នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន
មនុស្សហាក់ដូចជាមានជំងឺអាត្មានិយមកាន់តែខ្លាំងឡើងពោលគឺម្នាក់ៗ
គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនយកចិត្តទុកដាក់នឹងផល
ប្រយោជន៍សាធារណៈ ឬប្រយោជន៍អ្នកដទៃឡើយ។
ជំងឺអាត្មានិយមគឺជាប្រភពនៃគម្លាតកាន់តែខ្លាំងឡើងរវាងអ្នកមាន
និងអ្នកក្រ ធ្វើឲ្យសង្គមកាន់តែចាកឆា្ងយពីធម៌សាមគ្គីភាព
និងធ្វើឲ្យប្រទេសពិបាកនឹងស្គាល់ការអភិវឌ្ឍន៍។
ជំងឺនេះត្រូវបានអ្នកវិភាគសង្គមមើលឃើញថា
កំពុងនាំសង្គមឲ្យធ្លាក់ទឹកប្រសិនបើគេមិននាំគ្នាព្យាបាលវាទេនោះ។
ការគិតគូរតែប្រយោជន៍ខ្លួនឯង
ហើយមិនអើពើនឹងប្រយោជន៍សាធារណៈឬប្រយោជន៍អ្នកដទៃគឺជានិន្នាការ
ដែលកំពុងកើតឡើង
និងហាក់ដូចជាកំពុងមានសន្ទុះគួរឲ្យកត់សម្គាល់ក្នុងសង្គមសម្ភារៈ
និយមបច្ចុប្បន្ន។ ជាទូទៅ
ទ្រព្យសម្បត្តិសាធារណៈមិនសូវទទួលបានការថែទាំនិងការពារដូច
ទ្រព្យសម្បត្តិឯកជនឡើយ។
គឺគំនិតអាត្មានិយមនេះហើយដែលធ្វើឲ្យអាជីវកម្មឬសហគ្រាសដែល
គ្រប់គ្រងដោយរដ្ឋច្រើនតែដួលរលំ។
ទីបំផុត
ការលក់ឬផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងគឺជាជម្រើស
ចុងក្រោយ។ នៅក្នុងទិដ្ឋភាពមួយទៀត ប្រធានស្ថាប័ន
ឬមេធំៗដែលមានលទ្ធភាពអាចរកប្រាក់បាន
គិតតែរកប្រយោជន៍ផ្ទាល់ខ្លួនដោយមិនរវីរវល់ដល់ជីវភាពអ្នកធ្វើការ
នៅក្រោមបង្គាប់ឡើយ។
អ្នកប្រកបវិជ្ជាជីវៈមួយចំនួនសំឡឹងឃើញប្រាក់ជាធំ
ហើយសុខចិត្តបំភ្លេចក្រមសីលធម៌និង អំពើមនុស្សធម៌នានា។
នៅក្នុងវិស័យឯកជនវិញ
អ្នកមានលុយគិតតែបង្កើនឱកាសប្រមូលប្រាក់តាមគ្រប់មធ្យោបាយដែល
អាចធ្វើបានដោយមិនសូវគិតគូរពីជីវភាពរបស់បុគ្គលិកកម្មករ
ឬផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើអ្នកក្រីក្រឡើយ។
ប្រាក់ខែបុគ្គលិកទាប ជម្លោះដីធ្លីក្នុងគម្រោងអភិវឌ្ឍន៍
ផលប៉ះពាល់បរិស្ថានដែលកើតចេញពីអាជីវកម្មមួយចំនួន
រហូតដល់ការប្រើថ្នាំគីមីក្នុងចំណីអាហារបន្លែ ផ្លែឈើ ជាដើម
ដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកក្នុងសង្គមបច្ចុប្បន្នគឺជាផលវិបាកដ៏
ជាក់ស្តែងបំផុតដែលកើតចេញពីគំនិតអាត្មានិយមនេះឯង។
ងាកទៅមើលបុគ្គលិកកម្មករនៅក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជនដែរ
ជាទូទៅ
ពួកគេក៏មិនសូវជាមានគំនិតជួយសន្សំសំចៃដើម្បីផលប្រយោជន៍របស់
ក្រុមហ៊ុនឬស្ថាប័នដែលខ្លួនបម្រើការនោះដែរ។
ការប្រើប្រាស់ទឹកភ្លើងក៏ដូចជារបស់របរប្រើប្រាស់ផ្សេងៗដែលជារបស់រួម
ដែរជាទូទៅមិនសូវជាមានការយកចិត្តទុកដាក់សន្សំសំចៃឬថែទាំឡើយពីព្រោះតែ
ម្នាក់ៗច្រើនតែគិតថា
នោះគឺជាលុយរបស់រដ្ឋឬរបស់ថៅកែដែលពួកគេមិនចាំបាច់ខ្វល់។
ប្រសិទ្ធភាពការងារក៏មិនសូវជាមានដែរប្រសិនបើគ្មានអ្នកចាំ
ត្រួតពិនិត្យជាប្រចាំទេនោះ។ ឥរិយាបថមិនទទួលខុសត្រូវជារឿងមួយ ប៉ុន្តែ
ជំងឺអាត្មានិយមគឺជាបញ្ហាដ៏ធំធេងមួយទៀត។
ក្រឡេកមើលទៅទីសាធារណៈវិញ សំរាម
ឬកាកសំណល់ផ្សេងៗត្រូវគេបោះចោលពាសវាលពាសកាលពីព្រោះតែទីនោះមិនមែនជា
ផ្ទះរបស់ខ្លួន។ កៅអីបង់សម្រាប់អង្គុយ អំពូលភ្លើងនៅតាមសួនច្បារ
ឬតាមដងផ្លូវសាធារណៈច្រើនតែបែកបាក់ឬបាត់បង់ព្រោះតែគ្មានការថែទាំ
និងការការពារ។
ទាំងនេះគឺជាផលវិបាកដែលកើតចេញពីគំនិតអាត្មានិយមនេះឯង។
ជាការពិតណាស់
សង្គមមួយអាចស្គាល់ការរីកចម្រើននិងស្គាល់ភាពស៊ីវិល័យទៅបានទាល់តែ
មនុស្សនៅក្នុងសង្គមនោះចេះតម្កល់ផលប្រយោជន៍សាធារណៈជាធំឬយ៉ាងហោច
ណាស់ក៏ត្រូវចាត់ទុកទ្រព្យសម្បត្តិសាធារណៈ
ឬក៏ទ្រព្យសម្បត្តិអ្នកដទៃឲ្យដូចជារបស់ខ្លួនឯងអ៊ីចឹងដែរ។
មិនត្រឹមតែអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែ
មនុស្សក្នុងសង្គមគួរតែចេះគិតគូរដល់សុខទុក្ខគ្នាទៅវិញទៅមកឲ្យ
បានច្រើនពោលគឺត្រូវចែករម្លែកគ្នារស់ ដោយមិនដណ្តើមគ្នារស់
និងរស់ដោយគិតតែខ្លួនឯងនោះឡើយ។
ក៏ប៉ុន្តែ
និន្នាការសង្គមកម្ពុជាបច្ចុប្បន្នហាក់ដូចជាកំពុងដើរបញ្ច្រាសទិសនេះ
ទៅវិញ។
មនុស្សកាន់តែច្រើនឡើងៗហាក់ដូចកំពុងឆ្លងជំងឺអាត្មានិយមដ៏គ្រោះថ្នាក់។
គ្រោះថ្នាក់ពីព្រោះថា ជំងឺនេះ
ប្រសិនបើវាចាក់ឫសកាន់តែរឹងមាំនៅក្នុងសង្គមហើយនោះ
វានឹងធ្វើឲ្យមនុស្សម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិន
ខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃឡើយ។ ជាក់ស្តែង អំពើពុករលួយ
ការកេងប្រវ័ញ្ចមនុស្សគ្នាឯង ភាពលោភលន់គ្មានព្រំដែន
រហូតដល់អំពើហិង្សានានាមួយចំនួនផង
សុទ្ធសឹងជាលទ្ធផលនៃគំនិតអាត្មានិយមទាំងអស់។
ដូច្នេះ ពលរដ្ឋខ្មែរគួរតែនាំគ្នាព្យាបាលជំងឺនេះឲ្យបានឆាប់
តាមរយៈការបណ្តុះគំនិតគិតគូរផលប្រយោជន៍រួម
និងគោរពប្រយោជន៍អ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
ចូរកុំភ្លេចថា
ជំងឺអាត្មានិយមនឹងនាំសង្គមឲ្យធ្លាក់ទឹកនៅថ្ងៃណាមួយជាមិនខាន៕(rfi)