Monday, August 6, 2012

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​នឹង​សហការ​ជាមួយ​ធនាគារ​ដើម្បី​ធានា​ដល់​អ្នក​ខ្ចី​លុយ​ទិញ​ផ្ទះ

120803_11
លោក អូន ព័ន្ធមុនីរ័ត្នចូល​រួមក្នុងសិក្ខាសាលាស្តីពីការ​លើកម្ពស់​ការ​យល់​ដឹងពី​ការ ​ធានារ៉ាប់​រងអាយុជីវិត។ ក្នុងសិក្ខាសាលានោះ​មន្ត្រី​អះអាងពីផែនការ​សហការជាមួយ​ធនាគារ​​។ រូបថត ហុង មិនា​
ភ្នំពេញៈ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត កម្ពុជា​ឡៃហ្វ គ្រោង​ចុះ​ហត្ថលេខា​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ ពាណិជ្ជកម្ម​ក្នុង​ស្រុក​ចំនួន​២០ ដើម្បី​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​អតិថិជន​ដែល​ទទួល​កម្ចី​ទិញ​ផ្ទះ​ពី ធនាគារ​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន។
កម្ពុជា​ ឡៃហ្វ ជា​ក្រុមហ៊ុន​ដំបូង​បំផុត​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ កាល​ពី​ខែ​ឧសភា ឆ្នាំ​នេះ។ ក្រុមហ៊ុន​នេះ​ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤  ដែល​ក្នុង​នោះ​រដ្ឋាភិបាល​មាន​ភាគ​ហ៊ុន​៥១​ភាគរយ។
លោក អ៊ិន មាត្រា អគ្គ​នាយក​ក្រុមហ៊ុន​នេះ​ បាន​ឲ្យ​ដឹង​នៅ​ខាង​ក្រៅ​សិក្ខា​សាលា​ស្តីពី​ការ​ធានា​រ៉ាប់រង​ជីវិត​នៅ​ ភ្នំពេញ​ថា៖ «បច្ចុប្បន្ន យើង​កំពុង​ចរចា​ជាមួយ​ធនាគារ​ពាណិជ្ជកម្ម​២០ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​យើង ពី​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​អតិថិជន​ដែល​បាន​ខ្ចី​ប្រាក់​ពី ធនាគារ​ទាំង​នោះ​»។
លោក​បាន​បន្ថែម​ថា៖ «យើង​កំពុង​ធ្វើ​ការ​ងារ​នេះ ដើម្បី​ផ្លាស់​ប្តូរ​គោល​នយោបាយ​ជាមួយ​ពួក​គេ។ យើង​សង្ឃឹម​ថា​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ខ្លះៗ​ជាមួយ​ធនាគារ មួយ​ចំនួន ដោយ​សារ​យើង​និង​កំពុង​ធ្វើ​ការ​ជាមួយ​ពួក​គេ​»​។
លោក​ស្រី សូផន ណារី អគ្គនាយក​រង​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា ធនាគារ​នេះ​បាន​ផ្តល់​កម្ចី​ទិញ​ផ្ទះ​រយៈពេល​ប្រហែល​៥​ឆ្នាំ​មក​ហើយ។ លោក​ស្រី​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាមួយ​ក្រុមហ៊ុន​យើង​។ លោក​ស្រី​បាន​លើក​ឡើង​ថា៖ «កម្ចី​របស់​យើង នៅ​តែ​តិច​តួច​ដដែល ហើយ​យើង​តែង​តែ​ទទួល​បាន​វត្ថុ​បញ្ចាំ​ពី​​អតិថិជន ប្រសិន​បើ​ពួក​គេ​ខ្ចី​ពី​យើង​ ដើម្បី​យក​ទៅ​ទិញ​ផ្ទះ។ ប៉ុន្តែ​យើង​មិន​តម្រូវ​ឲ្យ​ពួក​គេ​មាន​សេវា​ធានា​រ៉ាប់​រង​លើ​ផ្ទះ​នោះ​ ឡើយ។ ពេល​នេះ​យើង​មិន​មាន​ទំនាក់​ទំនង​ណា​មួយ​ជា​មួយ​ករណី​ទាំង​នោះ​ទេ ព្រោះ​វា​អាច​បន្ថែម​ថ្លៃ​ដល់​អ្នក​ខ្ចី»។
ទោះ​បីជា​យ៉ាង​នេះ​ក្តី លោក​ស្រី បាន​ឲ្យ​ដឹង​ថា​ធនាគារ​ទាំង​នោះ នឹង​ពិចារណា​បន្ថែម​ទៀត​លើ​សំណើ​ក្នុង​ការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ធានា​ រ៉ាប់​រង​។ ​លោក​ស្រី​បន្ថែម​ថា ធនាគារ​បាន​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ប្រហែល​៨៥​លាន​ដុល្លារ​មក​ហើយ​។
លោក អ៊ិន មាត្រា ឲ្យ​ដឹង​ថា សម្រាប់​បុគ្គល​ដែល​បាន​ទទួល​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារ​សម្រាប់​រយៈ​ពេល​ យូរ​អាច​ទិញ​សេវា​ធានារ៉ាប់​រង ដើម្បី​ឲ្យ​ពួក​គេ​មាន​ផាសុកភាព​ជាមួយ​ផ្ទះ​របស់​ពួក​គេ ទោះ​បី​ជា​ពួក​គេ​មាន​បញ្ហា​នឹង​ប្រាក់​កម្ចី​ក៏​ដោយ។
លោក​បន្ថែម​ទៀត ​ថា៖ «កម្ចី​ទិញ​ផ្ទះ​ដែល​មាន​រយៈពេល​យូរ មាន​ហានិភ័យ​ច្រើន ដូច្នេះ​អតិថិ-​ជន​ ត្រូវ​ពិចា​រណា​ថា​តើ​ពួក​គេ​គួរ​ទិញ​ធានា​​រ៉ាប់​រង ឬ​អត់ ដោយ​សារ ​វា​អាច​រួម​បញ្ចូល​ទាំង​កម្ចី​មិន​ទាន់​សង​ពេល​ពួក​គេ​មាន​បញ្ហា»​។
លោក អ៊ិន មាត្រា លើក​ឡើង​ថា​៖ «យើង​នឹង​ដោះស្រាយ​ការ​ទូទាត់​កម្ចី​មិន​ទាន់​សង ដូច្នេះ​អត្ថប្រយោជន៍​របស់​ពួក​គេ គឺ​ថា ផ្ទះ​របស់​ពួក​គេ​នឹង​មិន​ត្រូវ​បាន​រឹប​អូស​ដោយ​ធនាគារ​ឡើយ នៅ​ពេល​ធនាគារ​បាន​ទទួល​ការ​ទូទាត់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ជីវិត និង​បាន​ទទួល​ប្រយោជន៍​ពី​អតិថិជន​របស់​ខ្លួន»​។​
លោក​បាន​បញ្ជាក់​ថា អតិថិជន​ម្នាក់​ដែល​បាន​ទិញ​សេវា​ធានា​រ៉ាប់រង​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ ពួក​គេ​ត្រូវ​បង់​ប្រាក់​ធានារ៉ាប់​រង​ដែល​ផ្សេង​ពី​ការធានា​រ៉ាប់​រង​​មាន ​ពេល​កំណត់ និង​ការ​ធានារ៉ាប់​រង​ពេញ​មួយ​ជីវិត ដែល​ត្រូវ​បាន​បង់​ប្រចាំ​ឆ្នាំ​។ ពួក​គេ​មិន​ខ្វល់​ច្រើន​អំពី​ហានិភ័យ​ណា​មួយ​ឡើយ ដូច្នេះ​ពួក​គេ​អាច​ស្ងប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ ប្រើប្រាស់​ផ្ទះ​នោះ។
ទិន្ន​ន័យ​របស់​សមាគម​ធានា​រ៉ាប់រង​ទូទៅ​នៅ​ កម្ពុជា (GIAC) ដែល​បាន​ចេញ​ផ្សាយ​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ធានា​រ៉ាប់​រង​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន​៦​ នៅ​កម្ពុជា​ក្នុង​ឆមាស​ទី១ ឆ្នាំ​នេះ មាន​ចំនួន​១៨,៩​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើន​ឡើង ៤០​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​តែ​១៣,៥​លាន​ដុល្លារ​ប៉ុណ្ណោះ។
ទិន្នន័យ​នោះ បាន​បង្ហាញ​ទៀត​ថា ការ​ធានា​រ៉ាប់​រង​អគ្គិភ័យ នៅ​តែ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ រក​ប្រាក់​ចំណូល​បាន​ប្រហែល​២៩​ភាគ​រយ​នៃ​ប្រាក់​ចំណូល​សរុប​នៅ​លើ​ទី​ ផ្សារ ប៉ុន្តែ​វិស័យ​ពីរ​ផ្សេង​ទៀត ដែល​កើន​ឡើង​ខាង​ខ្លាំង​នោះ គឺ​ការ​ធានា​រ៉ាប់​រង​លើ​សុខភាព ដែល​ស្មើ​នឹង​១៦​ភាគរយ និង​ម៉ូតូ​២០​ភាគរយ​នៃ​ប្រាក់​ធានា​រ៉ាប់​រង​សរុប​នៅ​លើ​ទីផ្សារ​។
លោក អឿន ចាន់​វិសុទ្ធ​ឲ្យ​ដឹង​ថា​ឧស្សាហកម្ម​ធានា​រ៉ាប់រង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ ហើយ​ថា​​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត មិន​ប៉ះពាល់​ដល់​ទីផ្សារ​សេវា​ធានា​រ៉ាប់រង​ទូទៅ​ទេ៕ CS

Comments system

Disqus Shortname