រាជធានីភ្នំពេញ ៖
នារីបុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលាម្នាក់បានត្រូវក្រុមចោរ
៤នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ជិះម៉ូតូ២គ្រឿង
មួយគ្រឿងម៉ាក SL និងមួយគ្រឿងទៀតម៉ាកឌ្រីមសេ១២៥
ធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១០
ទៅបាត់ដោយសុវត្ថិភាព
ខណៈនារីរូបនោះធ្វើដំណើរចេញពីកន្លែងធ្វើការបំណងទៅផ្ទះវិញ
ត្រង់ចន្លោះស្ពានលេខ៩-១០ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង
ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី១ មករា ២០១៣ ។
នារីរងគ្រោះ ឈ្មោះឃាង ហ្គិច ស៊ីម អាយុ២២ឆ្នាំ
ជាបុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា មានទីលំនៅភូមិព្រែកអញ្ចាញ
ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា
មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការ
ត្រឡប់ទៅផ្ទះវិញ
លុះមកដល់ចំណុចកើតហេតុក៏ត្រូវជនល្មើស៤នាក់ជិះម៉ូតូ២គ្រឿង
ធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូបានដោយ
សុវត្ថិភាព រួចជិះគេចខ្លួនបាត់ស្រមោល ។
ប៉ុន្តែរយៈពេលប្រហែល២ម៉ោងក្រោយមក ប៉ូលិសខណ្ឌឫស្សីកែវ
សហការជាមួយប្រជាការពារដេញតាមចាប់ជនសង្ស័យបាន២នាក់
និងដកហូតបានម៉ូតូ១គ្រឿងម៉ាក SL
ហើយក៏កំពុងដុតដៃដុតជើងតាមស្វែងរកជនសង្ស័យ២នាក់ទៀតផងដែរ ។(KOH)