ខេត្ដស្វាយរៀង ៖ កាលពីវេលាម៉ោង៥-៦ល្ងាច ថ្ងៃទី២០ ខែមករា
ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងឃុំតាសួស
ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរមួយ
ដែលបង្កឡើងដោយរថយន្ដឡិចស៊ីសបែកកង់ក្រោយ
ហើយរេចង្កូតក្រឡាប់ជាច្រើនត្រឡប់
បណ្ដាលឱ្យមានជនរងគ្រោះម្នាក់ស្លាប់ និង៥នាក់រងរបួស ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ស៊ុន សំអុល ភេទប្រុស
អាយុជាង៣០ឆ្នាំ ជាគ្រូបង្រៀននៅសាកលវិទ្យាល័យស្វាយរៀង
និងមានទីលំនៅក្នុងរាជធានីភ្នំពេញ ។
រីឯនារីរងគ្រោះដែលរបួសធ្ងន់មានឈ្មោះ កន សារឿន
អាយុជាង៣០ឆ្នាំ ជាគ្រូនិងមានទីលំនៅក្នុងរាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ៤នាក់ទៀតជារបុសបានរងរបួសស្រាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
គ្រូបង្រៀនទាំង៦នាក់បានទៅបង្រៀននៅសាកលវិទ្យាល័យស្វាយរៀង
ថ្ងៃសៅ និងថ្ងៃអាទិត្យ លុះបង្រៀនចប់ នៅវេលាម៉ោង៥-៦ល្ងាច
ក៏នាំគ្នាជិះរថយន្ដឡិចស៊ីសត្រឡប់មករាជធានីភ្នំពេញវិញ ។
តែពេលមកដល់ពាក់កណ្ដាលផ្លូវ
ស្រាប់តែរថយន្ដបែកកង់ក្រោយបណ្ដាលឱ្យរេចង្កូតក្រឡាប់៤-៥ត្រឡប់
ធ្វើឱ្យលោកគ្រូម្នាក់កៀបក្បាលជាប់ទ្វាររថយន្ដបណ្ដាលឱ្យបែកក្បាល
ធ្លាយខួរ ។ រីឯជនរងគ្រោះ៥នាក់ទៀតមាននារីម្នាក់រងរបួសធ្ងន់ ៕(NOKORWAT)