Friday, June 15, 2012

សង្គ្រាម​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​ជា​របស់​ប្រជាជាតិ

ថ្ងៃ​ស្អែក​នេះ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មិថុនា គឺជា​ទិវា​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​អាស៊ាន ហើយ​នេះ គឺជា​ពេលវេលា​ដែល​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង ១០ ដឹកនាំ​ដោយ​ប្រទេស កម្ពុជា ដែល​ជា​ប្រធាន​នឹង​ធ្វើ​ការ​សន្យា​ជាថ្មី​ក្នុងការ​ប្រយុទ្ធ​នឹង​ការ​កើន​ ឡើង​នូវ​ជំងឺ​ដែល​ចម្លង ដោយ​សត្វ​មូស​នៅ​ក្នុង​តំបន់។
នៅ​ក្នុង​ប្រទេស​កម្ពុជា ជំងឺ​គ្រុនឈាម​រាតត្បាត​នៅ​គ្រប់​ទីកន្លែង និង​ជា​ប្រភព​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​កុមារ​ឈឺ​សម្រាក​ពេទ្យ ឬ​ស្លាប់ ទោះបីជា​វា​បណ្តាល​ឲ្យ​មនុស្ស​វ័យ​ជំទង់ និង​មនុស្ស​ចាស់​មាន​ជំងឺ​ដែរ​ក្តី។ បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភពលោក ប៉ាន់​ប្រមាណ​ថា វា​អាចមាន​ករណី​ឆ្លង​ជំងឺ​គ្រុនឈាម ៥០ លាន​ករណី​ទូទាំង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ។ មាន​មនុស្ស​ប្រហែល​ជា ២៥០ ០០០ ក្នុង​មួយ​ឆ្នាំ បង្ហាញ​នូវ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ឈាម ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ជំងឺ ប្រហែល ១០ ភាគរយ​ស្លាប់។
អាស្រ័យ​ដោយ​សារ​ការ​រីករាល​ដាល​លក្ខណៈ​ភូមិសាស្ត្រ​ដ៏​ស្រួចស្រាល់​នៃ​ ជំងឺ​គ្រុន​ឈាម អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ថ្នាក់​ជំងឺ​គ្រុនឈាម ជា​កង្វល់​ផ្នែក​សុខភាព​សាធារណៈ​អន្តរជាតិ ដ៏​ធំ​មួយ។ គ្រុន​ឈាម ដែលជា​ជំងឺ​ឆ្លង​តាមរយៈ​វីរុស ត្រូវ​មូស​ខ្លា​ញី​ចម្លង​ទៅ​មនុស្ស​នៅពេល​ថ្ងៃ។ ប្រភេទ​មូស​ខ្លា​ដែល​មាន​ទូទៅ​ជាង​គេ ហៅថា អាអេដេស អាអេហ្គីបទី (Aedes aegypti) ដែល​រស់ នៅ​ក្នុង​ផ្ទះ ហើយ​អាច​បង្ក​កូន​នៅក្នុង​កន្លែង​ដែល​មាន​ទឹក​បន្តិច​បន្តួច។
ទន្ទឹមនឹង​ការ​ចាប់​ផ្តើម​រដូវ​ភ្លៀង ជំងឺ​គ្រុន​ឈាម ក៏​កើនឡើង ដោយ​សារ​តែ​ចំនួន​ដង្កូវ​ទឹក​កើន​ឡើង​ដែរ។ ស្ត្រី​កម្ពុជា​ដែលជា​ម្តាយ ដឹង​យ៉ាង​ច្បាស់​នូវ​ការ​ប្រឈម​មុខ​នឹង​ភាព​ប្រថុយ​ប្រថាន​ចំពោះ​ភាព​ ធ្ងន់ធ្ងរ​ជា​សក្តានុពល ក្នុង​រដូវ​គ្រុនឈាម នៅ​ពេល​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់។ ម្តាយ​កុមារ​កម្ពុជា​នានា ក៏​ដឹង​ច្បាស់​នូវ​ឥទ្ធិពល​មហន្តរាយ ទៅ​លើ​គ្រួសារ​ក្រីក្រ​របស់​ពួក​គេ បង្ក​ឡើង​ដោយ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ។
