ក្រុង តូក្យូៈ ក្រុមហ៊ុន Toyota Motor Corp បានផ្អាកផែនការធ្វើឲ្យប្រទេសចិនក្លាយជាទីផ្សាររថយន្ត១លានគ្រឿង របស់ខ្លួនរហូតដល់ឆ្នាំក្រោយ ដោយសារក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅតំបន់អាស៊ីមួយនេះ រង់ចាំមើលការធ្លាក់ចុះសន្ទុះប្រឆាំងនឹងប្រទេសជប៉ុន និងការវិលត្រឡប់មករកស្ថានភាពប្រក្រតីវិញចំពោះតម្រូវការរថយន្ត ជប៉ុនក្នុងប្រទេសចិន។
ក្រុមហ៊ុនផលិតរថយន្តម៉ាក Camry ដែលបានព្យាករថាការលក់រថយន្តរបស់ខ្លួននៅប្រទេសចិននឹងកើនឡើង ដល់១លានគ្រឿងនៅឆ្នាំ២០១២នោះបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ក្រុមហ៊ុនរបស់ខ្លួនរំពឹងថា ការចែកចាយរថយន្តនៅប្រទេសចិន នឹងកើនឡើងប្រមាណ៧ភាគរយដល់៩០ម៉ឺនគ្រឿងនៅឆ្នាំ២០១៣ បន្ទាប់ពីបានធ្លាក់ចុះ៤,៩ភាគរយកាលពីឆ្នាំ២០១២។ កាលពីខែធ្នូ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងនៅក្នុងសារមួយថា ការលក់រថយន្តបានធ្លាក់ចុះ១៦ភាគរយមកនៅត្រឹម ៩០ ៨០០គ្រឿង ពោលគឺធ្លាក់ចុះ៦ខែជាប់គ្នា។
ក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនផ្សេងទៀត បានលក់បញ្ចុះថ្លៃបន្ថែមទៀត និងបន្តរយៈពេលធានាដើម្បីទាក់ទាញអតិថិជនបន្ទាប់ពីការតវ៉ាដោយ ហិង្សាបានកើតឡើងនៅតាមទីក្រុងធំៗទូទាំងប្រទេសចិនកាលពីខែកញ្ញា ឆ្នាំមុន ជុំវិញជម្លោះដែនដីរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតំបន់ អាស៊ីនេះ។ក្រុមហ៊ុន Honda Motor Co និងក្រុមហ៊ុនNissan Motor Co ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់រថយន្តប្រចាំឆ្នាំនៅ ប្រទេសចិនផងដែរកាលពីថ្ងៃម្សិលមិញ។
លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតូក្យូកាលពីថ្ងៃម្សិលមិញថា៖
« ប្រទេសចិន គឺជាទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក ដូច្នេះយើងចាំបាច់ត្រូវព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីលក់រថយន្ត របស់យើងនៅទីនោះ»។
ក្រុមហ៊ុនToyota លក់រថយន្តបានចំនួន ៨៤០ ៥០០គ្រឿងនៅប្រទេសចិនកាលពីឆ្នាំមុន ពោលគឺនេះជាការធ្លាក់ចុះនៃការលក់រថយន្តប្រចាំឆ្នាំលើកដំបូង របស់ក្រុមហ៊ុននេះ បើផ្អែកលើតួលេខលក់រថយន្តចាប់តាំងពីឆ្នាំ២០០២មក។
ក្រុមហ៊ុន Nissan បានរាយការណ៍ថា ការលក់រថយន្តរបស់ខ្លួនបានធ្លាក់ចុះ២៤ភាគរយកាលពីខែធ្នូ ហើយការចែកចាយរថយន្តប្រចាំឆ្នាំ២០១២ របស់ក្រុមហ៊ុននេះ បានធ្លាក់ចុះមកនៅត្រឹម១,១៨លានគ្រឿង។ ចំណែកឯក្រុមហ៊ុន Honda វិញក៏បានរាយការណ៍ដែរថា ការលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសចិនបានធ្លាក់ចុះ១៩ភាគរយ ផងដែរកាលពីខែធ្នូឆ្នាំ២០១២ ដោយក្រុមហ៊ុននេះ ចែកចាយរថយន្តបានចំនួន៥៩៨ ៥៧៦គ្រឿងតែប៉ុណ្ណោះនៅឆ្នាំ២០១២។
លោក Toshiyuki Shiga ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Nissan បានថ្លែងនៅទីក្រុងតូក្យូកាលពីម្សិលមិញថា៖ «ទីផ្សារប្រទេសចិន កំពុងស្ទុះងើបឡើងវិញហើយ»។ ក្រុមហ៊ុនNissan ដែលបានរាយការណ៍ពីការធ្លាក់ចុះការលក់៥,៣ភាគរយនៅប្រទេសចិន ក្នុងឆ្នាំ២០១២ សង្ឃឹមថា តម្រូវការនឹងត្រឡប់មកជាធម្មតាវិញបន្ទាប់ពីបុណ្យចូលឆ្នាំចិននៅ ខែកុម្ភៈ។
លោក Fumihiko Ike ប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Honda បានថ្លែងនៅទីក្រុងតូក្យូកាលពីម្សិលមិញថា ការលក់របស់ក្រុមហ៊ុនHonda នៅក្នុងប្រទេសចិន បានស្ទុះងើបឡើងវិញប្រហែលពី៧០ ទៅ៨០ភាគរយនៃកម្រិតធម្មតា ហើយអាចចំណាយពេលយូរទើបការលក់ត្រឡប់មកប្រក្រតីវិញ។
លោក Ike បានមានប្រសាសន៍ថា៖ «វាហាក់ដូចជាថា សត្រូវបានចាក់ចូលយ៉ាងជ្រៅ»។ ក្រុមហ៊ុន Honda បានរាយការណ៍ថា ការចែកចាយរថយន្តរបស់ខ្លួននៅប្រទេសចិន បានធ្លាក់ចុះ៣,១ភាគរយនៅឆ្នាំ២០១២។
ក្រុមហ៊ុន Toyota លក់រថយន្តបានជាង១លានគ្រឿងក្នុងមួយឆ្នាំនៅអាមេរិក និងប្រទេសជប៉ុនដែលជាទីផ្សារធំបំផុតទាំងពីររបស់ខ្លួន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ១,៨ភាគរយនៅត្រឹម៤ ១៨៥យ៉េនក្នុងមួយហ៊ុន៕ BP