ភ្នំពេញៈ ម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០០៨
ពាក់ស្លាកលេខព្រៃវែង 1C-2685 បណ្តើរទៅមុខ ស្ទើរមិនរួច ខណៈដែល
ត្រូវរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A-5315 កិនពីលើ
បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង កាលពីម៉ោង ១ និង ១០នាទី
រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ខាងលិច អាងទឹកអូឡាំពិក ចម្ងាយប្រមាណជា ១០០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាល ចរាចរណ៍ខណ្ឌចំការមន បាននិយាយថា បុរសម្នាក់រងរបួស
សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ នឹងត្រូវ បានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ
ដើម្បីសង្រោះអាយុជីវិត ។ មន្ត្រីដដែលបានបញ្ជាក់ថា ទាំងរថយន្ត និងម៉ូតូ
ត្រូវបានកម្លាំង សមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយ ទៅ តាមផ្លូវច្បាប់ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលរំលងអាធ្រាត្រ
គេបានឃើញម៉ូតូហុងដា បើកបរតាមបណ្តោយផ្លូវមុន្នីរ៉េត ស្របជាមួយរថយន្ត
ក្នុងទិសដៅពីលិច ទៅកើត ខណៈនោះ ស្រាប់តែរថយន្តកុងទឺន័រ ប្រុងបត់ស្តាំ
ក៏កិនម៉ូតូ បណ្តាលឲ្យរបួស មនុស្សតែម្តង។ ភ្លាមៗនោះ អ្នកបើកបររថយន្ត
ក៏បានបើកទ្វារ រត់គេចខ្លួន ដោយបន្សល់ទុក តែជនរងគ្រោះ សន្លប់ស្តូកស្តឹង
នៅលើចិញ្ចើមផ្លូវ ។
ប្រជាពលរដ្ឋ បានទទួចដល់សមត្ថកិច្ច ម្ចាស់ក្រុមហ៊ុន ឲ្យមានចំណាត់ការ
ទៅលើអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ ពិសេស គឺរថយន្តប្រភេទធុនធំ ដូចជា
រថយន្ត សណ្តោងកុងតឺន័រ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថ យន្ត ដឹកសំពីង
សំពោងជាដើម៕