Wednesday, April 25, 2012

ក្រុមហ៊ុនអូស្រ្តាលី ចាប់អារម្មណ៍ វិនិយោគដំណាំម្រុំ

ភ្នំពេញៈ ម្រុំជាដំណាំធម្មជាតិម្យ៉ាង ដែលប្រជាជន កម្ពុជានិយមយកមកធ្វើជាបន្លែសម្លកកូរនោះ បច្ចុប្បន្នត្រូវ បានក្រុមហ៊ុនអូស្ត្រាលីមួយចាប់អារម្មណ៍ វិនិយោគដំណាំនេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដោយសហការ ជាមួយក្រុមហ៊ុនពីរទៀត គឺក្រុមហ៊ុនខ្មែរ Prominence Investment Enterprise LTD និងក្រុមហ៊ុនថៃ panpee Group ។
ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ មួយ
ផលិតផលមួយ លោក សេរី កុសល បានផ្តល់បទសម្ភាសដល់អ្នកកាសែតបន្ទាប់ពីជំនួបរវាងនាយកក្រុម ហ៊ុនអូស្រ្តាលី Burman Bioenergy លោក Neville Burman និងក្រុមហ៊ុនពីរខាងលើថា មូលហេតុ ដែលក្រុម ហ៊ុនបរទេសធំៗ ចូលមកវិនិយោគដំណាំបន្លែម្រុំនៅកម្ពុជា ដោយសារអ្នកវិនិយោគទាំងនោះ មើលឃើញស្ថិរ ភាពនយោបាយ និងមុខមាត់ថ្មី ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០១២នេះ។
លោកមានប្រសាសន៍បន្តថា «ខ្ញុំចាត់ទុកថា នេះជាលើកទី១ហើយ ដែលប្រទេសកម្ពុជាយើងយកចិត្តទុកដាក់ ចាប់អារម្មណ៍ អំពីដើមម្រុំនេះ នៅក្នុងទ្រង់ទ្រាយធំដោយការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត មានទស្សនៈវែងឆ្ងាយ»។
លោក សេរី កុសល បានថ្លែងបន្តថា ក្រៅពីដំណាំកៅស៊ូ និងស្រូវដែលកម្ពុជាបានរកទីផ្សារជូនប្រជាពលរដ្ឋក្នុង ការនាំចេញ ឥឡូវនេះកម្ពុជាមានដំណាំថ្មីមួយទៀត ដែលប្រជាជនខ្មែរ ធ្លាប់តែយកមកស្លកកូរ និងជាបន្លែ ដែល នាយករដ្ឋមន្រ្តីខ្មែរចូលចិត្តផងនោះ នឹងក្លាយជាដំណាំមានតម្លៃខ្ពស់ផ្នែកឧស្សាហកម្ម។
នាយកក្រុមហ៊ុនអូស្រ្តាលី Burman Bioenergy លោក Neville Burman បញ្ជាក់ថា គោលបំណង នៃការមក កម្ពុជាពេលនេះ ដើម្បីពិភាក្សាជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគនូវគម្រោងការជាច្រើន ជា ពិសេសគម្រោងការដាំដើមម្រុំ ដែលមានផលប្រយោជន៍ជាច្រើន តាំងពីដើមស្លឹករហូតដល់ផ្លែនិងគ្រាប់របស់វា។
លោកបានរៀបរាប់ពីផលប្រយោជន៍ នៃបន្លែម្រុំថា វាជារុក្ខជាតិមានវីតាមីនច្រើនមុខ ដើម្បីទ្រទ្រង់រាងកាយ ប្រឆាំង ជំងឺបានច្រើនប្រភេទ ផ្លែវាអាចធ្វើជាម្ហូប និងចំណីហិរបាន ហើយគ្រាប់វាអាចផលិតជាប្រេងលាយក្នុង ឡេលាបស្បែកធ្វើឱ្យស្បែកភ្លឺរលោង និងធ្វើជាប្រេងរំអិលដាក់ក្នុងសម្ភារៈប្រើប្រាស់មានគុណភាពខ្ពស់ និងអាច ផលិតជាវត្ថុធាតុដើមបានច្រើនមុខទៀត នៅក្នុងវិស័យឧស្សាហកម្ម និយាយជារួម សូម្បីកាកសំណល់ចម្រាញ់ រួចក៏មានប្រយោជន៍ដែរ។
លោក Neville Burman បានប្រាប់មូលហេតុដែលលោកសម្រេចចិត្តវិនិយោគដំណាំម្រុំនៅក្នុងប្រទេសកម្ពុជាថា «ខ្ញុំបានដឹងពីព័ត៌មានល្អពីប្រទេសកម្ពុជា ដោយដីសម្រាប់កសិកម្មមានជីវជាតិល្អ និងមានការងាយស្រួលក្នុងការ ធ្វើឧស្សាហកម្ម »៕
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname