Thursday, July 5, 2012

សុគន្ធ និសា និង​សុខ ជំនោរ​មន្ត្រី​ពាក់​ផ្កាយ​ជ្រៀត​ជ្រែក?

ភ្នំពេញៈ ក្រោយ​ពី​នាង​ សុគន្ធ និសា ប្រកាស​ផ្តាច់​ចំណង​ស្នេហ៍​មួយ​ម៉ឺន​រសជាតិ​រយៈ​ពេល​៨​ឆ្នាំ​ពី​បេះដូង​កវី កម្សត់​លោក ​សុខ​ ជំនោរ​ យ៉ាង​ដាច់​ខាត​គ្មាន​ការ​ផ្សះផ្សា​នោះ ​នៅ​គ្មាន​ពន្លឺ​ណា​មួយ​ជាក់​លាក់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ នៅ​សុខៗ​ប្រកាស​ផ្តាច់​ចំណង​ស្នេហ៍​កម្សត់​នេះ​ឡើយ ​ក្រៅ​ពី​ចម្លើយ​បង្វែរ​ពង្វាង​ថា រស់​នៅ​មិន​ចុះ​សម្រុង​គ្នា។ ទើប​តែ​ពេល​នេះ ​បែក​ធ្លាយ​ថា កាល​ដែល​នាំ​ឲ្យ​និសា បាន​ផ្តាច់​ចំណង​ស្នេហ៍​ពី​លោក​ សុខ​ ជំនោរ​ ព្រោះ​មាន​អ្នក​ទី៣ ជា​មន្រ្តី​ធំពាក់​ផ្កាយ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។
ចំណង​ស្នេហ៍​របស់​ អ្នក​ចម្រៀង​ និង​អ្នក​និពន្ធ​ទំនុក​ច្រៀង​ ជ្រក​ក្រោម​ផលិតកម្ម​តែ​មួយ​នេះ​បាន​ដើរ​ដល់​ផ្លូវ​បំបែក ហើយ​ក៏​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​មិន​អាច​ត្រឡប់​ក្រោយ​បាន​កាល​ពី​ អំឡុង​ ខែ​សីហា​២០១១ បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​បាន​សាង​ស្នេហ៍​ផ្អែម​ត្រជាក់​នឹង​គ្នា​ មិន​តិច​ជាង​៨​ឆ្នាំ​ ហើយ​ថែម​ទាំង​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​នៅ​សល់​តែ​ថ្ងៃ​ដឹក​ដៃ​គ្នា​ចូល​ រោង​ការ។ ទស្សនិកជន​លើក​ឡើង​ថា គ្មាន​ហេតុ​ផល​ណា​នៅ​សុខៗ​ និសា ​ប្រកាស​ផ្តាច់​ស្នេហ៍​ពី​ម្ចាស់​បេះ​ដូង​កម្សត់ ក្រៅ​ពី​មាន​អ្នក​ទី៣​ចូល​មក​ជ្រែក​នោះ​។
ស្រប​គ្នា​នឹង​ក្តី​មន្ទិល​ នេះ ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​ម្នាក់​ដែល​និយម​ដើរ​តាម​កូន​ទៅ​ចូលរួម​សិល្បៈ​ នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សុគន្ធ ​និសា​ ក្រោយ​ពី​ផ្តាច់​ចំណង​ស្នេហ៍​ ពី​កវី​កម្សត់ ​សុខ​ ជំនោរ​ នាង​មាន​ភាព​ហ៊ឺហា​យ៉ាង​ខ្លាំង​ មាន​ទាំង​រថយន្ដ​ទំនើប និង​មាន​អ្នក​ហែហម​ឆ្វេង​ស្ដាំ​ទៀត​ផង​។ ស្រ្តី​ដដែល​នោះ​ក៏​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ពេល​នេះ​នាង​លែង​មាន​អ្វី​ ដែល​នាំ​ឲ្យ​នាង​បារម្ភ​ទៀត​ដែរ​  ព្រោះ​ នាង​មាន​មន្ដ្រី​ជាន់​ខ្ពស់​ ពាក់​ផ្កាយ​ម្នាក់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ តាម​យក​ចិត្ដ​ទុក​ដាក់​ថ្នាក់ថ្នម​គ្រប់​ពេលវេលា ​សូម្បី​តែ​ពេល​នាង​ថត​ចម្រៀង​ខារ៉ាអូខេ ​ក៏​មន្ដ្រី​រូប​នោះ បើក​រថយន្ដ​ដឹក​នាង​ ដោយ​ផ្ទាល់​ទៀត​ផង​ ។
ស្រប​នឹង​ព័ត៌មាន​ ដែល​ស្រ្តី​ជា​ម្តាយ​សិល្បៈ​បង្ហើប​ឲ្យ​ដឹង​ថា ​សុគន្ធ និសា​ មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មន្ដ្រី​ជាន់​ខ្ពស់​ នៅ​ក្រសួង​មហាផ្ទៃ ​និង​ជា​ដើម​ហេតុ​ នាំ​ឲ្យ​ស្នេហ៍​ស្មោះ​កវី​ សុខ​ ជំនោរ ​ខក​ចិត្ត​នោះ ក៏​ស្រប​គ្នា​នឹង​កវី​កម្សត់​ស្នេហ៍ ​សុខ​ ជំនោរ​ បាន​បង្ហាញ​ពី​ភាព​ឈឺ​ចាប់​គ្មាន​ថ្ងៃ​ល្ហែ​នៅ​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក ដោយ​លោក​សរសេរ​ថា «​បង​គ្មាន​អំណាច​ និង​ទ្រព្យ​សម្បត្ដិ​ដើម្បី​ផ្ដល់​ឲ្យ​អូន​នោះ​ទេ ហើយ​ក៏​មិន​អាច​ប្រគល់​សេចក្ដី​សុខ​ជូន​អូន​បាន​ដែរ ទើប​អូន​ជឿ​គេ និង​ទៅ​តាម​គេ​»។
តាមរយៈ​សំណេរ​របស់​កវី​អភ័ព្វ​ស្នេហ៍​រូប​នេះ​ត្រូវ ​បាន​មិត្តភក្តិ​នៅ​ ក្នុង​ហ្វេសប៊ុក ផ្ដោត​អារម្មណ៍​ទៅ​លើ​អតីត​គូស្នេហ៍​របស់​ខ្លួន​គឺ​នាង ​សុគន្ធ​ និសា​ ហើយ​សំណេរ​មួយ​ឃ្លា​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ផង​ដែរ​ថា​ គឺជា​ការ​បង្ហាញ​នូវ​ភាព​ខក​ចិត្ដ​ជា​ខ្លាំង​ពេល​ដែល​បាន​បាត់​បង់​មនុស្ស​ ដែល​ខ្លួន​ស្រឡាញ់​បែប​នេះ។
បើ​ទោះ​យ៉ាង​ណា​ជុំវិញ​ការ​បង្ហើប​ ព័ត៌មាន​ខាង​លើ​នេះ ភ្នំពេញ​ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អតីត​គូស្នេហ៍​ទាំង​ពី​នោះ​បាន​ទេ ​ដោយ​សារ​ទាក់​ទង​មិន​បាន​។ ប៉ុន្តែ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពីស្រ្តី​ជា​ម្តាយ​អ្នក​សិល្បៈ​និង​តាម សំណេរ​រៀប​រាប់​របស់​លោក សុខ​ ជំនោរ​ នៅ​ក្នុង​ប្រព័ន្ធ​ ហ្វេសប៊ុក​នោះ ក៏​សន្និដ្ឋាន​បាន​ថា​ ជុំវិញ​ការ​បែក​បាក់​ស្នេហ៍​មួយ​ម៉ឺន​រសជាតិ​រយៈ​ពេល​៨ឆ្នាំ ​បណ្តាល​មក​ពី​អ្នក​ទី៣​មក​ជ្រែក​បេះដូង​កម្សត់​លោក​ សុខ​ ជំនោរ​ ព្រោះ​ថា ​ពេល​នេះ ​លោក​សុខ​ ជំនោរ​ នៅ​តែ​សម្តែង​ការ​ឈឺចាប់​នៅ​ក្នុង​ហ្វេសប៊ុក​នៅ​ឡើយ​ ហើយ​ចំណែក​ នាង​សុគន្ធ​ និសា ​នាង​បាន​សម្តែង​ភាព​ស្រស់​ស្រាយ​ មិន​ថា ​លើ​ឆាក​ឬ​ក្រោយ​ឆាក​តន្រ្តី​នោះ​ទេ ក្រៅ​ពី​នេះ​ក៏​ធ្វើ​ពិធី​ខួប​កំណើត​យ៉ាង​រំភើយ​នៅ​អាមេរិក​ទៀត​ផង៕

Comments system

Disqus Shortname