Monday, January 21, 2013

រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​៖​ផ្ទះ​នៅ​ឆ្ងាយ និង​យុត្ដិធម៌​ក៏​នៅ​ឆ្ងាយ​

នៅក្នុង​ឆ្នាំ​១៩៧៤ ក្មេងស្រី​ក្នុង​វ័យ​១៥​ឆ្នាំ​ម្នាក់​ឈ្មោះថា មាន ចេ​ន​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ស្នើរ​ឱ្យ​ចាក​ចេញពី​លំនៅ ស្ថាន​ក្នុង​ខេត្ដ​ស្ទឹងត្រែង​ដោយ​ធ្វើដំណើរ​ទៅកាន់​ខេត្ដ​ព្រះវិហារ ដើម្បី​ទៅ​ទទួល​ការអប់រំ រៀនសូត្រ​ឱ្យក្លាយ​ទៅជា​មនុស្ស​ស្អាតស្អំ ឯករាជ្យ​ម្ចាស់ការ និង​រៀន​អំពី​វិន័យ​ផ្សេងទៀត​របស់​កុម្មុយនីស្ដ​ខ្មែរ ក្រហម​។ ចេ​ន មិន​ចង់​ចេញពីផ្ទះ​ទាំង​នៅ​វ័យក្មេង​យ៉ាង​ដូច្នេះ​ទេ ប៉ុន្ដែ​នាង​មិនអាច​តវ៉ា​ទៅនឹង​ការស្នើសុំ​របស់​កម្មាភិបាល​ខ្មែរក្រហម​ បានទេ​ហើយ​ឪពុកម្ដាយ​របស់​នាង​ក៏​គ្មាន​សិទ្ធិ​និង​ឥទ្ធិពល​ទៅ​តវ៉ា​ជាមួយ​ កម្មាភិបាល​ខ្មែរ ក្រហម​ដែរ​។

​ចម្ងាយ​ផ្លូវ​ពី​ស្ទឹងត្រែង​ទៅ​ ព្រះវិហារ​មាន​ប្រវែង​ប្រហែលជា​១៦០​គីឡូម៉ែត្រ តែ​រយៈ​ចម្ងាយ​នេះ រិត​តែ​ធ្វើឱ្យ​កាន់តែ​ឆ្ងាយ​ទៅទៀត​ដោយសារតែ​ចន្លោះ​នោះ​គឺជា​តំបន់​ ព្រៃភ្នំ​ដ៏​ក្រាស់ឃ្មឹក ផ្លូវ​ក្រហេងក្រហូង ព្រម ទាំង​មិនមាន​ប្រព័ន្ធ​ទំនាក់ទំនង​ផង​។ ទោះបីជា​ឆ្ងាយ​យ៉ាងនេះ​ក្ដី ចេ​ន ពុំដែល​រំពឹងទុក​ថា រូបគាត់​នឹង​ឃ្លាតឆ្ងាយ​ពី ក្រុមគ្រួសារ​របស់​គាត់​យូរ​យ៉ាង​នោះទេ​។ ថ្ងៃ​ដែល​គាត់​ចាក​ចេញពីផ្ទះ បានក្លាយ​ទៅជា​ពេល​ចុងក្រោយ​បំផុត ដែល​គាត់​បានឃើញ​មុខ​ឪពុក​ជា​លើកចុងក្រោយ​។ ទើបតែ​ក្នុង​ឆ្នាំ​១៩៨០​ទេ​ដែល​គាត់​អាច​វិល​ត្រលប់មក ផ្ទះ​របស់ គាត់​នៅ​ខេត្ដ​ស្ទឹងត្រែង​វិញ​បាន តែ​ជា​អកុសល ទើបតែ​ពេលនោះ​ដែរ​ដែល ចេ​ន ដឹងថា​បាត់បង់​ឪពុក ជាទី​ស្រលាញ់ របស់គាត់​។​ពេលនោះ​ម្ដាយ​របស់គាត់​បាន​ប្រាប់​ចេ​ន​ថា​ឪពុក​របស់គាត់​បាន​ បាត់​ដំណឹង​សូន្យ​មិនដឹង​ជា​ខ្មែរក្រហម​យក​គាត់​ទៅណា​។

​នា​ឆ្នាំ​ ១៩៨០​នោះ ចេ​ន ដែល​ទើបតែ​រៀបការ​រួច​បាន​ចំណាយពេល​អស់​ជិត​មួយ​សបា្ដហ៍​ធ្វើដំណើរ ដោយ​រទេះគោ​ដើម្បី​ត្រលប់​ទៅផ្ទះ​របស់គាត់​វិញ​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​។ ដោយ​ការ​នឹករលឹក​មកដល់​លោក​ពុក អ្នក​ម្ដាយ និង​បងប្អូន​ទាំងពីរ​នាក់​របស់គាត់ គាត់​សង្ឃឹមថា​គាត់​នឹង​បាន​វិល​មកជួប​ជុំគ្នា​ម្ដងទៀត​បន្ទាប់ពី​គាត់ បាន​បែក​ចេញពី​គ្រួសារ​តាំងពី​ឆ្នាំ​១៩៧៤​មក​។ ពេល​គាត់​មកដល់​ផ្ទះ បរិយាកាស​ប្រែក្លាយ​ទៅជា​មាន​សភាព អាប់អួរ នៅពេលដែល​ម្ដាយ​របស់គាត់​ប្រាប់​គាត់​ថា​ខ្មែរក្រហម​បាន​យក​ឪពុក​របស់គាត់​ ទៅ​សម្លាប់​បាត់ ទៅហើយ​។​

​មកដល់​ថ្ងៃនេះ របួស​ផ្លូវ​ចិ​ត្ដ​នៅតែ​ដក់​ជាប់​នៅក្នុង​ចិ​ត្ដរបស់​គាត់​ដដែល ដោយសារតែ​ការ​បែក​ចេញពី គ្រួសារ ការបាត់បង់ ហើយ​យុ​ត្ដិ​ធ៌​ម​នៅតែមាន​ភាព​អាប់អួរ ។​ម្យ៉ាង​វិញទៀត ដំណឹង​ពី​ឪពុក​របស់គាត់ នៅតែ​ជា អាថ៌កំបាំង​នៅឡើយ​។ ចេ​ន និយាយថា គាត់ នៅតែ​ចងចាំ​ស្នាមញញឹម​ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៧៤ នៅឡើយ​។

​ខែធ្នូ ឆ្នាំ​២០១២ ចេ​ន បានធ្វើ​ដំណើរ​ពី​ខេត្ដ​ព្រះវិហារ​មកកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ទស្សនា​ សារមន្ទីរ ប្រល័យពូជសាសន៍​ទួលស្លែង វាលពិឃាត​បឹង​ជើងឯក និង​សាលាក្ដី​ខ្មែរក្រហម​។​​អ្នកខ្លះ​បាន​ប្រាប់ ចេ​ន ថា ឪពុក​របស់គាត់​ដែលជា​អតីត​មេភូមិ​មុនពេល​ដែល​គាត់​បាត់​ខ្លួន នៅក្នុង​ឆ្នាំ ១៩៧៧ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ស​-២១​។ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១២ គឺជា​លើកទីមួយ​ដែល​គាត់ បានមក​ទស្សនា សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​។ ចេ​ន តក់ស្លុត​យ៉ាងខ្លាំង​នៅពេល គាត់​ឈាន​ជើង​ចូល ដល់ទី​ធ្លា​ខាងមុខ នៃ​សារមន្ទីរ​នេះ និង​ចាប់​យំ​ភ្លាម​នៅពេលដែល​គាត់​ឃើញ​រូបថត​អ្នកទោស​រាប់រយ​សន្លឹក​។

​ ចេ​ន បាន​សួរថា​“​តើ​អ្នក​ទាំងអស់គ្នា​នៅក្នុង​រូបថត​នេះ​ស្លាប់​អស់ហើយ​មែន​ទេ​ ?”  បុគ្គលិក​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា​ម្នាក់​បាន​ឆ្លើយថា “​បាទ មានតែ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​រូបថត​នេះ​ដែល​នៅរស់​រាន មានជីវិត​”​។​ចេ​ន បាន​យក​ក្រមា​ជូត​ទឹកភ្នែក​របស់គាត់​នៅ​ខណៈពេលដែល​គាត់​ព្យាយាម​ស្វែងរក​ រូបថត​ឪពុក របស់ គាត់​នៅក្នុង​ចំណោម​រូត​ថត​ជាច្រើន​ពាន់​សន្លឹក​។​

