Monday, January 14, 2013

ត្រី​ចាប់ផ្តើម​ត្រូវ​ទៀតហើយ នៅក្នុង​ខ្នើត ខែបុស្ស​នេះ​

ប្រជាពលរដ្ឋ​ភាគច្រើន ​ដែល​កំពុង​រស់នៅ​ ជុំវិញ​បឹង​ទន្លេសាប​ គឺ​មាន​មុខរបរ​ជា​អ្នក​នេសាទ​។ ពួកគាត់​សប្បាយ​ចិត្ត​ នៅ​ពេល​ដែល​នេសាទ​ត្រីបាន​ច្រើន​។ ដោយ​មើល​ឃើញ​​​នូវ​ប​ញ្ហាចំពោះមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន ​សែន ​ជា​ប្រមុខ បាន​សម្រេច​ធ្វើ​កំណែទម្រង់​វិស័យ​ជលផល​ជាថ្មី ដោយ​លុប​​ឡូត៍​នេសាទ នៅទូទាំង​ប្រទេស ទុកអោយ​ប្រជាពលរដ្ឋ ធ្វើ​នេសាទ​ជា​លក្ខណៈ គ្រួសារ ​និង​រៀបចំ ជា​កន្លែង​អភិរក្សជលផល លើ​ផ្នែក​ខ្លះ។​

​គោលនយោបាយ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គាំទ្រ​យ៉ាង​ពេញទំហឹង និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ពីព្រោះ​ពួកគាត់ អាច​នេសាទ​ត្រីបាន​ស្រួល និង​ចាប់​​ត្រី​បាន​ច្រើន មិន​ដូច​ពី​ពេល​មុន​ ការនេសាទរបស់​ពួកគាត់ ត្រូវ​បាន​ហាមឃាត់ ពី​ពួក​​ថៅកែ​ឡូត៍។

នៅក្នុង​ខ្នើត​ខែបុស្ស​នេះ ត្រី​បាន​ចាប់ផ្តើមចរាច​រណ៍ ហែចុះ​ពី​បឹង​ទន្លេសាប ជា​បន្ត​បន្ទាប់​ទៀត ដែល​ធ្វើអោយ​ប្រជា​នេសាទ ចាប់​ត្រី​បាន​ច្រើន ជាពិសេស​ គឺ​ត្រី​សម្រាប់ ធ្វើ​​ប្រហុក ​ផ្អក ​និង​ត្រីឆ្អើ​។​

​ប្រជា​នេសាទ ​បាន​អោយដឹង​នៅ​ថ្ងៃ​១២​ មករា ​ថា ប្រភេទ​ត្រី​លិញ​ ត្រី​រៀល ​និង​ត្រី​ស្លឹក​ឫស្សី ដែល​ជា​ប្រភេទ​ត្រី សម្រាប់​ធ្វើ​ប្រហុក ​ផ្អក មួយ​ក្បាលទូកៗ អាច​ចាប់​បាន​ពី ១០០ ​គីឡូក្រាម ទៅ​ ២០០​ គីឡូក្រាម ​ក្នុង​មួយ​ថ្ងៃ។ ​សម្រាប់​ត្រី​ធំ ​មួយ​ក្បាលទូក អាច​ចាប់​​បានពី​ ១៥ ​គីឡូក្រាម ទៅ ៣០​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ។ ចំពោះ​តម្លៃ​វិញ​ ឡើង​ចុះ​មិន​ទៀងទាត់ ​ទៅតាម​ត្រី​សម្បូរ ​ឬ​មិន​សម្បូរ​។​

​ ប្រជា​នេសាទ​បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ​ នៅពេល​ដែល​ពួកគាត់​ នេសាទ​ត្រី​បាន​​ច្រើន ​ហើយ​ពួកគាត់​ក៏បាន ថ្លែងអំណរគុណផងដែរ ចំពោះសម្តេចអគ្គមហា​សេនា​​បតី​​តេជោ​ ហ៊ុន សែន​ ដែលបាន​លុប​ឡូត៍​នេសាទ ទុកអោយ​ប្រជាពលរដ្ឋ​ ធ្វើការ​នេសាទ ​ជា​លក្ខណៈ​គ្រួសារ បាន​ងាយស្រួល​ មិន​ដូចពេលមុន​។
លោក ​សេង ​ប៊ុន​ឈឿន នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ កំពង់ឆ្នាំង បានអោយដឹង​ថា​ ត្រី​ធំ ​បាន​ចាប់ផ្តើម​ត្រូវ ​កាលពី​ថ្ងៃ​ទី​១០ ​និង​ត្រី​ល្អិត សម្រាប់​ធ្វើ​ប្រហុក ផ្អក បានចាប់ផ្តើម​ត្រូវ​ខ្លាំង ​នៅ​តំបន់​ឆ្នុកទ្រូ កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៣ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា​នេះ ​ត្រី​បាន​ចុះ​មក​ដល់​ឡូត៍លេខ​៦ និង​ឡូ​ត៍លេខ​៩ ​ខេត្ត​កំពង់ឆ្នាំងហើយ​។ ប្រជាពលរដ្ឋ អាច​ចាប់​ត្រី ​បាន​ច្រើន ពីព្រោះត្រី ​នឹង​បន្តត្រូវ​ជា​បន្ត​ទៀត​៕​(cen)

Comments system

Disqus Shortname