ខេត្តបាត់ដំបង ៖ ក្មេងទំនើងចំនួន២០នាក់ ដែលធ្លាប់ដេញកាប់គ្នានៅតាមសួនច្បារកំសាន្ដ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងចំរុះស្នងការដ្ឋានខេត្តបាត់ដំបង ចុះឃាត់ខ្លួននៅនឹងកន្លែងភ្លាមៗ ខណៈដែលក្រុមទំនើងខាងលើនោះកំពុងដេញកាប់គ្នារត់ប្រសាចពេញផ្លូវ។
មន្ត្រីនគរបាលដែលចុះឃាត់ខ្លួនក្មេងទំនើងខាងលើ បានប្រាប់នគរវត្តឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងកុម្ម៉ង់ដូពិសេសរបស់ស្នងការខេត្ត បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលកំពុងដេញកាប់គ្នារត់ប្រសាចពេញផ្លូវ លើសួនបាន២០នាក់ នៅវេលាម៉ោង១០យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅក្នុងសួនច្បារឧប ស ខេង កណ្ដាលក្រុងបាត់ដំបង។
លោក មៀន ឡាយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់នគរវត្តថា កម្លាំងនគរបាលបានចុះប្រតិបត្តិការជាប់ជានិច្ចដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខក្នុងខេត្តបាត់ដំបងផងដែរ ។ ដោយឡែកនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២នេះ នៅក្រុងបាត់ដំបងបានដាក់តាំងពិព័រណ៍ទំនិញគ្រប់ប្រភេទរបស់ប្រទេសថៃ និងមានតន្ត្រីកំសាន្ដ ទើបក្រុមក្មេងដែលចេញមកពីកន្លែងកំសាន្ដតាំងពិព័រណ៍មកបង្កជម្លោះដេញកាប់គ្នាតាមសួនច្បារ តែត្រូវកម្លាំងស្នងការដ្ឋានខេត្តបានចុះប្រតិបត្តិការបង្ក្រាបបានទាន់ពេល និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះមកស្នងការដ្ឋានខេត្តបាត់ដំបង។
ក្មេងទំនើងចំនួន៥នាក់ក្នុងចំណោមក្រុមទំនើង២០នាក់ បានសារភាពថារូបគេតែងតែចេញមកដើរលេងយប់ ហើយក៏ធ្លាប់ឈ្លោះគ្នាជាញឹកញាប់ដែរ តែថ្ងៃនេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ក្រុមក្មេងទំនើងទាំងអស់បានបន្ដថា ពួកគេគឺជាកម្មករធ្វើទឹកកកនៅទល់មុខហាងម្លប់ស្វាយ ហើយអ្នកខ្លះទៀតជាជាងឡាន ដែលមកពីខេត្តឆ្ងាយៗពុំមានឪពុកម្ដាយបានដឹងឡើយ។
បច្ចុប្បន្នក្រុមក្មេងទំនើងបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចយកមកណែនាំ អប់រំ និងរង់ចាំក្រុមគ្រួសារមកធានាចេញទៅលំនៅដ្ឋានវិញ។ ចំណែកក្មេងទំនើងដែលអនាធិបតេយ្យ សមត្ថកិច្ចនឹងនាំខ្លួនយកទៅដាក់នៅក្នុងមណ្ឌលកែប្រែ ដើម្បីណែនាំ និងកសាងខ្លួនឲ្យក្លាយជាមនុស្សល្អរស់ក្នុងសង្គមផងដែរ៕