Sunday, April 1, 2012

សម្តេចតេជោ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តី​ សេដ្ឋកិច្ចអាស៊ាន និងសហភាព អឺរ៉ុបចាប់ផ្តើម

www.dap-news.comភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យនេះ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងកិច្ចប្រជុំសន្និសីទ សេដ្ឋកិច្ចអាស៊ាន និងអឺរ៉ុប នាសណ្ឋាគារសូហ្វីតែ ភូគិត្រា។
នៅក្នុងកម្មវិធីនោះ ក៏មានការអញ្ជើញចូលរួម ពីបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសុវណ្ណផងដែរ ។
សម្តេចតេជោ ហ៊ុនសែន ក្នុងឋានៈជាប្រធានអាស៊ានបានថ្លែងថា កម្ពុជាបានចាត់ទុកសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ពិតជាដើរតួសំខាន់ក្នុងការទាក់ទាញ វិនិយោគិនមកកាន់អាស៊ាន។
ប្រជាជនអាស៊ានទាំងអស់ មានប្រមាណ៦០០លាននាក់ ដែលនេះ ជាសក្តានុពលយ៉ាងសំខាន់
ក្នុងការទាក់ទាញវិនិយោគ អាស៊ានមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ បើទោះបីជាពិភពលោកមានវិបត្តិហិរញ្ញវត្ថុយ៉ាងណាក៏ដោយ ទីផ្សារអាស៊ាន និងនៅតែរីកចម្រើនធំៗឡើង ក្នុងការទាក់ទាញ វិនិយោគទុន។
សម្តេច បានលើកឡើងថា អាស៊ាននិងសហភាពអឺរ៉ុប ត្រូវតែពន្លឿនក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយគ្នាឱ្យបានឆាប់ ដែលនីតិវិធីនឹងផ្តល់ ផលប្រយោជន៍ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយរវាងសហគមន៍ទាំងពីរ។
សម្តេច បានប្តេជ្ញាថាក្នុងនាមកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០១២នេះ កម្ពុជារួមទាំងសមាជិកអាស៊ានទាំងអស់ នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្ត និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន នាឆ្នាំ២០១៥ដោយសម្តេចបានដាក់ចេញ នូវពាក្យស្លោកតំបន់មួយជោគវាសនាតែមួយ។ អាស៊ានទាំង អស់ទាំងអស់ត្រូវតែផ្តោតទៅ លើការបង្កើតសហគមន៍តែមួយក្នុង ឆ្នាំ២០១៥ ដោយសមាជិកទាំងអស់ ត្រូវសម្រួលបរិយាកាសពាណិជ្ជកម្មដករបាំងពន្ធ និងពន្លឿននីតិវិធីផ្សេងៗ ដើម្បីទទួលបាន ផលប្រយោជន៍ពីការវិនិយោគ។
សម្តេចបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែ ទូរគមនាគមន៍ និងគមនាគមន៍ផ្សេងៗពិតជារួមចំណែក ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន។ ហើយកម្ពុជាដែលជាប្រធានអាស៊ាន នឹងខិតខំប្រមែប្រមូលហិរញ្ញប្បទាន ពីអន្តរជាតិពីក្នុងតំបន់ ដើម្បីពន្លឿននូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់អាស៊ាន។
លោក ស៊ូរិន ពិតសុវណ្ណ បានថ្លែងថា ឆ្នាំនេះ ជាឆ្នាំដែលត្រូវតែជំរុញកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងអាស៊ាន ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណង ទាក់ទាញវិនិយោគទុនដ៏ធំពីសហភាពអឺរ៉ុបមកកាន់អាស៊ាន។ លោកបន្តថា កាលពីឆ្នាំ១៩៩៧ សហភាពអឺរ៉ុប បានឱ្យសមាគមអាស៊ាន រៀបចំខ្លួនឱ្យបានល្អសិន ប៉ុន្តែឥឡូវ អាស៊ានគឺមានសមត្ថភាពគ្រប់គ្រាន់ ហើយដោយសារតែអ្នកធ្វើការជាមួយអាស៊ាន គឺទទួលបានផលប្រយោជន៍។
លោកអគ្គលេខាធិការអាស៊ាន បានរំលឹកអំពីពាណិជ្ជកម្មសហភាពអឺរ៉ុបថា កាលពីឆ្នាំ២០១០ គឺជាទីផ្សារនាំចេញដ៏ធំរបស់អាស៊ាន ដែលមានរង្វង់១០,៧ភាគរយ ហើយលោកនៅតែសង្ឃឹមថា សហភាពអឺរ៉ុប បន្តកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម ជាមួយអាស៊ានកាន់តែល្អថែមទៀត។ លោកបានចាត់ទុកថា សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មដ៏ធំ របស់អាស៊ានបន្ទាប់ពីប្រទេសចិន។
យ៉ាងណាក៏ដោយ លោកអំពាវនាវឱ្យធុរៈកិច្ចរបស់សហភាពអឺរ៉ុប និងអាស៊ានសហការគ្នា ធ្វើយ៉ាងណាឱ្យវិបត្តិហិរញ្ញវត្ថុ ដែលកំពុងកើតឡើងនៅសហភាពអឺរ៉ុប កាត់បន្ថយភាពមិនប្រាកដប្រជា។
លោកបានចាត់ទុកថាកិច្ចប្រជុំនាពេលនេះ គឺជាកាលានុវត្តភាពដ៏ល្អ ក្នុងការផ្លាស់ប្តូរបទពិសោធន៍និងមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា គ្នុងគោលបំណង ជំរុញឱ្យមានបរិយាកាសវិនិយោគរវាងសហភាពអឺរ៉ុប និងអាស៊ាន ឱ្យមានលក្ខណៈសមស្រប។
ព្រមគ្នានេះ លោក បានអះអាងផងដែរថា អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគ ពាណិជ្ជកម្មមួយនឹងសហភាបអឺរ៉ុប ៕(dapnews)
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname