Wednesday, April 25, 2012

ទំហំ​ពាណិជ្ជកម្ម​សរុប​ត្រី​មាស​ទី១ បាន​កើន​ឡើង​១៨​ភាគរយ

120425_11ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​នៅ​ត្រីមាស​ទី១​ កើន​ឡើង​ជាង​១៨​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​។
មន្ត្រី​និយាយ​ថា កំណើន​នៃការ​វិនិយោគ និង​តម្រូវ​ការ​ក្នុង​ស្រុក​ បាន​ជំរុញ​ឲ្យ​ការ​នាំចេញ និង​ការ​នាំ​ចូល​បន្ត​កើន​ឡើង។

តួលេខ​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​នៅ​ត្រីមាស​ទី១​នេះ​មាន​ប្រមាណ​ ៣ ១៨៩,៦៨​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង​១៨,៩៥​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១១​ដែល​មាន​ប្រមាណ​២ ៦៨១,៤១​លាន​ដុល្លារ។
លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថ្លែង​ថា បច្ចុប្បន្ន​នេះ​សកម្មភាព​វិនិយោគ និង​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​កំពុង​មាន​ការ​រីកចម្រើន​ដែល ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង។ លោក​បន្ត​ថា៖ «យើង​មាន​សេដ្ឋកិច្ច​បើក​ចំហ ដូច្នេះ​យើង​ទទួល​បាន​ការ​វិនិយោគ ច្រើន​ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​នាំចេញ និង​នាំចូល​មាន​ការ​កើន​ឡើង​ដែរ»។
លោក​អះអាង​ថា កំណើន​នៃ​ការ​នាំចូល​ច្រើន​ជាង​នាំចេញ​មិន​មែន​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ សេដ្ឋកិច្ច​​រយៈ​ពេល​យូរ​ទេ​។ លោក​បាន​បន្ត​ថា៖ «វា​នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​យើង ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង បើ​យើង​ទុក​វា​ឲ្យ​នៅ​រ៉ាំរ៉ៃយូរ នោះ​វា​មិនមែន​ជា​រឿង​ល្អ​សម្រាប់​យើង​ឡើយ»។ ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវ​ការ​នាំ​ចូល​សម្ភារ និង​គ្រឿង​អេឡិច​ត្រូនិក​ផ្សេង​ៗ​ដើម្បី​បំពេញ​ប្រតិបត្តិការ ផលិតកម្ម។
តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា សកម្មភាព​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​រយៈ​ពេល​៣​ខែ​នេះ មាន​ទឹក​ប្រាក់​ប្រមាណ​ ១ ៣៥៧,៩៣ ​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង​១៩,៩៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​មាន​ប្រមាណ​ ១ ១​៣១,៨២​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​កើន​​ប្រមាណ១៨,២០​ភាគរយ គឺ​ពី​១ ៥៤៩,៥៩​លាន​ដុល្លារ​ ទៅ​ដល់១ ៨៣១,៧៥​លាន​ដុល្លារ។
លោក ម៉ី កល្យាណ បាន​ឲ្យ​ដឹង​ថា​ ការ​ធូរស្បើយ​នៃ​វិបត្តិ​នៅ​អឺរ៉ុប និង​អាមេរិក​នឹង​ជួយ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​បន្ត​កើន​ឡើង​ទៀត​នៅ​ ឆ្នាំ​នេះ។ លោក​ថ្លែងថា៖ «​តាម​ខ្ញុំ​ដឹង​ឥឡូវ​នេះ​សេដ្ឋកិច្ច​អាមេរិក​​បាន​ងើប​ឡើង​វិញ​ហើយ ចំណែក​គ្រោះថ្នាក់​ធំៗ​នៅ​អឺរ៉ុប​ក៏​បាន​ដោះស្រាយ​រួច​ហើយ​ដែរ ដូច្នេះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​កម្ពុជា​នឹង​មាន​កំណើន​ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ»។ ទោះបីយ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​រក​ទីផ្សារ​ឲ្យ​បាន​ច្រើន​ ដូច​ជា​ ទីផ្សារ​ក្នុង​តំបន់​ និង​ចិន​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន។
ការ​នំាចេញ​សំខាន់​របស់​កម្ពុជា​រួម​មាន​ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ កៅស៊ូ និង​អង្ករ ចំណែក​ការ​នាំចូល​ភាគច្រើន ប្រេង​ឥន្ធនៈ វត្ថុធាតុ​ដើម​កាត់​ដេរ និង​គ្រឿង​សំណង់។
លោក ងួន ​ម៉េងតិច ​អគ្គ​នាយក​សភាពាណិជ្ជ​កម្ម​កម្ពុជា​ថ្លែងថា ​តាម​រយៈ​កំណើន​នេះ​នឹង​ជំរុញ​ឲ្យ​​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​កើន​ក្នុង ​រង្វង់​៧​ភាគរយ។ ​លោក​ថ្លែង​ថា ការ​នាំ​ចូល​មាន​សន្ទុះ​ខ្លាំង​ជាង​ការ​​​នំាចេញ ដោយ​សារ​តែ​ឥឡូវ​នេះ​កម្ពុជា​ត្រូវ​ការ​នាំ​ចូល​ដើម្បី​បំពេញ​ក្នុង​ស្រុក​ ដូច​ជា​ ស៊ីម៉ងត៍​សម្រាប់​វិស័យ​សំណង់​ជាដើម។
​លោក​បន្ត​ថា៖ «​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចេញ​អង្ករ​ដែល​ជា​មុខ​ព្រួញ​ មួយ​បន្ថែម​ទៀត​បន្ទាប់​ពី​ផលិត​ផល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ ហើយ​ក៏​មាន​កៅ​ស៊ូ​ផង​ដែរ»។
តួលេខ​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ឆ្នាំ​២០១១​ មាន​ជាង​១១​ពាន់​លាន​ដុល្លារ៕

Comments system

Disqus Shortname