Monday, September 10, 2012

បុរស​ពិការ​ត្រឹម​កំភួន​ដៃ​ដោយ​សារ​គ្រាប់​មីន អាច​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​រាប់​រយ​គីឡូ


ស្វាយរៀងៈ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១​ ទៅ​ដល់​ចំណុច​ផ្សារ​ក្រោល​គោ ​ស្ថិត​ក្នុង​ភូមិ​ក្រោល​គោ​ ឃុំ​ក្រោល​គោ ​ស្រុក​ស្វាយ​ជ្រំ ​ខេត្ត​ស្វាយ​រៀង​ ជិត​ព្រំប្រ​ទល់​នឹង​ខេត្ត​ព្រៃវែង​នោះ ​លោក​អ្នក​នឹង​ឮ​ពី​កេរ្តិ៍​ឈ្មោះ​របស់ បុរស​ពិការ​​ដៃ​ទាំង​ពីរ​​ម្នាក់ ឈ្មោះ កែវ ព្រឹក្ស​ ដែល​អាច​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​រាប់​រយ​គីឡូ​ ដូ​ចអ្ន​ក​មាន​ដៃ​ល្អ​ទាំង​ពីរ​ធម្មតា ​សូម្បី​តែ​ក្មេង​អាយុ​៤-៥​ឆ្នាំ ក៏​ពួក​គេ​ស្គាល់​បុរស​ម្នាក់​នោះ​ដែរ​។
ប៉ុន្តែ​លោក កែវ ព្រឹក្ស មិន​មែន​ជា​អ្នក​ផ្សារ​ក្រោល​គោ​នោះ​ទេ។ លោក​ជា​អ្នក​រស់​នៅ​ភូមិ​ក្រួស ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ​ខេត្ត​ស្វាយរៀង ហើយ​ភូមិ​ដែល​គាត់​រស់​នៅ​នោះ​ ជា​ភូមិ​ដាច់​​ស្រយាល​មួយ​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​វៀតណាម​ ដែល​មាន​ចម្ងាយ​ពី​ផ្សារ​ក្រោល​គោ​នេះ​ជិត​២០​គីឡូ​ម៉ែត្រ​។
ហេតុ ​ដែល​នាំ​ឲ្យ​គេ​ឯង​ស្គាល់​បុរស​ពិការ​ដៃ​ទាំង​ពីរ​រូប​នេះ​ច្បាស់​ដូច​ ថ្ងៃ​នោះ ព្រោះ​តែ​ជា​រៀង​រាល់​ព្រឹក​គេ​តែង​ឃើញ​លោក កែវ ព្រឹក្ស ​ដឹក​អីវ៉ាន់​យ៉ាង​ពេញ​ពោរ​រាប់​រយ​គីឡូ​ក្រាម​ដូច​អ្នក​មាន​ដៃ​ល្អ​ជា​ ទាំង​សង​ខាង​ដែរ។ អ្នក​ភូមិ​នៅ​ម្តុំ​ផ្សារ​ក្រោល​គោ​បាន​ពោល​សរសើរ​លោក កែវ ព្រឹក្ស ថា៖​ «​បុរស​ពិកា​រដៃ​ទាំង​សង​ខាង​ម្នាក់​នេះ​ រក​ស៊ី​ចំណាប់​ណាស់​ គេ​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​យ៉ាង​មាន​សុភមង្គ​ល ដល់​ថ្នាក់​អ្នក​មាន​ដៃ​ល្អជា​ មួយ​ចំនួ​នក្នុង​ភូមិ​មិន​ស្មើគាត់​ផង​»។
