Tuesday, September 11, 2012

ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​គ្រោង​ចាប់​ផ្តើម​សង់​នៅ​ខែ​កញ្ញា​នេះ


120906_08
ទីតាំង​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​២៧១ និង​ផ្លូវ​មុនីរ៉េត ដែល​ត្រូវ​សង់​ស្ពាន​អាកាស​នា​ពេល​ខាង​មុខ​ ។ រូបថត ផា លីណា
ភ្នំពេញៈ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ដែល​មាន​រាង​ដូច​មេអំបៅ​ ដោយ​​គ្រោង​ចំណាយ​ថវិកា​ចំនួន​១៧​លាន​ដុល្លារ​នោះ គ្រោង​នឹង​បើក​ការ​ដ្ឋាន​សាង​​សង់​នៅ​ក្នុង​​ខែ​កញ្ញា​​នេះ​ហើយ​។
លោក ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ នឹង​ចាប់​ផ្តើម​បើក​ការ​ដ្ឋានសាង​សង់​នៅ​ដើម​ខែ​កញ្ញា​នេះ​ ដោយ​ពេល​នេះ​សាលា​រាជ​ធានី​ភ្នំពេញ​កំពុង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ផ្សេង​ៗ​ជា​ មួយ​ប្រជាជន​ដែល​មាន​លំនៅ​ដ្ឋាន​ប៉ះពាល់​ជាមួយ​នឹង​គម្រោង​នេះ​។ ​លោក​ប្រាប់​ទៀត​ថា លោក​មិន​ដឹង​ច្បាស់​ថា​មាន​​ប្រជា​ជន​ប៉ុន្មាន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយ​ សារ​គម្រោង​នេះ​នៅ​ឡើយ​ទេ​។
លោក​ថ្លែង​ថា​៖​«​ទឹក​ប្រាក់​ចំនួន​១៧​​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​គ្រោង​ចំណាយ​សម្រាប់​ការ​សាង​សង់​ស្ពាន​នេះ ​ជា​​ថវិកា​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ដែល​​​ទទួល​បាន​មក​ពី​ការ​ជួល​ដី​នៅ ​តំបន់​ជ្រោយចង្វារ​ឲ្យ​ក្រុម​ហ៊ុន OCIC»​។
យោង​តាម​របាយ​ការណ៍​របស់​ មន្រ្តី​ជំនាញ​ដែល​បាន​ចុះ​ពិនិត្យ​ដោះស្រាយ​ផល​ប៉ះពាល់​ជា​មួយ​ ប្រជាជន​នៅ​ទីតាំង​ដែល​ត្រូវ​សង់​ស្ពាន​ខាង​លើ​កាល​ពី​ព្រឹក​ថ្ងៃអង្គារ ទី​២៨ ខែ​សីហា​កន្លង​មក ​បាន​បង្ហាញ​ថា​ ទីតាំង​ស្ពាន​នេះ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​ខណ្ឌ​ចំនួន​បី​រួម​មាន​ខណ្ឌ​ចំការ​ មន​ខណ្ឌមានជ័យ និង​ខណ្ឌ​ទួលគោក​។​ ការ​សាង​សង់​ស្ពាន​នេះ​គ្រោង​ចំណាយ​ពេល​ចំនួន​២៦​ខែ​ គិតចាប់​ពី​ថ្ងៃ​បើក​ការ​ដ្ឋាន​រហូត​ដល់​បញ្ចប់​។​ គម្រោង​នេះ​បាន​កាត់​បន្ថយ​ផល​ប៉ះពាល់​លំនៅ​ដ្ឋាន​ប្រជា​ជន​ពី​ជាង​១០០​ គ្រួសារ​មក​នៅ​ត្រឹម​ចំនួន​៣៧​គ្រួសារ ប៉ះ​ដើម​ឈើ​ចំនួន​២៥​ដើម​ បង្គោល​អគ្គិសនី​ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ជាង​២០​ដើម​ ហើយ​មក​ដល់​ពេល​នេះ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជា​មួយ​ប្រជា​ពលរដ្ឋ សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ​។
លោក ម៉េង ​ចំរើន វិស្វករ​ទទួល​បន្ទុក​សាង​សង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​មក​ពី​ក្រុមហ៊ុន​ OCIC បាន​និយាយ​ថា តាម​រយៈ​ការ​ចុះ​ពិនិត្យ​ដោះ​ស្រាយ​ផល​ប៉ះពាល់​របស់​គម្រោង​នេះលោក​អភិបាល ​រាជ​ធានី​ភ្នំពេញ​ កែប ជុតិម៉ា មាន​បំណង​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​នេះ​នៅ​ក្នុង​ខែ​កញ្ញា​នេះ​ ព្រោះ​រហូត​មក​ដល់​ពេល​នេះ​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជា​មួយ​ប្រជាជន​ជិត បញ្ចប់​ហើយ​។ ​លោក​បន្ត​ថា​ គម្រោង​នេះ​ប៉ះពាល់​សំយ៉ាប​ផ្ទះ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ និង​ប៉ះ​ជញ្ជាំង​ផ្ទះ​ប្រជាជន​បួន​ខ្នង​ប៉ុណ្ណោះ ហើយ​ប្រជាជន​ភាគ​ច្រើន​រីក​រាយ​សហការ ជាមួយ​សាលា​រាជធានី​ និង​ក្រុម​ហ៊ុន​ដើម្បី​បើក​ដំណើរ​ការ​​សាង​សង់​ស្ពាន​អាកាស​នេះ​។
លោក​ បញ្ជាក់​ថា​៖​«​តាម​គំរូ​ប្លង់​ដែល​ក្រុម​ហ៊ុន​ដាក់​ជូន​សាលា​រាជធានី​ ភ្នំពេញ ការ​សង់​ស្ពាន​នេះ​​គ្រោង​បញ្ចប់​ក្នុង​រយៈ​ពេល​១៨​ខែ​ដោយ​ប្រើ​ប្រាស់​ វិស្វករ​ទាំង​ក្នុង​ប្រទេស​ និង​មកពី​ក្រៅ​ប្រទេស​»​។
នេះ​គឺ​ជា​ស្ពាន​ អាកាស​ទី៣​​ហើយ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ដែល​ស្ពាន​អាកាស​ទី១​ បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃទី​២៧ ខែ​ឧសភា​ ឆ្នាំ​​២០០៩​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នាថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១០ ដោយ​ចំណាយ​ថវិកា​ចំនួន​ជាង​​៦​លានដុល្លារ។
រីឯ​ស្ពាន​អាកាស​៧​មករា​ ដែល​នៅ​ជិត​ពេទ្យ​ព្រះកុសុមៈ​ បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពីថ្ងៃទី​២៩ ​ខែ​តុលា ឆ្នាំ២០១០ ហើយ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១២ ដោយ​ចំណាយ​ថវិកា​សាង​សង់​អស់​ចំនួន​​ជាង​៨,៧​លានដុល្លារ​អាមេរិក៕

Comments system

Disqus Shortname