Friday, June 1, 2012

រណឫទ្ធិ ដឹក​អ្នក​ម្នាង​ចេញ​ឃោសនា វាយ​ប្រហារ​បក្ស​ប្រឆាំង

ភ្នំពេញៈ នៅ​ក្នុង​ពេល​យាង​ចេញ​ឃោសនា​បោះឆ្នោត​ជា​លើក​ដំបូង នៅ​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ កាល​ពី​ម្សិល​មិញ ចាប់​តាំង​ពី​មាន​ការ​សម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​គណបក្ស​នរោត្តម រណឫទ្ធិ រួម​បញ្ចូល​គ្នា ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ អតីត​នាយក​រដ្ឋ​មន្រ្តី​ទី១ បាន​ធ្វើ​ការ​វាយ​ប្រហារ​ ទៅ​លើ​គណបក្ស​ប្រឆាំង​ពីរ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ច្រើន​ជាង​អាសនៈ​របស់​បក្ស​ព្រះ​អង្គ​។
ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ​ដែល​បើកបរ​រថយន្ត​ដោយ​ព្រះហស្ត​ព្រះអង្គ​ផ្ទាល់ ជាមួយ​អ្នក​ម្នាង អ៊ុក ផល្លា ដែល​មាន​បី​បុត្រា​នៅ​ក្នុង​ដៃ បាន​ធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​ប្រជាជន ​កុំ​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​អះអាង​ថា គណបក្ស​ប្រឆាំង​ទាំង ២ នេះ​ មិន​អាច​ជួយ​ប្រជា​ពលរដ្ឋ​បាន​ទេ។ អតីត​នាយក​រដ្ឋ​មន្ត្រី​ទី ១ នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣ ដែល​ស្ទើរ​តែ​បាត់​សំឡេង​ទាំង​ស្រុង ពី​ឆាក​នយោបាយ​ខ្មែរ​អង្គ​នេះ បាន​មាន​បន្ទូល​ទៀត​ថា៖«បើ​ប្រជា​ពលរដ្ឋ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង វា​ដូច​ជា ពលរដ្ឋ បោះ​សន្លឹក​ឆ្នោត​ ចូល​ក្នុង​ទន្លេ​អ៊ី​ចឹង​ដែរ​»។ លើស​ពី​នេះ​ទៅ​ទៀត ព្រះ​អង្គ​បាន​ហៅ​គណបក្ស សម រង្ស៊ី ថា ជា​«គណបក្ស​ប្រឆាំង» ​ប៉ុន្តែ​បាន​ហៅ​គណបក្ស​សិទ្ធិ​មនុស្ស​ថា ជា«គណបក្ស​បញ្ឆោត»។
យ៉ាង​ណា​ក៏​ដោយ គណបក្ស​ប្រឆាំង​ទាំង ២ ពុំ​ចាប់​អារម្មណ៍ នឹង​អ្វី​ដែល​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​លើក​ឡើង​ឡើយ ដោយ​ថ្លែង​ថា មក​ទល់​ពេល​នេះ ប្រជា​ពលរដ្ឋ​គ្រប់​រូប​ លែង​មាន​ជំនឿ​លើ​ព្រះ​អង្គ​ទៀត​ហើយ ដោយ​ប្រជា​ពលរដ្ឋ បាន​មើល​ឃើញ​ច្បាស់​ហើយ​ថា ព្រះអង្គ គ្រាន់​តែ​ជា​ឧបករណ៍«​ជា​អាយ៉ង​»របស់​គណបក្ស​ប្រជាជន របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា៖​«យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ព្រះ​អង្គ​លើក​ ឡើង​ឡើយ ព្រោះ​ព្រះ​អង្គ​ គ្រាន់​តែ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។ ព្រះ​អង្គ​ធ្លាប់​ជា​នាយក​រដ្ឋ​មន្ត្រី​ រហូត​ដល់​ចាញ់​អាសនៈ​ស្ទើរ​អស់។ ព្រះ​អង្គ​មិន​អាច​យក​ដៃ​ព្រះអង្គ បាំង​ព្រះ​អាទិត្យ​បាន​ទេ»។
ចំណែក លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថា៖​ «អ្វី​ដែល​សម្តេច​ក្រុម​ព្រះ  បាន​មាន​បន្ទូល​ ពុំ​មាន​អ្នក​ណា​ស្តាប់​ទេ។ វា​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ឡើយ។ អ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា សម្តេច​ក្រុម​ព្រះ​ជា​អ្នក​ណា? ព្រះ​នាម​សម្តេច​ក្រុម​ព្រះ​ ពុំ​នៅ​ក្នុង​បេះ​ដូង​ប្រជាជន​ទៀត​ឡើយ»។
ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណ​ឫទ្ធិ ធ្លាប់​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី កាល​ពីការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​ ១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់​។ ប៉ុន្តែ​ព្រះ​អង្គ បាន​យល់​ព្រម​ចែក​រំលែក​អំណាច​ទៅ​ឲ្យ​លោក ហ៊ុន សែន ដែល​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ ​ដោយ​ព្រះ​អង្គ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី ១ ហើយ​លោក​ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី ២។ ព្រះ​អង្គ​​ក្រោយ​មក ត្រូវ​បាន​លោក​ហ៊ុន សែន ទម្លាក់​ចេញ​ពី​អំណាច នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​បង្ហូរ​ឈាម​មួយ​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ នៅ​ដើម​ខែ​កក្កដា ឆ្នាំ ១៩៩៧។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាប្រិយភាព​របស់​ព្រះ​អង្គ បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ រហូត​ដល់​កើត​មាន​ជម្លោះ​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ក្រោយ​មក​ព្រះអង្គ​បាន​ចេញ​មក​បង្កើត​គណបក្ស​ថ្មី​មួយ​ ដោយ​ដាក់​ឈ្មោះ​ព្រះ​អង្គ​។
នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ ២០០៨ គណបក្ស​នរោត្តម​ រណឫទ្ធិ របស់​ព្រះ​អង្គ ទទួល​បាន​អាសនៈ​ត្រឹម​តែ​ពីរ​ប៉ុណ្ណោះ ក្នុង​ចំណោម​អាសនៈ ១២៣​ នៅ​រដ្ឋ​សភា ។
លោក ហ៊ុន សែន ធ្លាប់​បាន​មាន​ប្រសាសន៍​ជា​ញឹកញាប់​ថា លោក​ជា​អ្នក​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឲ្យ​ខ្ចាត់ខ្ចាយ ហើយ​បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​ចុះ​ខ្សោយ​។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី ២៤ ឧសភា​នេះ​ គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ដែល​ដឹក​នាំ​ដោយ​លោក ញ៉ឹក ប៊ុន​ឆៃ បាន​ចុះ​ហត្ថលេខា ​រួប​រួម​គ្នា​វិញ​ក្រោម​ការ​សម្រប​សម្រួល​ដ៏​មាន​ឥទ្ធិពល​ពី​លោក​នាយក​ រដ្ឋ​មន្ត្រី ហ៊ុន សែន។
ក្រុម​អ្នក​វិភាគ បាន​លើក​ឡើង​ថា ការ​រួប​រួម​គ្នា​នេះ​ គ្រាន់​តែ​ជា​ការ​វិល​ត្រឡប់​ ទៅ​រក​ការ​ជ្រក​កោន​ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ហើយ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ របស់​គណបក្ស​ប្រជាជន ដើម្បី​បំបែក​សំឡេង​របស់​គណបក្ស​ប្រឆាំង​ផង​ដែរ​។
លោក គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​ខុម ហ្វ្រែល បាន​ថ្លែង​ថា ការ​បង្ហាញ​ព្រះ​កាយ​ជា​សាធារណៈ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្ត​ម រណឫទ្ធិ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឃុំ-សង្កាត់​នេះ អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន និង​ថា ក្រោយ​ការ​រួប​រួម​គ្នា​វិញ​នេះ កម្លាំង​អ្នក​រាជា​និយម​ នឹង​មាន​ការ​កើន​សំឡេង​ឡើង។
លោក​បាន​បញ្ជាក់​ទៀត​ថា៖​ «តាម​បញ្ហា​បច្ចេកទេស ការ​រួប​រួម​គ្នា អាសនៈ​របស់​ព្រះ​អង្គ​នឹង​កើន​ឡើង»៕(postkhmer)

Comments system

Disqus Shortname