Thursday, January 3, 2013

លោក​ជា​ មុន្នី​ ដក​ពាក្យ​បណ្តឹង​សំណុំ​រឿង​លោក ​ជា​ វិជ្ជា​

ប្រតិកម្ម​ភ្លាមៗ​បន្ទាប់​​សាលា​ឧទ្ទរណ៍​ បាន​សម្រេច​ផ្តន្ទា​ទោស​លោក​សុក សំអឿន និង​លោក​ ប៊ន​ សំណាង​ ជា​ថ្មី​ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ ​​ចំនួន​២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​​សម្លាប់​ប្រធាន​សហជីព​សេរី​​កម្មករ​កម្ពុជា​លោក ជា វិជ្ជា ដោយ​ចេតនា នោះ​លោក​ជា មុន្នី​ ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ជា វិជ្ជា បាន​ប្រ​កាស​ថា​នឹង​ដក​ពាក្យ​បណ្តឹង​របស់​លោក​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​​ ឃាតករ​សប្បនិម្មិត​ទាំង​ពីរ​នាក់។​

លោក​ជា មុនី ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ជា វិជ្ជា បាន​ប្រ​កាស​ថា​នឹង​ដក​ពាក្យ​បណ្តឹង​របស់​លោក​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ ឃាតករ​សប្បនិម្មិត​ទាំង​ពីរ​នាក់​ បន្ទាប់​ពី​សាលា​ឧទ្ទរណ៍​បាន​ប្រកាស​​ផ្តន្ទា​​ទោស​សា​ជា​ថ្មី​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង​ជាប់​ពន្ធនាគារ​​ម្នាក់ៗ​​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​​សម្លាប់​ប្រធាន​សហជីព​សេរី​​កម្មករ​កម្ពុជា​លោក ជា វិជ្ជា ដោយ​ចេតនា។ ​

ការ​ប្រ​កាស​របស់​លោក​ជា​ មុន្នី​ ដែល​ជា​ប្អូន​​ប្រុស​របស់​ លោកជា​ វិជ្ជា​​ និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​បាន​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ ក្រោយ​ពី​សាលាឧទ្ទរណ៍​បាន​ប្រកាស​ផ្តន្ទា​ទោស​ឃាតករ​សប្បនិម្មិត​ទាំង​ពី​រ​ នាក់​។ លោក​ជា​ មុន្នី​បាន​ថ្លែង​​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ លោក​ ​មិន​​អាច​​ស្វែង​រក​យុត្តិធម៌​ជូន​បង​ប្រុ​ស​របស់​លោក​បាន​នោះ​ទេ។ លោក​ថា​ លោក​​នឹក​ដក​ពាក្យ​បណ្តឹង​របស់​លោក​ភ្លាម​ នៅ​ពេល​ណា​តុលាការ​ប្រកាស​ ដោះលែង​អ្នក​ទាំង​ពីrរ​ឲ្យ​​មាន​សេរីភាព​វិញ។​
បើ​តាម​ការ​​អះ​អាង​របស់​លោក​ជា​ មុន្នី​​ ថា នេះ​ជា​សារ​មួយ​ដែល​លោក​ផ្ញើរ​ឲ្យ​ពិភពលោក​បាន​​ដឹង​​ថា​ ដើម​បណ្តឹង​សម្រេច​ដក​ពាក្យ​បណ្តឹង​ហើយ​ ដោយ​សារ​តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ អ្នក​ទាំងពីរ​ពុំ​មែន​ជា​ឃាតករ​ទេ​ ហើយ​លោក​ក៍​មិន​អាច​ទទួល​យក​លទ្ធផល​ដែល​​សាលាឧទ្ទរណ៍​​សម្រេច​នោះ​ដែរ។​

លោក សុខ សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ ឲ្យ​ដឹង​ថា​ លោក​ជា​ មុន្នី​អាច​ដក​ពាក្យ​បណ្តឹង​បាន​ តែ​បើ​និយាយ​ពី​ផ្លូវ​ច្បាប់​សំណុំ​រឿង​ព្រហ្មទណ្ឌ​គឺ​នៅ​ដដែល​ អ្នក​ទាំង​ពីរ​មិន​អាច​មាន​សេរីភាព​នោះ​ទេ។​ លោក​ថា​ បើ​និយាយ​អំពី​រឿង​នយោបាយ​គឺ​ជា​រឿង​ផ្សេង។ ​

លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​​ទី​ក្រុង​ភ្នំពេញ។ ក្រោយ​ពី​ជាប់​ពន្ធនាគារ​ប្រមាណ​ជា ៥ ឆ្នាំ ដែល​មាន​រយៈពេល​ ១៧៧៩ ថ្ងៃ តុលាការ​កំពូល​បាន​សម្រេច​ធ្វើ​ការ​ដោះ​លែង​បណ្តោះ​អាសន្ន​ នៅ​ថ្ងៃ​ទី​៣១​ ខែ​​ធ្នូ​ ឆ្នាំ ២០០៨ ដោយ​បង្គាប់​​ឲ្យ​សាលាឧទ្ធរណ៍​​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី។

បន្ទាប់​ពី​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​​ប្រមាណ​ជា​៤​ ឆ្នាំ​នោះ​​ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ​ឆ្នាំ​២០១២ សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទា​ទោស​ជា​ថ្មី​ឲ្យ​អ្នក​ទាំងពី​រ​ជាប់​ពន្ធនាគារ ​​ម្នាក់ៗ​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​ប្រធាន​សហជីពសេរី​កម្មករ​កម្ពុជា។ អ្នក​ទាំងពីរ​ត្រូវ​រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​គ្រួសារ​សព​របស់​លោក ជា វិជ្ជា ចំនួន ៤០​លាន​រៀល ស្មើ​នឹង ១​ម៉ឺន​ដុល្លារ​អាមេរិក៕
(RFA)

Comments system

Disqus Shortname