​ ឪលោក​ពុក​ម្ដាយ​របស់ ចេ​ន គឺជា​ប្រជាកសិករ​សុទ្ធសាធ​ពេញ​មួយជីវិត​របស់គាត់​។ ភូមិកំណើត របស់ គាត់​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​ត្រូវ​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ កុម្មុយនីស្ដ​ខ្មែរក្រហម​នា​ដើមឆ្នាំ​១៩៧០​។ ការផ្លាស់ ប្ដូរ​របប​នយោបាយ​ក្នុងប្រទេស​បែបនេះ​មិនបាន​ធ្វើឱ្យ​ការរស់នៅ​របស់​ ឪពុកម្ដាយ ចេ​ន ផ្លាស់ប្ដូរ​ទេ​។ ឪពុកម្ដាយ របស់គាត់​បន្ដ​ការរស់នៅ​ជា​កសិករ​ដដែល​។ ការរស់នៅ​របស់ ចេ​ន មាន​សភាព​ជាធម្មតារ​ហូត​ដល់ ឆ្នាំ​១៩៧៤​នៅ ពេលដែល​គាត់​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​បញ្ជូន​ទៅកាន់​ខេត្ដ​ព្រះវិហារ ​ដើម្បី​ចូលរួម​ជាមួយនឹង​យុវជន​ផ្សេ​ទៀត​។ ចាប់តាំងពី​គាត់​ចាក​ចេញពី​ស្រុកកំណើត​មក ចេ​ន មិនមាន​ទំនាក់ទំនង​អ្វី​ទាំងអស់​ជាមួយ ឪពុកម្ដាយ​របស់គាត់ រួមទាំង​សមាជិក​ទាំងអស់​នៅក្នុង​គ្រួសារ​។ គាត់​រស់នៅ​តែម្នាក់​ឯង ហើយ​គាត់​ត្រូវបាន តម្រូវឱ្យធ្វើ​កិច្ចការ ជាច្រើន​ដូចជា លើក​ទំនប់ កាប់ឆ្ការ​ព្រៃ ធ្វើស្រែ និង​ការងារ​ជាច្រើន​មុខ​ទៀត​។​

​ចេ​ន បាន​និយាយថា “​ខ្ញុំ​ឆ្លងកាត់​បទពិសោធន៍​លំបាកៗ​ច្រើនយ៉ាង​។ ខ្ញុំ​ធ្វើ​ការងារ​ក្រោម​កម្ដៅថ្ងៃ ភ្លៀង សន្ធឹក ហើយ​កន្លែង​នោះ​ស​ម្ឃូ​រ​គ្រុនចាញ់​ណាស់​”​។
​ឪពុក​​​របស់ ចេ​ន ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ពីរ​នាក់​ជិះ​ម៉ូតូ​មួ​ួ​យ​គ្រឿង​ដឹកយក​ ចេញទៅ​បាត់​ក្នុង​ឆ្នាំ ១៩៧៧​។  ចេ​ន បានឮ​ម្ដាយ​របស់គាត់​ប្រាប់ថា ពេលនោះ​គឺជា​ថ្ងៃ​ដែល់​សមាជិកគ្រួសារ​ទាំង​អស់​បាន​បាត់បង់ មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។ ម្ដាយ​របស់​ចេ​ន បាន​និយាយថា “​គ្មាន​នរណា​បាន​លា​ឪ​របស់​ឯង​ទេ ហើយ​ឪ​ឯង ក៏​មិនបាន​លា​យើងទាំងអស់គ្នា​ដែរ​”​។ ម្ដាយ​របស់ ចេ​ន បាន​ប្រាប់ ចេ​ន ទៀតថា ឪពុក​របស់ គាត់​ត្រូវ​យកទៅ សម្លាប់​ដោយ​ចោទ​ពីបទ​ក្បត់​នឹង​អង្គការ​។​

​ចេ​ន បាន​ប្រៀបធៀប​នូវ​អ្វីដែល​បានកើត​ឡើងទៅ​លើ​ឪពុក​របស់គាត់​ទៅ​និង​ស្ថាន​បាន​ ក្នុង​ខេត្ដ​ព្រះវិហារ ក្នុង​រយៈ​ប្រហាក់ប្រហែលគ្នា​ដែរ​។ ចេ​ន បាន​និយាយថា ក្នុង​ឆ្នាំ​១៩៧៧ មនុស្ស​ជាច្រើន​ត្រូវបាន​យកទៅ សម្លាប់ និង​បាត់​ខ្លួន​ដោយ​ខ្មែរក្រហម​ចោទថា “​ខ្មាំង​”​។ ចេ​ន បានឃើញ​ដោយផ្ទាល់​ភ្នែក​នៅពេលដែល​អង្គការ ចោទ ប្រកាន់​មិ​ត្ដរបស់​គាត់​ជាច្រើន​នាក់​ថា​ក្បត់​នឹង​អង្គការ តែ​តាម​ការពិត​អ្នក​ទាំងនោះ​គ្រាន់តែ​មិនបាន​ស្ទូង​ឱ្យ បាន ត្រឹមត្រូវ ឈឺ​មិន​អាចធ្វើ​កិច្ចការ​បានតែ​ប៉ុណ្ណោះ​។ ឆ្លងតាម​អ្វីដែល ចេ​ន អាច​វិភាគ​បាន​គឺថា​ឪពុក​របស់ គាត់​ប្រហែលជា​ប្រ​ព្រឹ​ត្ដ​កំហុស​តូចតាច​អ្វីមួយ​តែប៉ុណ្ណោះ​។​

​ សព្វថ្ងៃនេះ  ចេ​ន នៅតែ​ព្យាយាម​តស៊ូ​នៅក្នុង​ជីវិត​របស់គាត់​។ ពីរ​ទៅ​បី​ឆ្នាំ គាត់​អាច​ទៅលេង​ភូមិ កំណើត​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​បានតែ​ម្ដង​។ ចេ​ន ដឹង​តិចតួច​ប៉ុណ្ណោះ​ពី​តុលាការ​កាត់ក្ដី​ខ្មែរក្រហម ដោយសារតែ គាត់​នៅ​ឆ្ងាយ​ពី​ទីតាំង​សាលាក្ដី​នេះ​ពេក ហើយ​គាត់​ក៏​មិនដែល​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ដែរ​។ គាត់​បាន​និយាយថា ពេលខ្លះ​វិទ្យុ​ក៏​មិនអាច​លឺ​ដល់​ដែរ​។  ចេ​ន មិន​ស្គាល់ឈ្មោះ​ជនជាប់ចោទ​ណា ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ នៅក្នុង​តុលាការ​កាត់ក្ដី​ខ្មែរក្រហម​ទេ​។ អ្វីដែល​គាត់​បានឮ​នៅពេលដែល​គាត់​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១២ គឺ​អំពី​ជីវិត​របស់​សាក្សី​ម្នាក់​ដែល​បាន​ពិ​ពរ​ណ៌​នាពី​អតីត​កាលពី​ ការជម្លៀស​ពី​ទីក្រុង​ភ្នំពេញ​ក្នុង ខែមេសា ឆ្នាំ​១៩៧៥​។ ក្រោយពី​ស្ដាប់​សាក្សី​រួម​មក ចេ​ន បាន​និយាយថា ហេតុការណ៍​ជម្លៀស​ប្រជា​ជាន ពិតជា​ព្រៃផ្សៃ ណាស់​។ ទោះបីជា ចេ​ន មិនដែល​ជួប​បទពិសោធន៍​នៃ​ការជម្លៀស​ក៏ដោយ គាត់​បាន​បញ្ជាក់ថា មនុស្ស​ម្នាក់ៗ​ដែល ឆ្លងកាត់​របប​ខ្មែរក្រហម​សុទ្ធតែ​ជួបប្រទះ​នូវ​ភាពឈឺចាប់​។ នៅ​ថ្ងៃទី​៥ ខែធ្នូ​នោះដែរ ជន​ជាប់ ចោទ នួន ជា និង​ខៀវ សំផន ក៏មាន​វត្ដ​មាន​ស្ដាប់​សាក្សី​ជាមួយនិង ចេ​ន ដែរ​។​

​ចេ​ន ចង់ឱ្យមាន​ការដាក់ទោស​មេដឹកនាំ​ខ្មែរក្រហម​យ៉ាងធ្ងន់ធ្ងរ​តាមតែ​អាចធ្វើ​ ទៅបាន​។ គាត់​ស្អប​អ្នក​ដឹក នាំ​ខ្មែរក្រហម​ទាំងអស់​។ ម្យ៉ាងវិញទៀត ចេ​ន មាន​អារម្មណ៍​ថា យុត្ដិធម៌​ហាក់បីដូចជា​នៅ​ឆ្ងាយ​ពី​គាត់​ណាស់​។ ដោយសារតែ​គាត់​នៅ​ឆ្ងាយ​ពី​សាលាក្ដី​នេះ គាត់​ក៏​មិនអាច​និង​ទទួលបាន​ភាព​យុត្ដិធម៌​គ្រប់​ជ្រុងជ្រោយ​និង​ទាន់ពេល វេលា​ដែរ​៕(CEN)

Comments system

Disqus Shortname