លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៩ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែក អនុវត្តកម្មវិធី នយោបាយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល គណៈមេធាវីបានធ្វើកិច្ចសហការជាមួយអង្គការ ស្ថាប័នជាតិ អន្តរជាតិ ទាំងផ្នែកសាធារណៈ និងឯកជន ដែលក្នុងនោះ មានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ផងដែរ ដើម្បីពង្រឹងសមត្ថភាពរបស់សមាជិក សមាជិកា ក៏ដូចជាស្ថាប័នគណៈមេធាវី។
លោកបន្តថា កន្លងមក JICA ក៏បានផ្តល់កិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភទាំងថវិកា ទាំងសំភារៈបច្ចេកទេសដល់គណៈមេធាវី ហើយបាន បើកវគ្គបណ្តុះបណ្តាលដល់សមាជិក សមាជិកា និងរៀបចំធ្វើសិក្ខាសាលាពាក់ព័ន្ធវិស័យច្បាប់ជាច្រើនលើករួចមកហើយ។
លោក ប៊ុន ហុន ឲ្យដឹងដែរថា ថ្មីៗនេះគណៈមេធាវីក៏បានទទួលសៀវភៅ ដែលពាក់ព័ន្ធវិស័យរដ្ឋប្បវេណីចំនួន៩៧៥០ ក្បាល ពីក្រសួង យុត្តិធម៌ ដែលសៀវភៅទាំងនេះត្រូវបានរៀបចំនិងបោះពុម្ពឡើងដោយកិច្ចសហការ ឧបត្ថម្ភរបស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ នៃ ប្រទេសជប៉ុន (JICA)។
លោកបញ្ជាក់ថា “ទន្ទឹមនឹងការរីកចំរើន ការពង្រឹងសមត្ថភាពលើវិស័យរដ្ឋប្បវេណី ជាចំណុចអាទិភាពដែលគណៈមេធាវី កំពុងយកចិត្ត ទុកដាក់ ហើយតម្រូវឲ្យមេធាវីត្រូវតែពង្រឹងសមត្ថភាព ដើរឲ្យទាន់ការវិវឌ្ឍន៍នៃសង្គម ហើយបន្ទាប់ពីក្រមរដ្ឋប្បវេណីត្រូវបានអនុវត្ត ចាប់ពី ឆ្នាំ២០១១ មជ្ឈដ្ឋានអ្នកច្បាប់ ជាពិសេសស្ថាប័នធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុបាននិងកំពុង ពិភាក្សាទៅលើ ការអនុវត្ត បទបញ្ញត្តិ ទាំងឡាយ នៅក្នុងក្រមរដ្ឋប្បវេណី ហើយចំណុច ដែលចាប់អារម្មបំផុតនោះគឺ “ការដាក់ធានា និងហ៊ីប៉ូតែក”។
ប្រធានគណៈមេធាវីរូបនោះបញ្ជាក់ទៀតថា “ការពង្រឹងវិជ្ជាជីវៈ ឬពង្រឹងសមត្ថភាពនេះ គឺដើម្បី ជាទំនុកចិត្ត និងបំពេញតម្រូវការ ដល់ អតិថិជន ពីព្រោះនៅក្នុងពេលដ៍ខ្លីខាងមុខនេះ កម្ពុជានឹងធ្វើសមាហរណកម្មទៅក្នុងតំបន់ពាណិជ្ជអាស៊ានដែលទាមទារ ឲ្យមេធាវី យើងមាន សមត្ថភាព គ្រប់គ្រាន់ និងសីលធម៌វិជ្ជាជីវៈ ដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារសេវាកម្មច្បាប់ជាមួយនឹងសមាជិក អាស៊ានផ្សេងទៀត”។
លោក ប៊ុន ហុន ពន្យល់ថា ហ៊ីប៉ូតែក គឺជាការចុះបញ្ជីដាក់ធានា។ បើជាពាក្យបច្ចេកទេស ហៅថា ការដាក់ប្រតិភោគ ហើយការបង្កើត ហ៊ីប៉ូតែកនេះ គឺដើម្បីឲ្យមានភាពងាយស្រួលទៅថ្ងៃក្រោយ។
លោកបញ្ជាក់ថា ប្រពន្ធនេះមានភាពងាយជាងកាខ្ចីបុលដូចសព្វថ្ងៃ ពីព្រោះមិនចាំបាច់ត្រូវដាក់ឯកសារទេ ដោយគ្រាន់តែបង្ហាញ ហើយទៅ ចុះបញ្ជី នៅសុរិយោដី ប៉ុណ្ណោះ។ លោកបញ្ជាក់ថា “ការធ្វើបែបនេះវាទាក់ទងទៅនិងសេដ្ឋកិច្ចទីផ្សាសេរី ចលនាសេដ្ឋកិច្ច”៕(CEN)