Wednesday, January 16, 2013

នាយក​រដ្ឋមន្ត្រី​ចំអក​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ

2013-01-16
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំអក​ទៅ​ក្រុម​មន្ត្រី​បក្ស សម រង្ស៊ី ដែល​ស្នើសុំ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថា​នោះ​គ្រាន់​តែ​ជា​ទំនោរ​នៃ​បរិបទ​នយោបាយ និង​ជា​ទម្លាប់​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។




RFA/Sok Serey
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

ក៏ប៉ុន្តែ មន្ត្រី​បក្ស សម រង្ស៊ី អះអាង​ថា អ្វី​ដែល​បក្ស​ជំទាស់​ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន ពិចារណា​ដក​លោក ចម ប្រសិទ្ធ នេះ ព្រោះ​លោក ចម ប្រសិទ្ធ ពុំ​មាន​សមត្ថភាព​រក​ទីផ្សារ​ឲ្យ​កសិករ​ខ្មែរ​មែន។
លោក ហ៊ុន សែន ហៅ​ការ​ស្នើ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ចុង​សប្ដាហ៍​មុន ឲ្យ​លោក​ពិចារណា​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ ដែល​បក្ស​ជំទាស់​រក​ឃើញ​ថា​អសមត្ថភាព​ក្នុង​ការ​កៀងគរ​រក​ទីផ្សារ​ឲ្យ​ ពលរដ្ឋ​កម្ពុជា ថា​ធ្វើ​ឡើង​ក្នុង​ន័យ​ប្រជាប្រិយភាព​បក្ស​ខ្លួន​ប៉ុណ្ណោះ។
ប្រមុខ​រដ្ឋាភិបាល​ចាត់​ទុក​ការ​ស្នើ​របស់​ក្រុម​មន្ត្រី​បក្ស សម រង្ស៊ី នៅ​ពេល​នេះ​ថា​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ។ លោក ហ៊ុន សែន ចំអក​ឡកឡឺយ​ចំពោះ​ឲ្យ​ដក​លោក ចម ប្រសិទ្ធ នេះ​ថា​ជា​ការ​ទាម​ទារ​ហាក់​ដើរ​បញ្ច្រាស​ទិស​ទៅ​នឹង​តម្លៃ​ទីផ្សារ​ដែល​ កំពុង​ឡើង​ចុះ។ លោក​គិត​ថា អ្វី​ដែល​កម្ពុជា ពុំ​អាច​ស្វែង​រក​ទីផ្សារ​សម្រាប់​នាំ​ទំនិញ​ចេញ​បាន​សម្រាប់​កសិករ​នោះ ក៏​ព្រោះ​តែ​ចរន្ត​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ប្រែប្រួល ដែល​ពុំ​មែន​ជា​កំហុស​របស់​មន្ត្រី​ទទួល​បន្ទុក​នោះ​ទេ។
ក្នុង​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី១៦ មករា ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន ដែល​ពុំ​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​មន្ត្រី​គណបក្ស សម រង្ស៊ី ក្នុង​ការ​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​មុខ​តំណែង​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​១​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​មន្ត្រី​បក្ស​ជំទាស់​រក​ឃើញ​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ពុំ​មាន​សមត្ថភាព​រក​ទីផ្សារ​លក់​កសិផល​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន។
លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង នៃ​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពត ចាត់​ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ដែល​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​ទីផ្សារ​ដ៏​ពិត​ប្រាក​ សម្រាប់​កសិផល​របស់​ខ្មែរ​នោះ​ទេ។ លោក ជា ប៉ូច បន្ត​ថា ទោះ​ជា​បែប​ណា ជំហរ​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​មុខ​តំណែង។
លោក កែម ឡី អ្នក​វិភាគ​សង្គម គិត​ថា ការ​ខ្វះ​ទីផ្សារ​នាំ​ចេញ​កសិផល ពុំ​មែន​ជា​កំហុស​កើត​ចេញ​ពី​ចរន្ត​សេដ្ឋកិច្ច​ក្នុង​តំបន់ ឬ​ពិភពលោក​នោះ​ទេ។ លោក​បន្ត​ថា ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​កម្ពុជា តូច​ចង្អៀត គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ដែល​ពុំ​បាន​ធានា​ដល់​ការ​ផលិត​ក្នុង​ស្រុក តែ​ផ្ដល់​ការ​វិនិយោគ​ខ្ពស់​ពី​ប្រទេស​ជិត​ខាង។
យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ព្រមាន​ថា បើ​បក្ស​ជំទាស់​គ្រប់គ្រង​ប្រទេស​នោះ កម្ពុជា អាច​នឹង​មាន​សង្គ្រាម​ជាមួយ​ប្រទេស​នាំ​ចេញ​មួយ​ចំនួន ដោយ​រួម​ទាំង​ប្រទេស​វៀតណាម ជាដើម។ លោក ហ៊ុន សែន ចាត់​ទុក​ថា ព្រោះ​ប្រទេស​ទាំង​នេះ គឺ​ជា​សត្រូវ​របស់​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ខ្លួន​នឹង​មិន​យក​ប្រទេស​ណា​ជា​សត្រូវ​នោះ​ទេ តែ​បញ្ជាក់​ថា ខ្លួន​អាច​ធានា​បង្កើត​ឲ្យ​មាន​ទីផ្សារ​សម្រាប់​ពលរដ្ឋ​កម្ពុជា បាន៕(RFA)

Comments system

Disqus Shortname