លោកបានប្រាប់ពី កន្លែងធ្វើការក្នុងតំបន់ទំនាបជិតទន្លេមេគង្គថា ៖«ទឹកជំនន់ បានហូរចូលក្នុងការដ្ឋានឡឥដ្ឋខ្ញុំ និងបានបំផ្លាញឥដ្ឋ អស់ចំនួន ១០ ម៉ឺនដុំ»។
កាលពីពីរឆ្នាំមុនលោក ផេង សេង គិតគូរតិចតួចពីការ ការពារទឹកជំនន់ តែបន្ទាប់ពីមានទឹកជំនន់ពីរលើក គឺនៅខែសីហាម្តង និងម្តងទៀតក្នុងខែតុលា លោក ថា៖ «នៅឆ្នាំនេះ ខ្ញុំមានផែនការស្តាប់វិទ្យុ តាមដានព័ត៌មានស្តីពីការព្រមានអំពីគ្រោះធម្មជាតិ និងតាមដានពីកម្រិតនីវ៉ូទឹកទន្លេ។ ខ្ញុំនឹងឈប់ធ្វើឥដ្ឋភ្លាម បើខ្ញុំដឹងថា កន្លែងខ្ញុំ នឹងមានទឹកជំនន់»។
ទីរួមខេត្ត ក្រចេះ ក៏រងការជន់លិចដែរ កាលពីរដូវទឹកឡើងឆ្នាំមុន។ អំឡុងមានគ្រោះទឹកជំនន់ គេឃើញមានកាណូតបើកឆ្វាត់ឆ្វែងនៅតាមដងផ្លូវដ៏មមាញឹក ឆ្លងកាត់ ហើយម៉ូតូជាច្រើន ដែលលិចទឹក នៅសល់តែកញ្ចក់។
អ្នកស្រី ចាន់ ដួងចំប៉ា អាយុ៥០ឆ្នាំ ម្ចាស់ហាងលក់គ្រឿងអលង្ការក្នុងទីរួមខេត្ត រៀបរាប់ឲ្យដឹងពីម្សិលមិញថា៖ «ទឹកឡើងដល់ត្រឹមចង្កេះរបស់ខ្ញុំ នៅពេលភ្លៀងចាប់ផ្តើមធ្លាក់នៅខាងក្រៅនៅពេលរសៀល។ អីវ៉ាន់លក់ដូរ ខ្ញុំខូចខាតអស់ច្រើនណាស់»។
អ្នកស្រី ដួងចំប៉ា បន្តថា៖ «ខ្ញុំព្យាយាមច្រកបាវខ្សាច់ទប់នៅមុខហាងខ្ញុំ ដើម្បីការពារកុំឲ្យទឹកភ្លៀង និងទឹកលូហូរចូលហាង និងផ្ទះតែវាយឺតពេលទៅហើយ»។
បើទោះជាគាត់ ត្រៀមខ្លួនបានល្អ នៅពេលមានគ្រោះទឹកជំនន់ ដែលបានបំផ្លាញប្រទេសកម្ពុជាកាលពីខែតុលា ឆ្នាំមុននេះក្តី អ្នកស្រី ដួងចំប៉ា នៅតែព្រួយបារម្ភថា ហាងលក់ដូរដែលក៏ជាលំនៅដ្ឋានគ្រួសារគាត់ នៅតែងាយរងគ្រោះដោយគ្រោះទឹកជំនន់ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដែរ។
អ្នកស្រី និយាយថា៖ «ខ្ញុំឮថា ឆ្នាំនេះ នឹងមានគ្រោះទឹកជំនន់ធំទៀត ខ្ញុំពិតជាខ្លាចណាស់ វាជាស្ថានភាពដ៏អាក្រក់ ហើយខ្ញុំនឹងបាត់បង់ប្រាក់ចំណូល បើហាងខ្ញុំត្រូវវាបំផ្លាញ ឬបិទទ្វារនោះ»។
លោកស្រី កុយ សំបូរ អភិបាលរងខេត្តក្រចេះ បានឲ្យដឹងកាលពីម្សិលមិញថា ចាប់តាំងពីគ្រោះទឹកជំនន់ ដែលបានជន់លិចស្រុក ៥ នៅក្នុងខេត្តក្រចេះ និងបានបំផ្លាញដីស្រែអស់រាប់រយហិកតា ផ្ទះសម្បែង សាលារៀន និងផ្លូវថ្នល់អស់ជាច្រើន ព្រមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនោះមក អាជ្ញាធរមូលដ្ឋាន បានព្យាយាមអប់រំប្រជាពលរដ្ឋក្នុងខេត្ត អំពីវិធីការពារទប់ទល់នឹងគ្រោះទឹកជំនន់ឆ្នាំនេះ។
លោកស្រី បានបន្តឲ្យដឹងថា៖«យើងក៏មានទីខ្ពស់ចំនួន៦កន្លែងផងដែរ ដែលអាចឲ្យប្រជាពលរដ្ឋជម្លៀសទៅកាន់ទីនោះ ពេលមានគ្រោះទឹកជំនន់មកដល់ ហើយយើងក៏បានរៀបចំផែនការ ការពារជាមួយគណៈកម្មាធិការខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួចហើយដែរ»។ លោកស្រីថា ក្រៅពីនេះយើងក៏បានបង្កើតមូលនិធិគ្រោះទឹកជំនន់ និងចំណាយទិញសម្ភារមួយចំនួនដូចជា កាណូតល្បឿនលឿន ជាដើម ទុកអន្តរាគមន៍។ ប៉ុន្តែថា អាជ្ញាធរក៏មានការបារម្ភពីគ្រោះទឹកជំនន់នេះកាន់តែខ្លាំងដែរ។
ទន្ទឹម នឹងនោះដែរ ម្ចាស់ហាងលក់ទំនិញនៅទីរួមខេត្តក្រចេះឈ្មោះ បេ ពៅ អាយុ៥៦ឆ្នាំ បានលើកច្រកផ្លូវដើរខ្ពស់នៅតាមបណ្តោយហាងគាត់ ដើម្បីកាត់បន្ថយការខូចខាត បើទឹកឡើងដល់មាត់ទ្វារផ្ទះគាត់ម្តងទៀត។
អ្នកសី្រថា៖ «បើទោះជាអាជ្ញាធរប្រកាសព័ត៌មាន តាមវិទ្យុ និងឧគ្ឃោសនស័ព្ទ តាមម៉ូតូក៏ដោយ តែខ្ញុំនៅតែបារម្ភ»៕ BP