វ៉ាស៊ីនតោន៖ នៅថ្ងៃអង្គារ ទី២៤ ខែមេសា សេតវិមានអាមេរិក
បានព្រមានកូរ៉េខាងជើង ឲ្យចេះទប់នូវភាពគឃ្លើន ទាំងឡាយរបស់ខ្លួន ស្របពេលដែល
រដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះ គ្រោងធ្វើតែស្តសាកល្បង នុយក្លេអ៊ែរម្តងទៀត
ឬមួយក៏បាញ់សាកល្បង មីស៊ីលដែលទទួល បរាជ័យនោះឡើងវិញ។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយទៀតថា អ្នកនាំពាក្យសេតវិមាន អាមេរិក ចេយ ខាណេយ បានលើកឡើង ពីការព្រមានរបស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ទៅកាន់រដ្ឋាភិបាល ក្រុងព្យុងយ៉ាង ដោយឲ្យប្រទេសនេះ ទប់ស្កាត់ខ្លួនឯងកុំឲ្យប្រព្រឹត្ត ទង្វើដែលគឃ្លើន និង សកម្មភាពបង្កហេតុណា មួយទៀតឲ្យសោះ។ លោក ចេយ បានបញ្ជាក់ទៀតថា ទង្វើរបស់កូរ៉េខាងជើងនេះ មិនបានផ្តល់អ្វី សម្រាប់គោលដៅសន្តិភាព នៅតំបន់ឧបទ្វីបកូរ៉េ ឬមួយក៏ អាស៊ីឦសាន នោះទេ។
ជាងនេះទៅទៀត ភាពគឃ្លើននេះ ក៏មិនបានជួយអ្វី ទៅដល់ប្រទេសនេះដែរ ព្រោះថាប្រជាជន ខ្លួនឯងរាប់លាននាក់ កំពុងតែរងគ្រោះអត់ឃ្លាន ពីព្រោះតែរដ្ឋ កុម្មុយនិស្តមួយនេះ បានយកថវិកាជាតិ ជាច្រើនទៅអភិវឌ្ឍន៍អាវុធ ជាជាងទៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ ចេយ ស្របពេលដែល គ្រប់គ្នាបានរំពឹងទុកថា ប្រទេសនេះនឹងធ្វើតែស្តសាកល្បង នុយក្លេអ៊ែរ លើកទីបីទៀត យ៉ាងហោចណាស់ ក៏ក្នុងអំឡុងពេលពីរសប្តាហ៍ ខាងមុខនេះដែរ។
គួរបញ្ជាក់ផងដែរថា ការបាញ់សាកល្បងគ្រាប់រ៉ូកែត របស់កូរ៉េខាងជើង កាលពីពាក់កណ្តាលខែមេសា កន្លងទៅនេះ បានទទួលបរាជ័យ ដែលជាហេតុ ធ្វើឲ្យរដ្ឋាភិបាល ដែលមានមេដឹកនាំវ័យក្មេងនេះ ត្រូវតែធ្វើតែស្តសាកល្បងអាវុធ ផ្សេងទៀតឲ្យបានសម្រេច ដើម្បីស្តារមុខមាត់ របស់ខ្លួនឡើងវិញ។ នេះបើតាមអ្នកវិភាគ នយោបាយនានា។