សេវាថែទំារថយន្តរបស់ក្រុមហ៊ុន ហុងដា នៅរាជធានីភ្នំពេញ។ កម្ពុជាកំពុងអំពាវនាវឲ្យមានការវិនិយោគក្នុងវិស័យឧស្សាហកម្មបន្ថែមទៀតនៅកម្ពុជា។ រូបថត វីរៈ ម៉ៃ
ភ្នំពេញៈ សេដ្ឋវិទូ និងដៃគូពាណិជ្ជកម្មបានអំពាវឲ្យក្រុមហ៊ុនដែលមានមូលដ្ឋានផលិតកម្មនៅប្រទេស ជិតខាងកម្ពុជាមកធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសនេះមិនរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលបង្កឲ្យរាំង ស្ទះដល់ផលិតកម្ម ដូចនៅប្រទេសថៃ និងវៀតណាមនោះទេ។
មន្ត្រីជាន់ ខ្ពស់កម្ពុជា ក៏បានអះអាងដែរថា វិស័យឧស្សាហកម្មកម្ពុជាអាចធន់នឹងគ្រោះទឹកជំនន់បានបើធៀបនឹង ប្រទេសជិតខាង។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងខួប២០ឆ្នាំរបស់ក្រុមហ៊ុន ហុងដា និង N.C.X Group នៅភ្នំពេញកាលពីថ្ងៃពុធថា ប្រទេសកម្ពុជា ប្រឈមនឹងទឹកជំនន់ជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនប៉ះពាល់ធ្ងន់ធ្ងរដល់រោងចក្រ ឬឧស្សាហកម្មផ្សេងៗទៀតឡើយ។ លោកបន្តថា បច្ចុប្បន្ន ថៃ កំពុងប្រឈមនឹងគ្រោះទឹកជំនន់។ លោកបន្តថា៖«ទោះបីជាកម្ពុជាជួប គ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំក្តី វាមិនបានប៉ះពាល់ដល់តំបន់ឧស្សាហកម្មឡើយ។ វាប៉ះពាល់តែវាលស្រែតាមដងទន្លេមេគង្គប៉ុណ្ណោះ ប៉ុន្តែវាមិនបានប៉ះពាល់ដល់រោងចក្រឡើយ។ ម្យ៉ាងវិញទៀត យើងបានព្យាករថា នៅឆ្នាំនេះ ទឹកជំនន់ធំជាងកាលពីឆ្នាំមុន ដូច្នេះយើងកំពុងព្យាយាមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើ សេដ្ឋកិច្ច។ វានឹងមិនអាចប៉ះពាល់ដល់វិស័យឧស្សាហកម្មកម្ពុជាដែលស្ថិតនៅ ទីតាំងល្អឆ្ងាយពីតំបន់ទទួលរងគ្រោះដោយទឹកជំនន់ទេ»។
កម្ពុជាស្ថិត ក្នុងតំបន់អំណោយផលដល់ការធ្វើអាជីវកម្ម មានបរិយាកាសវិនិយោគល្អ ហើយមានការលើកទឹកចិត្តដល់វិនិយោគិនបរទេស។ នេះជាឱកាសដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនជប៉ុនផ្សេងៗទៀតដែល មានរោងចក្រនៅថៃគួរពិចារណាអំពីកម្ពុជា។ នេះបើតាមលោក ចម ប្រសិទ្ធ។
លោក Hiroshi SUZUKI ប្រធាននាយកប្រតិបត្តិ និងជាសេដ្ឋវិទូប្រចាំវិទ្យាស្ថានស្រាវជ្រាវអាជីវកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ទឹកជំនន់ មិនសូវជាប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជាឡើយ បើធៀបនឹងប្រទេសជិតខាង។
ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ រងផលប៉ះពាល់តិចតួច ហើយការតភ្ជាប់រវាងភ្នំពេញ ថៃ និងវៀតណាម មិនសូវទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។
មានតែវិស័យទេសចរណ៍នៅខេត្តសៀមរាបប៉ុណ្ណោះ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
លោកបន្ត ថា វិស័យឧស្សាហកម្មនៅកម្ពុជា អាចធន់បាននឹងគ្រោះទឹកជំនន់។ ទឹកជំនន់កាលពីឆ្នាំមុន មានទំហំធំជាងគេបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ប៉ុន្តែរោងចក្រស្ទើរតែទាំងអស់ អាចចៀសផុតពីការខូចខាតដោយទឹកជំនន់បាន។
រោងចក្រ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអាចធន់នឹងទឹកជំនន់បាន ហើយឧស្សាហកម្មសំខាន់ៗមួយចំនួន ដូចជា រោងចក្រកាត់ដេរ និងវាយនភ័ណ្ឌ មិនទទួលរងគ្រោះដោយទឹកជំនន់បានឡើយ។
លោកថ្លែង ថា ក្រុមហ៊ុន មីនីបៀ (Minebea) បានសម្រេចចិត្ត និងចាប់ផ្តើមសាងសង់រោងចក្រទីពីររបស់ខ្លួន នៅក្បែររោងចក្រទី១ ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ដែលនេះជាគំរូមួយនៃការគ្រប់គ្រងហានិភ័យដោយគ្រោះទឹកជំនន់នៅ ប្រទេសថៃ។
ទោះបីយ៉ាងនេះក្តីលោកបានអះអាងថា ការខូចខាតដោយទឹកជំនន់ មិនអាចបង្ខំឲ្យក្រុមហ៊ុនជប៉ុនដកខ្លួនចេញពីប្រទេសថៃភ្លាមៗ បានឡើយ៖ «ក្នុងរយៈពេលមធ្យម ក្រុមហ៊ុនខ្លះ ពិសេសក្រុមហ៊ុនប្រើកម្លាំងពលកម្មច្រើននឹងពិចារណាអំពីការផ្ទេរ ផ្នែកមួយចំនួននៃរោងចក្ររបស់ខ្លួន មកតំបន់មានសុវត្ថិភាព ដូចជា កម្ពុជា ហើយនេះជាវិធានការនៃការគ្រប់គ្រងហានិភ័យ»។
លោក ឆាយ រតនៈ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា គ្រោះទឹកជំនន់ កាលពីឆ្នាំមុន បានបង្កផលប៉ះពាល់ដល់គម្រោងសាងសង់មួយចំនួន នៅសៀមរាប និងគម្រោងផ្លូវដែកនៅខេត្តបន្ទាយមានជ័យ ដែលគិតជាទឹកប្រាក់ប្រហែល១លានដុល្លារអាមេរិក។ លោកសង្ឃឹមថា នៅឆ្នាំនេះ រដ្ឋាភិបាល នឹងត្រៀមខ្លួនឲ្យបានប្រសើរទប់នឹងផលប៉ះពាល់នៃទឹកជំនន់មកលើ សេដ្ឋកិច្ចរបស់កម្ពុជា។
កាលពីមុនទឹកជំនន់ បានប៉ះពាល់ខេត្តមួយចំនួន នៅតាមបណ្តោយទន្លេមេគង្គ ដែលបំផ្លាញផលដំណាំសរុបប្រហែល១០ភាគរយ ចំណែកនៅប្រទេសថៃវិញ ខេត្តចំនួន៣២ ក្នុងចំណោម៧៧ រងគ្រោះដោយទឹកជំនន់។
កាលពី ឆ្នាំទៅរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រហែល ២០០លានដុល្លារសម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតដោយទឹកជំនន់។
នៅឆ្នាំ២០១២ នេះ រដ្ឋាភិបាលក៏បានត្រៀមថវិកាជាតិប្រហែល៩០លានដុល្លារ ដើម្បីទប់ទល់នឹងទឹកជំនន់ដែរ៕ CS