ភ្នំពេញ ៖ រថយន្ដកូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ច.៩៧០៨ ភព២ ដឹកក្រដាស
អេតចាយ បានក្រឡាប់កាលពីវេលាម៉ោង ៣និង៤៥នាទី នៅតាមបណ្ដោយ ផ្លូវលេខ៣៧១
ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ។
នគរបាលខណ្ឌមានជ័យបានឱ្យដឹងថា អ្នកបើកបរមានឈ្មោះប៊ុន ធឿន អាយុ៣៧ ឆ្នាំ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌ ចំការមន ។អ្នកបើកបររថយន្ដ ដឹកអេតចាយបាន និយាយថា មុនពេលកើតហេតុ ខ្លួនបានបើក រថយន្ដដឹកអេតចាយដោយដាក់រាងខ្ពស់បន្ដិចតាមបណ្ដោយផ្លូវលេខ៣៧១ពីកើតទៅ លិច ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដ បើកធ្លាក់ជង្ហុកបន្ដិច ស្រាប់ តែយោគក្រដាស ដែលដាក់ខ្ពស់ធ្វើឱ្យរថយន្ដ ក្រឡាប់តែម្ដង ។
ប្រជាពលរដ្ឋនិយាយថា នេះសំណាង ហើយ ដែលមិនមានគ្រោះថ្នាក់ដល់អ្នក ធ្វើដំណើរតាមផ្លូវនោះ ។