Tuesday, July 31, 2012

ក្រសួង-​អង្គ​ការ​ដៃគូ រៀប​ចំ​អប់រំ​ពលរដ្ឋ​បង្ការ​ជំងឺ​EV​៧១

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​អង្គ​ការ​ជាដៃ​គូ កំពុង​រៀប​ចំ​ផលិត​នូវ​សម្ភារ​អប់រំ ស្តី​ពីការ​បង្ការ​ជំងឺ​ពង​បែក​ដៃ​ជើង​និង​មាត់ ជូន​ដល់​សាធារណ​ជន ដើម្បី​ត្រៀម​បង្ការ​និង​ទប់​ស្កាត់​ពី​ជំងឺ​ដែល​អាច​កើត​មាន​ដល់​កុមារ​ តូចៗ។
សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​កាល​ពីថ្ងៃ​ទី ​២៧ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិ​បាល សហការ​ជាមួយ​អង្គការ​សុខ​ភាព​ពិភព​លោក និង​អង្គការ​មូនិធិ​កុមារ​របស់​អង្គការ​សហ​ប្រជា​ជាតិ (យូនី​សេហ្វ)​ កំពុង​រៀប​ចំ​បង្កើត​នូវ​ឧបករណ៍​សម្ភារ​អប់រំ​សុខ​ភាព សម្រាប់​ជា​ជំនួយ​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ និង​«ផ្តល់​ព័ត៌មាន​ដល់​សាធារណ​ជន​អំពី​ជំងឺ​នេះ» ដែល​សម្លាប់​កុមារ​កម្ពុជា​អស់​៥៦​នាក់​មក​ហើយ​តាំង​ពី​ខែ​មេសា​មក។
សេចក្ដី ​ប្រកាស​រួម​គ្នា​រវាង​ក្រសួង​និង​អង្គការ​សុខ​ភាព​ពិភព​លោក ក៏​បាន​ណែនាំ​ដល់​គ្រឺះ​ស្ថាន​សុខាភិ​បាល​សាធារណៈ ឲ្យ​រាយ​ការណ៍​ពី​ករណី​ជំងឺ​ពង​បែក​ដៃ​ជើង​និង​ក្នុង​មាត់ ទាំង​ស្រាល និង​ធ្ងន់ធ្ងរ និង​មាន​ករណី​ធ្ងន់ធ្ងរ ដូច​ជា​មាន​គ្រុន​ក្តៅ សញ្ញា​ប្រព័ន្ធ​ប្រសាទ ឬ​សញ្ញា​ផ្លូវ​ដង្ហើម​ញាប់ ឬពិបាក​ដក​ដង្ហើម​ ត្រូវ​បញ្ជូន​កុមារ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។
ប្រកាស​ថ្មីៗ​នេះ ក៏​ស្រប​ពេល​ដែល​សារ​ព័ត៌មាន​នៅ​ប្រទេស​ថៃ រាយ​ការណ៍​ថា ជំងឺ​ពង​បែក​ដៃ​ជើង​និង​មាត់ បាន​បណ្តាល​ឲ្យ​កុមារ​កម្ពុជា​អាយុ​២​ខួប​ម្នាក់​ស្លាប់​នៅ​ប្រទេស​ថៃ កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​មន្ត្រី​សុខា​ភិបាល​នៅ​ប្រទេស​នេះ ឲ្យ​ដឹង​ថា កុមារ​រូប​នោះ មិន​បាន​នាំ​ជំងឺ​នេះ​ពី​កម្ពុជា​ទៅ​ទេ គឺ​គេ​បាន​ស្នាក់​នៅ​ប្រទេស​ថៃ​អស់​មួយ​រយៈ​កាល​មកហើយ​ និង​សូម​កុំ​ឲ្យ​ប្រជាជន​ថៃ​មាន​ការ​រើសអើង​ពលរដ្ឋ​កម្ពុជា។
អ្នក​ ស្រី Denis Stepherd Johnson អ្នក​នាំពាក្យ​អង្គការ​យូនី​សែហ្វ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សម្ភារ​អប់រំ មាន​ដូចជា​ខិត​ប័ណ្ណ​អប់រំ និង​ស្ប៉ត​លើ​កញ្ចក់​ទូរទស្សន៍ នឹង​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ដឹង​ពី​ការ​អនាម័យ​ទូទៅ​ចំពោះខ្លួន​ឯង និង​លើកុមារ ដូច​ជាការ​លាង​ដៃ ក្រោយ​ចេញពី​បង្គន់ និង​ចាប់​កាន់​ចំណី​អាហារ​ជាដើម។
លោកស្រី​ថា ស្ប៉ត​ទាំង​នោះ មាន​មួយ​ចំនួន​បាន​កំពុង​តែ​ចាក់​តាម​កញ្ចក់​ទូរទស្សន៍​រួច​មក​ហើយ និង​មាន​ខ្លះ​កំពុង​បង្កើត​ថ្មី។ លោក ស្រី​ថ្លែង​ថា ៖ «ខ្ញុំ​ជឿថា ស្ប៉ត​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ជា​មធ្យោបាយ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ចំណោម​ពលរដ្ឋ។ ការ​អនុវត្ត​នូវ​ការ​អនាម័យ​ស្អាត ជា​វិធី​ដ៏​ល្អ​បំផុត»។
មន្ត្រី​ក្រសួង​សុខាភិ​បាល​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាលពី​ម្សិល​មិញ​។
ប៉ុន្តែ ​លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល បាន​មាន​ប្រសាសន៍​តាម​សេចក្តី​ប្រកាស​ថា ៖ «​ឪពុក​ម្តាយ​ទាំង​ឡាយ ដែល​កូន​មាន​រោគ​សញ្ញា គ្រុន​ក្តៅ​ខ្លាំង ក្អួត ប្រកាច់ រឹង​ដៃ​ជើង ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ឆាប់​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ទទួល​ការ​ព្យាបាល​»។
ការ​អង្កេត​លើ​ ករណី​ឈឺ​និង​ស្លាប់ ដែល​រាយ​ការណ៍​ពេល​ថ្មីៗ​នេះ បាន​សន្និដ្ឋាន​ថា ទំរង់​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ពង​បែក​ដៃ ជើង​និង​ក្នុង​មាត់ បង្ក​ដោយ​មេរោគ Enterovirus ៧១ ឬ EV ៧១ ដែល​មាន​ករណី​សរុប ៧៨ ក្នុងនោះ​រាយ​ការណ៍​ដោយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ៦២។
ចំណែក​ក្នុង​ មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​៥៣៣​ករណី​នៃ​ជំងឺ​ពង​បែក​ដៃជើង​និង​ក្នុង​មាត់​ស្រាល បាន​រាយ​ការណ៍​មក​ក្រសួង​សុខាភិ​បាល​ពី​១៧​ខេត្ត​ក្នុង​ចំណោម​២៤​ខេត្ត និង​មាន​៩ករណី​ដែល​បញ្ជាក់​ថា​មា​ន​​មេរោគ​ឆ្លង​ EV ៧១ ធ្ងន់​ធ្ងរ៕

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ផ្សព្វផ្សាយ​គោលដៅ​រួម​ថ្នាក់​ជាតិ​លើក​ដំបូង

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​រួម​គ្នា បាន​ផ្សព្វផ្សាយ​ពី​គោលដៅ​រួម​របស់​ចលនា​នេះ​ទៅ​ដល់​សកម្មជន​គណបក្ស​របស់​ ខ្លួន​នៅ​ថ្នាក់​ជាតិ​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ថ្លែង​ទៅ​កាន់​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធិ​មនុស្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១២។

ការ​បង្ហាញ​ពី​គោល​ដៅ​រួម​ថ្នាក់​ជាតិ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​គ្នា​រវាង​សកម្មជន​គណបក្ស​ទាំង​ពីរ​ ប្រមាណ​ជាង ៣០០​នាក់ មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ។
នៅ​ក្នុង​ពិធី​ជួបជុំ​នោះ តំណាង​គណបក្ស សម រង្ស៊ី មាន​លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​ខេត្ត​កំពត អ្នកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធ​សភា។
លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស ក៏​បាន​បង្ហាញ​វត្តមាន​តាម​រយៈ Video Conference មក​កាន់​កិច្ច​ប្រជុំ​ផង​ដែរ។ចំណែក​ខាង​គណបក្ស​សិទ្ធិ​មនុស្ស មាន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និង​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ព្រៃវែង និង​លោក ប៉ែន សុវណ្ណ ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ពន្យល់​ដល់​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស និង​សកម្មជន​គណបក្ស សម រង្ស៊ី ពី​មូលហេតុ​នៃ​ការ​រួប​រួម​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។ លោក​បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ទាំង​ពីរ​នៅ​មូលដ្ឋាន​កំពុង​ដើរ​ ផ្លូវ​រួម​គ្នា​ក្នុង​ការ​សង្គ្រោះ​ជាតិ ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត ឬ​អ្នក​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
លោក​ថ្លែង​បន្ត​ថា ការ​រួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​អាសនៈ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ថ្មី និង​បញ្ហា​ផ្នែក​ច្បាប់​ដែល​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​អាច​បង្កើត​ គណបក្ស​ថ្មី​មួយ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទេ។
អ្វី​ដែល​លោក កឹម សុខា សង្កត់​ធ្ងន់​នោះ គឺ​គណបក្ស​ទាំង​ពីរ​នឹង​បង្កើត​គោលការណ៍​រួម កម្មវិធី​គោលការណ៍​រួម និង​សារ​រួម​ទៅ​សកម្មជន​នៅ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​អនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ មុន​នឹង​ដំណើរ​ការ​នីតិ​វិធី​ច្បាប់ ស្នើ​សុំ​បង្កើត​គណបក្ស​ថ្មី នឹង​លេច​ជា​រូបរាង​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។
លោក កឹម សុខា៖ «គឺ​យើង​នឹង​រៀបចំ​ជា​បន្ទាន់​នូវ​លក្ខន្តិកៈ​នៃ​ គណបក្ស​ថ្មី បទបញ្ជា​នៃ​គណបក្ស​ថ្មី ដើម្បី​ចុះ​ឈ្មោះ។ យើង​មិន​ល្ងង់​ទេ យើង​ស្គាល់​ច្បាប់​យើង​ដឹង​ច្បាប់ យើង​អត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»
លោក កឹម សុខា និង​លោក សម រង្ស៊ី រួម​គ្នា​បង្កើត​សម្ពន្ធភាព​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយ​សង្ឃឹម​ថា នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​រំដោះ​ជាតិ ក្នុង​ការ​ទាញ​យក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​របប​កុម្មុយនិស្ត និង​ជា​អាយ៉ង​យួន។
លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ក៏​បាន​ថ្លែង​តាម Video Conference នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​សកម្មជន​គណបក្ស​ទាំង​ពីរ​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទាំង​ ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដើម្បី​ប្រមែប្រមូល​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​រួម​គ្នា។
នៅ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​នោះ លោក កឹម សុខា ប្រកាស​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។
លោក សម រង្ស៊ី បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក កឹម សុខា នោះ គឺ​ដើម្បី​រួម​គ្នា​ជាមួយ​លោក​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​មហា​អំណាច​មួយ ​ចំនួន​នៅ​បរទេស​ឲ្យ​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា មិន​មាន​អព្យាក្រឹត និង​ជួយ​ឲ្យ​លោក សម រង្ស៊ី មាន​សិទ្ធិ​ត្រឡប់​មក​កម្ពុជា​វិញ ឲ្យ​ទាន់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។
លោក សម រង្ស៊ី៖ «បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​យក​ជា​ការ​បាន គឺ​មាន​តែ ២​ទេ គឺ ហ៊ុន សែន និង សម រង្ស៊ី ដូច្នេះ​មិន​អាច​បោះ​ឆ្នោត​គ្មាន​វត្តមាន​ខ្ញុំ​ទេ។ ដូច​គូ​ប្រដាល់​ឡើង​លើ​សង្វៀន ហើយ​មាន ២​ឡើង​ប្រដាល់​គ្នា ហ៊ុន សែន គាត់​អត់​ហ៊ាន​ទេ គាត់​អត់​ហ៊ាន​ប្រដាល់​ជាមួយ សម រង្ស៊ី ដាល់​ជាមួយ សម រង្ស៊ី សម រង្ស៊ី ដាល់​សន្លប់​ឥឡូវ»
នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ គណបក្ស​សិទ្ធិ​មនុស្ស​ក៏​បាន​ចែក​កុំព្យូទ័រ ម៉ាស៊ីន​បោះ​ពុម្ភ (Printer) ទៅ​ដល់​មេ​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី​ចំនួន ១៨​រូប សម្រាប់​ផ្ទុក​ឯកសារ។ ដោយ​ឡែក​រថយន្ត ៤​គ្រឿង​ទៀត ក៏​ត្រូវ​បាន​ចែក​ដល់​មេ​ឃុំ​ថ្មី​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ ហើយ​គណបក្ស​នេះ​កំពុង​ស្វែង​រក​ជំនួយ​ពី​បរទេស​បន្ត​ទៀត ដើម្បី​ទិញ​រថយន្ត​ចំនួន ១៤​គ្រឿង​បន្ថែម ចែក​ជូន​មេឃុំ​ថ្មី​របស់​ខ្លួន​ទៅ​តាម​ការ​សន្យា​ពេល​ឃោសនា​បោះ​ឆ្នោត​រើស​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ។
ការ​ផ្តល់​នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​ការ​ទទួល​ខុស​ត្រូវ​នូវ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​ដែល​កន្លង​មក​គេ​ មើល​ឃើញ​ថា អ្នក​នយោបាយ​មួយ​ចំនួន​តែង​សន្យា​ចោល ដើម្បី​រក​សំឡេង​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត៕(RFA)

សហជីព​កម្មករ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ

មេធាវី​លោក ម៉ម សូណង់ដូ ដាក់​លិខិត​ទៅ​តុលាការ​ដើម្បី​សុំ​ធានា​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​៣០ កក្កដា នេះ។ រី​ឯ​ក្រុម​កម្មករ​ក៏​ធានា​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ដោះលែង​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ​ដែរ។

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កក្កដា លោក​នឹង​ដាក់​លិខិត​ស្នើ​សុំ​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ធានា​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ​តាម​ នីតិវិធី​ច្បាប់។
លោក​បន្ត​ថា ករណី​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​ធ្វើ​ការ​ស៊ើប​អង្កេត៖ «ថ្ងៃ ​ច័ន្ទ (៣០ កក្កដា) នេះ ខ្ញុំ​ដាក់ (លិខិត) សុំ​គាត់​នៅ​ក្រៅ​ឃុំ​ម្ដង​ទៀត។ ច្បាប់​អត់​មាន​ចែង​ថា បើ​គេ​ចោទ​ពី​បទ​ឧក្រិដ្ឋ​មិន​អាច​ឃុំ​ខ្លួន​បាន​ទេ មិន​អ៊ីចឹង​ណា។ យើង​គិត​ប៉ុណ្ណេះ បើ​សិន​ជា​ការ​ឃុំ​ខ្លួន ឧទាហរណ៍​រឿង ឈូក បណ្ឌិត បាញ់​មនុស្ស​របួស​ផង ហើយ​លោក ម៉ម សូណង់ដូ គ្រាន់​មនុស្ស​ឆ្លើយ​ដាក់​គ្មាន​អី​ធំដុំ​ផង»
លោក ម៉ម សូណង់ដូ ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក​ជាប់​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ចំនួន ៤​បទ​ចោទ ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ។ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។
ស្រប​ពេល​នឹង​មេធាវី​ប្រុង​ស្នើ​សុំ​ឲ្យ​លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​កៀរគរ​ឲ្យ​ក្រុម​កម្មករ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ ដើម្បី​គាំទ្រ​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។
ការ​ថ្លែង​របស់​លោក ជា មុនី ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​សហជីព​ចំនួន ៧១​នាក់ មក​ពី​បណ្តា​រោងចក្រ​ចំនួន ៣៥ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។
លោក ជា មុនី ឲ្យ​ដឹង​ថា លោក​មាន​បំណង​បង្កើត​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​កម្មករ កម្មការិនី​រោងចក្រ ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ឬ​សមាគម​អ្នក​ប្រជាធិបតេយ្យ ក្នុង​ការ​ជំរុញ​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។
លោក ជា មុនី៖ «យើង​មាន​គោលបំណង​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​មាន​ ការ​ចូល​រួម​ពី​បង​ប្អូន​កម្មករ កម្មការិនី ពី​ស្នាម​មេដៃ​ឲ្យ​មាន​ការ​ដោះលែង​ពី​លោក ម៉ម សូណង់ដូ ព្រោះ​លោក ម៉ម សូណង់ដូ គាត់​មិន​ខុស​ស្អី​ទេ។ មើល​ទៅ​ខ្ញុំ​និយាយ​ពី​ហេតុផល​គាត់​ជា​អ្នក​សារព័ត៌មាន គាត់​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ហើយ​យើង​អត់​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ត្រូវ​បាន​គេ​ចាប់​ឃុំ ឬ​ក៏​បាញ់​សម្លាប់​ដូច​មេដឹកនាំ​សហជីព​ទៀត​ទេ​សម័យ​នេះ​ហើយ ហើយ​ទី​២ គ្រាន់​ជា​ប្រធាន​សមាគម វា​អត់​ខុស​ច្បាប់​ទេ»
ទោះ​ជា​យ៉ាង​ណា លោក ជា មុនី នៅ​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ​នៅ​ឡើយ​ទេ។
ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ត្រាយ ប៉ុស្តិ៍ (Try Pose) ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី លី ស៊ីន ឲ្យ​ដឹង​ក្រោយ​ពី​កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​លោក ជា មុនី ថា អ្នកស្រី​នឹង​ចាប់​ផ្ដើម​ប្រមូល​ស្នាម​មេដៃ​ពី​ក្រុម​កម្មករ​ក្នុង​រោងចក្រ នៅ​ខែ​សីហា ខាង​មុខ។
អ្នកស្រី​សង្ឃឹម​ថា នឹង​ប្រមូល​ស្នាម​មេដៃ​បាន​ច្រើន ដើម្បី​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «យើង ​ដឹង​តើ! នៅ​ក្នុង​ស្រុក​ខ្មែរ​របស់​យើង អ្នក​យក​សារព័ត៌មាន​ទាំង​អស់​មិន​ថា អ្នក​សារព័ត៌មាន មិន​ថា​អ្នក​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន មិន​ថា​អ្នក​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ទេ គឺ​សុទ្ធ​តែ​មាន​សិទ្ធិ​ឯករាជ្យ​មួយ​ដែល​រដ្ឋាភិបាល ត្រូវ​តែ​គាំទ្រ​មិន​មែន​រដ្ឋាភិបាល​ដាក់​គាត់​ដាក់​ទោស​ទេ»
កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ក៏​បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ជាង ២​ពាន់​ស្នាម​មេដៃ​ដើម្បី​ជួយ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ។ ទោះ​បី​មាន​ការ​ហាមប្រាម​ពី​អាជ្ញាធរ​ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។
ក្នុង​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ជួយ​លោក ម៉ម សូណង់ដូ ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជ័យ ឡាយ រស់​នៅ​ក្នុង​តំបន់​បឹងកក់ នៅ​គ្រា​ដែល​គាត់​បាន​ចុះ​ប្រមូល​ជាង ២០០​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។
លោក ជ័យ ឡាយ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ នៅ​បន្ទាប់​ពី​លោក​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ នៅ​ក្នុង​តំបន់​ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ៖ «ចាប់ ​ខ្ញុំ​ម៉ោង ៥ ទល់​គ្នា​ម៉ោង ៨​កន្លះ គេ​អោយ​មក​ផ្ទះ​វិញ។ អត់​ធ្វើ​បាន​អី​ខ្ញុំ​ដែរ​អត់​អី​ទេ​គេ​គ្រាន់​តែ​អោយ​ខ្ញុំ​ធ្វើ​កិច្ច​ សន្យា ជា​មួយ​គេ​ថា កុំ​អោយ​ជួយ​ផ្ដិតមេដៃ​តទៅ​ទៀត។ គេ​ថា លោក ម៉ម សូណង់ដូ ធ្វើ​អបគមន៍​ទេ»
តែ​សម្រាប់​អ្នកស្រី លី ស៊ីន កម្មការិនី​រោងចក្រ​បញ្ជាក់​ថា មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​នោះ​ឡើយ នឹង​នៅ​តែ​ប្រកាន់​ជំហរ​ប្រមូល​ស្នាម​មេដៃ​ជួយ​លោក ម៉ម សូណង់ដូ ដដែល ដរាបណា​លោក​មិន​ទាន់​ចេញ​ពី​ក្រៅ​មន្ទីរ​ឃុំឃាំង៖ «ការ​លះបង់​ជីវិត​របស់ ​ខ្ញុំ គឺ​ដើម្បី​ផល​ប្រយោជន៍​រួម មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង​ទេ ហើយ​ក៏​មិន​មែន​តែ​ផល​ប្រយោជន៍​តែ​ខ្លួន​ម្នាក់​ឯង និង​រង្វង់​ក្រុម​គ្រួសារ​ដែរ គឺ​ធ្វើ​ទាំង​អស់​ដើម្បី​ប្រជាជន​នៅ​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ផល​ប្រយោជន៍​រួម»
ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ និង​ជា​មន្ត្រី​ច្បាប់​មួយ​រូប​ផង​នោះ លោក សុក សំអឿន ឲ្យ​ដឹង​ថា នៅ​ក្នុង​ច្បាប់​មិន​មាន​ចែង​ថា ស្នាម​មេដៃ​ទាំង​នោះ​អាច​ជួយ​សម្រាល​ទោស​ទណ្ឌ ឬ​ជួយ​មនុស្ស​ជាប់​ចោទ​ឲ្យ​រួច​ខ្លួន​នោះ​ទេ។ លោក​ពន្យល់​ថា ស្នាម​មេដៃ​ដែល​ប្រជាពលរដ្ឋ​កំពុង​ដើរ​ប្រមូល​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​នៅ​តាម​រោងចក្រ មិន​មាន​ឥទ្ធិពល​អ្វី​ផ្នែក​ច្បាប់​សម្រាប់​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​រួច​ចេញ​ពី​ពន្ធនាគារ​នោះ​ឡើយ។ តែ​ស្នាម​មេដៃ​គាំទ្រ​ទាំង​នោះ គ្រាន់​ជា​សារ​មួយ​សម្រាប់​រដ្ឋាភិបាល ឬ​តុលាការ ពិចារណា ឬ​គិតគូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​កាត់​ក្តី​ប្រកប​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​តែប៉ុណ្ណោះ។
រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​ជា​លើក​ទី​៣​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០០៣ នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣។ ការ​ចាប់​ខ្លួន​លោក​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០០៥ ហើយ​រដ្ឋាភិបាល​បាន​ដោះ​លែង​លោក​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៦។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ​វា​ជា​រូបភាព​អាក្រក់ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​រដ្ឋាភិបាល ដែល​ព្យាយាម​បង្ក្រាប​អ្នក​ហ៊ាន​តស៊ូ​មតិ ជា​ទង្វើ​ផ្ទុយ​ពី​សង្គម​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​នីតិរដ្ឋ៕(RFA)

ការ​ចាប់ខ្លួន​លោក​ ម៉ម សូណង់ដូ​កម្លា​សង្គម​ស៊ីវិល

វ៉ាស៊ីនតោន៖ ការចាប់ខ្លួនលោក​ ម៉ម សូណង់ដូ​ពីបទចោទប្រកាន់ថា​ជាប់ទាក់​ទឹន​នឹង​ការធ្វើ​អបគមន៍​នៅ​ខេត្តក្រចេះ​ ឬការ​ប៉ះបោរ​ប្រឆាំង​រដ្ឋាភិបាល​រឿង​ដីធ្លី​នោះ​ បានធ្វើ​ឲ្យអង្គការ​សង្គមស៊ីវិល​ខ្លះ​រារែក​ក្នុងការ​បំពេញ​មុខនាទី​ជួយ​ ពលរដ្ឋ។​

ដោយ​ទំនង​ជាខ្លាច​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដូចលោក​ម៉ម សូណង់ដូ​ប្រធាន​វិទ្យុសំបុកឃ្មុំ​ និង​ជា​ប្រធាន​ចលនា​អ្នកប្រជា​ធិបតេយ្យ​រឿង​អបគមន៍​នៅខេត្ត​ក្រចេះ ​ឬការប៉ះបោរ​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​រឿងដីធ្លី​នោះ​ ក្រុម​មន្ត្រីសង្គម​ស៊ីវិល​និង​អ្នកវិភាគ​និយាយ​ថា​ សកម្មភាព​ជួយ​ពលរដ្ឋ​របស់ក្រុមអង្គការ​សិទ្ធិ​មនុស្ស​ខ្លះ​ទទួល​ការ​គំរាម​ កំហែង​និង​ការ​ប្រយ័ត្ន​ប្រយែង​ ជាង​មុន​ដោយសារ​ខ្លាចមាន​ការ​ចាប់ខ្លួន​ឬចោទ​ប្រកាន់​ទោស។ ​

លោក​ម៉ម សូណង់ដូ​ត្រូវចាប់ខ្លួន​កាលពី​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំ​២០១២​ដោយ​សារតែការ ​ឆ្លើយ​ដាក់​របស់ជន​សង្ស័យ​ដែលត្រូវ​តុលាការ​ចាប់ខ្លួន​មក​សាកសួរ​ពីបទ​ការ​ នាំពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ប៉ុនប៉ង​កាន់កាប់ដី​នៅ​ស្រុកឆ្លូង​ ខេត្តក្រចេះ ​កាលពីខែ​មេសា​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជាការ​ប៉ុនប៉ង​បង្កើត​អបគមន៍​លើដី ​សម្បទាន​វិនិយោគ​ ដែល​អាជ្ញា​បាន​បាញ់​សម្លាប់​កុមារី​អ្នក​តវ៉ាម្នាក់​ស្លាប់ក្នុង​ ពេល​បាតុកម្ម​តវ៉ាដីធ្លី​នោះ។​

លោកម៉ម សូណង់ដូ​ត្រូវគេ​ដឹងថា​ បាន​ផ្សព្វផ្សាយ ​និង​ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នានា​ទាក់ទង​នឹង​បញ្ហា​កើតឡើង​ក្នុង​ ប្រទេស​កម្ពុជា​ជាមួយ​ចលនា​ខ្មែរ​មួយក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​សរអា​ហៅថា​ ចលនា​អំណាច​ប្រជា​ពលរដ្ឋ​របស់​លោក​សួន សេរីរដ្ឋា។ ​ចលនា​នេះ​បាន​ប្រកាស​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ​តាមវិធី​បះបោរ​របស់​ប្រជាពល​រដ្ឋ ​និង​ការប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ តាម​រយៈតុលាការ​ឧក្រិដ្ឋកម្ម អន្តរជាតិ​(ICC)​ដែល​គេគិត​ថា ​អាច​ជា​ចំណែក​មួយ​នាំឲ្យ​មាន​ការ​ចាប់ខ្លួន​លោក​ម៉ម សូណង់​ដូដែរ។ ​

លោក​ អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​ការ​ចាប់ខ្លួន​​ នេះ​ធ្វើឲ្យ​ក្រុម​សង្គម​ស៊ីវិល​មិនអាច​ធ្វើការ​បាន​ដោយ​អស់​ពីចិត្ត​ព្រោះ​ ពួកគេ​មាន​ការ​ប្រយ័ត្នប្រយែង​ច្រើនជាង​ពេលមុន។​ លោក​អ៊ូ វីរៈ​ចាត់ទុក​ថា​ រឿងនេះ​ជាការ​ផ្ញើសារ​ទូទាំង​ប្រទេស។​

«ហើយ​ការ​គាត់​បរាជ័យ​ ហើយ​គាត់ប្រុង​ប្រយ័ត្ន​ ភ័យ​ខ្លាច​នេះ​វានឹង​ប៉ះពាល់​ដំណើរការ​ប្រជា​ធិបតេយ្យ​និង​ដំណើរការ​គោរព​ សិទ្ធិ​មនុស្ស​នៅក្នុង​តំបន់​ នៅក្នុង​ខេត្តក្រចេះ​ផង។​ តែតាម​ខ្ញុំមើល​ ​នៅ​ទូទាំង​ប្រទេស​តែម្តង​ដោយសារ​ការចាប់​ខ្លួន។ រឿង​ខេត្តក្រចេះ​នេះ​ជាការ​ផ្ញើរសារ​មួយ​ដល់​សកម្មជន​ដទៃ​នៅតាម​ខេត្ត​ ផ្សេងៗ​ផងដែរ។​ ហើយ​ជារឿង​មួយ​ ដែល​យើង​ព្រួយ​បារម្ភ​នៅ​ពេល​បច្ចុប្បន្ន​នេះ»។​

លោក​អះអាង​ថា​ ​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​នោះ​ហើយ​ដែល​នាំ​ឲ្យកើត​រឿង​ចាប់​ ខ្លួន​និង​គាបសង្កត់​ក្រុម​សង្គមស៊ីវិល​ដើម្បី​ទប់ស្កាត់​អស្ថិរភាព​ ក្នុងសង្គម។​

«បើសិន​ជាអត់​មាន​ដំណោះស្រាយ​ រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​គាប​សង្កត់​ដោយ​ធ្វើការ​ចាប់ខ្លួន​សកម្មជន​ច្រើន​ គ្នា។​ ខ្ញុំជឿថា​ នឹង​មានការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣ ​ជា​ពិសេស​នៅមុន​ការ​បោះឆ្នោត​២០១៣។​ ខ្ញុំមើលទៅ​នឹង​មាន​ការចាប់​ខ្លួន​ច្រើន​ជាង​មុន»។​

ចំណែក​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ បាន​ថ្លែងថា​ សង្គម​ស៊ីវិល​ ជាពិសេស​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ មិនបាន​ចេញ​ការពារ​លោក​ម៉ម សូណង់ដូ​ ដូចការទាម​ទារ​ឲ្យដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​ដីធ្លី​ភូមិ​បឹង​កក់​ទេ។ ​


«ខ្ញុំថា​ ដូចជា​មានការ​រអែង។​ ដូច្នេះ​ទប់ខ្លួន ​ហើយ​ដូច​មិន​ទាន់​អាច​ហ៊ាន​ធ្វើអី​ ក្ឌុងក្តាំង។​ ហើយ​បើចេញ​ការពារ​រឿង​ម៉ម​ សូណង់ដូ​ ដូចជា​មិនទាន់​ឃើញ​អី​ឲ្យ​មាន​សកម្ម​ភាព​ពុះពោរ​ ដូចក្នុង​ករណី​អ្នកបឹងកក់១៣​រូប​ទេ»។​
លោក​ថ្លែងថា ​សកម្មភាព​ខ្លាចរអារ​នេះ​គឺព្រោះ​ថា ​ករណី​លោក ម៉ម សូណង់ដូ​មិនដឹង​ជា​ពាក់ព័ន្ធ​នឹង​ក្រុមណា​មួយ​ច្បាស់លាស់។​ ហើយ​រឿងនេះ​អាច​ធ្វើឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ​និង​នីតិរដ្ឋ​នៅ​កម្ពុជាលែង​មាន​ន័យ​ ហើយ​មានតែ​ឈ្មោះ។​
ក្រៅពី​ព្រមាន​ចាត់វិធាន​ការក្តៅ​ចំពោះ​ការប៉ុនប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​ របស់​លោក ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​មេក្លោង​ចាប់ដី​អបគមន៍​ចុះចូល​ មក​ធ្វើជា​សាក្សី​បំភ្លឺអ្នក​នៅ​ពីក្រោយ​នៃ​អបគមន៍​នោះ​ដើម្បីជា​ថ្នូរនឹង​ ការ​លើកលែង​ទោស។​

ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​អាជ្ញាធរប៉ូលិស​បាន​អះអាង​ថា ​ក្រុមអង្គការ​សង្គម​ស៊ីវិល​អាចជា​គោលដៅ​នៃការ​ស៊ើបអង្កេត​ផងដែរ​ទាក់ទង​នឹង ​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ​នេះ​ជាពិសេសការ​គាំពារ​ដល់​ប៊ុន ​រដ្ឋា​ដែល​គេចាត់​ទុកថា​ជា​អ្នក​ដឹកនាំ​ប្រជា​ពលរដ្ឋ​តវ៉ារឿង​ដីធ្លី​នៅ​ ខេត្តក្រចេះ​ កាលពីខែមេសា​ជា​បន្តបន្ទាប់​នោះ។​

ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពីកន្លែង​អាថ៌កំបាំង​មួយ​កាលពី​ថ្ងៃសុក្រ​ ម្សិល មិញ​ លោក​ប៊ុន រដ្ឋា​តំណាង​ប្រជា​ពលរដ្ឋ​ បាន​អះអាង​ថា ​បញ្ហា​ប្រមូល​ផ្តុំប្រជា​ពលរដ្ឋ​តវ៉ា​ដីធ្លី​នៅ​ខេត្តក្រចេះ​នោះ​មិនមែន​ជា ​អបគមន៍​ទេ។ ​លោក​ថ្លែងថា​ លោកពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​អង្គការឬ​​ស្ថាប័នណា​ជា​ខ្នង​បង្អែក​ឬ​ជា​ជម្រក ​អីទាំង​អស់។​

«អត់ទេ​ តាំងពីដើមមក​ខ្ញុំធ្វើកិច្ចការ​ដោយឆន្ទៈ​ ដោយឧត្តមគតិ​របស់ខ្ញុំ។​ ខ្ញុំអត់​មាន​​ការពាក់ព័ន្ធ​ជាមួយ​អង្គការ​ឬស្ថាប័នណា​ដើម្បីជា​ខ្នង​បង្អែក ​ឬ​ដើម្បីជា​ជម្រកអី​ទាំងអស់។​ ប៉ុន្តែខ្ញុំ​ចូល​ចិត្ត​សហការ​ បើសិនជា​គេមាន​គោល​ការណ៍​ច្បាប់ល្អ​ ឆន្ទៈយុត្តិធម៌ ​សច្ចៈធម៌​ពិតប្រាកដ្ឋ។​ ខ្ញុំនឹងដាក់​ទំនាក់ទំនង។​ តាំងពីដើម​មក ខ្ញុំ​ចូល​ចិត្ត​អញ្ចឹង ​ដូចជា​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​នៅ​ក្នុងស្រុក​ខ្មែរ ​គឺខ្ញុំអត់​នៅក្រោម​ឱវាទ​របស់​ពួក​គាត់​ទេ។ ​តែ​ខ្ញុំដឹក​នាំ​រាស្ត្រ​តវ៉ា​ដីធ្លី​គឺខ្ញុំដាក់​សំណើ​ហ្នឹង​ជូន​ពួកគាត់​ ឲ្យ​ពួកគាត់​ជួយ​ពិនិត្យ​ហើយ​នឹង​គាំពារ​ឃ្លាំមើល​ផ្សេងៗ។​ ហើយ​ដូច​គ្នាដែរ ​ពេលដែល​ខ្ញុំ​ភៀស​ខ្លួន​មកក្រៅ​ប្រទេស​ក៏​ខ្ញុំអត់មាន​នៅ​ក្រោម​អ្នកណា​ ដែរ។ ​ប៉ុន្តែ​ខ្ញុំមើល​ឃើញ​​និន្នាការ ​ស្ថាប័នណាល្អ​ ហើយ​គេចង់​មក​ទំនាក់ទំនង​ខ្ញុំ​ក្នុងនាម​មួយ​ដើម្បី​យុត្តិធម៌​ ដើម្បីសច្ចៈ​ធម៌ ​ខ្ញុំអាច​បើក​ភ្លើង​ខៀវ​ឲ្យគេ»។​

ប្រធាន​ក្រុមស៊ើប​អង្កេត​នៃ​អង្គការសិទ្ធិ​មនុស្ស​ពីរ​គឺលោក​ ចាន់ សាវ៉េត​នៃ​អង្គការ​អាដហុក​និង​លោកអំ សំអាត​នៃ​អង្គការលីកាដូ​ បាន​អះអាង​ថា​មក​ទល់ពេល​នេះ​ពុំឃើញ​អាជ្ញាធរ​ឬតុលាការ​កោះហៅ​អង្គការ​លោក​ទៅ ​សាកសួរ​នាំ​ទេ។ ​

លោក​ចាន់ សាវ៉េត​បញ្ជាក់ថា​ ការចាប់ខ្លួន​លោកម៉ម សូណង់ដូ​ធ្វើឲ្យ​លោក​មានការ​ប្រយ័ត្នប្រយែង​ក្នុង​កិច្ចការ​របស់លោក។​

«ចាប់តាំង​ពីមាន​ការ​ផ្ទុះរឿង​ហ្នឹងមក​ ពួក​យើង​មាន​ការ​រារែក​ក្នុង​ចិត្តមែន​ដោយ​សារថា​ ប្រភព​ព័ត៌មាន​មួយ​ចំនួន​ ក្រុម​សិទ្ធិមនុស្ស​យើង​អត់បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ទេ»។ ​
លោក​ថ្លែងថា ​អង្គការ​របស់​លោក​ធ្លាប់ជួយ​ផ្នែក​សេវា​កម្មផ្លូវ​ច្បាប់​ មេធាវី និង​គំនិត​ផ្លូវ​ច្បាប់​ផ្សេងៗ​ដល់ជន​រងគ្រោះ​ដែល​តវ៉ារឿង​ដីធ្លីនេះ​ដែរ។ ​

លោក ​អំ សំអាត​បានអះអាង​ថា​ មន្ត្រីសង្គម​ស៊ីវិល​គ្រាន់តែ​បំពេញ​ភារ​កិច្ចតាម​លក្ខន្តិកៈ​របស់ខ្លួន​ ស្របតាម​ច្បាប់​ក្នុង​ការ​ជួយគាំទ្រ​ជន​រងគ្រោះ​ដែល​ត្រូវគេ​រំលោភ​សិទ្ធិ។​ រដ្ឋាភិបាល​គួរចូលរួម​សហការ ​ផ្តល់សេរីភាព​ពេញ​លេញ​ ជាជាង​​ការធ្វើ​ទុក្ខបុក​ម្នេញ​ ចោទ​ប្រកាន់​ លាប​ពណ៌អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ ជា​គណបក្សជំទាស់​និង​ចាប់ខ្លួន​​ដាក់ពន្ធនាគារ​ដូច​ករណី​មុនៗ។

«រឿងនេះ​ជាការ​គំរាមកំហែង​និង​ជាការ​បន្ទុច​បង្អាក់​នូវ​សេរីភាព​ក្នុង​ ការចូលរួម​ក្នុងវិស័យ​ការពារ​និង​លើកស្ទួយ​ការពារ​សិទ្ធិមនុស្ស​នៅ​ កម្ពុជា»។​

ទោះ​ជាយ៉ាងណា​ក៏ដោយ​លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​របស់រដ្ឋាភិបាល​មួយ​រូប ​បានរិះគន់​សកម្មភាព​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​កន្លងមក​ដោយ​អះអាង​ ថា​ ការចាប់​ខ្លួន​នីមួយៗ​គឺ​ធ្វើតាម​នីតិវិធី​ ហើយ​ក៏មិនមែន​ចាប់ខ្លួន​ចំពោះ​តែមន្ត្រី​ អង្គការក្រៅ​រដ្ឋាភិបាល​ទេ។​ មន្ត្រីក្នុង​រដ្ឋាភិបាល​ក៏ត្រូវ​ចាប់ខ្លួន​ដូច​គ្នា​ ប្រសិន​បើប្រព្រឹត្ត​ខុសច្បាប់។​

«ក៏ប៉ុន្តែ​អង្គការ​ក្រៅរដ្ឋាភិបាល​ខ្លះ​ហ្នឹង​មិន​មែន​គ្រាន់តែ​ជា​ អ្នកផ្តួចផ្តើម​គំនិត​ ផ្តួចផ្តើម​អនុវត្ត​ទេ​ ក៏ជា​អ្នកដើរតួ​យ៉ាង​សំខាន់​ក្នុង​ការប្រឆាំង​ជាមួយ​រាជរដ្ឋា​ភិបាល។ ​រឿងហ្នឹង​ជា​កំហុស​ហើយ ​ដោយសារ​អ្នក​មាន​អាណត្តិ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​គឺគណបក្ស​ មិន​មែន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។​ ដូច្នេះ​យើង​ត្រូវ​បែងចែក​ដាច់ដោយ​ឡែក​ពីគ្នា»។​

ក្រុម​អ្នកវិភាគ​បានអះអាង​ថា​ កម្ពុជា​គួរ​ពិចារណា​អំពីផល​ប៉ះពាល់​ទៅ​ថ្ងៃអនាគត​ និង​គោលជំហរ​របស់ខ្លួន​ឡើងវិញ​ ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ ការ​រិតត្បិត​សេរីភាព​របស់អង្គការ ​សមាគម​ក្រោម​រូបភាព​ថ្មីគឺ​អបគមន៍​នេះ។​ អ្នក​វិភាគ​ដដែល​បាន​បន្ថែម​ថា​ ការចាប់ខ្លួន​និង​ការ​រិតត្បិត​នេះ​អាច​នាំឲ្យ​ខូចឈ្មោះ​កម្ពុជា​ កាន់តែខ្លាំង​ នៅ​ពេល​កម្ពុជា​ជា​ប្រធាន​​អាស៊ាន ​ហើយ​ទទួល​រៀបចំ​ទទួល​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​មក​កាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​​ ខាងមុខ៕

សេដាក ៖ ការ​អភិរក្ស​កង្កែប​ក្នុង​វាលស្រែ​នាំ​ឲ្យ​កសិករ​ទទួល​បាន​ផល​ស្រូវ​ច្រើន

សត្វ​កង្កែប មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​ដំណាំ​ស្រូវ​ទទួលរង​ ការបំផ្លាញ​ពី​សត្វល្អិត ជាពិសេស​នៅ ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើស្រែ​គឺ​ដំណាក់កាល​សំណាប និង​ពេល​ស្រូវ​ទើប​បែក​គុម្ព​ដំបូង​។ តែ​កន្លងមក​កសិករ​យើង​ភាគ ច្រើន​មិនសូវ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​សត្វ​កង្កែប ដើម្បី​ឲ្យ​វា​ជួយ​ការពារ​ដំណាំ​ស្រូវ​ទេ​។ នៅ​ពេល​ដើមរដូវ គេ​គិតតែ នាំគ្នា​ចាប់​កង្កែប​ធ្វើជា​ចំណីអាហារ​និង​លក់​ទៅវិញ​។ ការ​ធ្វើ​របៀប​នេះ​ប្រៀប​ដូច​ជា​ការទប់ស្កាត់​មិន​ឲ្យ​កង្កែប មានឱកាស បង្ក​កំណើត​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ការពារ​ដំណាំ​ស្រូវ​និង​ផ្តល់​ផល​ច្រើន​នៅ​ពេល​ក្រោយ​។ លើស​ពី​នេះ​ទៀត កសិករ​យើង ក៏បាន​ធ្វើការ​ប្រើប្រាស់​សារធាតុ​គីមី​ដូចជា ជីគីមី​និង​ថ្នាំពុល​គីមី ដែល​នាំ​ឲ្យ​កង្កែប​ពុល​ងាប់​ជាពិសេស​ដោយសារ​ស្បែក​កង្កែប ងាយ​ទទួលរង​ការបំផ្លាញ​ពីសារ​ធាតុគីមី​ណាស់​។​
ដើម្បី ​ឲ្យ​កសិករ​ទទួល​ផល​ស្រូវ​ច្រើន​និង​មិន​ចាំបាច់​ចំណាយ​ច្រើន​លើ​សារធាតុ​ គីមី​និង​បាន​ផល​កង្កែប​ច្រើន សេ​ដាក សូម​អំពាវនាវ​ឲ្យ​កសិករ​ងាក​មក​គិតគូ​អភិរក្ស និង​ចិញ្ចឹម​កង្កែប​តាម​វាលស្រែ​ឲ្យ​បាន​គ្រប់គ្នា ដោយ​អនុវត្ត​តាម​គំនិត​សំខាន់ៗ ដូចខាងក្រោម​៖
​​១. សូម​នាំគ្នា​ឈប់​ចាប់​កង្កែប​នៅពេល​ដើមរដូវ​។ បើ​យើង​ចង់​ចាប់​អាច​ចាប់បាន​ពី​ពាក់កណ្តាល​រដូវ​ទៅ ជាពិសេស នៅពេល​ស្រូវ​បែក​គុម្ព​បាន​ច្រើន​។ (កង្កែប​វា​អាចជួយ​ការពារ​ដំណាំ​ស្រូវ​ពី​ការបំផ្លាញ​បាន​។ កង្កែប​មួយ​វា​អាច​ស៊ី​សត្វល្អិត បាន​ក្នុង​បរិមាណ​ស្មើនឹង​ទម្ងន់​ខ្លួន​របស់​វា​)​។​
​២. កុំ​ប្រើ​ជីគីមី​និង​ថ្នាំពុល​លើ​ស្រូវ​និង​ស្រែ​ឲ្យ​សោះ​។​
​៣. ប្រើ​ជីធម្មជាតិ​ឲ្យ​បាន​ច្រើន​លើដី​ស្រែ​ជាពិសេស​ប្រើ​កំទេច​ចំបើង អង្កាម និង​ស្លឹកឈើ ដើម្បី​គ្រប​ដី​ចន្លោះ​គុម្ព​ស្រូវ ព្រោះ​វា​ផ្តល់​ជា​ជំរក​និង​ចំណី​បន្ថែម​ដល់​កង្កែប​។​

​៤. រៀបចំ​ឲ្យ​មានកូន​ចង្អូរ ថ្លុក ឬ​ប្រឡាយ ស្រះ​ក្នុង​ស្រែ ដើម្បី​ផ្តល់​ជា​ជំរក​ដល់​កង្កែប​។​

៥. ផ្តល់​ចំណី​បន្ថែម​ដល់​កង្កែប​ដូចជា​កន្ទក់ ចុងអង្ករ និង​កាកសំណល់​ផ្ទះបាយ​។​ល​។​

​៦. សហការ​ជាមួយ​អ្នកជិតខាង​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចូលមក​ចាប់​កង្កែប​ក្នុង​វាលស្រែ​។​
​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក​មានប្រសាសន៍ថា “​ការអនុវត្តន៍​នូវ​គំនិត​ខាងលើ​បាន​ជោគជ័យ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កសិករ​ទទួលបាន​ផល​ស្រូវ​ច្រើន​ទេ គេ​អាច​ប្រមូល​ផល​កង្កែប​សំរាប់​បរិភោគ​និង​លក់បាន​ថែមទៀត​ផង នៅ​ចុងរដូវ ឬ​ក្រោយពេល​ច្រូតកាត់​” ។
​លោក​បណ្ឌិត​បន្តថា ដើម្បី​ទទួលបាន​ផល​កង្កែប​ពី​ស្រែ​គេ​ត្រូវយក​សំណាញ់​ព័ទ្ធ លើដី​ស្រែ​នៅពេល​ចុងរដូវ ដើម្បី​ការពារ​កុំ​ឲ្យ​កង្កែប​រត់ចេញ​ពី​ស្រែ​បាត់​ក្រោយពេល​ច្រូតកាត់​។
​កសិករ​គួរ​ចាប់ផ្តើម​សាកល្បង​ អនុវត្តតាម​គំនិត​ខាងលើ​នៅលើ​ផ្ទៃដី​ដែល​អាច​ធ្វើបាន (​ឧទាហរណ៍ ៥ ទៅ ១០ អារ​) ដើម្បី​ទទួលបាន​នូវ​លទ្ធផល​និង​បទពិសោធន៍​ជាក់លាក់​។​
​សេ​ដាក សូម​ធ្វើការ​អំពាវនាវ​ឲ្យ​កសិករ​និង​អ្នកពាក់ព័ន្ធ​គ្រប់រូប ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិរក្ស​សត្វ​កង្កែប​ក្នុង​វាល ស្រែ​ដើម្បី​ផលប្រយោជន៍​វែងឆ្ងាយ​របស់​យើងទាំងអស់គ្នា៕
(អត្ថបទ​អង្គការ​សេដាក)

នក​ភូមិ​ជិត​៤០០​គ្រួសារ ​រក​អន្តរាគមន៍ ចំពោះ​ការ​ដក​ដី​គ្មាន​សំណង

អ្នក​ភូមិ​ជិត ៤០០ គ្រួសារ ស្វែង​រក​អន្តរាគមន៍ ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ក្នុង​ការ​ដក​ហូត​ពី​ ប្រជាពលរដ្ឋ​ដោយ​គ្មាន​សំណង ដើម្បី​ពង្រីក​ព្រះលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។
អ្នក​ភូមិ​ទាំង​នោះ មក​ពី​ភូមិ​ចំនួន ៣ គឺ ភូមិ​ថ្មគោល ភូមិ​ចំបក់ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ដោយ​ប្រមូល​គ្នា​ផ្ដិត​មេដៃ ដាក់​ជូន​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​នេះ។
អ្នក​ភូមិ​ឲ្យ​ដឹង​ថា ការ​ទិញ​ដូរ​ដី​របស់​គាត់ មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អាជ្ញាធរ។  ហេតុ​នេះ​ពួក​គាត់​គួរ​បាន​សំណង​ត្រឡប់​វិញ ជា​ថ្នូរ​ទៅ​នឹង​ការ​ដក​ហូត​ដី​របស់​ពួក​គាត់។
ក្រោយ​ពី​សាលា​រាជ​ធានី​ភ្នំពេញ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០០ គ្រួសារ រុះរើ​ផ្ទះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ២ សីហា ដើម្បី​រដ្ឋ​យក​ដី​ពង្រីក​លាន​យន្តហោះ​មក ប្រជាពលរដ្ឋ​បាន​ប្រមូល​គ្នា​ផ្ដិត​មេ​ដៃ ដើម្បី​ធ្វើ​សំណើ ដាក់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អង្គការ​សិទ្ធិមនុស្ស​នានា សុំ​ឲ្យ​ជួយ​ដោះស្រាយ និង​ផ្ដល់​ជា​សំណង​ឲ្យ​បាន​ត្រឹម​ត្រូវ ចំពោះ​ការ​ដក​ហូត​ដី​របស់​ពួក​គាត់។
ពលរដ្ឋ​ម្នាក់​ឈ្មោះ ភួង សុភាព ជា​ពលរដ្ឋ​ទើប​ត្រូវ​គេ​បណ្ដេញ​ចេញ​មក​ពី​តំបន់​បុរី​កីឡា ដែល​បាន​ទៅ​ទិញ​ដី នៅ​ភូមិ​ថ្មគោល អះអាង​ថា អ្នកស្រី​ទើប​មក​ទិញ​ដី​នៅ​ទី​នេះ ជិត​បាន​មួយ​ឆ្នាំ និង​ទើប​ខ្ចី​លុយ​ធនាគារ​យក​មក​សាងសង់​ផ្ទះ។ អ្នកស្រី​នៅ​សង​ធនាគារ​មិន​ទាន់​រួច​ផង ឥឡូវ​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ ដោយ​ឥត​ផ្ដល់​សំណង។
អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា កាល​គាត់​មក​ទិញ​ដី​នេះ គឺ​ទិញ​ពី​ក្រុមហ៊ុន​ស្រប​ច្បាប់​មួយ ឈ្មោះ គឹម សុខ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​បោះ​ត្រា​ទទួល​ស្គាល់​ការ​ទិញដូរ​នោះ​ថែម​ទៀត​ ផង។ អ្នកស្រី ភួង សុភាព ថ្លែង​បន្ត​ថា បើ​សិន​ជា​ដី​នេះ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ ហេតុ​អ្វី​អាជ្ញាធរ​មិន​ហាម​ឃាត់​ពលរដ្ឋ​ពី​ដំបូង លុះ​ឥឡូវ ទើប​អាជ្ញាធរ​មក​ចោទ​ពលរដ្ឋ​ថា មក​រស់​នៅ​ដោយ​អនាធិបតេយ្យ​ទៅ​វិញ។
ពលរដ្ឋ​ម្នាក់​ទៀត ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ រិះគន់​ថា អាជ្ញាធរ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​របស់​ខ្លួន ដែល​បាន​អនុវត្ត​រួច​ហើយ។ បន្ថែម​លើ​នេះ​ទៀត នៅ​ពេល​ពលរដ្ឋ​ជួប​បញ្ហា គេច​វេះ​មិន​ហ៊ាន​ជួប​មុខ​ពលរដ្ឋ និង​ព្យាយាម​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ ចៅ​សង្កាត់​ចោម​ចៅ លោក សុទ្ធ សាធ មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​នេះ មិន​មែន​ជា​តួនាទី​របស់​លោក​ក្នុង​ការ​ចាត់ចែង​ឡើយ គឺ​ជា​សមត្ថកិច្ច​របស់​សាលា​ខណ្ឌ។
ប្រតិកម្ម​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ដឹង​បន្ថែម​ថា ពួក​គាត់​កំពុង​ប្រមូល​គ្នា​ផ្ដិត​មេ​ដៃ ដាក់​ទៅ​អង្គការ និង​ស្ថាប័ន​រដ្ឋាភិបាល​សុំ​ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា ដោះ​ស្រាយ និង​ផ្ដល់​សំណង​ឲ្យ​សមរម្យ។
ពលរដ្ឋ​ថ្លែង​បន្ត​ថា ពួក​គាត់​មិន​មាន​ចេតនា​ធ្វើ​កូដកម្ម​ណា​មួយ​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋ ​នោះ​ឡើយ។ សកម្មភាព ដែល​ពួក​គាត់​កំពុង​ធ្វើ គឺ​ដើម្បី​សុំ​ឲ្យ​មាន​សំណង​សមរម្យ កុំ​ឲ្យ​ពួក​គាត់​ខាត​បង់​ច្រើន​ពេក។ ពលរដ្ឋ​បន្ថែម​ថា បើ​សិន​ជា​សកម្មភាព​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្វើ​ហើយ មិន​បាន​ទទួល​ជោគជ័យ គាត់​នឹង​ប្រមូល​គ្នា​ដង្ហែ​ជា​ក្បួន ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។
ភ្ជាប់​ទៅ​នឹង​ករណី​នេះ​ដែរ អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​រក​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ ជា​ជាង​បញ្ជា​កង​កម្លាំង​សមត្ថកិច្ច ទៅ​បណ្ដេញ​ពលរដ្ឋ​ដោយ​បំពាន។
លោក​បន្ថែម​ថា ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​នៅ​ពេល​កន្លង​មក ត្រូវ​ក្រុម​សង្គម​ស៊ីវិល​ជាតិ អង្គការ​អន្តរជាតិ និង​មជ្ឈដ្ឋាន​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង។ ដូច្នេះ​រដ្ឋាភិបាល គួរ​ដូរ​វិធីសាស្ត្រ​ដោះ​ស្រាយ​ជម្លោះ រវាង​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​នោះ​ចោល។
ម្យ៉ាង​ទៀត លោក​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ទាំង​នោះ មុន​នឹង​ពួក​គាត់​ទិញ​ដី​តំបន់​នោះ ពួក​គាត់​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ទទួល​ស្គាល់​ពី​សំណាក់​អាជ្ញាធរ​ មូលដ្ឋាន។ ហេតុនេះ​ការ​បណ្ដេញ​ពលរដ្ឋ ឬ​ដក​ហូត​កម្ម​សិទ្ធិ​ពលរដ្ឋ រដ្ឋាភិបាល​គួរ​ណាស់​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ។
សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី ២៥ កក្កដា ឆ្នាំ ២០១២ ដែល​ចុះ​ហត្ថលេខា ដោយ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ទាំង ៣ ភូមិ គឺ​ភូមិ​ថ្ម​គោល ភូមិ​ចំបក់ និង​ភូមិ​ជី​សាក់ ដែល​នៅ​ជាប់​របង​ព្រះលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឲ្យ​រុះរើ​ផ្ទះ​ទាំង​អស់​នោះ​ចេញ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២ សីហា​ជា​កំហិត។
សេចក្ដី​ជូន​ដំណឹង​បន្ត​ថា ក្នុង​ករណី​ពលរដ្ឋ​រឹង​ទទឹង មិន​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ អាជ្ញាធរ​នឹង​ប្រើ​កម្លាំង​ចុះ​រុះរើ​ដោយ​ផ្ទាល់។ ចំណែក​ការ​បាត់បង់​ទ្រព្យ​របស់​ម្ចាស់​នីមួយៗ ដែល​រឹង​ទទឹង​មិន​ព្រម​រុះរើ​នោះ អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ឡើយ៕(RFA)

កូនស្រី​អតីត​នាយករដ្ឋមន្ត្រីថៃ​នឹង​រៀបការ​ជាមួយ​កូនប្រុស​ឧកញ៉ា​សៀង​ណាំ​

ភ្នំពេញ: កូនស្រី​លោក​ស៊ុមឆាយ វង្ស​សាវ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ក្មួយ​របស់លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវបាន​គេ​រំពឹងថា នឹងរៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​ក្រោយនេះ​ជាមួយ​មន្ត្រី​កម្ពុជា​ម្នាក់​ដែលជា ​កូនប្រុស​លោក​ឧកញ៉ា​សៀង ណាំ អ្នកតំណាងរាស្ត្រ​ខេត្តសៀមរាប និង​ជាម​នុស្ស​ស្និទ្ធ​ម្នាក់របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។ អ្នក​ទាំង​ពីរបាន​ស្រឡាញ់គ្នា​អស់​មួយរយៈពេល​យូរ​គួរសម​មកហើយ នេះ​បើយោងតាម​ការចេញផ្សាយ​របស់​កាសែត ដេ​លី​ញូ របស់​ថៃ កាល​ថ្ងៃទី​២៨​ខែ កក្កដា​ឆ្នាំ​២០១២ និង​តាម​ការបញ្ជាក់របស់​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​លោកសៀង ណាំ ។​

​    ​កូនប្រុស​លោក​ឧកញ៉ា​សៀង​ ណាំ និង​លោកស្រី​អ៊ុន វុនលី មានឈ្មោះ​ណាំ លី​ណាល់ អាយុ​៣២​ឆ្នាំ គឺជាកូន​ទី​២​ក្នុងចំណោម​កូន​បីនាក់​។ លោកជា​មន្ត្រី​បម្រើការ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្រឡាញ់​កញ្ញា ឆាក់ យ៉ា​ផា វង្ស​សាវ៉ាត ហៅ​ឈើ​រី អាយុ​២៩ ឆ្នាំ ជា​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​មួយរូបដែល​និយម​ថត​ចម្រៀង​ជាង​ការសម្តែងលើ​ឆាក ហើយ​ក៏បាន​បម្រើការ​នៅស្ថាប័ន​អយ្យការ​របស់​ថៃ​ផងដែរ ។ ប្រភព​កាសែត​ថៃ​អះអាងថា លោក ស៊ុមឆាយ​វង្ស​សាវ៉ាត​ បានទទួល​ក្នុងរឿងនេះ​។​

​    ​បើតាម​កាសែត​ថៃ អ្នក​ទាំងពីរបាន​ជួបគ្នា​នៅ​ទីក្រុង​បាងកក ហើយ​បានស្រឡាញ់​និង​ទាក់ទង​គ្នា​ជា​ញឹកញាប់ ដែល​រហូត​ចុង​ក្រោយនេះត្រូវបាន​គេជឿថា​នឹង​ឈានចូល​ខ្លោងទ្វារ​អា​ពា​ហ៍​ ពិពាហ៍​នៅ​ឆ្នាំ​២០១៣​ខាងមុខ​។

​    ​ចំណែក​ប្រភព​ស្និទ្ធ​នឹង​គ្រួសារលោក​សៀង ណាំ និយាយថា លោកណាំ លី​ណា​ល់ បាន​សិក្សា​នៅ​អូស្ត្រាលី ជប៉ុន រួមទាំង​ថៃ​ផងដែរ ហើយ​ដែលទំនងជា​ពេល​រៀន​នៅ​ថៃ​នោះឯង​ដែលលោក​បាន​ស្គាល់​កញ្ញា ឆាក់​យ៉ា​ផា វង្ស សាវ៉ាត ដែល​នៅ​ថៃ​គេ​និយម​ហៅឈ្មោះ​ក្រៅ​ថា​ឈើ​រី​។​

​    ​កាសែត​ដេលី​ញូ​របស់​ថៃ និយាយថា អ្នកចម្រៀង​ល្បីឈ្មោះ​ឈើ​រី ត្រូវបាន​គេ​ដឹងថា​មិនបាន​ចាប់អារម្មណ៍រឿង​នយោបាយ​ក្នុងប្រទេស​ដូច​ឪពុក ម្តាយ​របស់ខ្លួន​ទេ ។ ដោយ​មើលឃើញចំណុច​កូនស្រី​ពៅ​របស់ខ្លួន​មានការចាប់អារម្មណ៍​លើ​ផ្នែក​សិល្បៈ​ នោះ លោក​ស៊ុមឆាយ វង្ស​សាវ៉ា​ត់​ ក៏បាន​ជួយជ្រោមជ្រែង​កូនស្រី​រហូត​ក្លាយជា​អ្នក ចម្រៀង​ល្បីឈ្មោះ ។ រហូតមកដល់ពេលនេះ​នាង​ឈើ​រី​បាន​ល្បីឈ្មោះ​តាម រយៈ​បទ​ចម្រៀង​ក្នុង​ស្រទាប់​យុវជន​ថៃជាច្រើន​បទ ក្នុងនោះ​រួមមាន​ដូចជា បទ​”​ស្រឡាញ់​មនុស្ស​ប្លែក​មុខ​”​ជាដើម​។​

​    ​ក្រៅពីនេះ អ្នកចម្រៀង​ល្បីឈ្មោះ​កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ កាលពី​ឆ្នាំ​២០០២​ បាន​បង្កើត​វង់តន្ត្រី​មួយ​មាន​ឈ្មោះថា ​”​ហ្វា​យ​អ៊ី​ន​ធេ​ន ធើ​មែន​” ហើយ​បានចេញ​អាល់​ប៊ុ​មចម្រៀង​ជាច្រើន​ផង ក្នុងនោះ​មានឈ្មោះ​ដូចជា​”​ឈើ​រី​ស៊ី​គ្រេ​ត​ស៊ី​”​ដែលសុទ្ធតែជា​បទ​ពេញនិយម ​។​

​    ​ទាក់ទិន​នឹង​កូនស្រី​ស្រឡាញ់​កូនអ្នកនយោបាយ​កម្ពុជា​នេះ លោក​ស៊ុម ឆាយ​វង្ស​សាវ៉ា​ត់ បា​ន​ថ្លែង​បញ្ជាក់ថា ពិតជា​កើតរឿង​បែបនេះ​មែន ហើយកូនស្រីលោក​ក៏បាន​ធ្វើការ​ពិភាក្សា​រឿងនេះ​ជាមួយ​ឪពុកម្តាយ​ផងដែរ​។ កូនស្រី​លោកជា​មនុស្ស​ល្អ ស្តាប់​ឪពុកម្តាយ ​ដោយ​ធ្វើអ្វី​មិនឱ្យ​ហួស​គន្លង​ធម៌ ឬ​ប្រពៃណី​ល្អនោះឡើយ ។ កន្លងមក​លោក​ក៏​ធ្លាប់ ឃើញ​កូនស្រី​បាន​ទូរស័ព្ទ​ទំនាក់ទំនងជាមួយ​កំលោះ​កម្ពុជា​រូបនេះ​ជា​ញឹកញាប់ ហើយ​លោក​ក៏​មិនបាន​ហាមឃាត់​អ្វី​ដែរ ដោយសារ​កូនស្រី​ធំ​ពេញវ័យ និង​ចេះគិតគូរ​ខ្លួនឯង​ហើយ ដូចនេះ​ពួកគេ​មានសិទ្ធិ​ក្នុងការ​ស្រឡាញ់​មនុស្ស​ដែល​ខ្លួន ចូលចិត្ត ​ដែល​នេះ​ជា​សិទ្ធិ​របស់​កំលោះ ក្រមុំ​។​

​    ​ចំណែក​ពាក់ព័ន្ធ​នឹង​ការរៀបអាពាហ៍ពិពាហ៍​វិញ លោក​វង្ស​សាវ៉ា​ត់ បាន​គូសបញ្ជាក់ថា មិនទាន់​នៅពេលនេះ​ទេ ហើយ​បញ្ហា​ទាំងអស់​អាស្រ័យលើ​កូនស្រី​ជា​អ្នកសម្រេចចិត្ត​ប៉ុណ្ណោះ​។ ទោះបីយ៉ាងណា លោក​បានធ្វើការច្រានចោល​នូវ​ពាក្យ​ចោទ​និយាយថា នៅពេល​កូនស្រី​របស់លោក​រៀបអាពាហ៍ពិពាហ៍​នឹងមាន​វត្តមាន​លោក ថាក់ស៊ីន​ចូលរួម ដោយ​លោក​បានអះអាងថា​ រឿងនេះ​ជាការ​ចោទប្រកាន់ ហួសហេតុ​និង​មិន​សម​ហេតុផល​។​

​    ​ក្រៅពីនេះ ​លោក​ក៏បាន​សុំ​កុំឱ្យអ្នកនយោបាយ​ថៃ​ ក៏ដូចជា​ម​ជ្ឈ​ដ្នា​នទូទៅ​ចាប់អារម្មណ៍ ឬ​វាយប្រហារ​កូនស្រី​លោក​ឡើយ ព្រោះ​លោក​យល់ថា នេះ​វា​ជា​សិទ្ធិ​រវាង​កំលោះ​ក្រមុំ​ស្រឡាញ់ គ្នា​ដែលជា​រឿង​ធម្មតា ។ លោក​បានបញ្ជាក់​ពី​រឿងនេះ​ថា ”កុំ​យក​រឿងនយោបាយ​មក​ពាក់ព័ន្ធ​ជាមួយ​កូនស្រី​ខ្ញុំ រឿងនេះ​ជា​រឿង​ផ្ទាល់ខ្លួន ហើយ​កុំ​យក​រឿង​កំលោះ​ក្រមុំ​ស្រឡាញ់គ្នា ​ហើយ​យករឿង​នយោបាយ​មក​ពាក់ព័ន្ធ​”​។​

​    ​រីឯ​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​លោក សៀង ណាំ ក៏បាន​អះអាង​បញ្ជាក់​ពី​រឿងនេះ​ថា​ពិតមែន ។ ប្រភព​និយាយថា “...​មិនទាន់មាន​ការភ្ជាប់​ពាក្យ​ទេ តែកញ្ញា​ឈើ​រី បាន​ចេញចូល​កម្ពុជា​ជាធម្មតា​” ៕ S​

Monday, July 30, 2012

ខឹង​ប្រពន្ធ​​រឿង​បាត់​លុយ​៣០​ម៉ឺុន​រៀល​​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​

ខេត្ត​កំពត​ ៖ យុវជន​ម្នាក់​ខឹង​​ប្រពន្ធ​​រឿង​បាត់​លុយ​៣០​ម៉ឺន​រៀល​ផឹក​ថ្នាំ​សម្លាប់​ សត្វ​ល្អិត​ធ្វើ​អត្ត​ឃាត​កាល​ពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​២៩ កក្កដា ​២០១២ ​នៅផ្ទះ​ស្ថិត​ក្នុងភូមិ​​អង្គ​ជ័យ ឃុំ​ដំណាក់​​កន្ទួត​ខាង​ត្បូង ស្រុក​កំព​ង់ត្រាច។
យុវជន​​ដែល​គិត​ខ្លី​​ឈ្មោះ​ទិត្យ ​សីហា អាយុ​២០​ឆ្នាំ រស់​នៅភូមិ​កើតហេតុ​ខាង​លើ ។ ​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​យុវជន​រងគ្រោះ​​​ទើប​តែ​រៀប​ការ​ប្រពន្ធ​​បាន​ជាង​៣​ខែ​ប៉ុណ្ណោះ ហើយ​​ប្រពន្ធ​ក៏​​មាន​ផ្ទៃ​ពោះ​​ផង​ដែរ ។ ​ប្រភព​​បន្ត​ថា មុន​ពេល​កើតហេតុ​​២​​ថ្ងៃ​គេ​ឃើញ​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ឈ្លោះ​​ ប្រកែក​​គ្នា គឺ​​ផ្តើម​ចេញ​​ពី​រឿង​លុយ ។

ពលរដ្ឋ​បឹងកក់​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ចោទប្រកាន់​របស់​អភិបាល​ក្រុង​ភ្នំពេញ


អ្នក​ភូមិ​បឹង​កក់ នៅ​ក្នុង​សន្និសីទ​កា​សែត ឆ្លើយ​តប​ទៅ​នឹង​​លោក​កែប ជុតិមា កាល​ពី​ម្សិល​មិញ​។ រូបថត ចរិយ៉ា
អ្នក​ភូមិ​បឹង​កក់ នៅ​ក្នុង​សន្និសីទ​កា​សែត ឆ្លើយ​តប​ទៅ​នឹង​​លោក​កែប ជុតិមា កាល​ពី​ម្សិល​មិញ​។
រូបថត ចរិយ៉ា
ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ប្រមាណ ៥០​ នាក់ កាល​ពី​ម្សិលមិញ បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​តប​ទៅ​នឹង​លោក កែប ជុតិមា អភិបាល​រាជធានី ដែល​ថា​ ពលរដ្ឋ​ដែល​អាជ្ញាធរ​មិន​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​ឲ្យ​ គឺជា​អ្នក​រស់​នៅ​លើ​ទឹក​ដែល​ជា​ដី​របស់​រដ្ឋ ហើយ​គ្មាន​ឯក​សារ​គ្រប់គ្រាន់​។
ការ​បញ្ចេញ​ប្រតិកម្ម​តប​របស់​ប្រជា​សហគមន៍​នេះ បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ បន្ទាប់​ពីលោក​ កែប ជុតិមា បាន​ថ្លែង​តាម​បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន​ថា មក​ទល់​ពេល​នេះ ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​ជាង​៨០០​ គ្រួសារ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ហើយ រីឯ​៦៤ គ្រួសារ​ទៀត ជា​អ្នក​រស់​នៅ​លើ​ទឹក ដែល​ជាដី​របស់​រដ្ឋ​ហើយ​អ្នក​ទាំង​នោះ​ គ្មាន​ឯក​សារ​គ្រប់គ្រាន់ និង​បាន​ចោទ​ប្រកាន់​ពួក​គាត់​ថា «យក​រឿង​បឹង​កក់​ជា​រឿង​នយោបាយ ចង​ជើង​គាត់​[កែប ជុតិមា]»។
លោក​ចាន់ ពុទ្ធិស័ក្តិ ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​មក​ពី​ភូមិ​មួយ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន កាល​ពី​ម្សិលមិញ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ ដោយ​ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​លោក​កែប ជុតិមា​។
លោក​បាន​ថ្លែង​ថា​៖​«ខ្ញុំ​យល់​ថា​ ការ​ចោទ​ប្រកាន់​របស់​គាត់​[កែប ជុតិមា]​មក​លើ​យើង​ខ្ញុំ​បែប​នេះ គឺជា​លេស​ដោះ​សា ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ជា​ការ​ព្យាយាម​បិទ​បាំង​នូវ​អំពើ​អាក្រក់​របស់​មន្ត្រី​ក្រោម​ឱវាទ​ របស់​គាត់​មួយ​ចំនួន ដែល​បាន​ប៉ុន​ប៉ង​កេង​ប្រវ័ញ្ច​យក​ចំណែក​ដី ពីដី​ទំហំ ១២,៤៤ ហិកតា ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​»។
លោក​បាន​បន្ត​ថា​ មក​ទល់​ពេល​នេះ​ ប្រជា​ពលរដ្ឋ ដែល​នៅ​សេស​សល់​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី មាន​ចំនួន​ ៥៨​គ្រួសារ ដែល​ចំនួន​នេះ ​រាប់​បញ្ចូល​ទាំង​ប្រជា​ពលរដ្ឋ ក្នុង​ភូមិ​ ១ ចំនួន​ ១៨ ​គ្រួសារ ​ដែល​ផ្ទះ​របស់​ពួក​គេ ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន រួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី បូម​ខ្សាច់​កប់​ពន្លិច និង​វាយ​បំផ្លាញ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ ពី​ចំណែក​ដី​១២,៤៤ ហិកតា។
ខណៈ​នោះ​ដែរ​ ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ បាន​និយាយ​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ហើយ​ក៏​មិន​មែន​ចំពោះ​តែ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ដែរ​ ដែល​រង​នូវការ​ចោទ​ប្រកាន់​ និង​ការ​លាប​ពណ៌​ឲ្យ​ជាប់​ជំពាក់​ជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ​បែប​នេះ​ ពី​លោក​ កែប​ ជុតិមា។ កន្លង​មក​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ដូច​ជា​ ប្រជា​ពលរដ្ឋ នៅ​សហ​គមន៍​ដី​ក្រហម សម្បុក​ចាប​ក្រុម ៧៨ សហគមន៍​រីករាយ បុរីកី​ឡា និង​សហគមន៍​មួយ​ចំនួន​ទៀត សុទ្ធ​តែរង​នូវ​ការ​ចោទ​ប្រកាន់​ថា ជា​សកម្មជន​គណបក្ស​ប្រឆាំង បម្រើ​មាគ៌ា​នយោបាយ​បក្ស​ប្រឆាំង ដើម្បី​ «បំផ្លិច​បំផ្លាញ​មុខ​មាត់​រដ្ឋាភិបាល​ឬ​គណបក្ស​កាន់​អំណាច​»។
អ្នក​ស្រី​ហេង មុំ តំណាង​ពលរដ្ឋ ភូមិ ២២ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ ពី​សាលា​រាជធានី​ភ្នំពេញ ដែរ​នោះ​បាន​និយាយ​ថា ពួក​គាត់​មាន​ឯក​សារ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា ពួក​គាត់​មិន​មែន​រស់​នៅ​លើ​ទឹក​ទេ ហើយ​ឯក​សារ​ទាំង​នោះ មាន​ការ​ចុះ​ហត្ថ​លេខា និង​បោះ​ត្រា​ទទួល​ស្គាល់ ពី​អាជ្ញាធរ ភូមិ ឃុំ ខណ្ឌ និង​សាលា​រាជ​ធានី​ថែម​ទៀត។
អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​នឹង​នាំ​យក​ឯក​សារ​ទាំង​នេះ ទៅ​បង្ហាញ​និង​ដាក់​ជូន​គាត់ ដើម្បី​ឲ្យ​គាត់​ពិនិត្យ​សាជាថ្មី ហើយ​យើង​នឹង​ទទូច​សុំ​ឲ្យ​គាត់​ចាត់​ក្រុម​ការ​ងារ ​មក​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤ ហិកតា​ឲ្យ​ពួក​យើង​ខ្ញុំ ព្រោះ​វា​ជា​មូលដ្ឋាន ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដ៏​រ៉ាំ​រ៉ៃ រវាង​អាជ្ញាធរ និង​ប្រជា​សហគមន៍​យើង​ខ្ញុំ»។
លោក​អំ សំអាត ទីប្រឹក្សា​បច្ចេកទេស ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកា​ដូ បាន​ថ្លែងថា ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ គួរ​តែ​ពន្លឿន​ការ​ងារ​បោះ​​បង្គោល​កំណត់​ព្រំប្រទល់​ដី ១២,៤៤​ហិកតា ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​កាត់​ចែក​ជូន​ប្រជា​ពលរដ្ឋ​ទើប​ជា​ការ​ប្រសើរ ។ ការ​លាបពណ៌​ប្រជាពលរដ្ឋ​ឲ្យ​ជាប់​ពាក់​ព័ន្ធជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ​ នោះ​ វាគ្រាន់​តែ​ជា​លេស​មួយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ គ្មាន​ការ​​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តែ​ប៉ុណ្ណោះ។
លោក​បាន​ថ្លែង​ថា​៖​ «​ខ្ញុំ​បារម្ភ​ថា បញ្ហា​ដី​ធ្លី​ វា​អាច​នឹង​ផ្ទុះ​កក្រើក​សាជាថ្មី ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ពី​ឥឡូវ​នេះ​ទេ​»។
លោក អភិបាល​រាជធានី​កែប ជុតិមា មិន​បាន​ផ្ដល់​ការ​ពន្យល់​ ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​បឹង​កក់ ដែល​មាន​ប្រតិកម្ម​ប្រឆាំង​តប ​ទៅ​នឹង​រូប​លោក​នោះ​ទេ នៅ​ពេល​ដែល​ភ្នំ​ពេញ​ ប៉ុស្តិ៍​ទាក់ទង​បាន​កាល​ពី​ម្សិល​មិញ​។
លោក​ កែប ជុ​តិមា ​បាន​ចុច​ទទួល​ទូរស័ព្ទ​ និង​មាន​ប្រសាសន៍​ថា «អាឡូ ជម្រាប​សួរ» ប៉ុន្តែ​លោក មិន​បាន​មាន​ប្រសាសន៍​អ្វី​ឡើយ ​នៅ​ពេល​ដែល​ប្រាប់​ថា ទូរស័ព្ទ​ពី​កាសែត​ភ្នំពេញ ប៉ុស្តិ៍។ នៅ​ពេល​ទូរស័ព្ទ​ទៅ​ម្តង​ទៀត​លោក​ក៏​បាន​ចុច​ទទួល​​ម្តង​ទៀត​ដែរ​ ក៏​ប៉ុន្តែ​លោក នៅ​តែ​មិន​បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​ឡើយ​៕(Khmerpost)

បុរសចិន ដឹកស្រីស្នេហ៍ខ្មែរ ទំនង់លង់សម្រស់ ភ្លេចមើលមុខ បើកបុកម៉ូតូបាក់ ភ្លៅម្នាក់

www.dap-news.comភ្នំពេញ៖ បុរសចិនដឹកស្រីខ្មែរ ត្រាច់ចរកណ្ដាលរាត្រី ទំនងលង់សម្រស់ នាងភ្លេចបានមើលផ្លូវ ក៍ទៅបុកម៉ូតូ ដែលកំពុងជិះស្របទិសគ្នា បណ្ដាលឲ្យបុរសម្ចាស់ ម៉ូតូបាក់ភ្លៅខាងឆ្វេង។ ពេលបើកបុក ជនរងគ្រោះហើយ ព្យាយាមបើករត់គេច ប៉ុន្ដែត្រូវនគរបាលប្រចាំគោលដៅដេញចាប់បាន នៅ មុខព្រលានយន្ដហោះ អន្ដរជាតិ ភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរ នេះកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១២ នៅជិតផ្សារទឹកថ្លា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ករឡើងដោយបុរសជាតិចិន មានអាយុប្រមាណ៤០ឆ្នាំ បើកបររថយន្ដម៉ាកលុច្សស៊ីស៤៧០ ដឹកស្រីក្មេងម្នាក់ ក្នុងទិសដៅពីកើតទៅលិច។
ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា ពេលមកដល់កន្លែងកើតហេតុរថយន្ដក៍រេចង្កូតទៅបុក ម៉ូតូម៉ាកគ្រីសអង្គរ ពណ៌ក្រហមស៊េរីចាស់ ពីក្រោយយ៉ាងពេញទំហ៊ឹង បណ្ដាលឲ្យអ្នក បើកបរម៉ូតូដួលខ្ទាត ទៅចិញ្ចើមថ្នល់ហើយត្រូវម៉ូតូគៀបបាក់ភ្លៅខាងឆ្វេងត្រូវបានសមត្ថកិច្ច ហៅរថយន្ដដឹកយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត។ចំណែកជនជាតិចិននោះមិនត្រឹម តែមិនឈប់មើលជនរងគ្រោះទេ បានព្យាយាមបើក រត់គេច ហើយត្រូវក្រុមនគរបាលខណ្ឌ សែនសុខដែលនៅចាំគោល ដៅល្បាតផ្សារដីហុយដេញ ចាប់បាន នៅព្រលានយន្ដហោះ ពោធិចិនតុង។ ក្រោយការសាកសួរបុរសជាតិចិននោះពិបាកនិយាយគ្នា សមត្ថកិច្ច ស្ទួចយក រថយន្ដលុច្សស៊ីស៤៧០ នោះទៅដោះស្រាយនៅការិយាលយ័នគរបាលចរាចរជើងគោករាជ ធានីភ្នំពេញ ព្រោះកន្លែងនោះទើបមានអ្នកបកប្រែ ឆាប់ស្ដាប់គ្នាបាន៕(dapnews)
www.dap-news.com

បើករថយន្តបុក គេហើយរត់ ឡានពេទ្យមកដល់ បើកជៀសជនរងគ្រោះទៀត!


វីដេអូនេះត្រូវបានគេប្រើ DVR ដាក់ក្នុងរថយន្តថតជាប់កាលពីម្សិលមិញនេះ ជាហេតុការណ៍គ្រោះ
ថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅតៃវ៉ាន់ ដោយមានបុរសម្នាក់បានជិះរថយន្តរបស់ខ្លួន
ទៅបុកអ្នកដំណើរជិះម៉ូតូ Scooter បណ្ដាលអោយពួកគេដួល ហើយអ្នកបើករថយន្តបង្ករហេតុនេះ
ទំនងដូចជាមិនចង់ទទួលខុសត្រូវនោះទេ ស្រាប់តែបើករថយន្តគិចយក តែប្រាស់អាយុតែម្ដង។

តែអ្វីដែលគួរអោយហួសចិត្តខ្លាំងមែនទែននោះគឺថាមានរថយន្តសង្រ្គោះបានមកដល់ឃើញមាន
អ្នកដំណើររងរបួសហើយ ស្រាប់តែបើកគិចចេញទៅទៀត មិនដឹងជាគាត់មានអ្នកជំងឺជិតស្លាប់ក្នុង
រថយន្តសង្រ្គោះ ឬក៏មិនខ្វល់នឹងអ្នកដំណើរ ឬយ៉ាងណា។ មើលវីដេអូខាងក្រោមនេះហើយអ្នកទាំង
អស់គ្នាគួរចងចាំថាត្រូវបើកបរប្រកបដោយភាពទទួលខុសត្រូវ និងចេះជួយយកអាសារអ្នកដទៃផង
ព្រោះសុទ្ធតែជាខ្មែរគ្នា​ឯងទេ៕

AirAsia អាច​បន្ត​ការ​ហោះ​ហើរ​ទៅ​អឺរ៉ុប​ជាមួយ Airbus A330 ថ្មី

យន្តហោះ Airbus A340 របស់​ក្រុមហ៊ុន AirAsia X។ Reuters
ក្រុង​ស៊ីដនីៈ ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia X Sdn ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ហោះ​ហើរ​ផ្លូវ​ឆ្ងាយ​របស់​ក្រុម​ហ៊ុន​អាកាស ចរណ៍​ផ្តល់​សេវា​ហោះ​ហើរ​តម្លៃ​ទាប​របស់​អាស៊ី​ បាន​ឲ្យ​ដឹង​ថា ផែន​ការ​បញ្ជា​ទិញ​យន្ត​ហោះ A330 ស៊េរី​ថ្មី​ ពី​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​ Airbus អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ខ្លួន ស្តារ​អាជីវកម្ម​ផ្តល់​សេវា​ហោះ​ហើរ​នៅ​តំបន់​អឺរ៉ុប​ឡើង​វិញ ដែល​អាជីវកម្ម​នេះ ​មិន​សូវ​បាន​ទទួល​ជោគ​ជ័យ ដោយ​សារ​ការ​ប្រើប្រាស់​យន្តហោះ​ចាស់ៗ។
លោក Azran Osman Rani អគ្គនាយក​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ម្សិលមិញ​ថា​៖​ «​យើង​នឹង​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​បាន​កាន់​តែ​ច្រើន​ ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ថ្មីៗ​ទាំង​នេះ​»។ ​លោក​ បាន​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​យន្ត​ហោះ A330 ដែល​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ នឹង​បញ្ជា​ទិញ​ ឬ​ពេល​វេលា​ដែល​ក្រុម​ហ៊ុន​នេះ នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​អឺរ៉ុប​ជា​ថ្មី​នោះ​ទេ។  ​
លោក Azran មាន​ប្រសាសន៍​ថា​៖​ «​យន្ត​ហោះ​ A330 ថ្មី នឹង​អាច​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​សម្រាប់​​ការ​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​ កាន់​តំបន់​អឺរ៉ុប ដោយ​សារ​យន្ត​ហោះ​ទាំង​នោះ ស៊ី​សាំង​តិច និង​មាន​សមត្ថភាព​ខ្ពស់។ ក្រុម​ហ៊ុន AirAsia X បាន​បញ្ចប់​ការ​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​កាល​ពី​ដើម​ ឆ្នាំ​នេះ ដោយ​សារ​តម្លៃ​ប្រេង​ខ្ពស់ តម្រូវ​ការ​ធ្លាក់​ចុះ និង​ដោយ​សារ​ការ​ហូត​ពន្ធ​លើ​ការ​បញ្ចេញ​កាបូន​។
ក្រុម​ហ៊ុន​ផលិត​ យន្ត​ហោះ​ Airbus បាន​ប្រកាស​ពី​ផែន​ការ​ផលិត​យន្ត​ហោះ​ A330 ដែល​មាន​បំពាក់​ម៉ាស៊ីន​ភ្លោះ​កាល​ពី​ដើម​ខែ​នេះ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង​យន្ត​ហោះ​ម៉ូដែល 787 និង​យន្ត​ហោះ​ម៉ូដែល 777 របស់​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ Boeing។ យន្ត​ហោះ​ម៉ូដែល​ថ្មី​នេះ ដែល​នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​ហោះ​ហើរ​នៅ​ឆ្នាំ​២០១៥ នឹង​ប្រើប្រាស់​បច្ចេក​វិទ្យា​ពី​យន្ត​ហោះ​ម៉ូដែល A350 ដើម្បី​បង្កើន​ចំណាត់​ថ្នាក់​ និង​សមត្ថភាព​របស់​យន្តហោះ​ប្រភេទ​នេះ។
លោក Azran មាន​ប្រសាសន៍​បន្ត​ថា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍ AirAsia X ដែល​កំពុង​ផ្តល់​សេវា​ហោះ​ហើរ​នៅ​តំបន់​អាស៊ី និង​ប្រទេស​អូស្រ្តាលី ក៏​មាន​ផែន​ការ​លក់​ភាគ​ហ៊ុន​ប្រមាណពី ​២៥ ភាគ​រយ ទៅ​ ៣០ ​ភាគ​រយ​ផង​ដែរ​នៅ​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​ជា​សាធារ​ណៈ​លើក​ដំបូង​(IPO) របស់​ខ្លួន៕ BP

ខ្ចៅ​ចល័ត​ត្រូវ​ប៉ូលិស​ធ្វើបាប​

ភ្នំពេញ: ​ដូចជា​អ្នកក្រីក្រ​ជាច្រើន​ទៀត​ដែរ​នៅតាម​បណ្តា​ខេត្ត​នានា ចាន់ណា បានធ្វើ​ដំណើរ​មក​ស្វែងរក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ដោយ​សង្ឃឹមថា នឹងមាន​ជីវ​វ​ភាពប្រសើរ​ជាង​នៅ​តំបន់​ជនបទ​។ ជាមួយនឹង​ដើម​ទន់​តិចតួច ចាន់ណា បាន​ចាប់យក​មុខរបរ​មួយ​ប្រហែលជា​វា​មាន​ទំនាក់ទំនង​ជាមួយនឹង​ជីវិត​របស់​នាង ​នៅ​ជនបទ​។ នោះ​គឺ​ការ​អូស​រទេះ​លក់​ខ្ចៅ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​នៅក្នុង​ទីក្រុង​ ភ្នំពេញ​។​

​ចាន់ ណា ដែលមាន​អាយុ​ទើបតែ ១៦​ឆ្នាំ បាន​អូស​រទេះ​លក់​ខ្ចៅ​ពី​ផ្សារ​សូរិយា សំដៅ​ទៅមុខ​វាំង និង​គោលដៅ​ចុងក្រោយ​នៅមុខ​ណាហ្គា ហើយ​លក់​ខ្ចៅ​នេះ​ជា​រៀងរាល់ថ្ងៃ​។ នាង​លក់​ខ្ចៅ​បាន​ពី ៨ ទៅ ១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ រីឯ​ខ្ចៅ​ពី ១​ទៅ ២​តៅ​។​

​ចាន់ណា បាន​ប្រាប់​ឲ្យ​ដឹងថា “​ខ្ញុំ​មាន​លក់​ខ្ចៅ​ពីរ​ប្រភេទ គឺ​ខ្ចៅ​ទន្លេ និង​ខ្ចៅ​បឹង​។ ខ្ញុំ​ទិញ​ចៅ​នេះ​មក​គិត​ជា​តៅ​មានតម្លៃ​ពី​៣ ទៅ ៤​ម៉ឺន​រៀល ហើយ​ខ្ញុំ​លក់​ចេញ​វិញ​នៅពេល​វា​ឆ្អិន​គិត​កំប៉ុង ក្នុង​មួយ​កំប៉ុង​ខ្ចៅ ២០០០​រៀល​”​។​

​នាង​បាន​ប្រាប់​ពី​របៀប​ស្ងោរ​ខ្ចៅ​នេះ ឲ្យ​ដឹងថា “​យើង​ត្រូវ​ខ្ចៅ​នោះ​ទៅ​ត្រាំ​ទឹក​ឲ្យ​បាន​មួយ​យប់​ទល់​ភ្លឺ​សិន​ទើប​យក​វា ​ទៅ​ស្ងោ​។ ឯកា​រសោ្ង​វា គឺ​ត្រូវ​ដាំទឹក​ឲ្យ​ពុះ​សិន រូ​ច​ដាក់​គល់​ស្លឹកគ្រៃ ម្តេ​ង ស្លឹកគ្រៃ និង​ស្លឹក​ក្រូច​។ បន្ទាប់មក​ទើប​ផ្តើម​បង់អំបិល ស្ករ និង​ប៊ី​ឆេង​ជាការ​ស្រេច​។ ចំពោះ​រយៈពេល​ស្ងោ គឺ​អាស្រ័យ​ទៅតាម​ខ្ចៅ​តិច រឺ​ច្រើន​។ បើ​ច្រើន គឺ​៣០​នាទី បើ​តិច​វិញ​គិត​តាម​ហ្នឹង​ដែរ​”​។​

​ចាន់ណា បាន​បន្តទៀតថា “​ទឹកជ្រលក់​ខ្ចៅ​នេះ វា​មាន​ពីរ​ប្រភេទ គឺ​ទឹកត្រី​កោះកុង និង​អំបិលម្រិច​ក្រូចឆ្មារ​។ បើ​និយាយ​ពី​ការលក់​ខ្ចៅ​នេះដែរ ខ្ញុំ​លក់​ភាគច្រើន​បាន ២​តៅ​។ នៅមាន​ពេលខ្លះ​ក៏​សល់​ទៀតផង ដោយសារ​មេឃ​ភ្លៀង​”​។​

​បន្ថែម​ទៅលើ​អាកាសធាតុ​ដែល​រារាំង​ដល់​របរ​ របស់ ចាន់ណា នោះ អាជ្ញាធរ​ពេលខ្លះ ក៏បាន​ធ្វើបាប​មុខរបរ​ចល័ត​របស់​នា​ង​ផងដែរ ដែល​ត្រូវ​ឲ្យ​នាង​ត្រូវតែមាន​ភ្នែក​រវាសរវៃ ដើម្បី​គេចចេញ​ពី​ការចាប់​ពិន័យ​។​

​នាង​បាន​និយាយថា “​ដោយសារ​ស្ថានភាព​គ្រួសារ​មានការ​លំបាក​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មក​ប្រកបរ​បរជា​អ្នកលក់​ខ្ចៅ​ដូច្នេះ​។ ប៉ុន្តែ ការលក់​នេះ ត្រូវបាន​ប៉ូលិស​ដេញ និង​ចាប់​ទៀតផង​”​។​

​នាង​បាន​ បញ្ជាក់ថា “​ខ្ញុំ​ត្រូវបាន​ប៉ូលិស​ចាប់បាន​ចំនួន​ពីរដង​មកហើយ​។ ចាប់បាន​លើក​ទី​១ ត្រូវ​បង់លុយ​ពី ១៥ ទៅ ២០​ដុល្លារ ឯលើ​ក​ទី​២ គឺ​អស់ ១០​ម៉ឺន​។ ខ្ញុំ​ឆ្ងល់​ណាស់​ហេតុអ្វី​បានជា​គេ​មក​ដេញ​ខ្ញុំ​? ខ្ញុំ​គ្រាន់តែ​ជា​អ្នកលក់​ខ្ចៅ​ប៉ុណ្ណឹង​សោះ​!”៕​

Sunday, July 29, 2012

ក្រុមឧទ្ទាម ភាគខាងត្បូងថៃ បាញ់សម្លាប់ យោធា ៤នាក់ និង របួស២នាក់

www.dap-news.comប៉ាតានី៖ ហេតុការណ៍បាញ់ ប្រហាររវាង ក្រុមបះបោរ ភាគខាងត្បូង ប្រទេសថៃ និង យោធាថៃ នៅក្នុងខេត្ត ប៉ាតានី រយៈពេលប្រាំនាទី បណ្តាលឲ្យ យោធាថៃ ស្លាប់៤នាក់ និង របូស ២នាក់។
យោងតាមសារព័ត៌មាន INN នៅថ្ងៃ សៅរ៍ ទី ២៨ ខែ កក្កដា នេះបានឲ្យដឹងថា មានហេតុការណ៍បើកឆាកប្រយុទ្ធ រយៈពេលប្រាំនាទីនៅថ្ងៃ សៅរ៍នេះ ដោយក្រុមបះបោរភាគខាងត្បូងថៃ មិនដឹងចំនួន បានប្រើប្រាស់អាវុធ សង្គ្រាម បាញ់ប្រហារ ទៅលើយោធាថៃ ដែលកំពុងយាមល្បាតនៅក្នុងស្រុក ម៉ាយ៉ ខេត្ត ប៉ាតានី ភាគខាត្បូង ប្រទេសថៃ បណ្តាឲ្យយោធាថៃ ៤នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និង ២ នាក់របួសត្រូវបានបញ្ជួនទៅកាន់ មន្ទីរ ពេទ្យប៉ាតានីសង្គ្រោះជីវិតផងដែរ។
តាមការរៀបរាប់របស់យោធាថៃម្នាក់ ប្រចាំការ នៅតំបន់កើតហេតុខាងលើ ខណៈដែលក្រុមយោធាល្បាត បានធ្វើដំណើរត្រឡប់ទៅមូលដ្ឋានយោធា ដោយរថយន្ត ប៊ីកអាប់ បីគ្រឿង និង ផ្ទុកពលទាហាន ១៥ នាក់ ស្រាប់តែមកដល់កន្លែងកើតហេតុ ក្រុមឧទ្ទាមប្រើប្រាស់ប្រភេទអាវុធសង្គ្រាម M16 បាញ់សម្រុកមកលើយោធា ល្បាតតែម្តង ទើបបណ្តាលឲ្យទាហាន ស្លាប់ និង របួសយ៉ាងដូច្នេះ។
អាជ្ញាធរខេត្ត ប៉ាតានី បានបញ្ជាក់ នាអំឡុងបុណ្យ រ៉ាម៉ាដន ដែលជាទំនៀមទម្លាប់សាសនាមូស្លីមនោះ ជនឧទ្ទាមតែងតែឆ្លៀត ឱកាសបង្កភាពភ័យខ្លាច និង អសន្តិសុខនៅក្នុងតំបន់តែប៉ុណ្ណោះ៕

មាន​ការ​ជឿនលឿន​តិចតួច​ក្នុង​ការ​រក​យុត្តិធម៌​សម្រាប់​ករណី​ឃាតកម្ម​សកម្មជន​បរិដ្ឋាន

បី​ខែ​ក្រោយ​ពី​ឃាតកម្ម​លើ​លោក​ ឈុត​ វុទ្ធី ​ដំណើរការ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​ហាក់បី​ដូចជា​នៅ​វែង​ឆ្ងាយ​ទៀត​នៅ​ឡើយ។ ក្រុម​គ្រួសារ​ជនរងគ្រោះ ​ជនជាប់​សង្ស័យ​ មន្ដ្រី​សិទ្ធិ​មនុស្ស​និង​មន្ដ្រី​តុលាការ​សុទ្ធ​តែ​មិន​ទាន់​មាន​ភាព​ ប្រាកដ​ប្រជា​អំពី​ពេលវេលា​នៃ​សវនាការ។
ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​និង​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​យ៉ាង​ សកម្ម​ លោក​ ឈុត​ វុទ្ធី​ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​បាន​បាញ់សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ចំណុច​វាល​៣ ​ នៃ​ស្រុក​មណ្ឌលសីមា​ ចម្ងាយ​ប្រមាណ​ជាង​៦០​គីឡូម៉ែត​ពី​ទីរួម​ខេត្ត​កោះកុង។ ឃាតកម្ម​កើត​ឡើង​ខណៈ​ដែល​លោក​និង​អ្នកយក​ព័ត៌មាន​ពីរ​នាក់​ផ្សេង​ទៀត​បាន​ ស៊ើបអង្កេត​ការកាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​ទីតាំង​ក្រុមហ៊ុន ​Timbergreenលើ​ជួរភ្នំ​ក្រវាញ។
អាជ្ញាធរ​បាន​ការសន្និដ្ឋានផ្សេងៗ​ជាច្រើន​ពី​មូលហេតុ​នៃ​អំពើ​ហិង្សា​នេះ​ ក៏ប៉ុន្តែ​ការសន្និដ្ឋាន​ចុង​ក្រោយ​គឺ​ថា កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ​អ៊ីន​ រតនា ​បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​ហើយ​កាំភ្លើង​អាកា ៤៧ ​ដែល​មន្រ្តីប្រដាប់​អាវុធ​រូប​នេះ​បាន​ប្រើ​ក្នុង​ការបាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធី​ បាន​រា​កៃ​មក​សម្លាប់​គាត់​វិញ​ក្នុង​ពេល​ដែល​ភា្នក់ងារ​សន្តិសុខ​របស់​ ក្រុមហ៊ុន​ Timbergreen ​លោក ​រ៉ាន់​ បូរ័ត្ន ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​រូប​គាត់។ លោករ៉ាន់ បូរ័ត្ន​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការឃុំឃាំង​ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទ​ ប្រកាន់​ថា បាន​ធ្វើ​ឃាត​មន្ដ្រី​កងរាជ​អាវុធហត្ថ​ដោយ​អចេតនា។ ប៉ុន្តែ​គ្រួសារ​របស់​ជនជាប់ចោទ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ។
គ្រួសារ​លោក​ឈុត ​វុទ្ធី​ នឹង​ប្រារព្ធ​ពិធី​បុណ្យ​គម្រប់​១០០​ ថ្ងៃ​សម្រាប់​សព​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ឃុំ​ព្រែក​ឯង ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល។ ពិធី​សាសនា​នេះ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា៥០០ ​នាក់​និង​ព្រះ​សង្ឃ​ចំនួន​ប្រាំពីរ​អង្គ​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​ មន្ដ្រី​សង្គម​ស៊ីវិល។
លោក​ឆឺយ​ ឧត្តមរស្មី ​កូន​ប្រុស​ច្បង​របស់​លោក​ឈុត​ វុទ្ធី ​មាន​ប្រសាសន៍​ថា​ លោក​និង​ក្រុម​គ្រួសារ​មិន​បាន​ទទួល​ដំណឹង​អ្វី​ឡើយ​ពី​តុលាការ​ខេត្ត​ កោះកុង។
«អត់​បាន​ទទួល​ដំណឹង​អី​ពី​តុលាការ​សោះ។ សំខាន់​ធ្វើ​បុណ្យ​សិន​បន្ទាប់​មក​ចាំ​ខ្ញុំ​ព្យាយាម​តទៅ​ទៀត»។
ក្រុម​មន្ដ្រី​អង្គការ​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ សក្សី​ចំនួន​ប្រាំមួយ​រូប​ត្រូវ​បាន​សាកសួរ​ដោយ​តុលាការ​រហូត​មក​ទល់​ពេល​ នេះ។ ក៏ប៉ុន្តែ​ជន​ដែល​ត្រូវ​គេ​ជឿ​ថា អាច​ជា​សក្សី​សក្ដា​នុពល​មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នោះ​ទេ។
លោក​ នាង​ បូរ៉ាទីណូ​ អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង ​មាន​ប្រសាសន៍​ថា​ នៅ​មាន​សក្សី​ចំនួន​បី​នាក់​ទៀត​ដែល​អាច​ជា​សក្សី​មាន​សារៈសំខាន់។
«សក្សី​ក្នុង​ការសាកសួរ​របស់​ប៉េអឹម​មាន​ដល់​ទៅ​ប្រាំបួន​នាក់។ ចំណែក​ឯ​តុលាការ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ត្រឹមតែ​ប្រាំមួយ​នាក់»។
មន្ដ្រី​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា​ ក្នុង​ចំណោម​សក្សី​ដែល​នៅ​សេសសល់​មាន​បុរស​ពីរ​នាក់​មាន​តួនាទី​ជា​ទាហាន​ ប៉ុន្តែ​បាន​បម្រើការ​ជា​សន្ដិសុខ​របស់​ក្រុម​ Timbergreen។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​ជា​អ្នកឃាត់​រថយន្ត​របស់​លោក​ឈុត ​វុទ្ធី​មុន​គេ។
«តាម​ការស្រាវជ្រាវ គាត់​ក៏ជា​អ្នក​ជាប់​ពាក់ព័ន្ធក្នុង​រឿង​បញ្ជា​កងកម្លាំង​ដែល​បណ្តាល​ឲ្យ​ មាន​ការបាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​ដែរ»។
លោក​ឈុត ​វុទ្ធី ​គឺជា​ជន​ការពារ​បរិដ្ឋាន​យ៉ាង​សកម្ម​ម្នាក់​នៅ​កម្ពុជា។ លោក​បាន​ដឹកនាំ​ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ ការកាប់បំផ្លាញ​ព្រៃឡង់​ដែល​ជាព្រៃ​នៅ​សេសសល់​ដ៏ធំ​ជាងគេ​ចុង​ក្រោយ​របស់​ កម្ពុជា​រួម​ទាំង​បាន​ព្យាយាម​ស៊ើបអង្កេត​លើ​ការកាប់បំផ្លាញ​ឈើ​ប្រណិត​ ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​តាម​ជួរភ្នំ​ក្រវាញ​ដូចជា​ខេត្ត​ពោធិ៍សាត់​និង​ ខេត្ត​កោះកុង​ជាដើម។
លោក ​អ៊ីន ​គង់ជិត​ អ្នក​សម្របសម្រួល​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យដឹង​ថា ព័ត៌មាន​ស្ដីពី​ដំណើរការ​របស់​តុលាការ​លើ​សំណុំរឿង​ឃាតកម្ម​លោក​ឈុត វុទ្ធី​ត្រូវ​បាន​រឹតត្បិត។
«សក្សី​មិន​ចង់​និយាយ​ប្រាប់​យើង​ដោយសារ​មន្រ្តី​ប៉េអឹម ​និង​មន្ដ្រី​តុលាការ​ត្រូវគេ​និយាយ​ថា​មិនចង់​ឲ្យ​សក្សី​និយាយ​ប្រាប់​ខាង​ សិទ្ធិ​មនុស្ស»។
លោក​ចៅក្រម​ស៊ើបអង្កេត ​មីន​ មករា ​នៃ​សាលា​ដំបូង​ខេត្តកោះកុង​មិន​អធិប្បាយ​អំពី​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការបិទ ​បញ្ចប់​ការស៊ើប​អង្កេត​សំណុំ​រឿង​អាស្រូវ​នេះ​ទេ។ មួយវិញទៀត​លោក​ក៏​មិន​ទាន់​ដឹង​បាន​នៅ​ឡើយ​ថា ការជំនុំជម្រះ​សំណុំ​រឿង​នេះ​អាច​ធ្វើ​ទៅ​រួច​ពេល​ណា​ដែរ។
«រឿង​នេះ​ស្ថិត​នៅ​លើ​ចៅក្រម​ជំនុំ​ជម្រះ»។
គណៈកម្មាការ​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​ដឹកនាំ​ការស៊ើប​អង្កេត​រយៈ​ពេល​ ត្រឹម​មួយ​សប្ដាហ៍​លើ​ឃាតកម្ម​លោក​ឈុត​ វុទ្ធី​ រួច​ក៏​បាន​បិទ​បញ្ចប់​ការស៊ើប​អង្កេត​នោះ​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​មាន​ ការរិះគន់​ពី​ក្រុម​សង្គម​ស៊ីវិល​ចំពោះ​អ្វី​ដែល​បាន​រក​ឃើញ​នោះ។ ការស៊ើបអង្កេត​បាន​សង្កត់​ធ្ងន់​ទៅ​លើ​មន្ដ្រី​កង​រាជអាវុធហត្ថ​អ៊ីន ​រតនា ​ថា បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​ហើយ​ខ្មាន់​កាំភ្លើង​បាន​ស្លាប់​ដោយ​ការ​រាកៃ​កាំភ្លើង​ក្នុង​ពេល​ដែល​មាន​ ការដណ្តើម​កាំភ្លើង​ពី​លោក​រ៉ាន់​ បូរត្ន័ ​ភា្នក់ងារ​សន្តិសុខ​របស់​ក្រុមហ៊ុន​ Timbergreen។
ឪពុក​លោក​រ៉ាន់ ​បូរត្ន័​ គឺ​លោក ​ហ៊ុន​ រ៉ាន់ ​បាន​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ​ថា ​កូន​របស់​គាត់​បាន​បង្ក​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​ដូច​ការចោទប្រកាន់​ នោះ។ នៅ​ពេលនេះ​លោក ​ហ៊ុន​ រ៉ាន់ ​កំពុង​រង់​ចាំ​ការកាត់ទោស​បន្ទាប់​ពី​កូន​របស់​គាត់​ត្រូវ​ចាប់​ឃុំខ្លួន​ អស់រ​យៈពេល​បី​ខែ​មក​ហើយ។
«ពិបាក​ចិត្ត​ដែរ​តែ​មិន​ដឹង​ធ្វើ​ដូច​ម្តេច។ ចាំ​មើល​តុលាការ​កាត់​ទោស​យ៉ាង​ម៉េច»។
លោករ៉ាន់​ បូរត្ន័​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួន​ក្នុង​អំពើ​ ឃាតកម្ម​លោក​ឈុត​ វុទ្ធី។ ក្រុម​មន្ដ្រី​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា ​សំណុំរឿង​ឃាតកម្ម​នេះ​អាច​នឹង​ត្រូវ​បិទ​​ចោល​ដោយសារ​តែ​ជន​សង្ស័យ​ថា​ បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​ដោយ​ផ្ទាល់​បាន​ស្លាប់​ទៅ​ហើយៗ​ពុំ​មាន​ជន​ជាប់​ពាក់ព័ន្ធ​ណា​ផ្សេង​ទៀត​ ត្រូវ​បាន​វែក​មុខ​នោះ។ 
កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​កក្កដា​នេះ ​លោក​ ស៊ុន ​សាមឿន​ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​និង​ជា​មេបញ្ជា​ការរង​កងរាជអាវុធហត្ថ​ ខេត្ត​កោះកុង​ត្រូវ​បាន​ដក​ចេញ​ពី​ដំណែង។ លោក​ស៊ុន​ សាមឿន​ ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ជឿ​ថា​ បាន​ជាប់ពាក់ព័ន្ធនឹង​ការបញ្ជា​កងកម្លាំង​របស់​ខ្លួន​ក្នុង​ពេល​ដែល​មាន​ ការបាញ់​ប្រហារ​លោក ​ឈុត ​វុទ្ធី​នោះ៕

High lander បុកអាយខន ខ្ទាតចូលតូបកាហ្វេ ប្រហែល១០ម៉ែត្រ រីឯម្ចាស់ បែកក្បាលសន្លប់

Photo by DAP-NEWS 
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដែលបង្ក ដោយរថយន្តម៉ាក Highlander បើកបរក្នុងល្បឿនលឿន ទៅបុកបុរសម្នាក់ ដែលកំពុងជិះម៉ូតូអាយខន ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យខ្ទាតម៉ូតូ ចេញប្រហែលជា ១០ម៉ែត្រ ចូលទៅក្នុងរោងការហ្វេ នៅក្បែរនោះចំណែកឯម្ចាស់សន្លប់។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណជា ៨យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅលើផ្លូវលេខ ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ជិះម៉ូតូខាយខន ព័ត៌ផ្កាឈូក ក្នុងល្បឿនមធ្យម នៅជាយផ្លូវម្ខាង ពីទិសខាងជើងទៅត្បូង ហើយមកដល់ចំណុចខាងត្បូងជញ្ជីងថ្លឹង រថយន្តផ្លូវសឡា ស្រាប់តែមានរយន្ត មួយគ្រឿងម៉ាក Highlander ដែលបើកក្នុងល្បឿនលឿន ជិះទៅបុកពីខាងក្រោយ បណ្តាលឱ្យបុរស ដែលជាជនរងគ្រោះ ដួលបោកក្បាលទៅនឹងថ្នល់ បែកយ៉ាងដំណំសន្លប់នៅនឹងកន្លែង កើតហេតុតែម្តង ចំណែកឯម៉ូតូជនរងគ្រោះ បានខ្ទាតចេញ ប្រហែល១០ម៉ែត្រ ចូលតូបកាហ្វេ នៅក្បែរនោះ។ ក្រោយពេលកើត ហេតុរថយន្តបង្កបានបើកគេចទៅបាត់ ដោយសុវត្ថិភាព។
ប្រភពដដែលបាននិយាយទៀតថា ក្រោយពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ប្រហែលជាមួយម៉ោងគេមិន ឃើញមានសមត្ថកិច្ច ចុះទៅធ្វើការអន្តរាគមន៍ នោះទេ។ រហូតដល់ម៉ោងប្រហែលជា ៩យប់  ទើបមានរយន្ត សង្រ្គោះ មកដឹកជនរងគ្រោះ ទៅធ្វើការសង្គ្រោះបន្ទាន់។ ចំណែកឯជនរងគ្រោះមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ។
រថយន្តដែលបានបង្ករគ្រោះថ្នាក់ ត្រូវបានគេឱ្យដឹងថា ម៉ាក High lander ពណ៌ទឹកប្រាក់ ប៉ុន្តែមិនចាំស្លាកលេខ ចំណែកឯម៉ូតូជនរងគ្រោះ ម៉ាកខាយខន ពាក់ស្លាក់លេខ ភ្នំពេញ 1AR-0917 ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១០ ខូចខាតផ្នែកខាងមុខ។
ខណៈនោះដែរ ក៏មានរឿងដែលហួសចិត្តមួយទៀត ដែលមិនគួរឱ្យមាននៅក្នុងសង្គមខ្មែរ នាពេលច្ចុប្បន្ននេះ គឺ ស្របពេលដែលមានរយន្តសង្គ្រោះបាន មកដឹកជនរងគ្រោះ ទៅព្យាបាលនោះ ក៏មានក្រុមក្មេងស្ទាវ ៣នាក់ ដែលមានលក្ខណៈស្រវឹងទន់ខ្លួន បានមកអះអាងថា បុរសជនរងគ្រោះ នោះជាបងប្អូនរបស់ពួកគេ ហើយនៅពេល ដែលអ្នកសារព័ត៌មាន បានកំពុងតែថយផ្តិតយករូបភាពនោះ ស្រាប់តែក្មេងស្ទាវនោះ បានស្រែកជេរប្រមាថអ្នកកាសែត និងអ្នកដែលឈរមើល យ៉ាងខ្លាំង មិនតែប៉ុណ្ណោះគេបានគំរាម យកកាមេរ៉ារបស់អ្នកកាសែត បោកចោលទៀតផង៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣០

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គ្រោង​បង្ហាញ​គោលដៅ​រួម​របស់​ចលនា​នេះ ទៅ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា។
RFA/Sok Serey
២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។

សេចក្ដី​ជូន​ដំណឹង​របស់​លេខាធិការដ្ឋាន​​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា អោយ​ដឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​តាម​រាជធានី-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា នឹង​ជួប​ជុំ​គ្នា​នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស សិទ្ធិ​មនុស្ស នៅ​ក្នុង​ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ខាង​មុខ។
ក្នុង​ការ​ជួប​ប្រជុំ​នោះ គឺ​ជា​ការ​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ពី​ស្មារតី នៃ​ចលនា​អ្នក​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ទៅ​តាម​គម្រោង​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។
លេខាធិការ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ជួប​ប្រជុំ​គឺ​ជា​ការ​បញ្ជូន​សារ​រួម​ពី​កិច្ច​សហការ​រវាង​សមាជិក​ គណបក្ស​ទាំង​ពីរ៖ «ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ ថ្នាក់​ឃុំ ថ្នាក់​មូលដ្ឋាន ក៏​ត្រូវ​តែ​យល់​នូវ​អ្វី​ដែល​ជា​សេចក្ដី​សម្រេច នៃ​ថ្នាក់​ជាតិ ដើម្បី​ចុះ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​កម្លាំង​ជា​អ្នក​ប្រជាធិបតេយ្យ រូបភាព​តែ​មួយ សារ​តែ​មួយ គោលការណ៍​តែ​មួយ ដើម្បី​ប្រជាពលរដ្ឋ​អោយ​បាន​នៅ​គ្រប់​ជាន់​ថ្នាក់»
សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​អោយ​ដឹង​ទៀត​ថា អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ចូល​រួម​ជំនួប​នោះ ចំណែក​ប្រធាន​គណបក្ស សម រង្ស៊ី នឹង​ចូល​រួម​ថ្លែង​ពី​ប្រទេស​បារាំង តាម​រយៈ វីដេអូ ខុនហ្វើរេន (Video Conference)៕

ពលរដ្ឋ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ការ​បណ្ដេញ​ពី​លំនៅឋាន​នៅ​ពោធិ៍សាត់

បន្ទាប់​ពី​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ចំណុច​ស្រែ​យក្ស ភូមិ​កំពង់ក្ដី ឃុំ​ក្រពើ២ ឥឡូវ​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​បណ្ដេញ​ប្រជាពលរដ្ឋ​៣៦​គ្រួសារ នៅ​ភូមិ​ស្រែក្ដី ទៀត។
RFA/Mondul Keo
២៦-កក្កដា-២០១២៖ ទិដ្ឋភាព​នៃ​ភូមិ​ស្រែក្ដី ដែល​ជា​ភូមិ​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ពី​ក្រោយ​ភ្នំ និង​នៅ​ក្នុង​ព្រៃ​ជ្រៅ។

ភូមិ​នេះ​ក៏​ស្ថិត​ក្នុង​ឃុំ​ក្រពើ២ ស្រុក​វាលវែង ដែរ។ អាជ្ញាធរ​ខេត្ត​ពន្យល់​ថា ប្រជាពលរដ្ឋ​ទាំង​នេះ​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​គម្រប​ព្រៃ​របស់​ រដ្ឋ។
ប្រជាពលរដ្ឋ​ភូមិ​ស្រែក្ដី ៣៦​គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ដី​លំនៅឋាន និង​ដី​បង្កបង្កើន​ផល​របស់​ពួក​គាត់។
តំណាង​ប្រជាពលរដ្ឋ​ភូមិ​ស្រែក្ដី គឺ​លោក អ៊ិន យ៉ង់ អាយុ ៦២​ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ថា គាត់​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រៃវែង។ នៅ​ឯ​ស្រុក​កំណើត គាត់​អត់​មាន​ដី​ស្រែ​ទេ គាត់​បាន​មក​រុករាន​ព្រៃ​តាំង​ទីលំនៅ​នៅ​ភូមិ​ស្រែក្ដី តាំង​ពី​ឆ្នាំ​២០០៦ តាម​រយៈ​ការ​ណែនាំ​របស់​ប្អូន​គាត់ ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម៖ «ពេល​ដែល​ខ្ញុំ​ទៅ​ជួប​ ប្អូន​នៅ​ជាយដែន​នោះ ប្អូន​ខ្ញុំ​ក៏​ថា​មិន​បាច់​ទៅ​នៅ​ស្រុក​វិញ​ទេ​ព្រោះ​ស្រុក​យើង​ក្រីក្រ ចង្អៀត អស់​ដីធ្លី​អី​ហើយ។ ប្អូន​ខ្ញុំ​នោះ​គេ​ថា នៅ​ទី​នេះ​មាន​ដី​ច្រើន ខ្ញុំ​ក៏​នៅ​តាម​ប្អូន​មក​រហូត​ដល់​ថ្ងៃ​នេះ​ទៅ»
លោក​តា ឡាញ់ ឆន អាយុ ៦៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង លោក​តា​អះអាង​ថា គាត់​បាន​មក​តាំង​ទីលំនៅ នៅ​ភូមិ​ស្រែក្ដី នេះ​កាល​ពី​ចុង​ឆ្នាំ​២០០៦។ លោក​តា​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ការ​បណ្ដេញ​ចេញ​នេះ ដោយ​គាត់​យល់​ថា គ្រួសារ​គាត់​ច្បាស់​ជា​ជួប​ការ​លំបាក​ក្នុង​ជីវភាព ប្រសិន​បើ​ការ​បណ្ដេញ​នេះ​ក្លាយ​ជា​ការ​ពិត៖ «ខ្ញុំ​ចង់​តែ​នៅ​ទី​នេះ ព្រោះ​ខ្ញុំ​បាន​ត្រួសត្រាយ និង​ដាំ​ដំណាំ​បាន​ផល​ទៅ​ហើយ បើ​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង ទម្រាំ​តែ​បាន​ដូច​នៅ​ទី​នេះ​នោះ វា​ជួប​ការ​លំបាក​ច្រើន​ណាស់»
ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មក​ពី​ខេត្ត​នានា​ដូច​ជា​ខេត្ត​ព្រៃវែង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម តាកែវ កំពត ជាដើម។ តាម​ការ​សាក​សួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​គ្មាន​ដី​ស្រែ​នៅ​ឯ​ស្រុក​កំណើត និង​ខ្លះ​ទៀត​មាន​ដី​ស្រែ​បន្តិច​បន្តួច។ ចំណែក​ការ​មក​រស់​នៅ​ទី​នេះ ពួក​គាត់​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទៅ​ឲ្យ​មេ​ខ្យល់ និង​អាជ្ញាធរ​ដែនដី​ផង​ដែរ។
លោក អ៊ិន យ៉ង់៖ «កន្លង​ទៅ​ពួក​ខ្ញុំ​មក​នៅ​ក៏​ត្រូវ​បង់​ប្លង់​ឲ្យ​គេ ចាប់​ពី​៥ម៉ឺន ១០ម៉ឺន រហូត​ដល់ ១៥០ម៉ឺន។ ខ្ញុំ​ត្រូវ​ទៅ​លក់​កេរអាករ​ពី​ស្រុក យក​មក​បង់​ឲ្យ​គេ»។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ឃុំ​ក្រពើ២ និង​អាជ្ញាធរ​ស្រុក​វាលវែង បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា នេះ។
យ៉ាង​នេះ​ក្ដី អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា លោក​ពន្យល់​ចំពោះ​គម្រោង​ការ​បណ្ដេញ​នេះ​ថា ដើម្បី​រៀបចំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​តាំង​ទីលំនៅ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​ គោលការណ៍​របស់​រាជរដ្ឋាភិបាល។ លោក​ថា ប្រជាពលរដ្ឋ​ភូមិ​ស្រែក្ដី បាន​មក​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​គម្រប​ព្រៃ​របស់​រដ្ឋ ព្រម​ទាំង​បាន​បំផ្លាញ​ព្រៃ​ស្រល់​អស់​រាប់​ហិកតារ​ទៀត​ផង៖ «បើ​សិន​ជា​ គាត់​មាន​អត្តសញ្ញាណ​ច្បាស់​លាស់ យើង​នឹង​ឲ្យ​គាត់​ទៅ​ភូមិ​ឃុំ​គាត់​វិញ ហើយ​យើង​នឹង​ឲ្យ​អាជ្ញាធរ​ឃុំ​ពិនិត្យ​ថា តើ​គាត់​ជា​ជន​ក្រីក្រ​គ្មាន​ដីធ្លី​ពិត​ប្រាកដ​មែន​នោះ យើង​នឹង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​គាត់»
យ៉ាង​ណា​ក៏​ដោយ លោក​អភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​ស្រាវជ្រាវ​រក​ការ​ពិត។ លោក​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ពិត​ជា​ជន​ក្រីក្រ និង​គ្មាន​ដី​បង្កបង្កើន​ផល​មែន​នោះ អាជ្ញាធរ​នឹង​រៀបចំ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពួក​គាត់។ តែ​ប្រសិន​បើ​រក​ឃើញ​ថា នៅ​ឯ​លំនៅឋាន​ដើម​របស់​ពួក​គាត់​មាន​ដី​ស្រែ​រួច​ហើយ​នោះ អាជ្ញាធរ​នឹង​បញ្ជូន​ពួក​គាត់​ត្រឡប់​ទៅ​លំនៅឋាន​ដើម​វិញ៕

សាលា​ដំបូង​រាជធានី​ចុះ​អនុវត្ត​ដីកា យក​ត្រា​ពី​គណបក្ស​នរោត្តម​រណ​ឫទ្ធិ


DSC_0909
លោកសៅ រ៉ានីពេល​ផ្តល់​បទ​សំភាសន៍​នៅ​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា​ឆ្នាំ​២០១២។​រូបថត ផា លីណា


ភ្នំពេញៈនៅ ​ល្ងាច​ថ្ងៃ​សុក្រ​ទី ២៧​ខែ​កក្កដា​នេះ តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​គង់ សំសារ៉េត ព្រះ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី និង​ក្រឡា​បញ្ជីរ​ម្នាក់ បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​ការពារ​០៩ញ​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ឆ្នាំ​២០១២​ដើម្បី​យក​ត្រា​ពី​គណបក្ស​នរោ​ត្តម​រណ​ឫទ្ធិ​ដែល​ជា​ ចុង​បណ្តឹង នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ទី​ក្រុង​ភ្នំពេញ យក​មក​ឲ្យ​លោក​សៅ រ៉ានី អគ្គ​លេខា​ធិកា​នៃ​គណបក្ស​នរោត្តម​រណ​ឫទ្ធិ​ដែល​ជា​ភាគី​ដើម​បណ្តឹង។
លោក ​ប៉ែន សង្ហារ​អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្តម​រណឫទ្ធិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​នរោត្តម​រណ​ឫទ្ធិ​មិន​បាន​ប្រឆាំង​នឹង​ដីកា​របស់​តុលាការ​ទេ ហើយ​បាន​ប្រគល់​ត្រា​ជូន​តំណាង​អយ្យការ​តាម​សំណើរ​ដោយ​គ្មាន​បញ្ហា​អ្វី​កើត ​ឡើយ។
លោក​បាន​បញ្ជាក់​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​អនុវត្ត​ដីកា​សម្រេច​ការ​ពារ​របស់​តុលាការ​ នេះ គណបក្ស​នរោត្តម​រណ​ឫទ្ធិ​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ ស្អែក​នេះ។

នគរបាល​ជាតិ​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​សម្លាប់​មនុស្ស​យក​គ្រឿង​ក្នុង

មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៨ កក្កដា បដិសេធ​ចោល​ទាំង​ស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា មាន​ការ​សម្លាប់​មនុស្ស​យក​ក្រលៀន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​ការ​ភ័យ​ខ្លាច។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក គៀត ចន្ទ័ថារិទ្ធិ មាន​ប្រសាសន៍​ថា រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​មន្ត្រី​នគរបាល​ជាតិ បាន​ចាត់​តាំង​កម្លាំង​ស្រាវជ្រាវ​ករណី​ចចាមអារ៉ាម​និយាយ​ពី​ការ​សម្លាប់​ មនុស្ស​យក​ក្រលៀន។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា មាន​ករណី​សម្លាប់​មនុស្ស​យក​ក្រលៀន​នោះ​ទេ។
លោក​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តែ​តាម​ដាន​ស្វែងរក​ប្រភព​ពាក្យ​ចចាមអារ៉ាម​នេះ ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មាន​ការ​ភ័យ​ខ្លាច៖ «យើង ​មិន​មាន​រក​ឃើញ​សញ្ញា​ណា​មួយ​ដែល​ពាក់ព័ន្ធ​ថា​មាន​ករណី​ខ្វេះ​ក្រលៀន​កូន​ ក្មេង​ដូច​ពាក្យ​ចចាមអារ៉ាម​ហ្នឹង​ទេ​ស្រុក​យើង បាន​តាម​ដាន​ស្រាវជ្រាវ​រួច​ហើយ គ្មាន​ករណី​អីចឹង​ទេ សុំ​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ពាក្យ​ចចាមអារ៉ាម»
លោក គៀត ចន្ទ័ថារិទ្ធិ បន្ត​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​ចោរកម្ម ដែល​អាច​កើត​មាន​ពេល​ពលរដ្ឋ​ភ័យ​ខ្លាច។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​មិន​ទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ លាយលក្ខណ៍អក្សរ​ណា​មួយ ដើម្បី​អត្ថាធិប្បាយ​ករណី​នេះ​នៅ​ឡើយ​ទេ។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ករណី​ចចាមអារ៉ាម​វះ​ក្រលៀន​អាច​ជា​ទិដ្ឋភាព​បំពុល​នយោបាយ និង​ជំនឿ​គ្មាន​ហេតុផល។
លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​សារព័ត៌មាន ចេញ​សេចក្តី​ណែនាំ ជា​ពិសេស​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ហៅ​អ្នក​ដែល​និយាយ​ពាក្យ​វះ​ ក្រលៀន មក​សួរ​នាំ​រក​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់ ជៀសវាង​ការ​យល់​ច្រឡំ៖ «រឿង ​នេះ បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​កម្ពុជា បាត់​បង់​នូវ​សន្តិសុខ បើ​សិន​រដ្ឋាភិបាល​មិន​ទប់ស្កាត់​បញ្ហា​ហ្នឹង​ទេ បង្ហាញ​ពី​ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល»
លោក សុខ ទូច បន្ត​ថា រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​បញ្ហា​នេះ​ឡើយ ព្រោះ​វា​ជា​នយោបាយ​បំបះបំបោរ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក គៀត ចន្ទ័ថារិទ្ធិ មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​សំណើ​ទៅ​ថ្នាក់​ដឹកនាំ​នគរបាល​ជាតិ និង​ពិភាក្សា​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ លាង​ជម្រះ​ចចាមអារ៉ាម​នេះ ដើម្បី​ទប់ស្កាត់​អសន្តិសុខ​សង្គម។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១២។
ពាក្យ​ចចាមអារ៉ាម​វះ​យក​ក្រលៀន កើត​ឡើង​អស់​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ប្រទេស​ចិន ផ្សាយ​ថា​មាន​ករណី​ចិញ្ចឹម​កូន​ក្មេង​យក​ក្រលៀន ហើយ​សមត្ថកិច្ច​ចិន​ក៏​បាន​បំបែក​សម្បុក​ចោរ​ទាំង​នោះ​រួច​ហើយ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​រាជធានី​ភ្នំពេញ​ប្រារព្ធ​ខួប​ទី​២៥​នៃ​ស៊ីធីណេត ដោយ​ជិះ​កង់​ហែ​ជា​ក្បួន

សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ចូល​រួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បង្កើត​ស៊ីធីណេត (CITYNET) ដោយ​ជិះ​កង់​ហែ​ជា​ក្បួន​ក្នុង​រាជធានី​នេះ។
RFA/Mom Sophon
២៨-កក្កដា-២០១២៖ សកម្មភាព​អ្នក​ជិះ​កង់​ហែ​ជា​ក្បួន ដើម្បី​ប្រារព្ធ​ខួប​ទី​២៥ នៃ​ស៊ីធីណេត (CITYNET)។