ដោយ សារ​ទេពកោសល្យ​នេះ​ហើយ ទើប​ក្រុម​ការងារ​ទូរទស្សន៍​អប្សរា​ផ្ទះ​លេខ​១១ ចុះ​ទៅ​ដល់​ផ្ទះ​របស់​លោក​ កែវ ព្រឹក្ស ខណៈ​ពេល​ទៅ​ដល់​លោក​កំពុង​ភ្ជួរ​ស្រែ​ដែល​មើល​ទៅ​ស្ទើរមិន​ដឹង​ថា​ គាត់​ជា​មនុស្ស​ពិការ​ដៃ​ផង​។ បុរស​រូប​នេះ​បាន​ប្រាប់​ថា៖​«ការ​ងារ​ស្រែ ភ្លឺ​ លោក​ធ្វើ​បាន​ស្ទើរ​តែ​ទាំង​អស់​ហ្នឹង​ លើក​លែង​តែ​ដក​សំណាប​ និង​ស្ទូង​ស្រូវ​ទេ ​ដែល​ត្រូវ​ប្រើ​ក្រញាំ និង​ម្រាម​ដៃ​នោះ»។​
ដើម្បី បញ្ជាក់​ការ​ពិត លោក កែវ ព្រឹក្ស បាន​ទាញ​ចប​មក​កាប់​លើក​ដី​ពូន​ដំណាំ​បាន​ដូច​អ្នក​មាន​ក្រញាំ​ដៃ​ដែរ​ ដោយ​យក​ដង​ចប​មក​ត្បៀត​ក្លៀក​ ហើយ​ដៃ​កម្បុត​ម្ខាង​ទៀត​យក​ទៅ​ទល់​លើ​ដង​ចប និង​សង្កត់​កាប់​បាន​ដូច​អ្នក​មាន​ដៃ​ល្អដែរ។​ ចប់​ពីនេះ​លោក​ កែវ​ ព្រឹក្ស​ ក៏​បន្ត​ទៅ​សប់​ទឹក​ពី​អណ្តូង​ឲ្យ​មើល​ទៀត​ផង​។
លោក​ កែវ​ ព្រឹក្ស ​បាន​និទាន​ពី​ដំណើរ​ជីវិត​ដែល​នាំ​ឲ្យ​លោក​ធ្លាក់​ខ្លួន​ពិការ​នេះ​ថា មុន​ឆ្នាំ​១៩៩៥​ លោក​គឺជា​នាយ​ទាហាន​មួយ​រូប​ បម្រើការ​នៅ​កង​វិស្វកម្ម​ដោះ​មីន​ នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ។ ជា​អកុសល​នៅ​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​១៩៩៥​ នៅ​ក្នុង​សមរភូមិ​ចម្ការ​មីន​នៅ​តំបន់​អតីត​ខ្មែរ​ក្រហម​ស្រុក​ម៉ាឡៃ​ លោក​បាន​ទទួល​រង​គ្រោះ​ថ្នាក់​តែ​មួយ​ប៉ប្រិច​ភ្នែក​ ដោយ​គ្រាប់​មីន​ដែល​លោក​កំពុង​តែ​ធ្វើ​សកម្មភាព​ជីក​ដោះ​ចេញ​ពី​ដី​នោះ ​បណ្តាល​ឲ្យ​ដៃ​ទាំង​ពីរ​ត្រូវ​ពិការ​ត្រឹម​កំភួន​ដៃ។
ធ្លាប់​តែ​ មាន​ដៃ​ប្រើ​ការ​គ្រប់​យ៉ាង​ តែ​បែរ​ជា​ត្រូវ​ពិការ​វិញ​នោះ លោក​បាន​និយាយ​ថា៖​«​ភ្លាមៗ​ក្រោយ​ពី​ដឹង​ខ្លួន​វិញ​ឃើញ​ដៃ​ទាំង​ពីរ​រុំប៉ង់​សឺម៉ង់ នៅ​ត្រឹម​តែ​កំភួន​ដៃ​នោះ​ ខ្ញុំ​គិត​ថា ​មួយ​ជីវិត​ខ្ញុំ​នេះ មិន​ដឹង​ជា​ទៅ​ធ្វើ និង​រក​ស៊ី​អ្វីទេ​ ពិសេស​អនាគត​កូន​ប្រពន្ធ​ដែល​ពឹង​អាស្រ័យ​តែ​លើ​ប្តី​រាប់​ឆ្នាំ​មក​ហើយ​នោះ ​។ ប៉ុន្តែ​ភាព​អស់​សង្ឃឹម​នេះ​ មិន​បាន​បង្ខំ​ឲ្យ​លោក​ កែវ ព្រឹក្ស បន្ទន់​ខ្លួន​តាម​ឡើយ​»។
លោក​បាន​បន្ត​ថា៖​«​ដ្បិត​តែ​ខ្ញុំ​នៅ​ឈឺចាប់ ​របួស​ផ្លូវ​ចិត្ត​ក្តី ​តែ​ក្រោយ​ពីវិល​ត្រឡប់​មក​រួម​រស់​ជុំ​ប្រពន្ធ​កូន​នៅ​ស្រុក​វិញ លោក​ក៏​ចាប់​ផ្តើម​រៀន​ជិះម៉ូ​តូសា​ជា​ថ្មី​ ហើយ​ក៏​ចេះ​ដូច​ការ​តាំង​ចិត្ត​ក្នុង​ពេល​ដ៏​ខ្លី​ រួច​​ក៏​ចាប់​ផ្តើម​រៀន​ដឹក​របស់​ដែល​មាន​ទម្ងន់​ធ្ងន់​នៅ​ពី​ក្រោយ​តាំង​ តិច​តួច​រហូត​ដល់​ជាង​៣០០​គីឡូ​ដល់​សព្វ​ថ្ងៃ​នេះ​។
យ៉ាង​ណា​មិញ​បុរស​ពិការ​ដៃ​ទាំង​សង​ខាង​ វ័យ​៤៥​ឆ្នាំ​ម្នាក់​នេះ​ មិន​បាន​ចាត់​ទុក​សក​ម្មភាព​ខ្លួន​ថា ជា​សកម្ម​ភាព​អស្ចារ្យ​សម្រាប់​លោក​ឡើយ​ ដោយ​បាន​លើក​ឡើង​ថា៖«សកម្មភាព​ទាំង​ប៉ុន្មាន​នោះ​មិន​ជា​អស្ចារ្យ​នោះ ទេ ពីព្រោះ​ថា​សកម្មភាព​ទាំង​នេះ​អ្នក​ពិការ​ដដៃ​ទៀត​ដូច​ជា​ខ្ញុំ​ទូទៅ ក៏​អាច​ធ្វើ​បាន​ដែរ​»។
ស្ទើរ ​រាល់​ថ្ងៃ​ដែល​លោក​តែង​បញ្ជា​ម៉ូតូ​ម៉ា​ក​សង់​កូរ៉េ​របស់​លោក ​ក្នុង​ចម្ងាយ​ផ្លូវ​៤០​គីឡូ​ម៉ែត្រ ​ពី​ព្រំ​ដែន​វៀត​ណាម​ទៅ​មក​ផ្សារ​ក្រោល​គោ និ​ងភូមិ​ដែល​លោក​រស់​នៅ ​ក្នុង​ទម្ងន់​អីវ៉ាន់​ផ្ទុកពី​ក្រោយ​មិន​ក្រោម​ពី​ ពីរ​ទៅបីរ​យគី​ឡូនោះ​ទេ។ ក្រៅ​ពី​ស៊ី​ឈ្នួល​ដឹក​អីវ៉ាន់​នោះ ​លោក​ក៏​តែង​ដឹក​​ទឹក​លក់​ឲ្យ​អ្នក​ភូមិ​ផង​ដែរ​ ដោយ​ដឹក​ទឹក​ចំណុះ​៣០​លីត្រ ពី​១០​ទៅ​១២​ប៊ីដុង គឺ​១០​ដាក់​ពី​ក្រោយ ឯពី​រប៊ីដុង​ទៀ​ត​ដាក់​នៅ​តូ​ម៉ូតូ​ខាង​មុខ​ ហើយ​រាល់​ពេល​លើក​ដាក់​គឺ​ធ្វើ​ដោយ​ខ្លួន​ឯង​។
លោក​កែវ ​ព្រឹក្ស​ បាន​ពោល​ថា៖​«មិន​មែន​ជា​ការងារ​ស្រួល​ទេ សម្រាប់​ខ្ញុំ​ជា​មនុស្ស​ពិការ​នោះ​ ប៉ុន្តែ​មិន​ដឹង​ទៅ​រក​អី​ ក្រៅ​ពី​ការ​ប្រឹង​ប្រែង​ បើ​ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏​ត្រូ​វតែ​តស៊ូ​ទៅ​ ព្រោះ​យើង​មិន​មែន​ខ្លួន​មួយ​ទេ នៅ​មាន​ប្រពន្ធ​មាន​កូន​ទៀត​»។
ទោះ​ យ៉ាង​ណា លោក​បាន​ប្រកប​របរ​នេះ​ជិត​១០​ឆ្នាំ​ហើយ ក្រោយ​ពី​លោក​ធ្លាក់​ខ្លួន​ពិកា​រ។ លោក​បាន​និយាយ​ថា៖​«មុខ​របរ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចៀស​ផុត​ការ​ ដើរ​សុំ​ទាន​គេ​ដែរ។ ​មិន​ត្រឹម​តែ​ខ្ញុំ​ក្លាយ​ជា​មនុស្ស ​ដែល​សង្គម​ទទួល​ស្គាល់​ម្នាក់​នឹង​គេ​ទេ ​ពោល​គឺរ​បរ​នេះ​បាន​ផ្តល់​ឲ្យ​​ខ្ញុំ​មាន​លទ្ធភាព​អាច​សង់​ផ្ទះ​សម្បែង​ រស់​នៅ​ជុំ​ប្រពន្ធ​កូន​ផង​ដែរ»៕

Comments system

Disqus Shortname