Tuesday, April 17, 2012

អាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ ដឹកនាំកម្លាំង ចុះបង្ក្រាបក្រុម អ្នកជល់មាន់ ឃាត់បាន១៦នាក់

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះ បង្ក្រាបទីតាំងសង្វៀនជល់មាន់ ១កន្លែងបង្ក្រាបបាន១៦នាក់ និងដកហូតបាន វត្ថុតាង មាន់៦ក្បាល ម៉ូត១គ្រឿង និងរថយន្ដ ចំនួន៣គ្រឿងផងដែរ ។
ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌ តំណាងឱ្យលោក គិត សុផា អភិបាលខណ្ឌពោធិ៍សែនជ័យ ការចុះបង្ក្រាប សង្វៀនជល់មាន់នេះ កាលពីវេលាម៉ោង ១៣ និង ៣០នាទីរសៀល ថ្ងៃទី១២ខែមេសា ឆ្នាំ ២០១២ នៅក្នុងដីឡូត៍១កន្លែងក្នុងភូមិ ស្រែរាជ្ជះ សង្កាត់សំរោងកោម ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ ។

លោក គិត សុផា បានមានប្រសាសន៍នៅក្នុង ពិធីបង្ហាញមុខក្រុមអ្នកជល់មាន់ទាំងនោះថា ល្បែង ជល់មាន់នេះ គឺជាល្បែងស៊ីសងមួយប្រភេទដែរ ដែលរាជរដ្ឋាភិបាល បានហាមឃាត់ ហើយក្រុម ទាំងនេះនៅតែលួចលាក់លេងជារ៉ើយៗ តែកាល ពីមុននោះ គឺលេងតែបន្ដិចបន្ដួចនោះទេ ហើយ អាជ្ញាធរភូមិក៏ធ្លាប់ បានមកហាមប្រាម ឱ្យបញ្ឈប់លេងតែអស់លោកមិនស្ដាប់អាជ្ញាធរភូមិនោះទេនៅតែបន្ដលួចលាក់លេង ជាបន្ដបន្ទាប់ លុះដល់លេងមួយថ្ងៃចាប់ពី ២០គូទៅ៣០គូរទៅអាជ្ញាធរខណ្ឌ សម្រេចចិត្ដចុះបង្ក្រាបតែម្ដង ទៅពីព្រោះការ ជល់បែបនេះវាសមនឹងអាជ្ញាធរខណ្ឌចុះបង្ក្រាបហើយ ។
លោកបានបន្ដថា ការចុះបង្ក្រាបនេះ គឺឃាត់ ខ្លួនជាក់ស្ដែងបាន១៦នាក់ និងមាន់គក៦ក្បាល ដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកស្មាសពណ៌ខ្មៅសេរីឆ្នាំ ២០០៩ ពាក់ស្លាកលេខភ្នំពេញ 1AD-2166 នឹងរថយន្ដ ៣គ្រឿង១-ម៉ាកវីហ្គោពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2E-9601 ២-ម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបណ្ដោះអាសន្ន០៩៦៤ និង៣-ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ 2N-8400 អ្នកជល់មាន់ទាំងនេះ អ្នកខ្លះមកពីភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ១១នាក់ មកពីខេត្ដកណ្ដាលម្នាក់ មកពី ខណ្ឌចំការមនម្នាក់ មកពីខណ្ឌទួលគោកម្នាក់ និងនៅខណ្ឌពោធិ៍សែនជ័យ២នាក់ ដូច្នេះអ្នកទាំង អស់នេះសុទ្ធតែមកពីតំបន់ផ្សេងៗស្កាត់មកជល់ មាន់នៅទីនេះ ។
លោកបានបន្ដថា ល្បែងស៊ីសងដែល ច្បាប់ហាមឃាត់បងប្អូនមិនត្រូវលេងនោះទេ ហើយ បងប្អូនកុំគិតថា ការលួចលាក់លេងសមត្ថកិច្ចមិន ដឹងនោះ គឺបងប្អូនលាក់ បាំងបានតែមួយរយៈនោះ ទេ មិនយូរមិនឆាប់អាជ្ញាធរនឹងដឹងហើយចុះ បង្ក្រាបជាមិនខាន ពីព្រោះល្បែងស៊ីសងនេះ វា បង្កឱ្យកើតមាន ឆក់ ប្លន់ ឬក៏ឈានទៅ ប្រព្រឹត្ដបទ ល្មើសផ្សេងៗដោយសារតែលេងចាញ់អស់ពីខ្លួន ដូច្នេះអាជ្ញាធរមិនព្រងើយកន្ដើយនោះទេ ពេល ដែលទទួលព័ត៌មានថា ទីណាមានលួចលាក់លេង ល្បែងស៊ីសងដោយខុសច្បាប់ត្រូវតែចុះបង្ក្រាប ដើម្បីសុវត្ថភាពក្នុងមូលដ្ឋាន ហើយក៏ស្របទៅ តាមរាជរដ្ឋាភិបាលលប់បំបាត់ល្បែងស៊ីសងដោយខុសច្បាប់៕
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname