Thursday, July 5, 2012

អ្នកភូមិ​រីករាយ​ដោយសារ​អាងទឹក​ត្រូវបាន​ស្តារឡើងវិញ​ជួយ​បង្កើន​ការដាំ​ដំណាំ​

ភ្នំពេញ: ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍ នាង តី និង​អ្នកភូមិ​ជាមួយគ្នា អាចធ្វើ​ស្រែ​បាន​ពីរដង​ក្នុង​មួយ​រដូវ នៅក្នុង​ឃុំ​ទួល​ស្តី ខេត្តស្វាយរៀង​។​
​    ​
​ការខ្វះ​ទឹក​ ធ្លាប់បាន​បង្ខំ​ពួកគេ​ឲ្យ​ធ្វើដំណើរ​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ ប៉ុន្តែ ទំនប់​បង្ហៀរ​មួយ​ដែល​ទើបបាន​សាងសង់​ក្នុងពេល​ថ្មីៗ​នេះ ដែលជា​ជញ្ជាំង​បេតុង​សម្រាប់​គ្រប់គ្រង​ទឹកភ្លៀង​នៅក្រោម​ស្ពាន​មួយ បច្ចុប្បន្ននេះ​កំពុង​ឆ្លើយតប​ទៅនឹង​ការលំបាក​របស់​អ្នកភូមិ ដោយ​រក្សា​ទឹក​ទុក​គ្រប់គ្រាន់​នៅក្នុង​បឹង​មួយ​សម្រាប់ ពួកគេ​បង្កើន​ការដាំ​ដំណាំ និង​បង្កើន​ទិន្នផល​ផងដែរ​។​
​    ​
​នាង តី អាយុ ៥៥ ឆ្នាំ បាន​ពោលថា “​ខ្ញុំ​នឹងត្រូវ​ទៅសុំ​ទាន​ដូច​មុន​ទៀត ប្រសិនបើ​ពុំមាន​ទំនប់​បង្ហៀរ​នេះ​ទេ​”​។​
​    ​
​ តំបន់​ទំនាប​ធំ​ល្វឹងល្វើយ ដែល​អ្នក​ក្នុង​មូលដ្ឋាន​ស្គាល់​ថា​ជា បឹង​បា​ធូ គឺជា​គន្លឹះ​នៃ​ការរស់រាន​នៃ​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន ២.៥០០​នាក់ នៅក្នុង​ឃុំ​នេះ​។ កាលពីមុន ជា​រៀងរាល់ឆ្នាំ​នៅក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ គឺជា​រដូវ​នៃ​ក្តី​អស់សង្ឃឹម​។ ដោយសារតែ​កង្វះខាត​ទឹក អ្នកភូមិ​ធ្វើស្រែ​តែមួយ​លើក នៅ​រវាង​ខែឧសភា និង​តុលា​។ បន្ទាប់មក​ពួកគេ​ជាច្រើន​ត្រូវតែ​ស្វែងរក​ការងារ​ធ្វើ​នៅ​កន្លែង​ដទៃ ដែល​រួមទាំង នៅក្នុង​ប្រទេស​វៀតណាម​ដែល​ស្ថិតនៅ​ជិតខាង ដែល​ពួកគេ​និយាយថា នៅ​ទីនោះ​ជា​ញឹកញាប់​ពួកគេ​ច្រើនតែ​ក្លាយជា​អ្នក​សូមទាន​នៅតាម​ដងផ្លូវ​ ដើម្បី​រស់​។​
​    ​
​សុក សេក ប្រធាន​ឃុំ បាន​ពោលថា “​យើង​ធ្លាប់​ឃើញ​ប្រជាជន​ចេញពី​ភូមិ​ក្នុង​ចំនួន​ច្រើន​ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើ​ឲ្យ​ភូមិ​មាន​សភាព​ស្ងាត់ជ្រងំ​។ កុមារ​ត្រូវ​បោះបង់ចោល​សាលារៀន ដោយសារតែ​ពួកគេ​ត្រូវ​ទៅជា​មួយ​ឪពុកម្តាយ​”​។​
​    ​
​គាត់​ មានប្រសាសន៍ថា នៅទីនេះ​ធ្លាប់មាន​ទ្វារ​ទឹក​ធ្វើ​ពី​ដែក​នៅត្រង់​ទំនប់​ពីក្រោម​ស្ពាន​នេះ ដើម្បី​គ្រប់គ្រង​ទឹក​។ ប៉ុន្តែ ដោយ​ត្រូវ​ច្រេះ​ស៊ី ទ្វារ​ទឹក​នោះ​ក៏​ខូចខាត​ទាំងស្រុង ដោយ​បន្សល់ទុក​នូវ​ច្រក​យ៉ាង​ធំ​មួយ​ដែល​ទឹកភ្លៀង​ត្រូវ​ហូរ​ចោល​ទៅ​ភាគ​ ខាងក្រោម​ទាំងអស់​។ នៅពេល​ចប់​រដូវ​ប្រមូល​ផល​ស្រូវ​ក្នុង​ខែធ្នូ បឹង​នេះ​ចាប់ផ្តើម​រីងស្ងួត​បន្តិច​ម្តងៗ​។​
​    ​
​គាត់​ពោលថា “​មិនមែន​តែ​កសិករ​ទេ​ដែល​ប្រឈម​ការលំបាក​នៅក្នុង​រដូវ​ប្រាំង សូម្បីតែ​សត្វ​ក្របី និង​គោ ក៏​ពុំ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ផឹក​ផងដែរ​”​។​
​    ​
​ស្ថានភាព​ ចាប់ផ្តើម​ផ្លាស់ប្តូ​រហើយ​នៅក្នុង​ខែឧសភា ឆ្នាំ ២០១១ នៅពេលដែល​ការកសាង​សង់​ទំនប់​បង្ហៀរ​បាន​ចប់​រួចរាល់​។ ជញ្ជាំង​បេតុង​ដែលមាន​កំពស់ ២.២​ម និង​ប្រវែង ៣២​ម ស្ទាក់​ទឹក​ពី​ការហូរ​ចោល ដោយ​ផ្តល់​ទឹក​សម្រាប់​ធ្វើស្រែ​។​
​    ​
​ យោងតាម​លោកស្រី ហេង ចាន់​ថុ​ន នាយក​អង្ក​ការ​វឌ្ឍនភាព ដែលជា​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​អនុវត្ត​ការសាងសង់ នៅពេល​មាន​ភ្លៀង​ច្រើន ទំនប់​បង្ហៀរ​អាច​រក្សា​ទឹក​ទុក​សម្រាប់​ស្រោចស្រព​ដីស្រែ​ប្រមាណ ៨៣០​ហ​.​ត ធៀប​នឹង​កាលពីមុន​ដែល​អាច​ត្រឹម ២៥០​ហ​.​ត ដែល​នេះ​ជាការ​កើនឡើង​ជាង​បី​ដង​។​
​    ​
​ការសាងសង់​ទំនប់​បង្ហៀរ​ នេះ​ស្ថិតក្នុង​ចំណោម​សកម្មភាព​នៅក្រោម​គម្រោង​ចំនួន ៤៦ ដែល​កម្មវិធី អភិវឌ្ឍន៍​សហប្រជាជាតិ និង​កម្មវិធី​ជំនួយ​ខ្នាតតូច​នៃ​មូលនិធិ​បរិស្ថាន​ពិភពលោក កំពុង​អនុវត្ត ដើម្បី​ជួយ​អ្នកភូមិ​នៅក្នុង​តំបន់​ជាច្រើន​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​ ក្នុងការ​កែលម្អ​ការចិញ្ចឹម​ជីវិត ដើម្បី​អាច​ធន់​ទ្រាំ​នឹង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។ គម្រោង​ទាំងនេះ​ទទួល​មូលនិធិ​គាំទ្រ​ពី​រដ្ឋាភិបាល​ស៊ុយអែដ និង​ទីភ្នាក់ងារ​អូស្ត្រាលី​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (AusAid) ។ ការសាងសង់ ទំនប់​បង្ហៀរ​នេះ​បាន​ចំណាយ​អស់​ប្រមាណ​២១.១០០ ដុល្លា​អាមេរិក ក្នុងនោះ ១៩,០០០​ដុល្លា​អាមេរិក ជា​ជំនួយឥតសំណង ពី​រដ្ឋាភិបាល​ស៊ុយអែដ និង​ទឹកប្រាក់​បន្ថែមចំនួន ២.០០០​ដុល្លា​អាមេរិក ដែល​អ្នកភូមិ​នៅក្នុង​ឃុំ​ទួល​ស្តី ភាគច្រើន​រស់ក្នុង​ផ្ទះ​ជញ្ជាំង​ធ្វើ​ពី​ភក់ បាន​ប្រឹង​កៀរគរ​សម្រាប់​ជា​វិភាគទាន​ដល់​គម្រោង​នេះ​។​
​    ​
​លោក សុក សេក ដែលជា​ប្រធាន​ឃុំ បាន​ពោលថា ចំនួន​ប្រជាជន​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​បាន​ថយចុះ​យ៉ាងច្រើន ចាប់តាំងពី​ឆ្នាំទៅ​។ គាត់​រម្លឹកថា អ្នកភូមិ​រហូតដល់​ចំនួន ៤០០​នាក់ ធ្លាប់​ចាកចេញ ពី​ផ្ទះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​ការងារ ឬ ធ្វើជា​អ្នក​សូមទាន ដោយសារ​ពួកគេ​ពុំមាន​អ្វី​ធ្វើ​ក្រោយ​ប្រមូល​ផល ស្រូវ​រួច​។ ឥឡូវនេះ តាមរយៈ​ទំនប់​បង្ហៀរ​ថ្មី​នេះ ការដាំ​ដំណាំ​បាន​កើនឡើង និង​បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​អ្នកភូមិ​។ សូម្បីតែ​អ្នក​ដែល​ពុំមាន​ដីធ្លី​សោះ ឥឡូវនេះ​ក៏​អាច ជួល​កម្លាំង​ពលកម្ម​របស់ខ្លួន​ទៅ​កសិករ​ដទៃទៀត​សម្រាប់​ការរស់នៅ​ផងដែរ​។​
​    ​
​ នាង តី ដែល​ធ្លាប់តែ​សូមទាន​នៅ​វៀតណាម រស់នៅ​ដោយ​ខ្លួនឯង​ក្នុង​ខ្ទម​មួយ​នៅ​ក្បាល​ស្រែ​។ នេះ​ជា​លើកដំបូង ដែល​គាត់​ធ្វើស្រែ​បាន​ពីរដង​នៅលើ​ចំណែក​ដី​តូច​មួយ ដោយ​ទទួលបាន​ផល​ស្រូវ​មួយ​តោន​។ វា​មិន​ធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នកមាន​ទេ ប៉ុន្តែ​គាត់​ពោលថា វា​គ្រប់គ្រាន់​សម្រាប់​គាត់​រស់នៅ​រហូតដល់រ​ដូ​វប្រ​មូល​ផល​ក្រោយ​ទៀត​។ គាត់​ពោលថា “​ខ្ញុំ​ពុំ​ចាំបាច់​ទៅ​សូមទាន​ទៀត​ទេ​”​។​
​    ​
​យ៉ុ​ក អូន អាយុ ៤៦​ឆ្នាំ ធ្លាប់​នាំយក​កូនប្រុស​របស់គាត់​អាយុ ៧ ឆ្នាំ នៅ​គ្រប់​ពេលដែល​គាត់​ទៅ​សូមទាន​នៅ​ប្រទេស​វៀតណាម​។ កាលពី​ឆ្នាំទៅ គាត់​ឈប់​ទៅសុំ​ទាន និង​រកប្រាក់​ចំណូល​ស​ម្រា​ប់​ការរស់នៅ​តាមរ​យៈ​ដីធ្លី​របស់គាត់​ជា​ជំនួស​។ ​
​    ​
​គាត់​ពោលថា “​ខ្ញុំ​រីករាយ​ណាស់​ដែល​យើង​មាន​ទំនប់​បង្ហៀរ​នេះ សម្រាប់​ស្តុក​ទឹក​។ ចាប់ពីពេលនេះ​តទៅ ខ្ញុំ​អាច​នៅផ្ទះ ធ្វើស្រែ​នៅលើ​ដី​របស់ខ្ញុំ ដូច្នេះ​កូនប្រុស​របស់ខ្ញុំ​ក៏​អាច​ទៅ​សាលារៀន​ផងដែរ​”៕

ទំនប់​បង្ហៀរ​ក្នុង​បឹង​បា​ធូ នៅ​ឃុំ​ទួល​ស្អឺ ខេត្តស្វាយរៀង ទំនប់​នេះ បាន​ជួយ​ទប់ទឹក​ឲ្យ​កសិករ អាចធ្វើ​ស្រែ​បាន​ដល់​ទៅ​ពីរដង​ក្នុង​មួយឆ្នាំ (​រូបថត​: UNDP)​

Comments system

Disqus Shortname