ជំងឺ​គ្រុន​ឈាម មិន​គ្រាន់​តែ​ប៉ះពាល់​ដល់​កុមារ​ដែល​ឈឺ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ប៉ះពាល់ ទៅ​លើ​សមាជិក​គ្រួសារ​ដទៃ​ទៀត ដែល​ជួយ​ផ្តល់​ការ​ថែទាំ​ដល់​អ្នក​ជំងឺ​នោះ។ បន្ថែម​ពីលើ​នេះ អំឡុង​ពេល​នៃ​ជំងឺ​គ្រុន​ឈាម​ដែល​មាន​រយៈពេល​ជា​មធ្យម​តិច​ជាង​មួយ​សប្តាហ៍ បណ្តាល​ឲ្យ​សមាជិក​គ្រួសារ​បាត់បង់​កម្រៃ ដែល​បាន​មក​ពី​ការងារ​មួយ​ថ្ងៃ​ទ្វេ​ជា​ពីរ នៅ​ពេល​ដែល​ពួក​គេ​ស្នាក់​នៅ​ជាមួយ​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ពេញ​ម៉ោង និង​នៅ​មើល​ថែទាំ​អ្នក​ជំងឺ​នៅ​ផ្ទះ​ទម្រាំ​ជា​សះស្បើយ។
គ្រួសារ​ក្រីក្រ​ជាច្រើន នឹង​ទទួល​រង​នូវ​បន្ទុក​នៃ​ការ​ចំណាយ​លុយ​ដ៏​ច្រើន​អស់​ពី​ហោប៉ៅ ទៅ​លើ​ការ​ព្យាបាល និង​ការ​ចំណាយ​ផ្សេង​ទៀត រួម​ជាមួយ​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​នៅ​ថ្ងៃ​ដែល​ខ្លួន​មិនបាន​ធ្វើ​ ការ។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ទាំង​នេះ វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ថា គ្រួសារ​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​ទៅ​ខ្ចី​លុយ​គេ ឬ​លក់​ទ្រព្យ​ធន​ដែល​ខ្លួន​មាន។ នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ វិធីសាស្ត្រ​ពី​លើ​ចុះ​ក្រោម ដែល​ពឹង​ផ្អែក​លើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត បាន​ទទួល​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​គ្រុនឈាម។ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​គ្រុន​ឈាម ការ​ទាមទារ​របស់​សាធារណជន​ឲ្យ​មាន​ការ​ចាត់​វិធានការ ជា​ញឹកញាប់​ឈាន​ទៅ​រក​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ ទោះ​បីជា​យ៉ាង​ណា ការ​ធ្វើ​នេះ មិន​ទំនង​ជា​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​សារ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​គេ​ចាញ់​តាម​ផ្លូវ មិន​ទំនង​ជា​ទៅ​ដល់​មូស​ពេញ​វ័យ​ដែល​រស់​នៅ និង​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ។
