សៀមរាប : លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការ
ឯកភាពខេត្តសៀមរាប មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការ
នៃមជ្ឈមណ្ឌលពិព័រណ៌ អង្គរ-ឃ្យុងយូ ដែលជាក្រុមការងារ សម្របសម្រួល
ឲ្យការជួបជុំរបស់ក្រុមអាវក្រហម នៃប្រជាពលរដ្ឋថៃ ដើម្បីបានធ្វើទស្សនកិច្ច
នៅតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត អង្គរ-សៀមរាប និងការជួបជុំ
នៃក្រុមអាវក្រហមនេះ ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថា
ទីលានអតីត មជ្ឈមណ្ឌលពិព័រណ៌អង្គរ-ឃ្យុងយូ ក្នុងទំហំ៣ម៉ឺនម៉ែត្រក្រឡា
ដែលត្រូវបានត្រៀមលក្ខណៈ
ទទួលជាកន្លែងស្នាក់នៅរបស់ក្រុមទស្សនាចរអាវក្រហមថៃ
ត្រូវបានរៀបចំរួចរាល់ហើយ ដែលក្នុងនោះរួមមាន ស្តង់ស្នាក់នៅចំនួនជាង៦០០ស្តង់
ទីលានប្រារព្ធអង្គមិទ្ទិញ ការបំពាក់ប្រព័ន្ធសុវត្តិភាព ប្រព័ន្ធអគ្គីសនី
ប្រព័ន្ធទឹក បន្ទប់អនាម័យ ជាដើម។ល។ ជាពិសេសនោះ
គឺការដាក់ពង្រាយកងកម្លាំងថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់
និងចរាចរ ព្រមទាំងមានម៉ាស៊ីន ត្រួតពិនិត្យ
សុវត្ថិភាពគ្រប់ច្រកចេញចូលទីតាំងនេះទាំងមូល។បើតាមការគ្រោងទុក ក្រុមទស្សនាចរអាវក្រហមថៃ និងធ្វើដំណើរមកដល់ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី ១៣ ខែមេសា និងជួបជុំគ្នានៅវេលារហូតដល់ល្ងាចថ្ងៃ១៤ មេសា ឆ្នាំ២០១២។ ប៉ុន្តែបើទោះបីជាមានការគ្រោងទុកយ៉ាងដូច្នេះក៏ដោយ ក៏គេបានឃើញសមាជិកក្រុមនេះមួយចំនួន បានមកដល់ក្រុងសៀមរាប តាំងតែពីយប់ថ្ងៃទី១២ម៉្លេះ ។
ការមកដល់ក្រុងសៀមរាប របស់ប្រជាពលរដ្ឋថៃ ដែលជាសមាជិករបស់ក្រុមអាវក្រហមទាំងនោះ បានចូល ទៅកាន់ទីកន្លែងសំរាកនៅក្រោមស្តង់ ដែលបានរៀបចំទុក និងតង់តូចៗ និងមានមួយចំនួនទៀតត្រូវបានសំរាកនៅតាម សណ្ឋាគារ ។ លោក ស៊ូ ភិរិន្ទ បានបញ្ជាក់ថា បើទោះបីចំនួនភ្ញៀវ លើសពីការគ្រោងទុក យើងបានត្រៀមរួចជាស្រេចហើយ ទីលានបំរុងបន្ថែមដែលអាចបោះស្តង់។
តាមបណ្តាដងវិថីសំខាន់ៗនៅក្នុងក្រុងសៀមរាប គេសង្កេតឃើញមានការដាក់ពង្រាយកងកម្លាំងអង្គរក្ស បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងម៉ឺងម៉ាត់ ដែលនេះគឺជាភាពកក់ក្តៅមួយ សំរាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ មកពីប្រទេសអ្នកជិតខាង ក្នុងទំហំដ៏ធំ ដែលពុំធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ នៅជុំវិញបរិវេណទីលាន ជួបជុំអង្គរ-ឃ្យុងយូ កងកម្លាំងនគរបាលជាតិ ក៏មានភារកិច្ជជារបងការពារយ៉ាងក្រាសក្រែលផងដែរ ជាមួយនឹង ក្រុមប្រចាំការច្រកសុវត្តភាពចំនួន៥កន្លែង ប្រដាប់ដោយម៉ាស៊ីនប្រសិទ្ធិភាព សំរួលដល់ការត្រួតពិនិត្យផងដែរ។
សមាជិកម្នាក់នៃក្រុមអាវក្រហមថៃ បាននិយាយថា យើងរីករាយជាមួយការលះបង់ពេលវេលាដើម្បីការចូលឆ្នាំនៅស្រុកកំណើត ហើយចូលរួមដំណើរមក ចូលឆ្នាំថ្មីនៅអង្គរវត្តដែលជាសម្បត្តិ នៃព្រះរាជាណាចក្រអច្ឆរិយៈខ្មែរ និងដើម្បីបានបំពេញក្តីបំណង ចង់បានជួបសំដែងការគួរសម និង សំដែងសេចក្តីនឹករលឹក ចំពោះអតីតនាយករដ្ឋមន្រ្តីរបស់ខ្លួន គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