Monday, April 16, 2012

យាម​ផ្ទះ​ឲ្យ​គេ ដេកស្លាប់​ពុំ​ដឹង​មូលហេតុ​

ភ្នំពេញ: ​បុរស​ម្នាក់​ ក្នុងចំណោម​គ្នីគ្នា ​២ ​នាក់ ​ដែល​ស៊ីឈ្នួល​យាម​ផ្ទះ​ឲ្យ​គេ បាន​ដេកស្លាប់​លើ​គ្រែ​ក្នុង​ហាង​លក់​គ្រឿង​សង្ហា​រឹម​ យីហោ សៀង ហេង មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៧៤ ផ្លូវ​២៧១ ក្រុម​៧ ភូមិ​៣ ក្នុងសង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជិតគល់ស្ពានស្ទឹងមាន​ជ័យ ហើយ​ត្រូវបាន​គេ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង ​២ និង ៣០ នាទី ​រសៀល​ថ្ងៃទី​១៥​មេសា ឆ្នាំ​២០១២​។​

​ប៉ូលិស​មូលដ្ឋាន​ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ​ឡាង កុយ ភេទ​ប្រុស អាយុ​ ៣២​ឆ្នាំ ជា​កម្មករ​ធ្វើ​តុ ទូ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។ ម្ចាស់​ហាងសិប្ប​កម្ម​ ឈ្មោះ ​កុសល ភេទ​ប្រុស អាយុ​ ៥០​ឆ្នាំ​។​


​ ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១២​មេសា ឆ្នាំ​២០១២ លោក​កុសល បាន​នាំ​ក្រុមគ្រួសារ​ទៅលេង​ខេត្តសៀមរាប ហើយ​ជួល​បុរស ​២​នាក់​ ឲ្យ​យាម​ផ្ទះ គឺ​ឈ្មោះ​ ឡេង កុយ និង​ឈ្មោះ​ វ៉ាន ម៉ៅ ក្នុង​ម្នាក់ៗ ​២០​ម៉ឺន​រៀល​។​

​រហូតដល់​ម៉ោង​ ២​ និង ៣០ នាទី​រសៀល ​ថ្ងៃទី​១៥​មេសា លោក ​កុសល បាន​វិលត្រឡប់​មកដល់​ផ្ទះ​វិញ ស្រែកហៅ​អ្នកយាម​ទាំង​ ២​នាក់ ​មិនឮ ក៏​ចាក់សោ​ទ្វារផ្ទះ​ឃើញ​ជន​រង​គ្រោះ​​ ឡាង កុយ ដេកស្លាប់ និង​ម្នាក់ទៀត​ដេកលក់​។ បន្ទាប់ពី​ពិនិត្យសាក​សព ប៉ូលិស​បញ្ជាក់ថា ស្លាប់​ដោយសារ​គាំងបេះដូង ហើយ​ប្រគល់​សព​ ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​ ​នៅ​ស្រុកកំណើត​ នា​ខេត្តកំពង់ចាម​៕

Comments system

Disqus Shortname