រាជធានីភ្នំពេញ ៖ នាយសានម៉ៅ ក្នុងវ័យ៥៤ឆ្នាំ ជាអតីតតួល្ខោនបាសាក់ក្នុងអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥-១៩៨៦ ក្នុងក្រុមល្ខោនបាសាក់ភូមិចំពុះក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចហើយក្លាយជាតារាកំប្លែងជាមួយក្រុមនាយកុយ និងនាយក្រឹម ចាប់តាំងពីឆ្នាំ១៩៨៧-១៩៨៨ មក ។ នាយទទួលកេរ្តិ៍ឈ្មោះល្បីតាមរយៈសម្តែងជាមួយក្រុមនាយកុយ ក្នុងរឿងសេដ្ឋីអ៊ូរ៉ាន់។ ក្រោយមកនាយសម្តែងរឿងកំប្លែងជាច្រើនទៀតធ្វើឱ្យនាយមានកេរ្តិ៍ ឈ្មោះកាន់តែល្បីឡើង ។
ក្រោយពីមានកេរ្តិ៍ឈ្មោះល្បីនៅឆ្នាំ២០០២-២០០៣
នាយសានម៉ៅ បែកពីក្រុមនាយកុយ
ទៅបង្កើតក្រុមខ្លួនឯងមួយដោយសម្តែងជាមួយនាយសង់ស៊ីស
នាយសង់សេត នាយក្រួច នាយខ្ជឹប
និងតារាកំប្លែងមួយចំនួនទៀតប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។
ពេលនោះនាយសានម៉ៅ
ហាក់បីដូចជាធ្លាក់កូដស្ទើរតែបាត់កេរ្តិ៍ឈ្មោះទៅវិញ ។
រហូតមកដល់ចុងឆ្នាំ២០១១ ស្រាប់តែគេសង្កេតឃើញនាយសាន ម៉ៅ
ចូលរួមសម្តែងជាមួយក្រុមនាយកុយវិញរហូតដល់បច្ចុប្បន្ននេះ ។
ការចេញចូលក្នុងក្រុមនាយកុយនេះ នាយសាន
ម៉ៅឱ្យដឹងថា ពុំមានការអាក់អន់ស្រពន់ចិត្តអ្វីនឹងគ្នាទេ
គឺនាយចាកចេញពីក្រុមនាយកុយកាលនោះ
ដោយសារតែនាយឆ្លៀតពេលមិនរួចព្រោះកាន់កម្មវិធីដឹកនាំក្រុម
កំប្លែងមួយក្រុមប្រចាំស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ។
នាយសានម៉ៅ ឱ្យដឹងថា ក្នុងឆ្នាំ២០១២
ក្រោយពីចូលរួមសម្តែងជាមួយក្រុមនាយកុយវិញ
រាសីរបស់នាយហាក់បីដូចជាឡើងខ្លាំងគ្រាន់បើ
គឺក្រៅពីសម្តែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍
ស៊ីធីអ៊ិន បាយ័ន រាល់សប្តាហ៍
ពីមួយថ្ងៃទៅមួយថ្ងៃនាយចេញសម្តែងនៅតាមបណ្តាខេត្ត-ក្រុង
ស្ទើរគ្មានពេលសម្រាក ។
ជាពិសេសនោះរាល់ថ្ងៃនាយចេញច្រៀងកាត់សក់ក្នុងពិធីមង្គលការក្នុង
១ថ្ងៃពី២ទៅ៤រោងឯណោះ។ ជាក់ស្តែងកាលពីថ្ងៃទី២២ មេសា ២០១២
នាយកាត់សក់ក្នុងពិធីមង្គលការរហូតដល់៤រោង ឯណោះ ។
លុះដល់ពេលល្ងាចនាយចេញទៅសម្តែងកំប្លែងនៅ
ឯខេត្តកំពង់ចាមទៀត។ នាយសានម៉ៅ រៀបការនៅឆ្នាំ១៩៨១
និងមានកូនប្រុសស្រី៥នាក់ គឺប្រុស២នាក់ ស្រី៣នាក់
និងមានចៅចំនួន៤នាក់ ។ នាយសានម៉ៅ
សព្វថ្ងៃនេះជាពិធីករជាមួយនាងប៉ុបពី
ក្នុងកម្មវិធី«ដើមភូមិចុងភូមិ»
របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ៕