យើង​មិន​មាន​ឱសថ​ជាក់លាក់​ណា​មួយ សម្រាប់​ជំងឺ​គ្រុន​ឈាម​នោះ​ឡើយ។ ការ​ធ្វើ​អន្តរាគមន៍ ដែល​ប្រសើរ​បំផុត គឺ​ការចាក់​វ៉ាក់សាំង​បង្ការ ប្រសិន​បើ​មាន​នោះ។ ជា​អកុសល ការ​បង្កើត​ថ្នាំ​វ៉ាក់សាំង មាន​ភាព​ស្មុគស្មាញ ទោះបីជា​គេ​កំពុង​ស្រាវជ្រាវ​វា​ក្តី ពីព្រោះ​ថ្នាំ​វ៉ាក់សាំង​ចាំបាច់ ត្រូវ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​គ្រុនឈាម​ទាំង​បួន​ប្រភេទ។ ក្នុង​ពេល​ដែល​គ្មាន​ថ្នាំ​វ៉ាក់សាំង និង​ការ​ព្យាបាល​ដែល​ជា​ក់លាក់ ការ​បង្ការ​គឺជា​គន្លឹះ។ យុទ្ធសាស្ត្រ​បង្ការ​នានា ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​ដែល​គាំទ្រ​ដោយ​ហេដា្ឋ​រចនា​សម្ព័ន្ធ​ មូលដ្ឋាន ហើយ​ត្រូវ​តែ​ឈាន​ទៅ​រក​ការ​អនុវត្ត​ជា​និរន្តរភាព​ដែល​បំផុស​ឲ្យ​សមាជិក​ សហគមន៍​ចូលរួម​ក្នុង​វិធានការ​គ្រប់គ្រង​ជំងឺ​គ្រុនឈាម។
អាស្រ័យ​ដោយ​ជម្រក​ក្នុង​ស្រុក និង​ឥរិយាបថ​នៃ​មូស​ខ្លា វិធានការ​បង្ការ​ភាគ​ច្រើន​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​សហគមន៍​ចូលរួម មាន​លក្ខណៈ​ត្រង់ៗ ពោលគឺ​ការ​រក្សា​ទឹក​ឲ្យ​មាន​សុវត្ថិភាព ទាំង​ក្នុង​ផ្ទះ​និង​ក្រៅ​ផ្ទះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​បង្ក​កូន ធានា​ថា មិន​មាន​ទឹក​ដក់ និង​ការ​ចោល​សំរាម​រឹង​ដោយ​ប្រុងប្រយ័ត្ន។
ការ​សិក្សា​ផ្សេងៗ បង្ហាញ​ថា ពាង​ទឹក​គឺជា​ជម្រក​ដង្កូវ​ទឹក​មូស​ខ្លា​ជាង ៨០ ភាគរយ។ការ​ធ្វើ​អន្តរាគមន៍​ក្នុង​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​គ្រុនឈាម ​ដែល​មាន​តម្លៃ​ទាប​មួយ គឺ​ការ​ចែក​ចាយ ត្រី​ប្រាំពីរ​ពណ៌​ដែល​ស៊ី​ដង្កូវទឹក​នៅតាម​ផ្ទះ ដើម្បី​ឲ្យ​គេ​យក​ទៅ​ព្រលែង​ក្នុង​ពាងទឹក​ទាំង​នេះ។ គេ​កំពុង​អនុវត្ត​វិធានការ​នេះ​ប្រកប​ដោយ​ជោគជ័យ​នៅ​ខេត្ត​កំពង់ស្ពឺ​ប្រទេស ​កម្ពុជា ដោយ​ប្រើប្រាស់  គំរូ​ធ្វើការ​តាម​សហគមន៍ រួម​មាន​ការ​ប្រជុំ​តាម​ភូមិ ការ​អប់រំ និង​ការ​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​មិន​យក​កម្រៃ ក្នុង​ការ​ចិញ្ចឹម និង​ចែកចាយ​ត្រី​ប្រាំ​ពីរ​ពណ៌។ ដោយ​សារ​ជោគជ័យ​នេះ កម្មវិធី​ជាតិ​គ្រប់គ្រង​ជំងឺ​គ្រុន​ឈាម មាន​ផែន​ការ​បង្កើន​ការ​ធ្វើ​អន្តរាគមន៍​នេះ​ទៅ​ខេត្ត​ដទៃ​ទៀត ដោយ​ការ​ព្រលែង​ត្រី​ប្រាំ​ពីរ​ពណ៌​ក្នុង​ពាងទឹក។
ក្នុង​ខណៈ​ដែល​ថ្នាំ​អាបេត​ត្រូវ​បាន​គេ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ ២០០១ ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់​បន្ថយ​ករណី​នៃ​ជំងឺ​គ្រុនឈាម ទោះបីជា​យ៉ាង​ណា​គេ​មើល​ឃើញ​ថា វា​ជា​វិធានការ​បណ្តោះអាសន្ន អាស្រ័យ​ដោយ​វា​ត្រូវ​ចំណាយ​ខ្ពស់ ការ​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​របស់​ម្ចាស់​ជំនួយ ការ​ចូលរួម​ទាប​ពី​សហគមន៍ និង​លទ្ធភាព​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ស៊ាំ​ចំពោះ​ថ្នាំ​សម្លាប់​សត្វ​ ល្អិត។
ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម រាល់​បណ្តា​ប្រទេស ដែល​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​គួរ​តែ​ប្រមូល​ទិន្នន័យ​ជា​ ប្រព័ន្ធ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​តាម​ដាន​ជំងឺ​គ្រុន​ឈាម ហើយ​ប្រព័ន្ធ​នីមួយៗ គួរ​មាន​យន្តការ​ធានា​នូវ​គុណភាព។ តួនាទី​ស្នូល​នៃ​ប្រព័ន្ធ​តាមដាន ដែល​ទូលំទូលាយ រួម​មាន ការ​តាម​ដាន ការ​រាយ​ការណ៍ ការ​ស៊ើប​អង្កេត ការ​បញ្ជាក់ ការ​វិភាគ ការ​បកស្រាយ និង​ការ​ឆ្លើយ​តប។
នៅ​ក្នុង​សមាគម​អាស៊ាន មាន​តម្រូវ​ការ​បន្ទាន់​មួយ ក្នុង​ការ​បង្កើត​ស្តង់ដារ​នៃ​ប្រព័ន្ធ​តាមដាន។ ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់ រួម​បញ្ចូល​ករណី​សង្ស័យ​នៃ​ជំងឺ​គ្រុនឈាម ដោយ​មិន​គិត​អាយុ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​តាម​ដាន​ជំងឺ​គ្រុន​ឈាម ត្រូវ​បាន​គេ​ធ្វើ​ឡើង​តែ​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម ១៥ ឆ្នាំ ទោះបីជា​ជំងឺ​នេះ ប៉ះពាល់​ដល់​មនុស្ស​ពេញវ័យ​ក្តី។ បច្ចុប្បន្ន​នេះ ការធ្វើ​ដូច្នេះ មិន​មាន​បញ្ហា សម្រាប់​ការ​វិភាគ​នៅ​កម្រិត​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ការ​វិភាគ​និង​ការ​ប្រៀបធៀប​អន្តរ​ប្រទេស តាម​តំបន់ និង​សកល មានការ​ពិបាក។
ជំងឺ​គ្រុន​ឈាម មិន​គ្រាន់​តែ​ជា​បញ្ហា​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជា​បន្ទុក​សេដ្ឋកិច្ច និង​សង្គម​ដ៏​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ក្រីក្រ។ ប៉ុន្តែ វា​អាច​បង្ការ​បាន ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វា ទាមទារ​ឲ្យ​មានការ​សហការ​ជា​ច្រើន​ផ្នែក រវាង​ស្ថាប័ន​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល និង​ការ​ចូលរួម​ពី​សហគមន៍។
សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ គឺជា​សង្គ្រាម​របស់​ប្រជាជាតិ​មួយ ដែល​ទទួល​បាន​ជ័យជម្នះ ប្រសិនបើ​យើង​ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ក្នុង​លក្ខណៈ​រួម​ដៃ និង​សហការ​គ្នា និង​ឲ្យ​សហគមន៍​ចូលរួម​គ្រប់​ដំណាក់កាល​ទាំងអស់។

Comments system

Disqus Shortname