លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា |
សហភាពសហជីពកម្ពុជាត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០០៦ រវាងសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជារបស់លោករ៉ុង ឈុន និងសហជីពសេរីកម្ពុជារបស់លោកជា មុន្នី។
កន្លងមកសហភាពសហជីពកម្ពុជា មាននិន្នាការគាំទ្រប្រជាធិបតេយ្យដែលជាផ្នែកមួយនៃការរកសំឡេងឆ្នោត ពីក្រុមកម្មករសម្រាប់គណបក្សជំទាស់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ កន្លងទៅនេះលោកជា មុន្នី បានចោទប្រកាន់ថានៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ សកម្មភាពរបស់សហជីបកម្ពុជា CCU ជារឿយៗ បានដើរផ្ទុយពីគោលបំណង និងគោលដៅរបស់សហជីបសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលទាមទារឲ្យគិតគូរទៅដល់ឧត្តមប្រយោជន៍របស់កម្មករ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សហជីពសេរីកម្មករបានបញ្ជាក់ថាចាប់ពីពេលនេះតទៅនឹងបញ្ឈប់ ការចងសម្ព័ន្ធភាពជាមួយនឹងសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងមិនស្ថិតនៅក្រោមដំបូលនៃស្ថាប័នសហភាពសហជីបកម្ពុជានោះទៀតឡើយ។
លោកជា មុន្នី ប្រធានសហជីបសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាមូលហេតុ ដែលនាំឲ្យបញ្ឈប់ការចងសម្ព័ន្ធភាព ដោយសារតែការស្នើសុំចុះបញ្ជីការរវាងសម្ព័ន្ធអ្នកទាំងពីរនៅឯក្រសួង ការងារត្រូវបានបដិសេធ ដោយសារតែសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាត្រូវការចុះបញ្ជីការនៅ ឯក្រសួងមហាផ្ទៃ។ សហជីបសេរីកម្មករចុះបញ្ជីការនៅក្រសួងការងារ។
«យើងនៅពេលដែលគេមិនឲ្យបញ្ជីការ យើងធ្វើការបែកគ្នាមែនពិត។ ប៉ុន្តែអ្វីៗ នៅតែជាការសហការគ្នាទៅវិញទៅមកទេ ពាក់ព័ន្ធនឹងប្រយោជន៍ជាតិ»។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានមានប្រសាសន៍នៅក្នុងពេល ដែលលោកដឹកនាំការតវ៉ារបស់ក្រុមកម្មករនៅរោងចក្រមួយនៃស្រុក អង្គស្នួល ខេត្តកណ្តាល ថា លោក មានការសោកស្តាយចំពោះការបញ្ឈប់ការចងសម្ព័ន្ធភាពគ្នានេះ។ ក៏ប៉ុន្តែលោករ៉ុង ឈុន មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេ។
«ខ្ញុំមិនបានដឹងច្បាស់អំពីមូលហេតុអ្វីដែរ ជុំវិលការដែលសុំលាចេញពីសហភាពសហជីបកម្ពុជា។ ពីព្រោះកន្លងមកដែលយើងទិសដៅដើរស្របគ្នា ប៉ុន្តែពេលនេះយើងមិនដឹងពីមូលហេតុ ហើយក៏យើងមិនធ្វើអត្ថាធិប្បាយដែរ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា ការបែកផ្លូវគ្នារវាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនភាគច្រើនមានការលូកដៃពីគណបក្សនយោបាយ ដោយសារតែសង្គមស៊ីវិលទាំងនោះចង់បានប្រយោជន៍ផ្ទាល់ខ្លួន។
«សុំឲ្យសង្គមស៊ីវិលទាំងអស់ សមាគមទាំងអស់ដែលគោរពគោលការណ៍ប្រជាធិបតេយ្យដែលចង់ជួយប្រជាពលរដ្ឋយើង គឺសមាគមនៅក្នុងសហជីបហ្នឹង គឺយើងត្រូវរួបរួមគ្នានៅក្នុងកាលៈទេសៈនេះ។ បើយើងមិនរួបរួមគ្នាទេ គឺយើងពិបាកនឹងធ្វើការបម្រើឲ្យផលប្រយោជន៍ឲ្យសមាជិករៀងៗខ្លួន ណាស់»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាពឯករាជ្យមួយរូបបានមានប្រសាសន៍ថាលោជា មុន្នី ចង់បានឯករាជ្យរបស់ខ្លួនកុំឲ្យឋិតនៅក្រោមស្លាបរបស់លោករ៉ុង ឈុន។ លោកបានមានប្រសាសន៍ថាប្រសិនណាបើសហជីបមួយៗ កសាងកម្លាំងរៀងៗខ្លួន ដើម្បីការពារឲ្យផលប្រយោជន៍ក្រុមកម្មករ គឺជាការល្អប្រសើរមួយ។
«ខ្ញុំថាសម្រាប់សមាជិកសហជីពរៀងៗខ្លួន ខ្ញុំថាល្អប្រសើរជាង ព្រោះអាចផ្ចង់អារម្មណ៍ទៅរកប្រយោជន៍ និងការពារសិទ្ធរបស់សមាជិករៀងៗខ្លួនគឺរឹតតែប្រសើរជាង»។
លោក រ៉ុង ឈុន និងលោក ជា មុន្នី កន្លងមកធ្លាប់បានដឹកនាំការចូលរួមធ្វើបាតុកម្មរបស់ក្រុមកម្មករ និងធ្វើការតវ៉ាផ្សេងៗជាមួយគ្នា។ ក៏ប៉ុន្តែក្នុងរយៈកាលចុងក្រោយនេះ អ្នកទាំងពីរមិនសូវមានការជួបមុខគ្នាទេនៅក្នុងពេលដែលមានការ តវ៉ាផ្សេងៗ៕