Sunday, April 29, 2012

អ្នក​លេង​ក្បាច់​បុរាណ​ខ្មែរ​បី​រូប​ធ្វើ​ដំណើរ​ទៅ​ជួប​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ខេត្ត​ព្រះសីហនុ

អ្នក​អភិរក្ស​ក្បាច់​បុរាណ​ខ្មែរ​ចំនួន​៣​រូប​មាន​ខ្លា​ចាស់ អូត ភូថង ជ័យ កុសល និង​កូន​នាគ​ជំនាញ​ប្រើ​ក្បាច់​កែង វង្ស ណយ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន តាម​រយៈ​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មក​ពី​ប្រទេស រុស្ស៊ី បារាំង
និង​ថៃ នៅ​លើ​សង្វៀន​ក្នុង​សួន​ច្បារ ខាង​មុខ​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ទៅ​តាម​ការ​រៀប​ចំ​របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥។
សម្រាប់​ការ​ប្រកួត ដែល​គេ​រំពឹង​ថា នឹង​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ ចូល​រួម​ទស្សនា​ភ្លូក​ទឹក​ភ្លូក​ដី​នោះ  គឺ​មាន​ការ​ប្រកួត​រហូត​ដល់​ទៅ​៦​គូ​ឯ​ណោះ ដោយ​ក្នុង​នោះ​មាន​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​ចំនួន​៣​គូ ហើយ​ការ​ប្រកួត​នឹង​ចាប់​ដំណើរ​ការ​ពី​ម៉ោង​៤​រសៀល​នា​ថ្ងៃ​ស្អែក​នេះ។
អ្នក​ជំនាញ​ប្រើ​ក្បាច់​កែង វង្ស ណយ ដែល​ទើប​ទទួល​ជ័យជម្នះ​លើ​កីឡាករ ឯម វុត្ថា នា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​របស់​ខ្លួន​នោះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ជនជាតិ​រុស្ស៊ី Lemonn ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ​ក្រាម គឺ​បន្ទាប់​ពី​ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុង​ស្រុក ព្រំ សំណាង ជា​មួយ សូយ វិរៈ និង សៅ ប៊ុននឿន ជា​មួយ ផាវ ភឿត ហើយ​អ្នក​ប្រដាល់​រុស្ស៊ី​ម្នាក់​នេះ ធ្លាប់​ប្រកួត​បាន​ចំនួន​៣៥​ដង ឈ្នះ​២៥ ចាញ់​៤ ស្មើ​៦ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​នៅ​លើ​សង្វៀន​១០​ដង។
ចំណែក​អ្នក​លេង​កណ្តាប់​ដៃ ជ័យ កុសល ក៏​នឹង​ត្រូវ​បង្ហាញ​សមត្ថភាព​ពិត​របស់​ខ្លួន នៅ​ក្នុង​ឱកាស​នោះ​ដែរ ដោយ​រូប​គេត្រូវ​ជួប​អ្នក​ប្រដាល់​ជន​ជាតិ​បារាំង Allex ។
Allex ធ្លាប់​ប្រកួត​បាន​ចំនួន​៦២​ដង ឈ្នះ​៤០​ដង ចាញ់​១០ ស្មើ​១២ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​១៥​ដង ហើយ​ស្ថិតិ​នេះ វា​តិច​ជាង ជ័យ កុសល ឆ្ងាយ​ណាស់ ព្រោះ កុសល ធ្លាប់​ប្រកួត​បាន​ជិត​២០០​ដង​ទៅ​ហើយ។ ប៉ុន្តែ​ភាព​វ័យ​ចំណាស់​ ឆាប់​ធ្លាក់​កម្លាំង និង​ការ​ឡើង​សង្វៀន​មិន​ជាប់​លាប់​របស់ ជ័យ កុសល នៅ​តែ​ធ្វើ​ឲ្យ​រូប​គេ មាន​ភាព​មន្ទិល​នៅ​ក្នុង​ការ​ប្រកួត​នេះ​ដដែល។
អូត ភូថង ដែល​ទើប​រួច​ផុត​ពី​ការ​បញ្ឈរ​ជើង​មិន​ឲ្យ​ឡើង​ប្រកួត​រយៈ​ពេល​៦​ខែ ពី​បទ​វាយ​មិន​អស់​សមត្ថភាព​ជា​មួយ​ក្មេង​ជំនាន់​ក្រោយ ភេឌី ម៉ឺនសុភា នោះ នឹង​ត្រូវ​ប្រឈម​ជា​មួយ​អ្នក​លេង​ក្បាច់​មួយ​ថៃ Pich Soriya ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​។
ការ​ជួប​ជន​ជាតិ​ថៃ ដែល​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៤៣ ចាញ់​១៧ ស្មើ​៥ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន​១២​ដង​ម្នាក់​នេះ វា​ជា​ឱកាស​ដ៏​សំខាន់​បំផុត​ចំពោះ អូត ភូថង ក្នុង​ការ​លុប​បំបាត់​ភាព​អាម៉ាស់​របស់​ខ្លួន ហើយ​វា​ក៏​ជា​ពេលវេលា ដែល​រូប​គេ​ត្រូវ​បង្វឹក​ខ្លួន​ឯង ឲ្យ​សម​ទៅ​នឹង​ស្ថានភាព​នៃ​ការ​ប្រកួត​វិញ​ផង​ដែរ ពីព្រោះ​បន្ទាប់​ពី​ការ​ប្រកួត​នេះ​ទៅគេ​ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែ​ ក្រវាត់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​ខ្លួន​នៅ​លើ​សង្វៀន ​ប៉ុស្តិ៍​បាយ័ន​។
គូ​ប្រកួត​បិទ​កម្ម​វិធី គឺ​តម្រូវ​លើ​ ម៉ី សុភាព និង​ទូច រាជសីហ៍ ដែល​ពួក​គេ​ត្រូវ​ធ្វើ​ការ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូ​ក្រាម៕

Comments system

Disqus Shortname