ប្រភពពីមន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា
ឆ្នាំ២០១២ បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា
នឹងបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតករណីសម្លាប់លោក ឈុត វុទ្ធី
ប្រធានអង្គការការពារធនធានធម្មជាតិ និងមន្ដ្រីកងរាជអាវុធហត្ថ អ៊ិន រតនា
នៅក្នុងហេតុការណ៍ផ្ទុះអាវុធ បណ្ដាល ឱ្យអ្នកទាំងពីរស្លាប់ កាលពីថ្ងៃទី២៦
ខែមេសា ស្ថិតនៅចំណុចវាលបី ភូមិបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង
ហើយគណៈកម្មការនេះ នឹងចេញរូបរាងនៅ សប្តាហ៍ក្រោយ ។
ប្រភពដែលគួរឱ្យទុកចិត្ដ បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា សមាសភាពចូលរួមនៅក្នុង គណៈកម្មការចម្រុះនេះ មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នគរបាលក្រសួងមហាផ្ទៃ, ក្រុមអធិការកិច្ច, អាជ្ញាធរខេត្ដ ជាដើម ដើម្បីស្រាវជ្រាវអំពីមូលហេតុពិតនៅពីក្រោយ ករណីបាញ់សម្លាប់អ្នកទាំងពីរខាងលើ ដែលនាំឱ្យមានការថ្កោលទោសជាទូទៅ និងអន្ដរជាតិផងដែរនោះ។
យ៉ាងណាក៏ដោយ គេមានជំនឿថា គណៈកម្មការនេះនឹងផ្ដល់នូវការវិភាគ ប្រកបដោយសុភវិនិច្ឆ័យទៅដល់ ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ ក៏ដូចជាមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ដែលបាននឹងកំពុងតាមដាន យ៉ាងយកចិត្ដទុកដាក់ ដល់ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ទោះបីជាកម្ពុជាមិនមានទោស ប្រហារជីវិតយ៉ាងណាក៏ដោយ។
របាយការណ៍របស់ កងរាជអាវុធហត្ថដែលបានស៊ើបអង្កេត លើករណីផ្ទុះអាវុធនោះ បានរកឃើញថា ជាការបាញ់តដៃគ្នា រវាងលោក ឈុត វុទ្ធី និងកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលក្រោយមកឈ្មោះ អ៊ិន រតនា បានធ្វើអត្ដឃាតខ្លួនឯង។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានខ្លះមានជំនឿថា គណៈកម្មការចម្រុះដែលនឹងបង្កើតនេះ នឹងផ្ដល់ភាពយុត្ដិធម៌ ដល់ជនរងគ្រោះ មិនមែនសម្រាប់តែលោក ឈុត វុទ្ធី សកម្មជនខាងការងារព្រៃឈើនោះទេ ក៏ប៉ុន្ដែសម្រាប់មន្ដ្រី កងរាជអាវុធហត្ថខាងលើផងដែរ។ ដូច្នោះ ការវិភាគទាំងឡាយណា សូមគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងលើកតម្លៃម្ខាង ម្ខាងទៀតគ្មានន័យ ឬមួយទម្លាក់កំហុសទៅលើរដ្ឋាភិបាល ខណៈដែលមន្ត្រីរដ្ឋាភិបាល ក៏សម្តែងការសោកស្តាយ ចំពោះការបាត់ជីវិតពលរដ្ឋទាំងពីរ ក៏ដូចជាថ្កោលទោសចំពោះអ្នក ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋនេះផងដែរ ៕