ភ្នំពេញៈ ឥណ្ឌាកំពុងសិក្សាពីលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយ ចន្ទីនៅកម្ពុជា ដើម្បីនាំចេញដោយផ្ទាល់ទៅប្រទេសឥណ្ឌា។ នេះបើតាមមន្ត្រីទូតឥណ្ឌាប្រចាំកម្ពុជា។
ភាគច្រើនការនាំចេញរបស់កម្ពុជាទៅប្រទេសឥណ្ឌាដែលធ្វើឡើងតាមរយៈប្រទេសទី៣។
លោក Dinesh Patnaik ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា បាននិយាយថាប្រទេសកម្ពុជាដំាដុះស្វាយចន្ទីជាច្រើន តែគ្រាប់ស្វាយចន្ទីទំាងនោះត្រូវនាំទៅកាន់ប្រទេសវៀតណាម ហើយកែច្នៃនៅទីនោះមុននាំចេញទៅកាន់ប្រទេសឥណ្ឌា។
លោកបន្ត ថា៖ «យើងគិតថាហេតុអ្វីត្រូវនាំចេញពីប្រទេសវៀតណាម ហេតុអ្វីបានជាយើងមិនមកបើករោងចក្រនៅទីនេះតែម្តងទៅ? យើងបានបញ្ជូនគណៈប្រតិភូដើម្បីត្រួតពិនិត្យមើល ថាតើទីណាគេដំាំដុះច្រើន ហើយទីណាយើងនឹងបង្កើតរោងចក្រដើម្បីកែច្នៃ»។
ទោះបីយ៉ាងនេះ ក្តី លោកមិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ និងក្រុមហ៊ុនណាមួយប្រាកដដែលនឹងត្រូវវិនិយោគលើគម្រោងនេះនៅ ឡើយទេ ព្រោះមានក្រុមហ៊ុនឥណ្ឌាយ៉ាងហោច៣បានសិក្សាលើគម្រោងនេះ។
កាល ពីដើមសប្តាហ៍នេះ ឥណ្ឌាបានបើកដំណើរការសភាពាណិជ្ជកម្មប្រចាំកម្ពុជាដើម្បីបង្កើន ការទាក់ទាញ និងបើកឱកាសថ្មីសម្រាប់អភិវឌ្ឍលើវិស័យជាច្រើន ពិសេស វិស័យកសិកម្ម។
លោក Dinesh Patnaik បាននិយាយថា៖ «យើងនឹងធ្វើការងារក្នុងវិស័យផលិតកម្មចំណីអាហារ និងវិស័យកសិកម្ម »។
លោក ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយថា ពាណិជ្ជកម្មជាមួយឥណ្ឌានឹងមានភាពប្រសើរជាងពេលបច្ចុប្បន្ន ព្រោះឥណ្ឌាបានផ្តើមធ្វើសកម្មភាពខ្លាំងតាមរយៈការបង្កើតសភា ពាណិជ្ជកម្ម។
លោកបន្តថា៖ «យើងសង្ឃឹមទៅថ្ងៃក្រោយ យើងនឹងធ្វើកិច្ចការត្រង់ជាមួយឥណ្ឌាបានច្រើន ដូចជាការកែច្នៃ ស្វាយចន្ទី និង អ្វីផ្សេងៗទៀត ដែលបច្ចុប្បន្នកំពុងធ្វើតាមប្រទេសទីបី»។
លោក លើកឡើងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៅខេត្តសៀមរាប ពេលកន្លងមក រដ្ឋមន្ត្រីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្តេជ្ញានឹងជំរុញឲ្យបង្កើនរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅ កម្ពុជា។ លោកថ្លែងថា៖ «យើងសង្ឃឹមថាដោយមានការជំរុញនឹងការប្តេជ្ញាចិត្តពីថ្នាក់ដឹក នាំ យើងអាចសម្រេចបានក្នុងពេលឆាប់ៗនេះ»។
ប្រទេសកម្ពុជានាំ ចូលពីឥណ្ឌានូវគ្រឿងបរិភោគភាគច្រើន និងឱសថ ចំណែកកម្ពុជានាំចេញទៅឥណ្ឌាវិញមានវត្ថុធាតុដើម។ នេះបើតាមលោក ប៉ាន សូរស័ក្តិ។
ខេត្តកំពង់ចាម ជាខេត្តមានសក្តានុពលមួយក្នុងចំណោមខេត្តផ្សេងៗទៀតដែលដំាដុះស្វាយចន្ទី។
ខេត្តកំពង់ចាម មានផ្ទៃដីដំាដុះ ២៤៤៨២ហិកតា ហើយប្រមូលផលបាន១៧ ២០០តោនក្នុងមួយឆ្នាំ។
អ្នក ស្រី ស្រី ហុងលី ឈ្មួញស្វាយចន្ទី នៅខេត្តកំពង់ចាម ឲ្យដឹងថា អ្នកស្រីនៅមិនទាន់ដឹងពីចរន្តទីផ្សារនៃគ្រាប់ស្វាយចន្ទីទៅ ថ្ងៃអនាគតទេ ព្រោះកន្លងមកមានតែទីផ្សារវៀតណាមមួយគត់៕