Wednesday, January 23, 2013

ទោះជាសមត្ថកិច្ចដកថយ តែចោរនៅតែមិនបង្ហាញខ្លួន និងសុំថ្នាំញៀនមួយកញ្ចប់

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​ បាន​ដកខ្លួន​ចេញ​អស់ពី​បរិវេណ​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម រហូតមកដល់​ម៉ោង​ ៦​និង ​៣០ ​នាទី ​ព្រលប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ គេ​ពុំទាន់​ឃើញ​ក្រុមចោរ​ចេញពី​ក្នុង​​ធនាគារ ដើម្បី​រត់គេចខ្លួន​នោះទេ​ តែបែរជាចោរ សុំថ្នាំញៀនមួយកញ្ច​ប់​ថែម​ទៀត​ទៅវិញ។ ចំណែកឯ​ក្រុម​អ្នកយកព័ត៌មាន​ជាច្រើន​នាក់ កំពុងតែ​នៅ​រង់ចាំ​នៅ​ខាងក្រៅ​ដែលមាន​ចំងាយ​ឆ្ងាយ ដើម្បី​មើល​ពី​សកម្មភាព​របស់​ក្រុម​ចោរ​​ផងដែរ​។​

​ជាមួយ​ហេតុការណ៍​ នេះ ត្រូវបាន​ប្រភព​ ​បង្ហើប​ឲ្យ​ដឹងថា ទោះជា​សមត្ថកិច្ច​ជំនាញ​ បាន​ដកថយ​អស់ និងទុក​ឱកាស​ឲ្យ​ចោរ​រត់​មែន ប៉ុន្តែ​នៅមាន​កម្លាំង​សំងាត់​ពិសេស​មួយចំនួន នៅ​ពូន​សម្ងំ​លាក់ខ្លួន ដើម្បី​ឃ្លាំ​មើល​ដំណើរ​របស់​ក្រុមចោរញៀនថ្នាំ។

នៅវេលាម៉ោង ៦ និង ៥០ នាទី យប់នេះ ក្រុមចោរបានទាមទាររកថ្នាំញៀន ដើម្បី​ជក់​បន្ថែម​ទៀត ព្រោះជាតិញៀនរើឡើង ធ្វើទុក្ខខ្លាំង។ ក្នុងពេលនោះ សមត្ថកិច្ច​ បានប្រគល់ថ្នាំញៀន​ប្រភេទម៉ាទឹកកក ចំនួនមួយកញ្ចប់ រួមជាមួយដែកកេស ឧបករណ៍​ជក់ថ្នាំមួយកំប្លេ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី២៣មករានេះ សមត្ថកិច្ច​បាន​ប្រគល់​ថ្នាំញៀន ឲ្យចោរម្តងហើយ ចំនួនមួយកញ្ចប់ ហើយដល់ពេល​ព្រលប់នេះ ក្រុមចោរ​បានទារថ្នាំញៀនមួយកញ្ចប់ទៀត ហើយសមត្ថកិច្ចក៏ព្រមឲ្យតាមការស្នើសុំ​របស់​លោកចោរ។

ដោយសារ​ខ្លាច​ ជនល្មើស​បាញ់សម្លាប់​ចំណាប់ខ្មាំង​ទាំង ២​នាក់​នោះ សមត្ថកិច្ច​ទាំង​អស់ ទាំង​កងរាជអាវុធហត្ថ ប៉ូលិស​ខេត្តកំពង់ចាម និង​ប៉ូលិស​ប្រឆាំង​ភេរវកម្ម របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ដកចេញ​ទាំងស្រុង​ពី​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពី​វេលា​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣​។​

​ការដកចេញ​កម្លាំង ​សមត្ថកិច្ច​ទាំងអស់ ដោយសារ​មន្ត្រី​ជំនាញ បាន​ប្រជុំ​ពិភាក្សាគ្នា​ជាច្រើនលើក​ច្រើនសារ ដើម្បី​ដាក់​ផែនការ​បាញ់​គ្រាប់​ផ្សែង និង​ថ្នាំពុល ចូលក្នុង​បន្ទប់​បេឡា ដែល​ចោរ ចាប់​ចំណាប់ខ្មាំង ពួន​លាក់ខ្លួន​នោះ ប៉ុន្តែ​សមត្ថកិច្ច​បាន​លើក​ហេតុផល​ថា ថ្នាំពុល​នោះ មិន​អាចធ្វើ​ក្រុមចោរ​សន្លប់ បាន​លឿន ដូច​ការគ្រោងទុក​នោះទេ ព្រោះ​ទាល់តែ​ប្រើពេល​យូរ​បន្តិច ទើប​សន្លប់ ហើយ​ចន្លោះ​ពេលនោះ ក្រុមចោរ អាច​ឆ្លៀតឱកាស បាញ់សម្លាប់​ចំណាប់ខ្មាំង​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បានសម្រេច​ចិត្ត​ថា នឹង​ដកខ្លួន​ថយ​ចេញពី​កន្លែងកើត​ហេតុ ហើយ​ទុក​ឲ្យ​ក្រុមចោរ​រត់គេចខ្លួន ដោយ​ខ្លួនឯង ជៀសវាង​ការគ្រោះថ្នាក់​ដល់​ចំណា​ប់​ខ្មាំង​។​

​សូមបញ្ជាក់ថា មកដល់​រសៀល​ម៉ោង ៣ និង ៣០ នាទី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ប៉ូលិស​ជំនាញ​ជាង ២០ នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ ស៊ីថា ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះទៅ​ពី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍ ជាមួយ​ប៉ូលិស​ខេត្តកំពង់ចាម ក្នុងករណី​ក្រុមចោរ​ញៀន​ថ្នាំ ចាប់ជំរិត​បុគ្គលិក នៅក្នុង​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​កាលពី​ វេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ គេ​បានរៀបចំ​លុយ​ចំនួន ៥៧ លាន​រៀល ដាក់​ក្នុង​កាបូប ដើម្បី​ប្រគល់​ឲ្យ​ក្រុមចោរប្លន់ ជា​ថ្នូ​នឹង​ការ​ដោះ​លែង​​បុគ្គលិក​របស់ខ្លួន ២ នាក់ ដែល​នៅក្នុង​កណ្តាប់ដៃ​ក្រុមចោរ​។ ប៉ុន្តែ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ មិន​ឋិត​នៅក្នុង​ក្រសែភ្នែក​របស់​ក្រុមចោរប្លន់​ញៀន​ថ្នាំ​នោះទេ គឺ​ពួកវា​ទាមទារ​យកតែ​ថ្នាំញៀន​ប៉ុណ្ណោះ​។​

​ចំណែកឯ​ឪពុកម្តាយ​របស់​ ជនរ​ង​គ្រោះ​ទាំង ២​នាក់ បាន​សុំ​អង្វរ​ឲ្យ​សមត្ថកិច្ច​ធ្វើយ៉ាងណា​ប្រើ​ឲ្យ​អស់​ជំនាញ​របស់ខ្លួន ដើម្បី​រំដោះ​កូន​ពួកគាត់ ចេញពី​កណ្តាប់​ក្រុមចោរ​។​

​ជាមួយគ្នា​ នោះដែរ ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ឈរ​មើល​ហេតុការណ៍​នេះដែរ ថា​តើ​សមត្ថកិច្ច​អាច​ដោះស្រាយ​បញ្ហា​នេះ បាន​ដោយ​សន្តិវិធី ឬ​យ៉ាងនោះ​? ព្រោះ​អី​ចោរ​ជា​មនុ​ស្សញៀន​ថ្នាំ និង​មាន​កាំភ្លើងខ្លី​មួយ​ដើម នៅក្នុង​ដៃ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ម៉ោង ១០ និង ៥០ នាទី ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ក្រុមចោរ​ចាប់ជំរិត​ម្នាក់ បាន​និយាយ​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជាមួយ​សមត្ថកិច្ច ដោយបាន​ប្រាប់ថា ក្រុមចោរ​បាន​បាញ់សម្លាប់​គ្នាឯង​ម្នាក់​ហើយ ដោយសារតែ​បក្ខពួក​ចោរ​នោះ បាន​ក្បត់​នឹង​បក្ខ​ពួកខ្លួន​។ ប៉ុន្តែ​ហេតុការណ៍ ដែល​អះអាងថា ចោរ​បាញ់​នោះ គេ​មិន​បានឮ​សំឡេង​ផ្ទុះអាវុធ នៅក្នុង​ធនាគារ​អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម នោះទេ​។​

​ ជាមួយ​ករណី​បាញ់​នោះ មន្ត្រី​ធនាគារ​អេស៊ីលីដា​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ចាប់​បុគ្គលិក ២​នាក់ ដាក់​ក្នុង​បន្ទប់​បេឡា (​កន្លែង​ទុក​លុយ​) ដែលមាន​សោ​សុវត្ថិភាព​ពីរ​ជាន់ ហើយ​បន្ទប់​ធ្វើ​យ៉ាង​ពិសេស មិនមាន​សំឡេង​ឮ ចេញមក​ខាងក្រៅ​ទេ ទោះ​ជាមាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ​។​

​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​មាន​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម រួមជាមួយ​មន្ត្រីក្រោមឱវាទ សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់រយ​នាក់ ព្រះរាជអាជ្ញា ចេញមក​អន្តរាគមន៍​ផងដែរ​។​

​ ប៉ុន្តែ​ការឡោមព័ទ្ធ​របស់​សម​ត្ថ​កិច្ច​ជុំវិញ​ធនាគារ​អេស៊ីលីដា ដើម្បី​ចាប់ចោរ​ប្លន់​នោះ គឺ​ពុំមាន​លទ្ធផល​នៅឡើយ​ទេ ព្រោះ​ក្នុង​ដៃ​ចោរ​មាន​ចំណាប់ខ្មាំង​ចំនួន ២​នាក់​នៅឡើយ​។​

​ ជនរងគ្រោះ​២​នាក់​ដែល​ចោរ​កំពុង​ចាប់​ជា​ចំណាប់ខ្មាំង ឈ្មោះ​ស៊ិន គឹម​ថា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​បារាំង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ឈ្មោះ ទីន គុយ​ហេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​អង្គ ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែក​ជនរងគ្រោះ​ដែល​រត់​រួច ចេញពី​កណ្តាប់ដៃ​ចោរ ឈ្មោះ ម៉ា​ត លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ស្រុក​ជើងព្រៃ​។​

​ ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ធនាគារ​អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយ​មកដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៣​មករា​នេះ ក្រុម​សមត្ថកិច្ច​ពុំទាន់​ធ្វើការ​បង្ក្រាប​ក្រុមចោរ​បាន​នៅឡើយ​ទេ ហើយ​ថែមទាំង​ដកខ្លួន​ថយ បើកដៃ​ឲ្យ​ចោរ​រត់​ទៀតផង​៕ (CEN)

Comments system

Disqus Shortname