Monday, April 16, 2012

ផ្សារភាគហ៊ុន បើកការជួញដូរ លើកដំបូង នៅព្រឹកថ្ងៃទី១៨មេសា

ភ្នំពេញ: ពិធី​ប្រកាស​បើក​ការជួញដូរ​មូលបត្រ នៅក្នុង​ក្រុមហ៊ុន ផ្សារ​មូលបត្រ​កម្ពុជា ឬ​ហៅ​ថា ការបើក​ជា​ផ្លូវការ​នូវ​ការរកស៊ី​ផ្សារ​ហ៊ុន នឹង​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៨​មេសា ឆ្នាំ​២០១២ នៅ​វិមាន​កាណាឌីយ៉ា ជាន់​ទី​២៧ ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​។ មូលប​ត្រ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ជួញដូរ គឺ​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត ក្រុងភ្នំពេញ (PPWSA)​។​

​តាម​ កម្មវិធី ពិធី​ប្រកាស​បើក​ការជួញដូរ​មូលបត្រ នៅ
ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នឹង​ធ្វើឡើង​នៅ​ព្រឹក​ម៉ោង ៩ និង ៥ នាទី ដោយមាន​សារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​គោះ​ជួង ប្រកាស​បើក​វគ្គ​ជួញដូរ​មូលបត្រ ទី​១ នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​។​

​បន្ទាប់មក នឹង​មាន​មតិ​ស្វាគមន៍​របស់​លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប អគ្គលេខាធិការរង​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​។ ក្នុងនោះ ក៏​មាន​មតិ​អបអរសាទ​របស់​លោក Yoo Jae Hoon ស្នងការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​សេវាកម្ម​ហិរញ្ញវត្ថុ​នៃ​សាធារណៈរដ្ឋ​ កូរ៉េ ( កូរ៉េខាងត្បូង )​។ ក្រៅពីនោះ ក៏​មាន​មតិ​អបអរសាទរ​របស់​លោក KIM Bong Soo ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រកូ​រ៉េ​។​

​តាម ​កម្មវិធី ដែល​បាន​ព្រាងទុក លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក៏​នឹង​មាន​មតិ​អន្តរាគមន៍ ព្រមទាំង​ប្រគល់​វិញ្ញ​បន​ប​ត្រ​ចុះបញ្ជី​មូលបត្រ​។ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ក៏​នឹង​គោះ​ជួង​បិទ​វគ្គ​ជួញដូរ​វគ្គ​ទីមួយ នៅ​ម៉ោង ១០ និង ១៥ នាទី​ផងដែរ​។​

​ក្រៅ​ពី​ពិធី​ប្រកាស​បើក​ការជួញដូរ​មូលបត្រ នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៨​មេសា ឆ្នាំ​២០១២ ក៏​មាន​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ដែល​ធ្វើឡើង​ដោយ​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ជូន​ដល់​មន្ត្រី​កម្ពុជា និង​កូរ៉េ ដែល​បាន​ជ្រុំ​ជ្រែង បង្កើត​ផ្សារ​ហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ជា​ការកត់សម្គាល់ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ឬ​អាច​ហៅ​ខ្លី​ថា ផ្សារ​មូលបត្រ​កម្ពុជា ( Cambodia Securities Exchange ) ដែល​មាន​អក្សរ​កាត់​ថា CSX គឺជា​ផ្សារ​មូល​ប​ត្រ​ទី​១ ដំបូង​គេ​បង្អស់​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

​ក្រុមហ៊ុន ផ្សារ​មូលបត្រ​កម្ពុជា គឺជា​សហគ្រាស​សាធារណៈ ដែល​ភាគហ៊ុន​របស់​រដ្ឋ​ចំនួន​ភាគច្រើន (៥៥%) និង​ត្រូវ​បង្កើតឡើង​ដើម្បី​រៀបចំ និង​ដាក់អោយ​ដំណើរការ​ទីផ្សារ​មូលបត្រ​ដំបូង​នៅ​កម្ពុជា​។ ផ្សារ​មូលបត្រ​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់​អោយ​ដំណើរការ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕​

Comments system

Disqus Shortname