តែ​ខ្ញុំ​ដឹង​ថា​ជីវិត​គឺ​ផ្លាស់​ប្ដូរ​ឆ្ងាយ​ដាច់​ពី​អតីតកាល”។
វិស័យ​កាត់ដេរ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​ប្រភព​ផ្ដល់​ការងារ​មួយ​យ៉ាង​ធំ​ សម្រាប់​នារី​ខ្មែរ​ដែល​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​មក​ពី​ជនបទ។ ច្រើន​ឆ្នាំ​ក្រោយ​ឧស្សាហកម្ម​មួយ​នេះ​បាន​ដំណើរ​ការ​គេ​ឃើញ​មាន​ស្ត្រី​ ខ្មែរ​ខ្លះ​បម្រើ​ការងារ​នេះ​លើស​ប្រាំ​ឆ្នាំ ខ្លះ​ឆ្លៀត​ទៅ​រៀន​ចាប់​​យក​ជំនាញ​ក្រោយ​ម៉ោង​ធ្វើ​ការ ខ្លះ​​ងាក​ទៅ​ធ្វើ​ការងារ​ផ្សេងៗ​ និង​ខ្លះ​ទៀត​ត្រឡប់​ទៅ​ធ្វើ​ស្រែ​ចម្ការ​វិញ៕(sabay)

Comments system

Disqus Shortname