Tuesday, April 17, 2012

ជួបជុំបងប្អូន រាំលេង និងបាចទឹកមុខផ្ទះ ថ្ងៃចូលឆ្នាំ គេមកចាប់ប្រពន្ធ ថើបហើយ លើកគ្នា មកវាយកម្ទេចឥវ៉ាន់ ក្នុងផ្ទះទៀត

Photo by DAP-NEWSបន្ទាយមានជ័យ៖ បុរសម្នាក់ ជាមួយប្រពន្ធ ដែលទើបតែរៀបការ បានមួយខែ កំពុងជួបជុំបងប្អូនរាំលេង និងបាចទឹកមុខផ្ទះថ្ងៃចូលឆ្នាំ គេមកចាប់ប្រពន្ធថើបហើយ លើកគ្នាមកវាយកម្ទេចឥវ៉ាន់ក្នុងផ្ទះទៀត រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១២នេះក្រុមគ្រួសារជនរងគ្រោះ មិនទាន់បានយុត្តិធម៌ នៅឡើយបើទោះជាត្រួវប៉ូលិស ប៉ុស្តិ៍ហៅទៅសួររួចម្តងហើយ ក៏ដោយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ នៅចំនុចមណ្ឌល៣ ភូមិ ប្រជាធម្ម សង្កាត់/ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ ។ ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ រ៉ន ណា ភេទប្រុស អាយុ២៤ឆ្នាំ របួសក្បាល ប្រពន្ធឈ្មោះ គ្រី វួចលី អាយុ១៨ឆ្នាំ
ជនរងគ្រោះពីរនាក់ផ្សេងទៀត ១-ឈ្មោះ រ៉ន បុបា្ផ ភេទស្រី អាយុ៣៥ឆ្នាំ របួសខ្លួនប្រាណ និងទី២-ឈ្មោះ រ៉ន ចាន់ថា ភេទស្រី អាយុ27ឆ្នាំ របួសដៃជើង។
ជនរងគ្រោះទាំង៤នាក់ បងប្អូន បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២នេះថា មុខពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១៣ ខែមេសា ដែលជាថ្ងៃចូលឆ្នាំដំបូង ពួកខ្លួនកំពុងជួបជុំបងប្អូន រាំលេង និងបាចទឹកនៅមុខផ្ទះ ស្រាប់តែមានយុវជនម្នាក់អាយុជាងម្ភៃឆ្នាំ ក្នុងចំណោមបក្ខពួក របស់គេ៤នាក់ ផ្សេងទៀត បានមកប៉ាតម៉្សៅប្រពន្ធ របស់ជនរងគ្រោះ រ៉ន ណា រួចក៏ចាប់ថើបថ្ពាល់នាងជាប្រពន្ធ១ខ្សឺតទៀត ភ្លាមនោះបុរសជាប្តីឃើញក៏ស្ទុះទៅវាយមួយទុកជាការព្រមាន កុំឲ្យជនទំនើងរូបនោះ ប្រព្រឹត្តអំពើថោកទាបដូច្នោះទៀត។
លោក រ៉ន ណា ប្តីស្រ្តីរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីខ្លួនបានវាយជនជម្លើយនោះរួច ជននោះបាននិយាយថា ( មិនអីទេហ្អែង បន្តិចទៀតអញមកវិញ) ប្រហែលជា១០នាទីក្រោយ ជនជម្លើយនោះបានលើកបក្ខពួក មកចំនួនមួយរថយន្តកូរ៉េ មានគ្នាជាង១០នាក់ ប្រដាប់ដោយអាវុធក្នុងដៃ ដូចជា កាបិតបុ័ងតោ ដាវសាម៉ូរ៉ៃ និងដំបង បានមកដេញវាយជនរងគ្រោះ និងបងប្អូនផ្អើលពេញផ្ទះក្រៅពីនេះ តុសែនទេវតា កៅអី ទូរទស្សន៍ អាំព្លី ធុងបាស់ ត្រូវបានក្រុមទំនើងនោះវាយកម្ទេចចោលទាំងអស់ និយាយឲ្យចំគឺតាមវាយជនរងគ្រោះតាំងពីមុខផ្ទះ ចូលដល់ក្នុងផ្ទះ រហូតដល់បន្ទប់ដេកនិងចង្ក្រានបាយរបស់ជនរងគ្រោះ ភ្លាមៗនោះក៏ត្រូវនគរបាលប៉ុស្តី ចុះអន្តរាគមន៍ចាប់យកទៅសួរនាំផងដែរ។
លោក រ៉ន ណា បន្តថាការលើកគ្នាមកវាយពួកខ្លួនដល់ក្នុងផ្ទះនេះ គឺពួកជនទំនើងបានចែកគ្នាជាពីរក្រុមដោយ ប្រុសៗដេញវាយប្រុស ស្រីៗដេញវាយស្រីៗ ហើយជនទំនើងទាំងនេះត្រូវបានគេដឹងថាជាពួកចុងភៅធ្វើម្ហូបការ យីហោម្លប់អញ្ច័យ ( ឈ្មោះ រឿន ហ៊ីង ) នៅមណ្ឌល៧ ក្នុងភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីមានសាក្សីគ្រប់គ្រាន់ ហើយរឿងរ៉ាវបានទៅដល់ប៉ុស្តិ៍ប៉ូលិស មានស្រ្តីម្នាក់ក្នុងក្រុមបានចេញមុខមកចចាសុំឲ្យពួកជនរងគ្រោះដកពាក្យប្តឹងគេនឹងសងថ្លៃជម្ងឺចិត្ត៧០០០ បាត តែជនរងគ្រោះមិនព្រមរំលង បានពីរថ្ងៃខាងភាគីជនទំនើងចេញមុខមកសុំសងចំនួន២លានរៀនតែត្រូវបានខាងជនរងគ្រោះមិនព្រមដដែល ព្រោះវាជា ករណីប៉ុនប៉ងមនុស្សឃាត និង បំផ្លាញទ្រព្យសម្បត្តិ វាមិនមែនរឿងអាងមានលុយដើរ វាយគេហើយបង់នោះទេ ដោយក្រុមគ្រួសារជនរងគ្រោះ ទុកឲ្យច្បាប់ជាអ្នកសម្រេចវិញចុះ។
ក្រុមគ្រួសារជនរងគ្រោះបានបន្តថា បើប៉ូលិសប៉ុស្តិ៍ប្រជាធម្ម មិនរកយុត្តិធម៌ឲ្យទេ ពួកគាត់នឹងបន្តរឿងក្តីទៅមុខ ទៀតរហូតដល់ទីបញ្ចប់ ក្នុងនោះដែរជនរងគ្រោះទាំង៤នាក់សូមអំពាវនាវដល់តុលាការខេត្តបន្ទាយមានជ័យ មេត្តាជួយរកយុត្តធម៌ជូនពួកគាត់ផង ព្រោះបើបណ្តោយជនទំនើងទាំងនេះ ធ្វើយ៉ាងដូច្នេះទៀតមុខជាស្លាប់ ពលរដ្ឋទន់ខ្សោយអស់ជាមិនខាន៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname