Wednesday, January 9, 2013

សហជីព​កម្មករ​ប្តឹង​នាយក​ក្រុមហ៊ុនទូរស័ព្ទ​ពី​បទ​មិន​គោរព​ច្បាប់​ការងារ​

​ភ្នំពេញ​ ៖​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​អង្គា​រ៍​ដើម​ស​ប្តា​ហ៍​នេះ​ បាន​ចេញ​មុខ​ប្តឹង​នាយក​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ​ទៅ​ក្រសួង​ការងារ​ដោយ​ ចោទប្រកាន់​ថា​ ក្រុមហ៊ុន​នេះ​មិន​បាន​គោរព​ច្បាប់​ការងារ​ ។​
​ការ​ដាក់​ពាក្យបណ្តឹង​នេះ​បាន​កើត​ មាន​ឡើង​ ក្រោយ​ពី​តំណាង​បុគ្គលិក​ទូរស័ព្ទ​ចល័ត​ Mfone​ ប្រមាណ​២៥​នាក់​ ដែល​តំណាង​ឲ្យ​បុគ្គលិក​សរុប​៥៤​នាក់​ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​សហជីព​សេរី​កម្មករ​ដោយសារ​តែ​ ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​ហេតុផល​។​
​ពាក្យបណ្តឹង​មួយ​ ច្បាប់​របស់​សហជីព​សេរី​កម្មករ​ដាក់​ទៅ​ក្រសួង​ការងារ​បាន​ ចោទប្រកាន់​ថា​ នាយក​ក្រុមហ៊ុន​Mfone​បាន​ព្យួរការងារ​បុគ្គលិក​ដោយ​ពុំ​បាន​ផ្តល់​ប្រាក់​ បៀវត្ស​ឡើយ​ ចាប់តាំងពី​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១២​រហូត​មក​ដល់​ខែមករា​ឆ្នាំ​២០១៣​។​

​ពាក្យបណ្តឹង​ដដែល​បាន​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​មាន​ចេតនា​បញ្ឈប់​បុគ្គលិក​ទាំងនោះ​ ដោយ​ពុំ​បាន​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ​ទេ​។​
​លោកស្រី​សំ​ ស្រី​មុំ​ អគ្គលេខាធិការ​រង​នៃ​សហជីព​សេរី​កម្មករ​ បាន​និយាយ​ថា​ សហជីព​ចង់​ឲ្យ​ក្រុមហ៊ុន​ទទួល​កម្មករ​ចូល​ធ្វើការ​វិញ​។​ ​លោកស្រី​និយាយ​ថា​«​ប្តឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ទី​មួយ​ ទទួល​ពួក​គាត់​ចូល​ធ្វើការ​វិញ​។​ ទី​ពីរ​បើ​ក្រុមហ៊ុន​មិន​ទទួល​ពួក​គាត់​ចូល​ធ្វើការ​ទេ​ ក្រុមហ៊ុន​ត្រូវ​តែ​ទូទាត់​ស្តី​ពី​ច្បាប់​ការងារ​»​។​
​កាលពី​ដើមខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១២​ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​Mfone​ បាន​ផ្អាក​ការងារ​បុគ្គលិក​បម្រើ​ផ្នែក​អតិថិជន​ ដែល​ភាសារ​អង់គ្លេស​ហៅ​ថា​ Tele​ Marketing​  ប្រមាណ​ជិត​១០០​នាក់​ ដោយ​លើក​ហេតុផល​ថា​ កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។​
​អ្នកស្រី​ ភុ​ន​ កែវ​ពិសិដ្ឋ​ អាយុ​២៨​ ដែល​បាន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​Mfone​ប្រមាណ​ជាង​៤​ឆ្នាំ​ បាន​និយាយ​ថា​ ពួក​គេ​បាន​ព្យាយាម​ទៅ​ជួប​ក្រុមហ៊ុន​ដើម្បី​ឲ្យ​បានការ​ងារ​ត្រឡប់​មក​វិញ​ តែ​ត្រូវ​បាន​ខាង​តំណាង​ក្រុមហ៊ុន​បដិសេធ​ ។​ ​អ្នកស្រី​ឲ្យ​ដឹង​ថា​ កម្មករ​ចង់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​ពួក​គេ​ឲ្យ​ចូល​ធ្វើការ​វិញ​ និង​ទាមទារ​ប្រាក់​សំណង​ទៅ​តាម​អតីតភាព​ការងារ​ ។​
​អ្នកស្រី​និយាយ​ថា​ «​ដូច​ថា​ វា​អត់​សម​!​ តាម​ធម្មតា​ក្រុមហ៊ុន​ត្រូវ​ជូនដំណឹង​មុន​ យ៉ាងតិច​ក៏​មួយ​ខែ​ដែរ​។​ ប៉ុន្តែ​នេះ​អត់​មាន​ទេ​។​ គេ​ប្រាប់​ពួក​ខ្ញុំ​ថ្ងៃ​ហ្នឹង​ ផ្អាក​ពួក​ខ្ញុំ​ថ្ងៃ​ហ្នឹង​ ហើយ​អត់​មាន​និយាយ​ថ្ងៃ​ចូល​វិញ​ទេ​។​ កាលពីមុន​ គាត់​និយាយ​ថា​ គាត់​ផ្អាក​តែ​កន្លះ​ខែ​ ឬ​ក៏​តែ​មួយ​ខែ​ទេ​។​ គាត់​ថា​ យ៉ាងណា​គាត់​ទាក់ទង​មក​ខាង​ពួក​ខ្ញុំ​។​ ក៏​ប៉ុន្តែ​អត់​មាន​ទេ​។​ លើស​ពី​មួយ​ខែ​ហើយ​ ពុំ​មាន​ទាក់ទង​មក​ទេ​»​។​
​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ Mfone​ មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​។​នៅ​ពេល​ទាក់ទង​តាម​ ទូរស័ព្ទ​ខ្សែ​របស់​ក្រុមហ៊ុន​ អ្នក​លើក​ទូរស័ព្ទ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ Mfone​ បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​១៩៩០​ ដោយ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ប្រៃ​ស​ណី​ និង​ទូរគមនាគមន៍​រយៈពេល​៣៥​ឆ្នាំ​។​ ក្រុមហ៊ុន​នេះ​មាន​បណ្តាញ​ខ្សែ​ទូរស័ព្ទ​ចល័ត​ជា​ច្រើន​ខ្សែ​ ដូច​ជា​ប្រព័ន្ធ​០១១​ ,​ ០៩៩,​ ០៨៥,​ ០៧៦​ និង​០៦១៕

Comments system

Disqus Shortname