ការ​ជិះ​កង់​ជា​ក្បួន​ពី​សំណាក់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ សិស្ស​និស្សិត និង​អ្នក​ស្ម័គ្រចិត្ត​ជិះ​កង់​សម្អាត​ក្រុង សរុប​ប្រមាណ​៣០០​នាក់​នោះ មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង ដោយ​ចេញ​ដំណើរ​ពី​សាលា​រាជធានី​ភ្នំពេញ កាត់​តាម​មហា​វិថី​នានា ឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ សួន​ច្បារ​សម្ដេច​សង្ឃរាជ ជួន ណាត ខាង​មុខ​ព្រះ​បរម​រាជវាំង និង​រមណីយដ្ឋាន​វត្ត​ភ្នំ។
អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ជំរុញ​អោយ​ពលរដ្ឋ​នៅ​ទីក្រុង ចាប់​ផ្ដើម​ងាក​មក​ជិះ​កង់ ដែល​ជា​ប្រភេទ​យាន​ជំនិះ​ងាយៗ ដើម្បី​ចូល​រួម​ក្នុង​ការ​សម្អាត​ទីក្រុង និង​ការ​រក្សា​បរិស្ថាន​ល្អ។
ថ្លែង​បើក​កម្ម​វិធី​ជិះ​កង់​នៅ​ថ្ងៃ​រំលឹក​ខួប​២៥​ឆ្នាំ នៃ​ការ​បង្កើត​បណ្ដាញ​ថ្នាក់​តំបន់​នៃ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ដើម្បី​ការ​គ្រប់គ្រង​ការ​តាំង​លំនៅឋាន​ក្នុង​ក្រុង នៅ​អាស៊ី​ប៉ាស៊ីហ្វិក ស៊ីធីណេត លោក កែប ជុតិមា បាន​អោយ​ដឹង​ថា ការ​ជិះ​កង់​គឺ​រក្សា​បាន​សុខភាព និង​ធ្វើ​បរិស្ថាន​បាន​ស្អាត ដែល​ពលរដ្ឋ​កម្ពុជា​គួរ​ចាប់​អារម្មណ៍​ជិះ​កង់​អោយ​បាន​កាន់​តែ​ច្រើន។
លោក កែប ជុតិមា៖ «នេះ​ជា​កីឡា​ប្រភេទ​ម្យ៉ាង ដែល​ផ្តល់​សុខមាលភាព​អោយ​យើង។ ហើយ​ការ​ជិះ​កង់​នេះ ក៏​ជា​ការ​រួម​ចំណែក​ដើម្បី​បណ្ដុះ​នូវ​គំនិត​មួយ ក្នុង​ការ​ប្រើប្រាស់​កង់​ក្នុង​រាជធានី​ភ្នំពេញ ដែល​យើង​ឃើញ​ថា មធ្យោបាយ​នានា​កាន់​តែ​ច្រើន​ទៅៗ ហើយ​កាន់​តែ​ស្មុគស្មាញ​ទៅៗ»
កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ ស៊ីធីណេត កាល​ពី​ឆ្នាំ​២០០២ គម្រោង​​ដែល​ជា​តម្រូវ​ចាំ​បាច់​សម្រាប់​ទីក្រុង​នេះ​គឺ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ សុខុមាលភាព​សាធារណៈ និង​អនាម័យ។
ប្រធាន​គម្រោង ចាំ​អង្កាល់ ឬlet's do it លោក ជី សីលា ដែល​បាន​ដឹកនាំ​អ្នក​រួម​ការងារ​ចូលរួម​ជិះ​កង់​មាន​ប្រសាសន៍​ថា បន្ថែម​ពី​លើ​ការ​ជិះ​កង់ ដើម្បី​ថែ​រក្សា​បរិស្ថាន ក្រុម​របស់​លោក​បាន​ចូល​រួម​សម្អាត​ទី​ក្រុង តាម​រយៈ​ការ​ជិះ​កង់​រើស​សំរាម នៅ​ចុង​សប្ដាហ៍។ លោក ជី សីលា សាទរ​ចំពោះ​ការ​ជំរុញ​អោយ​ពលរដ្ឋ​ងាក​មក​ជិះ​កង់​នៅ​ក្នុង​ក្រុង​នេះ។
លោក ជី សីលា៖ «អីចឹង ពួក​ខ្ញុំ​ជិះ​កង់​ហ្នឹង គឺ​ប្រាប់​ថា ពួក​ខ្ញុំ​ឈប់​ចោល​សំរាម អោយ​យើង​ទទួល​ខុស​ត្រូវ​លើ​សំរាម​ខ្លួន​ឯង។ យើង​គួរ​ធ្វើ​ការងារ​ហ្នឹង​អោយ​បាន​ច្រើន យើង​សង្ឃឹម​ថា ពលរដ្ឋ​យើង​ចាប់​ផ្ដើម​គិត​ពី​សុខភាព គិត​ពី​បរិស្ថាន​អីចឹង​ទៅ។ ជិះ​កង់​អោយ​បាន​កាន់​តែ​ច្រើន និយាយ​ទៅ​វា​ជួយ​ដល់​សេដ្ឋកិច្ច​យើង​ទៀត ព្រោះ​យើង​អត់​មាន​ចាយ​លុយ​ច្រើន​ទេ។ ក្រោយ​ទៀត​ទៅ​ប្រហែល​សាលា​ក្រុង ឬ​ខាង​រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​គិត​ដល់​សុវត្ថិភាព ប្រហែល​យើង​អាច​ធ្វើ​ផ្លូវ​ជិះ​កង់​ជាមួយ​ដើរ​ហ្នឹង អោយ​កាន់​តែ​ធំ អីចឹង​មនុស្ស​គាត់​ជិះ​តាម​អោយ​កាន់​តែ​ច្រើន ប្រជាជន​យើង​សុខភាព​កាន់​តែ​ល្អ»
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គិមអេង មាន​ប្រសាសន៍​ថា ដើម្បី​អោយ​ពលរដ្ឋ​កាន់​តែ​ច្រើន​ងាក​ទៅ​ប្រើ​ប្រាស់​យាន​ជំនិះ​ដែល​ងាយៗ និង​មាន​សារប្រយោជន៍​សម្រាប់​បរិស្ថាន សាលា​រាជធានី​ត្រូវ​គិតគូរ​គម្រោង​ប្លង់​មេ សម្រាប់​ទីក្រុង​ទាំង​មូល ដោយ​បង្កើត​អោយ​មាន​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ ការ​អប់រំ​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​ប្រើប្រាស់​យាន​យន្ត​ជាដើម។
លោក យ៉ង់ គិមអេង៖ «នៅ​តាម​បណ្ដា​ប្រទេស​អឺរ៉ុប មួយ​ចំនួន​ដែល​គេ​ធ្វើ​បាន គេ​មាន​បែង​ចែក​ផ្លូវ​សម្រាប់​កង់ ផ្លូវ​អី ត្រឹមត្រូវ​អីចឹង​ទៅ។ ហើយ​១​ទៀត គឺ​ត្រូវ​តែ​ចាប់​ផ្ដើម​ចលនា​អោយ​ប្រជាពលរដ្ឋ​ហ្នឹង ត្រូវ​តែ​ធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​អត់​ដែល​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​ជិះ​កង់​មក​ធ្វើ​ការ​ ទេ។ សូម្បី​តែ​ផ្ទះ​របស់​គាត់​នៅ​ជិត​ការិយាល័យ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ជិះ​ឡាន​ទំនើប ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ ដើម្បី​បង្ហាញ​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ក្នុង​នោះ​ដែរ​ក៏​ត្រូវ​អោយ​ចេះ​គោរព​សិទ្ធិ​អ្នក​ជិះ​កង់ អ្នក​ថ្មើរជើង​អី​ហ្នឹង»
នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ជិត​២លាន​នាក់ មាន​យាន​ជំនិះ​ដែល​ចុះ​បញ្ជី​ផ្លូវ​ការ គឺ​មាន​ចំនួន​ជិត​៧សែន​គ្រឿង (៦៧០.០៨១​គ្រឿង) ក្នុង​នោះ​ភាគ​ច្រើន​ជា​ម៉ូតូ។ ក្រៅ​ពី​នោះ​មាន​ពលរដ្ឋ​តិច​តួច​បំផុត​ដែល​ជិះ​កង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ថា​មាន​គេ​គំរាម

រយៈ​ពេល​តែ​ជាង​មួយ​សប្តាហ៍ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ម៉ម សូណង់​ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ ធិបតេយ្យ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​រង​ចាំ​ ជំនុំជម្រះ​ទោស​ពី​បទ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​ រដ្ឋាភិបាល លោក​ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​បាន​អះ​អាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ថា លោក​ត្រូវ​បានជន​មិន​ស្គាល់​មុខ​ផ្ញើ​សារ​គំរាម​តាម​ទូរសព្ទ​​ពី​ក្រៅ​ ប្រទេស។

នៅ​ក្នុង​អត្ថន័យ​តាម​ទូរសព្ទ​ជា​ភាសា​អង់គ្លេស​ចូល​ទៅ​កាន់​ទូរសព្ទ​លោក​ជា បំរ៉ុង​ដែលវីអូអេ​បាន​ទទួល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវ​ការណ៍​ថា៖

«លោក​ជា បំរ៉ុង ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​អ្នក​ត្រូវ​តែ​ដើរ​តាម​ផែន​ការណ៍​របស់​ខ្ញុំ​បើ​ មិន​ចង់​ឲ្យ​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​បិទ​ទ្វា»។

ខ្លឹម​សារ​ដដែល​នោះ​បាន​បញ្ជាក់​ថា៖

«លោក​នឹង​ដូច​លោក​ម៉ម សូណង់​ដូ។ ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ​ពី​ព្រោះ​ខ្ញុំ​បាន​ដឹង​ពី​បញ្ហា​សមាគម ក៏​ប៉ុន្តែ​ប្រសិន​ណា​បើ​អ្នក​ខ្លាច​អ្នក​គួរ​តែ​នៅ​ផ្ទះ​កុំ​ធ្វើ​អ្វី​ ទាំង​អស់​ជា​មួយ​សមាជិក​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​ទើប​អាច​ជួយ​លោក​ម៉ម សូណង់​ដូ​បាន»។​

លោក​ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​និយាយ​ថា ​លោក​បាន​ទទួល​សារ​នេះ​ពី​ជន​អនាមឹក​មួយ​រូប​ដែល​បាន​ផ្ញើរ​សារ​មក​ទូរសព្ទ​ របស់​លោក​មក​ពី​ក្រៅ​ប្រទេស​កាល​ពី​វេលា​ម៉ោង​១និង​១៨​នាទី​នៅ​រសៀល​ថ្ងៃ​ ពុធ​នេះ។

លោក​បាន​ចាត់​ទុក្ខ​ថា នេះ​គឺ​ជា​ការ​ផ្ញើ​សារ​គំរាម​កំហែង​មួយ​មក​លើ​រូប​លោក។ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការណ៍​ទៅ​កាន់​ សម្ថកិច្ច​នៅ​ឡើយទេ។​

«នេះ​ជា​ការ​ដូច​ថា ជា​ការ​គំរាម​ក៏​ថា បាន​ហើយ​ក៏​ជា​ការ​បំបែក​បំបាក់​កម្លាំង​សមាគម​ក៏​ថា​បាន»។

លោក​ឧត្តម​សេនីយ​ឯក​ ខៀវ សុភ័ក្រ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ពុំ​អាច​ស្នើ​សុំ​សេច​ក្តី​ អត្ថាធិប្បាយ​បំ​ភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ដោយ​ទូរសព្ទ​របស់​លោក ​កំពុង​ជាប់​រវល់។​

លោក​ជា​ បំរ៉ុង កន្លង​មក​លោក​បាន​ចេញ​មុខ​ធ្វើ​សន្និសីទព័ត៌មាន និង​ធ្វើ​យុទ្ឋនាការ​ប្រមូល​ស្នាម​ផ្តិត​មេដៃ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​
លោក​ម៉ម សូណង់​ដូ​ពី​មន្ទីរ​ឃុំ​ឃាំង​ព្រៃ​ស។

យុទ្ឋនាការណ៍​ប្រមូល​ស្នាម​ផ្តិត​មេដៃ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ហើយ​គ្រោង​នឹង​បញ្ចប់​ចុង​សប្តាហ៍​នេះ។​

លោក​ជា​ បំរ៉ុង​បាន​មាន​ប្រសាន៍​ថា រយៈ​ពេល​បួន​ថ្ងៃ​ដែល​សមាគម​របស់​លោក​បាន​ធ្វើ​យុទ្ឋនាការណ៍​ប្រមូល​ស្នាម​ ផ្តិត​មេដៃ​នេះ​យ៉ាង​តិច​មាន​ស្នាម​ផ្តិត​មេដៃ​ប្រមាណ​ជាង​មួយ​១ម៉ឺន​​ដែល​ ប្រជាពល​រដ្ឋ​បាន​ផ្តិត​មក​ពី​ខេត្ត​ក្រចេះ​ កំពង់​ចាម ព្រៃវែង ​ កណ្តាល និង​ ខេត្ត​តា​កែវ​ ហើយ​លោក​គ្រោង​នឹង​ដាក់​ញត្តិ​ដែល​មាន​ស្នាម​ផ្តិ​មេដៃ​ទាំង​នេះ​ទៅ​តុលាការ ​ក្រុង​ភ្នំពេញ​និង​ទៅ​កាន់​ស្ថានទូត​នានា​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​ លែង​លោក​ម៉ម សូណង់​ដូ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ មាន​ប្រសាសន៍​ថា ករណី​របស់​លោក​ម៉ម សូណង់ដូ​ គឺ​ជា​រឿង​តុលាការ ញត្តិ​នេះ​មិន​អាច​ជួយ​លោក​ម៉ម សូណង់​ដូ​បាន​ទេ​។​
«​ពី​ព្រោះ​រឿង​នេះ​ជា​រឿង​តុលាការ​មិន​មែន​ជា​រឿង​ឆន្ទៈ​ទេ។ ជា​រឿង​ច្បាប់។​មិន​មាន​ជា​សម្ភាធ​ណា​មួយ​ទៅ​បង្ខិត​បង្ខំ​ឬ​ដាក់​ផ្លួវ​ ចិត្ត​ដល់​តុលាការ​ក្នុង​ការ​វិនិច្ឆ័យ​ក្តី​ ខ្ញុំ​មិន​ជឿ​ថា​អញ្ចឹង​ទេ»។

លោក​ម៉ម សូណង់​ដូ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដិកា​បណ្តោះ​អាសន្ន​ឃុំ​ ខ្លួន​នៅ​ពន្ឋនាគារ​ព្រៃ​ស​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំៗ​ដែល​ រួម​មាន​ អ្នក​ផ្តួច​ផ្តើម​គំនិត​ប្រឆាំង​អ្នក​រាជ​ការ​សារធារណៈ​ ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ប្រឆាំង​ការ​បំពេញ​មុខ​ងារ​សារធារណៈ​របស់​ អាជ្ញាធរ​ ញុះញង់​ប្រ​ជា​ពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ខុស​ច្បាប់​ និង​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់៕​

ជនចែកចាយ គ្រឿងញៀន២នាក់ ម្នាក់ជាមន្រ្តីនគរបាល ត្រូវឃាត់ខ្លួន

ប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រុម​កីឡា​កម្ពុជា ​ដែល​ដឹក​នាំ​ដោយ​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ទៅ​ដល់​ទីក្រុង​ឡុងដ៍​ហើយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កីឡា​កម្ពុជា​បាន​ទៅ​ទស្សនកិច្ច​ដល់​កន្លែង​ ស្នាក់នៅ​របស់​ក្រុម​អត្តពលិក​កម្ពុជា​នៅក្នុង​ភូមិ​កីឡា​ក្បែរ​កន្លែង​ ប្រកួត។ ពិធី​បើក​សម្ពោធ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២​នេះ​នឹង​ត្រូវ​ ចាប់ផ្តើម​នៅ​ម៉ោង​៨និង៣០​នាទី ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស​ដែល​ត្រូវ​នឹង​ម៉ោង២​ភ្លឺ ​ថ្ងៃ​សៅរ៍​នៅ​ កម្ពុជា។

Saturday, July 28, 2012

សង្គម​ស៊ីវិល៖ អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ជា​សែស្រឡាយ​មន្ត្រី​ជាន់​ខ្ពស់​តែង​រួច​ទោស

សាច់​សាលោហិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​មើល​ឃើញ​ថា តែង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់ ទោះ​ជា​កូន​ក្មួយ​ទាំង​នោះ​ត្រូវ​គេ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​បាញ់​បោះ កាប់​ចាក់ និង​វាយ​ធ្វើ​បាប​ទៅ​លើ​ជន​ស្លូត​ត្រង់​ក៏​ដោយ។
YouTube
សកម្មភាព​លោក ប៊ុន សុខា ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​ពួក កំពុង​វាយ​ដំ​លើ​ជន​រងគ្រោះ នៅ​សណ្ឋាគារ​កោះកុង ស៊ីធី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២។

មិន​ត្រឹម​តែ​សាច់​សាលោហិត​របស់​លោក ហ៊ុន សែន នោះ​ទេ សូម្បី​តែ​ក្រុម​មនុស្ស​ហែហម​លោក ដែល​ភាសា​សាមញ្ញ​ហៅ​ថា​ពួក​អាចក់​អាចែម ក៏​បង្ក​ភាព​វឹកវរ​ដល់​សង្គម ដោយ​រួច​ទោស ឬ​ទទួល​ទោស​តិច​ជាង​កំហុស​ដែល​ប្រព្រឹត្ត​នោះ​ដែរ។
ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ច្បាប់​របស់​កម្ពុជា​មិន​ដែល​អនុគ្រោះ​ដល់​ជន​ល្មើស​ច្បាប់​ណា​មួយ​ឡើយ។
ករណី​ថ្មី​បំផុត​ទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ហើយ​រួច​ខ្លួន ឬ​មាន​ទោស​តិច​នៃ​អ្នក​ដែល​ជាប់​សែស្រឡាយ​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​រឿងរ៉ាវ​របស់​លោក ប៊ុន សុខា ដែល​ជា​ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​បក្ស​ពួក​ចំនួន​ពីរ​រូប​ទៀត។ ពួក​គេ​ប្រើ​អំពើ​ហិង្សា វាយ​ធ្វើ​បាប​ជន​ស្លូត​ត្រង់​ក្នុង​ខេត្ត​កោះកុង។ ទីបំផុត ជន​ល្មើស​ត្រូវ​តុលាការ​ដោះលែង​ដោយ​មាន​សេរីភាព។
ងាក​មក​ក្រុម​សាច់ញាតិ​លោក ហ៊ុន សែន វិញ គឺ​កាន់​តែ​មាន​អំណាច​លើស​លុប​ជាង​នេះ​ទៅ​ទៀត។
ក្រុម​ក្មួយ​ប្រុសៗ​របស់​លោក ហ៊ុន សែន មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា ជា​ក្រុម​មនុស្ស​ដែល​មាន​ទាំង​លុយ អំណាច ក្រុម​អ្នក​ហែហម​ដែល​អម​ដោយ​សព្វាវុធ និង​រថយន្ត​ទំនើបៗ​បំភ័យ​សង្គម​តាម​ចិត្ត។
គេហទំព័រ​ឈ្មោះ Topix Cambodia មួយ​បាន​ចងក្រង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន ដែល​ក្រុម​ក្មួយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំភិត​បំភ័យ និង​អុកឡុក​ប្រទេស តាម​រយៈ​ការ​បាញ់​បោះ ការ​បង្ក​របួស​ស្នាម​ដល់​ជន​ស៊ីវិល អ្នក​កាសែត ភ្ញៀវ​ទេសចរ និង​ការ​សម្លាប់​មនុស្ស​ដោយ​គ្មាន​ខ្លាច​រអា​នឹង​ច្បាប់​ប្រទេស​របស់​ខ្លួន។
គេហទំព័រ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រង្គសាល ក្លឹប​ខារ៉ាអូខេ និង​បន​ល្បែង​ស៊ី​សង​មួយ​ចំនួន ត្រូវ​បង់​ថ្លៃ​ការពារ ឬ​ចែក​ភាគ​ហ៊ុន​ខ្លះ​ដល់​ក្រុម​ក្មួយៗ​របស់​លោក ហ៊ុន សែន។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា លោក​តែង​ឭ​អំពី​បញ្ហា​បង​ធំ​បង​តូច​អុកឡុក​សង្គម ដែល​បង្ក​ឡើង​ដោយ​សែស្រឡាយ​របស់​លោក ហ៊ុន សែន ដែរ តែ​ក្រុម​របស់​លោក​នៅ​មិន​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង​អំពី​ជន​រងគ្រោះ ឬ​ទទួល​របាយការណ៍​ណា​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នោះ​នៅ​ឡើយ​ទេ។
លោក​បន្ត​ថា ជន​រងគ្រោះ​ដែល​រង​ការ​ធ្វើ​បាប និង​បំពារបំពាន​រូប​រាង​កាយ​ដោយ​ក្រុម​បង​ធំ​ទាំង​នេះ គួរ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ឬ​មួយ​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​មក​ក្រុម​សង្គម​ស៊ីវិល៖ «នេះ​ជា​ សមត្ថកិច្ច​របស់​អាជ្ញាធរ ហើយ​ក៏​ត្រូវ​មាន​ភាព​ក្លាហាន​ដែរ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​តាម​ វិជ្ជាជីវៈ​របស់​ខ្លួន ក្នុង​នាម​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ក៏​ដូច​ជា​ស្ថាប័ន​យុត្តិធម៌​ហ្នឹង មាន​ភាព​ក្លាហាន​ក្នុង​ការ​ការពារ​នូវ​អ្វី​ជា​សីលធម៌ វិជ្ជាជីវៈ​របស់​ខ្លួន បើ​ទោះ​បី​ជា​អ្នក​ប្រព្រឹត្ត​ហ្នឹង​ជា​ជន​ប្រភេទ​ណា​ក៏​ដោយ»
គេហទំព័រ​ឈ្មោះ Topix Cambodia បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០០៨ សរសេរ​ថា ក្រុម​ក្មួយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​ក្រុម​បង​ធំ​លេខ​មួយ​នៅ​ស្រុក​ខ្មែរ។
គេហទំព័រ​នេះ​បាន​ចង​ក្រង​សំណុំ​រឿង​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ ក្រុម​បង​ធំ​ទាំង​នោះ រួម​មាន​ករណី​លោក ហ៊ុន ជា កូន​ប្រុស​របស់​លោក ហ៊ុន សាន កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០០៨ វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ បាន​បើក​រថយន្ត​ម៉ាក Cadillac Escalade SUV ពណ៌​ខ្មៅ​ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បាន​បុក​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ ដែល​បណ្ដាល​ឲ្យ​បុរស​រូប​នោះ​ដាច់​ដៃ និង​ជើង​ខាង​ឆ្វេង​របស់​គាត់ នៅ​លើ​មហាវិថី​សុធារស។
នៅ​មុន​ថ្ងៃ​កើត​ហេតុ លោក ហ៊ុន ជា ក៏​បាន​បាញ់​ចំនួន ៧​គ្រាប់​ឡើង​ទៅ​លើ​ក្នុង​ក្លឹប​ខារ៉ាអូខេ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បាញ់​បី​គ្រាប់​ទៀត ដើម្បី​គំរាម​មន្ត្រី​ប៉ូលិស​មិន​ឲ្យ​ចូល​ទៅ​ជិត​កន្លែង​កើត​ហេតុ។
នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០០៨ នោះ​ដែរ ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត​ឈ្មោះ ហ៊ុន តូ ជា​កូន​ប្រុស​របស់​លោក ហ៊ុន នេង បាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​វាយ​ធ្វើ​បាប​តំណាង​រាស្ត្រ​ពី​ខាង​បក្ស ​ប្រឆាំង​ម្នាក់​ឈ្មោះ នួន វុទ្ធី និង​បាន​គំរាម​កំហែង​ទៅ​លើ​លោក យូ សារ៉ាវុទ្ធ អ្នក​កាសែត​ស្រឡាញ់​ខ្មែរ ដោយ​សារ​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា លោក ហ៊ុន តូ បាន​បំភិត​បំភ័យ​វាយ​ទាត់​ធាក់​ពលរដ្ឋ​សាមញ្ញ ឬ​តារា​សម្ដែង​ណា​ដែល​ហ៊ាន​មើល​មុខ​របស់​គាត់ ឬ​មិន​ធ្វើ​ទៅ​តាម​អ្វី​ដែល​គាត់​ចង់​បាន។
ផ្លាក​យីហោ​ត្រកូល ហ៊ុន ត្រូវ​បាន​គេ​ឆ្នៃ​យក​ទៅ​ប្រើប្រាស់ ដើម្បី​រំលេច​អោយ​កាន់​តែ​ច្បាស់​នូវ​ទំនាក់​ទំនង​ជាប់​សែស្រឡាយ​ជាមួយ​លោក ហ៊ុន សែន។ ក្មួយ​ទាំង​ឡាយ​របស់​លោក ដែល​ជា​កូន​របស់​ប្អូន​ស្រី​របស់​លោក គឺ​លោកស្រី ហ៊ុន ស៊ីណាត បាន​បន្ថែម​ពាក្យ ហ៊ុន ទៅ​លើ​ឈ្មោះ​កំណើត​របស់​ខ្លួន។
គេហទំព័រ Topic Cambodia ក៏​បាន​ចុះ​ផ្សាយ​ថា កូន​ប្រុស​របស់​លោកស្រី ហ៊ុន ស៊ីណាត ឈ្មោះ​លោក នឹម សុភា ហៅ ភា ហ៊ុន កាល​ពី​ឆ្នាំ​២០០៣ បាន​បើក​រថយន្ត​ប្រណាំង​គ្នា​ទាំង​ស្រវឹង ហើយ​ក៏​បាន​ទៅ​បុក​អ្នក​លក់​ដូង​ក្បែរ​ស្តាត​អូឡាំពិក។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា នឹម សុភា បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង ហើយ​ក៏​បាញ់​រះ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ក្បែរ​នោះ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​បួន​នាក់​ទៀត​របួស។
ចំណែក នឹម ចាន់ថាណា ហៅ ពៅ ហ៊ុន ជា​ប្អូន​ប្រុស​ពៅ​របស់ នឹម សុភា ធ្លាប់​បាន​ចាក់​ភ្ញៀវ​ទេសចរ​ជប៉ុន​ពីរ​នាក់​ដោយ​អំបែង​ដប​ទឹក​ម្ទេស និង​ដប​ទឹក​ស៊ីអ៊ីវ ឲ្យ​របួស​ធ្ងន់​ក្នុង​ទីក្រុង​ភ្នំពេញ។
រីឯ នឹម ពិសី ហៅ សី ហ៊ុន ដែល​ជា​បង​ប្រុស​ច្បង​របស់ នឹម សុភា និង​នឹម ចាន់ថាណា ឯ​ណោះ​វិញ​ធ្លាប់​បាន​បាញ់​ជាច្រើន​គ្រាប់​ក្នុង​ក្លឹប​រាត្រី​កណ្ដាល​ ទីក្រុង​ភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួស ហើយ​មួយ​សប្ដាហ៍​ក្រោយ​មក នឹម ពិសី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។
មជ្ឈដ្ឋាន​នានា​ឲ្យ​ដឹង​ថា ករណី​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ក្មួយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កើត​ឡើង​ច្រើន​ជាង​អ្វី​ដែល​មាន​ការ​ចង​ក្រង​ទុក​ក្នុង​គេហទំព័រ Topix Cambodia នេះ​ទៅ​ទៀត។
កាល​ពី​កំឡុង​ឆ្នាំ​២០០០ ទាំង នឹម ពិសី នឹម សុភា និង​នឹម ចាន់ថាណា តែង​បញ្ជា​ឲ្យ​មនុស្ស​ជំនិតៗ​របស់​ខ្លួន ចេញ​យក​ម៉ូតូ​ពី​សិស្ស​សាលា ដើម្បី​យក​ទៅ​ដាក់​បញ្ចាំ​យក​លុយ​លេង​ល្បែង ស៊ី​ផឹក និង​ប្រើប្រាស់​គ្រឿង​ញៀន ដោយ​យក​លេស​ថា “ខ្ចី​ជិះ​សិន”។ ក្រុម​បង​ធំ​ទាំង​បី​នាក់​នេះ ក៏​ត្រូវ​គេ​ដឹង​ផង​ដែរ​ថា តែង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ទំនើបៗ បាញ់​ពេញ​ទីក្រុង​ដោយ​គ្មាន​ញញើត។
រហូត​មក​ទល់​ពេល​ក្មួយៗ​របស់​លោក ហ៊ុន សែន មាន ហ៊ុន ជា នឹម ពិសី នឹម សុភា និង​នឹម ចាន់ថាណា ជាដើម​នោះ ត្រូវ​គេ​ដឹង​ថា​មាន​ភាគ​ហ៊ុន​នៅ​តាម​រង្គសាល ក្លឹប​រាត្រី ក្លឹប​ខារ៉ាអូខេ ក្លឹប​ឌីស្កូ ឬ​កាស៊ីណូ មួយ​ចំនួន ទាំង​ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត។
រីឯ​ក្មួយ​ច្បង​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត​ឈ្មោះ ហ៊ុន តូ នោះ​វិញ កាល​ពី​ខែ​មិថុនា ត្រូវ​បាន​កាសែត​អូស្ត្រាលី​មួយ​ឈ្មោះ The Age រាយការណ៍​ថា បាន​រក​ស៊ី​លាង​លុយ​កខ្វក់ និង​ជួញ​ដូរ​គ្រឿង​ញៀន​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា អូស្ត្រាលី។ ប៉ុន្តែ​លោក ហ៊ុន តូ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ក៏​មាន​គម្រោង​ប្ដឹង​កាសែត​នោះ​ផង​ដែរ។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កម្ពុជា​តែង​សម្រប​សម្រួល​ដល់​សែស្រឡាយ​នៃ​ថ្នាក់​ដឹកនាំ​ រដ្ឋាភិបាល ពី​បទ​បង្ក​របួស​ស្នាម ឬ​មនុស្ស​ឃាត​ដោយ​ចេតនា ទៅ​ជា​អចេតនា ឬ​ទៅ​ជា​ករណី​រដ្ឋប្បវេណី ដែល​ធ្វើ​ឲ្យ​ជន​ដៃ​ដល់​រួច​ខ្លួន​រហូត​មក​ទល់​សព្វ​ថ្ងៃ៖ «ពាក់ព័ន្ធ​ នឹង​កូន​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង យើង​ធ្លាប់​បាន​ទទួល​ករណី​ហ្នឹង​ពីរ​បី​ករណី​ដែរ ដូច​ជា​បាញ់​បោះ បង្ក​របួស​ស្នាម ក៏​ប៉ុន្តែ យើង​ឃើញ​ភាគ​ច្រើន​មាន​ការ​សម្រប​សម្រួល​ជា​សំណង​ខាង​ផ្នែក​រដ្ឋប្បវេណី ហើយ​អ្នក​ទាំង​អស់​ហ្នឹង​មិន​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ផ្ដន្ទាទោស​ណា​មួយ ​ទេ»
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន តូ និង​ហ៊ុន ជា ក្នុង​ចំណោម​ក្មួយៗ​ទាំង​ប្រាំ​នាក់ ដែល​បាន​ឈ្មោះ​ក្នុង​គេហទំព័រ Topix Cambodia នោះ​ដែរ តែ​ទូរស័ព្ទ​របស់​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​តំបន់​សេវា។
ជុំវិញ​បញ្ហា​នេះ មិន​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​អាច​ធ្វើ​ការ ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​បង្វែរ​ឲ្យ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ជា​អ្នក​ឆ្លើយ​អំពី​បញ្ហា​ នេះ៖ «សុំ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ទៅ»
ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា កម្ពុជា ជា​ប្រទេស​ប្រកាន់​ច្បាប់​ជា​ធំ ដូច្នេះ​គ្មាន​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​អាច​រួច​ទោស​នោះ​ឡើយ សូម្បី​កូន​មន្ត្រី​ជាន់​ខ្ពស់​ក៏​ដោយ។ ហើយ​ម្យ៉ាង​វិញ​ទៀត បញ្ហា​បង​តូច​បង​ធំ​ក្នុង​សង្គម​ខ្មែរ កាន់​តែ​សាប​រលាប​ផង​ដែរ តាម​រយៈ​វិធានការ​ហ្មត់ចត់​ដ៏​មាន​ប្រសិទ្ធភាព​របស់​មន្ត្រី​មាន​ សមត្ថកិច្ច។
លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទោះ​ជា​កម្ពុជា​មាន​បញ្ហា​មួយ​ចំនួន​ដែល​បាន​ដោះស្រាយ​ដោយ​ច្បាប់​ហើយ​ក៏​ ដោយ ក៏​គេ​សង្កេត​ឃើញ​ករណី​ឃាតកម្ម​នៅ​កម្ពុជា​មាន​កម្រិត​តិច​ជាង​ សហរដ្ឋអាមេរិក៖ «ក្រុម​ណា​មួយ​ដែល​ថា ឲ្យ​តែ​សាច់​ឈាម​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​ខុស​ទាំង​អស់ ដូច្នេះ​គឺ​វា​មិន​មែន​ការ​ពិត​ទេ។ ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា កម្ពុជា មិន​មាន​អ្នក​ណា​យក​កាំភ្លើង​ទៅ​បាញ់​កូន​ចៅ​ងាប់​អស់​បួន​ដប់​នាក់ ដូច​នៅ​សហរដ្ឋអាមេរិក​ទេ»
ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​លោក ផៃ ស៊ីផាន នេះ​ដែរ លោក គុជ ច័ន្ទលី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​រដ្ឋ Maryland ដែល​ជា​អ្នក​តាម​ដាន​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​នោះ មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ជឿន​លឿន​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​យុត្តិធម៌។ លោក​បញ្ជាក់​ថា លោក​កម្រ​ឃើញ​ជន​ល្មើស​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក អាច​រួច​ខ្លួន​ងាយ​ស្រួល​ដូច​នៅ​កម្ពុជា​នោះ​ទេ៖ «មាន​មន្ត្រី​ខ្លះ​នៅ​ ក្នុង​រដ្ឋាភិបាល​ប្រទេស​ខ្មែរ​យើង បាន​ឆ្លើយ​ការពារ​ដោយ​សេចក្ដី​ងងឹតងងុង ពីព្រោះ​នៅ​សហរដ្ឋអាមេរិក កាល​ណា​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ដូច​ជា​ការ​បាញ់​សម្លាប់​ជាដើម​នេះ រត់​មិន​រួច​ពី​សំណាញ់​យុត្តិធម៌ គេ​នឹង​រក​ឃើញ​ភ្លាម»
អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International ធ្លាប់​បាន​រាយការណ៍​ថា ការ​ជម្រះ​ក្តី​ជន​ប្រព្រឹត្ត​បទ​ល្មើស ដែល​ជា​ក្រុម​មន្ត្រី​មាន​អំណាច​ជិត​ស្និត ឬ​ជា​សាច់ញាតិ​របស់​ប្រមុខ​រដ្ឋាភិបាល តែង​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស និង​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ។
អង្គការ​នេះ​ក៏​បាន​ទាម​ទារ​ផង​ដែរ​ថា ការ​ជំនុំ​ជម្រះ​ដោយ​ចំហ និង​ជា​សាធារណៈ​ចំពោះ​មុខ​មហា​ជន​ទូទៅ គឺ​ជា​នីតិវិធី​មួយ​ដ៏​ចាំបាច់​បំផុត និង​ជា​មូលដ្ឋាន​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ធានា​ថា យុត្តិធម៌​ត្រូវ​បាន​រក​ឃើញ​ប្រកប​ដោយ​ការ​ជឿជាក់។ ហើយ​កត្តា​ទាំង​នេះ មាន​សារសំខាន់​ណាស់​ដើម្បី​ឲ្យ​ច្បាស់​ថា និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​នឹង​មិន​អាច​ផ្តល់​ឲ្យ​បាន​ទេ​ចំពោះ​ជន​ណា​ដែល​រំលោភ​ សិទ្ធិ​មនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រោះថ្នាក់ចរាចរ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់

www.dap-news.comសៀមរាម៖ រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនសៀមរាប អង្គរអ៊ិច ប្រេស មួយគ្រឿងបាន បុកម៉ូតូមួយ គ្រឿងបណ្តាលឲ្យ ស្រ្តីជាម្តាយម្នាក់ស្លាប់ និងនិងកូនប្រសាម្នាក់ រួមនិងចៅប្រុសស្រី២នាក់របួសធ្ងន់ ហើយត្រូវ បានគេបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តទាំងយប់ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងកើតប៉ុស្តិ៍កៀនសង្កែ ដែលស្ថិតក្នុងភូមជ្រៃត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា រងគ្រោះខាងលើមាន ១ឈ្មោះ លុយ បាត់ អាយុ៦៨ឆ្នាំ មុខរបរធ្វើស្រែ ជាម្តាយក្មេក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ,២ឈ្មោះ សៀត កាន អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាកូនប្រសាឈ្មោះ និងក្មេងប្រុសស្រី២នាក់ត្រូវជាកូនរបស់សៀត កាន ពុំត្រូវបានស្គាល់ឈ្មោះ។
ជនរងគ្រោះទាំងអស់រស់នៅក្នុងភូមិ-ឃុំ  កើតហេតុខាងលើ ជនរងគ្រោះបើកម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម  គ្មានស្លាកលេខ ។ ចំណែករថយន្តបង្ក ហេតុម៉ាក ហ្វ័ត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-1461 ផ្ទុកអ្នកដំណើរ ១៣ នាក់  ជារថយន្តរបស់ក្រុមហ៊ុន ដឹកអ្នកដំណើរ អង្គរអ៊ិចប្រេស  ហេតុការណ៍ខាងលើ មិនបណ្តាលឲ្យអ្នក ដំណើរនៅក្នុងរថយន្តរងរបួសដល់អាយុជីវិតឡើយ។ ក្រោយ កើតហេតុជនបង្កបានបើក រថយន្តទៅ ចតទុកចោលឆ្ងាយពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។
លោក ឈួយ ឈឿន មេប៉ុស្តិ៍កៀនសង្កែ បាននិយាយឲ្យដឹងថា មុនកើតហេតុរថយន្តដឹក អ្នកដំណើរពីភ្នំពេញ ទៅសៀមរាប និងម៉ូតូបើកស្របទិសគ្នា ពីកើតទៅលិចទាំងអស់គ្នា ដោយម៉ូតូបានបើកនៅពីមុខ រថយន្តហើយ បត់ទៅខាងឆ្វេងដៃចូលផ្ទះរបស់ខ្លួន ស្រាប់តែរថយន្តនោះ បើកក្នុងល្បឿនលឿន បានបុកម៉ូតូយ៉ាងពេញ ទំហឹងតែម្តង បណ្តាលឲ្យស្ត្រីជាម្តាយក្មេកអង្គុយពីក្រោយ ផ្លោងចេញពីម៉ូតូបោកទៅនឹងថ្នល់ស្លាប់ភ្លាម និងកូនប្រសា រួមជាមួយចៅប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់  ហើយត្រូវបានបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្ត។
បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើងហើយ គេបានឃើញនគរបាលចរាចរណ៍ស្រុក ចុះទៅធ្វើការវាស់វែង ហើយយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅកន្លែងដើម្បីដោះស្រាយនៅពេលក្រោយ។ ចំណែក សពជនរងគ្រោះត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(dapnews)
www.dap-news.com
www.dap-news.com

ផលិតកម្មសាន់ដេ ក្រុងពាលីថត ខ្សែភាពយន្តថ្មី រឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម"

www.dap-news.com 



















ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងសន្ធឹកសន្ធាប់ ក្នុងខែ្សភាពយន្តរឿង "ព្រាយដែកគោល" ផលិតកម្ម សាន់ដេ ចាប់ផ្តើមរៀបចំពិធីក្រុងពាលី ថតខ្សែភាពយន្តថ្មីមួយទៀតមានចំណងជើងថា " វិញ្ញាណបិសាចជញ្ជក់ ឈាម" ដែលពិធីនេះបានរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១២។
ពិធីក្រុពាលី ដែលប្រារព្ធឡើង នៅក្នុងផលិកម្មសាន់ដេ គេពិនិត្យឃើញវត្តមាន តារាល្បីចម្រៀងល្បីៗ របស់ ផលិតកម្មមួយនេះ ចូលរួមយ៉ាងច្រើនកុះករ ដើម្បីបានអុជធូប អុជទៀន ទទួលពរជ័យ សុំសេចក្តីសុខ ពីអារុកអារក្ស អ្នកតា ពីទេវតាគ្រប់ទិសទី តាមថែរក្សា ពេលតារាសម្តែងទាំងអស់ ចាប់ផ្តើមដំណើរការ ថតខ្សែភាពយន្ត បែបខ្មោចព្រាយនេះ។
រឿង "វិញ្ញាណបិសាចជញ្ជក់ឈាម" គឺជាប្រភេទខ្សែភាពយន្តថ្មីមួយទៀតរបស់ផលិតកម្មសាន់ដេ ដែលសាច់ រឿងពោរពេញ ទៅដោយអភិនិហា ភ័យរន្ធត់ តក់ស្លុត លាយឡំនឹងឈុតឆាក កំប្លុកកំប្លែង និងមានឈុត សេ្នហា មនោសញ្ចេតនា ហើយខ្សែភាពយន្តនេះត្រូវបានគេដឹងថា មានសកម្មភាពថតរហូតដល់ ទីក្រុងហុងកុង ប្រទេសចិនទៀតផង។
លោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រង ទូទៅក្នុងផលិតកម្មសាន់ដេ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលដឹងថា " ពីដំបូងផលិតកម្មយើងខ្ញុំ បានថតខ្សែភាពយន្តមួយមានចំណងជើងថា " អង្គុលីមាល" ហើយក្នុង រយៈកាលប៉ុន្មានឆ្នាំ ដែលយើងទទួលបានជោគជ័យបន្តបន្ទាប់នេះ យើងក៏បានថតខ្សែភាពយន្តមួយទៀត គឺ រឿង"ព្រាយដែកគោល" ក្នុងឆ្នាំ២០១១ ដោយយើងទទួលបានការគាំទ្រច្រើនខ្លាំងមែនទែន ពិសេសទូទាំង២៤ ខេត្ត-ក្រុង " ។
លោក ឡាយ សុខចំរើន ថ្លែងបន្តឲ្យដឹងទៀតថា " នៅពាក់កណ្តាលឆ្នាំ ២០១២នេះ យើងបានសម្រេចចិត្ត ផលិត ខ្សែភាពយន្ត ទី៣ មួយរឿងទៀត គឺរឿង"វិញ្ញាណបិសាចជញ្ជក់ឈាម" ។ សាច់រឿងថ្មីនេះពិតជាអាចធ្វើ  ឲ្យទស្សនិកជនចាប់អារម្មណ៍ ពេលផលិតកម្មយើងខ្ញុំចាប់ផ្តើមចាក់បញ្ចាំង ព្រោះសាច់រឿងនេះ បានសហការ ថតជាមួយតួសម្តែងចិន ក្រុងហុងកុង ដែលខ្សែភាពយន្ត កន្លងមកពុំធ្លាប់មាន និងគ្រោងចេញថតក្រៅប្រទេស ចំនួនពីរ គឺថៃ និងហុងកុង " ។
លោកបញ្ជាក់ទៀតថា " តួសម្តែងក្នុងរឿង នេះមានដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង សុខ ស្រីនាង លោក ឆាយវីរៈយុទ្ធ លោក កែវ វាសនា កញ្ញាផាន់ ម៉ូនីកា លោក អាន គុណកូឡា លោកប៊ុន សក្តិ កញ្ញា អ៊ីវ៉ា លោក សុខ រក្សា លោក មាស សាលី លោកហេង ពិទូ កញ្ញាគង់ ច័ន្ទស្រីមុំ និយាយទៅ គឺតារាចម្រៀងទាំងអស់ក្នុង ផលិតកម្មសាន់ដេ" ។
ទោះបីជាយ៉ាងណា ក្នុងខ្សែភាពយន្តរឿងថ្មី នេះគ្មានវត្តមានកញ្ញា សុខ ពិសី ជាតួឯកនោះទេ ត្រូវបានជំនួសមក វិញដោយអ្នកនាង សុខ ស្រីនាង ហើយត្រូវបានលោក ឡាយ សុខចំរើន អះអាងថា សុខ ពិសី ជាប់រវល់រៀន ជំនាញកែសម្ផស្ស ហើយអាចទុកតំណែងជាតួឯកនេះ ក្នុងរឿងទី៤បន្តទៀត។
ខ្សែភាពយន្តដែលពោរពេញទៅដោយភាពរន្ធត់ញាប់ញ័រនេះ គឺផលិតកម្ម ផលិតឡើងទៅតាម ចំណង់ចំណូល ចិត្តរបស់អ្នកទស្សនា ដែលក្នុងសង្គមខែ្មរបច្ចុប្បន្ន មានជំនឿទៅលើខ្មោចព្រាយ បិសាចជាប់រហូតមក និងជា ខ្សែភាពយន្តមានការលាយបញ្ចូលគ្នានូវទេសភាពប្លែកៗ រវាង ប្រទេសកម្ពុជា និងប្រទេសចិន ។
មូលហេតុដែលខ្សែភាពយន្តតម្រូវឲ្យមានទីតាំងថតរហូតដល់ទីក្រុងហុងកុង គឺត្រូវបានលោក ឡាយ សុខចំរើន អះអាងថា ធ្វើឡើងដើម្បីឲ្យមានលក្ខណៈប្លែកពីគេ ដោយសារ តែកន្លងមកផលិតកម្មសាន់ដេ បាននាំមកនូវ ភាពយន្តចិន ជាច្រើនរឿងកន្លងមកហើយ មកបញ្ចាំងក្នុងប្រទេសខ្មែរ ហើយខ្សែភាពយន្តខ្មែរ កន្លងមកមាន ថតតែនៅក្នុងស្រុក ខ្មែរយើងនេះទេ ដោយសារតែផលិតកម្មសាន់ដេ ចង់ផ្លាស់ប្តូរបទពិសោធន៍ រវាងតារាខ្មែរ និងតារាចិន ក្នុងន័យលើកស្ទួយភាពយន្តខ្មែរយើងផងដែរ នៅលើឆាកអន្តរជាតិ។
រឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម" សម្រាប់តំណែងតួឯកត្រូវបានគេដឹងថា គឺលោក ខេមរៈ សិរីមន្ត និងអ្នកនាង សុខ ស្រីនាង ហើយនឹងគ្រោងចេញថតនៅដើមខែសីហា និងត្រៀមចាក់បញ្ចាំង ក្នុងឱកាស ព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក ក្នុងអំឡុងខែវិច្ចិកា ចុងឆ្នាំ២០១២នេះ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗដែលអ្នកយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះទៅផ្តិតយក ដោយផ្ទាល់ ក្នុងកម្មវិធីក្រុងពាលី រឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម" ៖
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname