ខេត្តពោធិ៍សាត់ ៖
ក្នុងរយៈពេលពីរថ្ងៃដែលមានភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តពោធិ៍
សាត់ មានករណីរន្ទះបាញ់ស្លាប់មនុស្សចំនួន២នាក់ របួស២នាក់
និងងាប់ក្របី១ក្បាល ។
មន្ត្រីប៉ូលិសមូលដ្ឋានឱ្យដឹងថា
កាលពីល្ងាចថ្ងៃទី២៧ មេសា ២០១២ នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្តោល
ស្រុកបាកាន រន្ទះបានបាញ់សម្លាប់មនុស្សម្នាក់ឈ្មោះឆោម វុធ
ភេទប្រុស អាយុ២៨ឆ្នាំ
ខណៈកំពុងដើរលើខ្នងប្រឡាយពេលមេឃកំពុងភ្លៀង ។
ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ។
នៅល្ងាចថ្ងៃដដែលក្របីឈ្មោលមួយក្បាលក៏ត្រូវរន្ទះបាញ់ងាប់នៅ
ភូមិឆ្លងកាត់សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
ចំណែកមនុស្ស២នាក់ទៀតរងរបួសធ្ងន់
ខណៈកំពុងអង្គុយជ្រកភ្លៀងក្រោមផ្ទះត្រូវរន្ទះបាញ់ ។
ដោយឡែកនៅល្ងាចថ្ងៃទី២៨ មេសា ២០១២
នារីម្នាក់ទៀតក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ ខណៈកំពុងឃ្វាលក្របី
ជ្រកភ្លៀងក្រោមដើមឈើ។ នារីរងគ្រោះឈ្មោះម៉ាក់ ធឿន
អាយុ២២ឆ្នាំនៅភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន។