Thursday, July 5, 2012

ឪពុ​ក​ម្តាយ​ក្មេង​ស្រី​ដែល​ដាក់​ច្រ​វាក់​ជើង​កូន​នគរ​បាល​ខេត្ត​កំពុង​សួរ​ចម្លើយ

បន្ទាយមានជ័យៈ ឪពុក​ម្ដាយ​ដែល​បាន​ដាក់​ច្រវាក់​ជើង​កូន​ស្រី​ភ្ជាប់​ទៅ​នឹង​សសរ​ផ្ទះ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ កាល​ពី​ល្ងាច​ម្សិល បន្ទាប់​ពី​បាន​សាកសួរ​ដោយ​មន្រ្តី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ខេត្ត​។
លោក សិទ្ធ ឡូស ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន​ខេត្ត​ ប្រាប់​ថា លោក​ទើប​តែ​បាន​ទទួល​របាយ​ការណ៍​ស្តី​ការ​សាក​សួរ​ក្មេង​ស្រីនិង​ឪពុក​ម្ដាយ ​នាង​ពី​នគរបាល​ក្រុង​ប៉ោយ​ប៉ែត។
លោក​ថ្លែង​ថា៖​«ខ្ញុំ​កំពុង​រៀប​ចំ ​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ការ​សាក​សួរ​ពួកគេ​ម្ដង​ទៀត ថា​តើ​ចម្លើយ​នោះ​ស្រប​ទៅ​នឹង​របាយ​ការណ៍​របស់​នគរបាល​ក្រុងដែរ ឬ​យ៉ាង​ណា?​»។
លោក សិទ្ធ ឡូស ថា៖ «នឹង​បញ្ជូន​ពួក គេ​ទៅ​តុលាការ​បន្ទាប់​ពី​លោក​បញ្ចប់​ការ សាក​សួរ​ពាក់​ព័ន្ធ​នឹង​ពួកគេរួចហើយ»។
លោក ស៊ុន សាវុធ អធិការ​រង​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ម្សិល​មិញ​ថ្លែង​ថា មាន​មនុស្ស​ពីរ​នាក់​ទៀត​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​ករណី​នេះ តែ​លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​ទេ។
លោក​ថ្លែង​ថា ឪពុក​ម្ដាយ​ក្មេង​ស្រី​នេះ មិន​ដឹង​ថា កូន​គាត់​ត្រូវ​គេ​បង្ខំ​ឲ្យ​រួម​ភេទ ទេ រហូត​ពួក​គាត់​សង្កេត​ឃើញ​ ចរិត​កូន​មាន​ការ​ប្រែ​ប្រួល​ស្ទើរ​តែ​រាល់​ថ្ងៃ​។
លោក សាវុធ បន្ត​ថា៖​ «ពួកគេ​បាន​ព្យាយាម​ការពារ​កូន​ស្រី​មិន​ឲ្យ​ចេញ​ទៅ​ដើរ​លេង​ជាមួយ មិត្តភក្តិ ​ហើយ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ពី​កូន​ស្រី​។ នាង​ខឹង​នឹង​ការ​មិន​អនុញ្ញាត​ឲ្យ​នាង​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ»។
លោក​ថា តែក្មេង​ស្រី​ឈ្មោះ ស្រី ធំ ​នៅតែ​អះ​អាង​ថា ឪពុក​ម្ដាយ​នាង​ធ្វើ​បាប​និង​បង្ខំ​នាង​ឲ្យ​រួម​ភេទ​ជា​មួយ​ប្រុសៗ។
លោក ពិន ភិរម្យ​ មន្ត្រី​គម្រោង​ស៊ើប​អង្កេត​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ជួយស្រ្តីមានវិបត្តិ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យដឹង​ថា ក្មេង​ស្រី​នេះ​ចង់​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល CWCC តែ​លោក​រង់​ចាំ​ឲ្យ​នគរបាល​សួរ​ចម្លើយ​រួច​រាល់​សិន។ លោក​ថា៖ «យើង​នឹង​យក​ក្មេងស្រី​នេះ​ទៅ​ស្នាក់​នៅ​មជ្ឈ​មណ្ឌល បើ​សិន​តុលាការ​មិន​ចោទ​ប្រកាន់​នាង​ពាក់​ព័ន្ធ​នឹង​ករណី​នេះទេ»។
លោក​ពិន ភិរម្យ បាន​មាន​ប្រសាសន៍​ថា នាង​មិន​ចង់​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​នាង​តទៅ​ទៀត​ទេ​ ព្រោះ​ពួកគេ​ធ្វើ​បាប​នាង​ខ្លាំង​ពេក។
លោក ភិរម្យ​ ថ្លែង​ថា៖«ខ្ញុំ​មិន​ដឹង​ថា តើ​នៅ​ពេល​ណា​យើង​អាច​យក​ក្មេង​រូប​នេះ​ទៅ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​យើង​ទេ​»៕​

Comments system

Disqus Shortname