ភ្នំពេញ ៖ ហេតុការណ៍ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់
បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ជាច្រើន
នាំគ្នាឈប់មើលបុរសម្នាក់ ដែលស្រវឹងស្រាជោក ស្ទើរងើបមុខមិនរួច
បានបើករថយន្តមួយគ្រឿង ចេញពី ផឹកស៊ីនៅក្នុងភោជនីយដ្ឋានគុយទាវឆ្ងាញ់
ហើយបើកក្នុងល្បឿនលឿនមិនប្រណី
បានពន្លះជាមួយរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ពីរកំណាត់
និងមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូត ទៅពន្លះទ្វារផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង
ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២
ទល់មុខទីស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ក្នុងភូមិទួលរកា
សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍ដ៏គួរឲ្យខ្លាចញញើតនេះ
បានកើតឡើងកាលពីវេលាម៉ោង
១១និង១០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១២។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើនេះម៉ាក លុច្សស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-0236 បើកបរដោយបុរសម្នាក់មានឈ្មោះ ស្រ៊ុន គឹ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តបើកបរចេញហាងគុយទាវឆ្ងាញ់ ចាក់អង្រែក្រោម ដោយបោះពួយយ៉ាងលឿនរេចុះរេឡើងពេញដងផ្លូវជាតិលេខ២ ហាក់បីដូចខ្លួនបានទិញផ្លូវនោះទុក សម្រាប់បើករថយន្តតែម្នាក់ឯងអញ្ចឹង លុះមកដល់ចំណុចមុខសាកលវិទ្យាល័យ អាយអាយស៊ី ស្រាប់តែរថយន្តលុច្សស៊ីសខាងលើបានបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរបាំងថ្មចំនួនពីរកំណាត់ត្រូវ ខូចខាត បន្ទាប់ពីបុករបាំងថ្មរួចមករថយន្តបង្កបានព្យាយាមទាញចង្កូតបើករត់គេចខ្លួនតែ ដោយសាររថយន្ត មិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកទា្វរផ្ទះរបស់ប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ទើបរថយន្តទៅមុខ លែងរួច។
ប្រភពដដែលបន្តទៀតថា ក្រោយពីកើតហេតុគេបានឃើញបុរសម្នាក់បើកទ្វារចេញពីរថយន្ត ទាំងសភាពទ្រុឌទ្រោមបំផុត ដោយសាររូបគេផឹកស្រាមិនប្រមាណខ្លួនឯង។ ប៉ុន្តែខណៈបុរសនោះ បើកទ្វារចេញពីរថយន្តបង្កហេតុ ស្រាប់តែមានបុរសម្នាក់ទៀតវ័យជាង៣០ឆ្នាំ បានបើក រថយន្តស៊េរី ទំនើបមួយគ្រឿង ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2Z-1188 បានចុះមកនិយាយពាក្យសម្តី អសុរោះ ដល់នគរបាលមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាឈប់មើលថែមទៀតផង ។ លើសពីនេះទៅទៀតបុរសរូបនោះ បាននិយាយគំរាមអ្នកសារព័ត៌មានគ្រប់គ្នា ដែលចុះយកព័ត៌មាន និងបាន ដកយកកាមេរ៉ារបស់អ្នកសារព័ត៌មានរាប់ម៉ោងទើបឲ្យវិញ។ បើកប្រៀបធៀបទៅនឹងទង្វើរបស់បុរសម្នាក់នោះ ត្រូវទទួលការរិះគន់សព្វបែបយ៉ាងពីសំណាក់បងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីមូលដ្ឋានផងដែរ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ច្បាស់ណាស់បង្កឡើងដោយសារអ្នកបើកបរ ស្រវឹងស្រា ហើយបើកក្នុងល្បឿនលឿន ទើបបានជាបង្កឲ្យបញ្ហានេះកើតឡើង តែហេតុការណ៍នេះមិនបណ្តាល ឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែបណ្តាលឲ្យរបាំងថ្មចែកទ្រូងផ្លូវពីរកំណាត់ត្រូវបាក់បែក និងទ្វារផ្ទះ រួមទាំងរបស់របរមួយចំនួនត្រូវរងការខូចខាតយ៉ាងដំណំ។
បច្ចុប្បន្នរថយន្តបង្កហេតុ ត្រូវនគរបាលមូលដ្ឋាន សហការជាមួយនគរបាលក្រុង ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ប៉ុន្តែមានបងប្អូន ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នារង់ចាំមើលតើអាជ្ញាធរដោះស្រាយយ៉ាងម៉េច ចំពោះបុរសទំនើង ដែលមកស្រែកគំរាមអ្នកសារព័ត៌មាន រួមនិងប្រជាពលរដ្ឋ ជាពិសេសគឺសមត្ថកិច្ចតែម្តង៕