Friday, July 6, 2012

អ្នក​រចនា​ម៉ូដ​រថយន្ដ​អង្គរ​វ័យ​ក្មេង អ្នក​នាង ញ្ញាណ លក្ខិណា

«ខ្ញុំ​មិន​ធ្លាប់​បាន​សិក្សា​ជំនាញ​រចនា​ម៉ូដ​ឡាន​ពី​មុន​មក​ទេ ប៉ុន្តែ​កាល​នោះ​ដោយ​សារ​តែ​ឪពុក​របស់​ខ្ញុំ​ផលិត​ឡាន​ គាត់​ក៏​ឲ្យ​ខ្ញុំ​គូរ​ម៉ូដ​ឡាន​ឲ្យ​គាត់​។ ពេល​នោះ ​ខ្ញុំ​នៅ​ក្មេង​មិន​ទាន់​ចេះ​អ្វី​នោះ​ទេ ដូច្នេះ​ការ​រចនា​ម៉ូដ​ជា​លក្ខណៈ​គំនូរ​ដៃ​នៅ​ឡើយ មិន​មាន​ប្លង់​លម្អិត​ និង​ស្តង់ដា​រនោះ​ទេ» នេះ​គឺជា​សម្តី​របស់ អ្នក​នាង​ញ្ញាណ លក្ខិណា។​
ស្ថិត ​ក្នុង​វ័យ ២៨​ អ្នក​នាង​ លក្ខិណា​ គឺជា​អ្នក​រចនា​ម៉ូតឡាន​ ហើយ​ក៏​ជា​កូន​ស្រី​របស់​ស្ថាបនិក​ឡាន​ម៉ាក​អង្គរ​ល្បី​ម្នាក់ និង​ដំបូង​បំផុត​ក្នុង​ប្រទស​កម្ពុជា ​ដែល​ប្រជាជន​ក្នុង​ស្រុក​ ក៏ដូច​ជា​ក្រៅ​ស្រុក​ស្គាល់​ថា​ជា​ លោក ញ្ញាណ ផល្លឹក។
យុវនារី​ឆ្នើម​ របស់​យើង បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​រចនា​ផ្នែក​ខាង​ក្នុង (ដេគ័រ)​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អស់​រយៈ​ពេល​៤​ឆ្នាំមក​ហើយ​។ ទាក់ទិន​នឹង​បទពិសោធ​នៃ​ការ​រចនា​ម៉ូដ​ឡាន​នេះ អ្នក​នាង​និយាយ​ថា​ គាត់​បាន​ចាប់​ផ្តើម​រចនា​ម៉ូដ​ឡាន​ទីមួយ​របស់​គាត់​នៅ​ក្នុង​ឆ្នាំ​២០០២ ដែល​នៅ​ពេល​នោះ​គាត់​គឺ​ជា​សិស្ស​វិទ្យាល័យ​នៅ​ឡើយ។ ក្រៅ​ពី​ការ​ងារ​នេះ អ្នក​នាង​ក៏​ជា​អ្នក​រចនា​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ។
គំនូរ ​ដៃ​ដែល​ធ្លាប់​តែ​ស្ថិត​នៅ​លើ​សន្លឹក​ក្រដាស​ រហូត​បាន​ក្លាយ​ទៅ​ជា​រូប​រាង​ឡាន​ពិត​ប្រាកដ​ និងការ​ចង់​ជួយ​ចែក​រំលែក​ការងារ​ឪពុក​របស់​គាត់​ បាន​ក្លាយ​ទៅ​ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​នាង​ លក្ខិណា​បន្ត​ការ​រចនា​នេះ​បន្ថែម​ទៀត ដែល​មក​ទល់​ពេល​នេះ​ ​អ្នក​នាង​បាន​រចនា​ម៉ូដ​រថយន្ដ​ម៉ាក​អង្គរ​បាន​ចំនួន​៧​គ្រឿង​ហើយ។
យុវនារី ​ដុង​ខាង​រចនា​ម៉ូដ​រូប​នេះ​ បាន​បញ្ជាក់​ថា៖ «ការ​គូរ​ម៉ូដឡាន​នោះ​គឺ​គ្រាន់​តែ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​មិន​បាន​នឹក​ស្មាន​ថា ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​បែប​នេះ​ទេ។ ដូច្នេះ​វាមិន​មែន​ជា​រឿង​អត់​ប្រយោជន៍​ឡើយ​»។​
អ្នក​នាង​បាន​បង្ហើប​ ប្រាប់​ថា ការ​រចនា​ឡាន​លើ​ដំបូង​គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ពិភាក្សា​យ៉ាង​ច្រើន​ជា មួយ​ឪពុក​មុន​នឹង​សម្រេច​ចិត្ត​ចេញ​ម៉ូដ​នីមួយៗ ពី​ព្រោះ​អ្នក​នាង​ត្រូវ​គិត​គូរ​ទៅ​ដល់​សម្ភារ​ក្នុង​ស្រុក​ណា​ដែល​អាច​ យក​មក​ប្រើ​បាន និង​សមត្ថភាព​ដែល​ឪពុក​អាច​ធ្វើ​ទៅ​បាន​ទាក់ទង​នឹង​បច្ចេក​វិទ្យា​ជា ដើម​។
មក ​ដល់​ឆ្នាំ​២០០៤ ​អ្នក​នាង លក្ខិណា​ចាប់​ផ្តើម​រចនា​ម៉ូដ​ឡាន​មួយ​ទៀត​ ដែល​លើក​នេះ​អ្នក​នាង​ប្រើ​បច្ចេកវិទ្យា​កុំព្យូទ័រ​ក្នុង​ការ​រចនា​ម៉ូដ​ ដែល​កាល​ពី​មុន​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​សុទ្ធ​សាធ​។ អ្នក​នាង លក្ខិណា​  បាន​អះអាង​ថា​៖ «ខ្ញុំ​ចំណាយ​ពេល​តែ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ ខ្ញុំ​​អាច​គូរ​ម៉ូដ​ឡាន​មួយ​បាន ប៉ុន្តែក៏​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ដើម្បី​កែ​កុន​សា​ចុះ​សា​ឡើង​​រហូត​ ដល់​រយៈ​ពេល​១ខែ​ឬ​នៅ​ពេល​ដែល​ឡាន​នោះ​ត្រូវ​បាន​ផលិត​រួចរាល់»។​
ចំពោះ ​បំណង​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​វិញ អ្នក​នាង លក្ខិណា មាន​គោល​បំណង​ចង់​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ ដែល​ទាក់ទង​នឹង​ការ​រចនាម៉ូដ​តែ​ម្ដង​។
យ៉ាង​ណា​មិញ រថយន្ដ​ម៉ាក​អង្គរ​នេះ​គឺជា​ប្រភេទ​រថយន្ដ​មីនី ដែល​មាន​លក្ខណៈ​ពិសេស អាច​ប្រើ​ដោយ​អារម្មណ៍​ ហើយ​ជា​រថយន្ដ​ផលិត​ដោយ​ដៃ​ផ្ទាល់។ អ្នក​នាង ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ឡាន​ដែល​ផលិត​ចុង​ក្រោយ​នេះ​ អាច​ដំណើរការ​បាន​ដោយ​ប្រើ​អាគុយ ហើយ​វា​ផ្តោត​សំខាន់​មិន​ត្រឹម​តែ​លើ​ភាព​ស្អាត​ទាន់​សម័យ​នោះ​ទេ ប៉ុន្ដែ​បច្ចេកវិទ្យា​ផង​ដែរ​ គឺ​វាមិន​ចាញ់​ឡាន​បរទេស​ទេ។
អ្នក​នាង បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​ លោក​ឪពុក​ និង​ រូប​អ្នក​នាង​ផ្ទាល់​ កំពុង​តែ​សហការ​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ក្នុង​ការ​ផលិត​រថយន្ដ សម្រាប់​តម្រូវ​ការ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។
អ្នក​នាង​ លក្ខិណា រំពឹង​ទុក​ថា​៖ «វា​នឹងអាច​ជួយ​កាត់​បន្ថយ​លើ​ការ​ចំណាយ​ថ្លៃ​សាំង​របស់​ប្រជាពលរដ្ឋ ខ្មែរ​មួយ​ចំនួន ​ដោយ​គ្រាន់​តែ​ជួយ​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក នោះ​សេដ្ឋកិច្ច​យើង​ក៏​មាន​ភាព​រីក​ចម្រើន​លឿន​ផង​ដែរ»៕

Comments system

Disqus Shortname