ដោយ សេក បណ្ឌិត
2013-01-16
កម្មកររោងចក្រកាត់ដេរ គ្លេតភី ហ្គាមេន ហ្វាក់តូរី (Gladpeer Garments Factory) ប្រមាណ ២ពាន់នាក់ បាននាំគ្នាធ្វើកូដកម្មខាងមុខរោងចក្រនៅថ្ងៃពុធ ទី១៦ មករា។ក្រុមកូដករទាមទារជាសំខាន់ សុំឲ្យដំឡើងប្រាក់ខែគោល សូមឲ្យថៅកែ ឬអ្នកគ្រប់គ្រងរោងចក្រនោះបញ្ឈប់ការរើសអើងសហជីព ព្រមទាំងលក្ខខណ្ឌសំខាន់ៗជាច្រើនទៀតសរុបទាំងអស់ ១៤ចំណុច។
ក្រុមកម្មករដែលកំពុងធ្វើកូដកម្ម បានព្រមានថានឹងនាំគ្នាបិទផ្លូវជាតិលេខបួន ដើម្បីដាក់សម្ពាធទៅដល់ភាគីពាក់ព័ន្ធមានវិធានការដោះស្រាយជម្លោះ នេះ។
រោងចក្រកាត់ដេរ គ្លេតភី ហ្គាមេន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខបួន ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករនៃរោងចក្រនេះបានបន្តធ្វើកូដកម្មឈានដល់ថ្ងៃទី៣ហើយ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃពុធ ទី១៦ មករា។
ក្នុងចន្លោះពេលនេះ ក្រុមកម្មករបានធ្វើពិធីសូត្រមន្តនៅខាងមុខរោងចក្រ និងពិធីបន់ស្រន់ដល់វត្ថុសក្ដិសិទ្ធិទាំងឡាយឲ្យជួយបន្ទន់ចិត្ត ថៅកែរោងចក្រ ឲ្យគោរពច្បាប់ និងទទួលយកលក្ខខណ្ឌស្នើសុំរបស់កម្មករ និងដំណោះស្រាយរបស់ក្រុមប្រឹក្សារបស់អាជ្ញាកណ្ដាល។
កម្មការិនីម្នាក់ គឺកញ្ញា ជា រក្សា ដែលកំពុងស្ថិតនៅក្នុងចំណោមហ្វូងកូដករប្រមាណ ២ពាន់នាក់ បានឲ្យដឹងនៅថ្ងៃទី១៦ មករា ថា ដោយប្រាក់ខែកម្មករតិច ហើយទំនិញចេះតែឡើងថ្លៃ ពួកគាត់សូមឲ្យថៅកែដំឡើងប្រាក់ខែគោលពីចំនួនបច្ចុប្បន្ន ៦១ដុល្លារ ឲ្យបានឡើងដល់ ៩៣ដុល្លារ និងសម្រួលដល់លក្ខខណ្ឌការងារមួយចំនួនដែលកំពុងមានការរំលោភលើ សិទ្ធិការងារ ឬសិទ្ធិរបស់កម្មករ។
ស្ត្រីជាកម្មករម្នាក់ទៀត គឺលោកស្រី ថោ សាវី ក៏បានបង្ហាញពីគោលបំណងនៃការធ្វើបាតុកម្មប្រហាក់ប្រហែលគ្នានឹង កម្មករដទៃទៀតដែរ។ ហើយគាត់សច្ចាថានឹងរកគ្រប់វិធី និងត្រូវតស៊ូជានិច្ច រហូតបានជោគជ័យតាមអ្វីដែលកម្មករចង់បាន។
មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទសម្ព័ន្ធសហជីពប្រជាធិបតេយ្យកាត់ ដេរកម្ពុជា (CCAWDU) លោក ប៊ុត ប៊ុនឈាន លោកមានប្រសាសន៍បញ្ជាក់ថា កូដកម្មនេះក្រៅពីទាមទារនូវអត្ថប្រយោជន៍របស់កម្មករ ក៏មានការទាមទារឲ្យអ្នកគ្រប់គ្រងរោងចក្រនេះបញ្ឈប់ការរើសអើង សហជីព និងមើលងាយលើកម្មករ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងភាគីតំណាងខាងរោងចក្រ ដើម្បីបំភ្លឺឆ្លើយតបចំពោះបញ្ហានេះបានទេ នៅរសៀលថ្ងៃពុធ ទី១៦ មករា។
របាយការណ៍របស់ក្រុមកម្មករ បានបង្ហាញថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលធ្លាប់បានចេញសេចក្តីបង្គាប់ឲ្យមាន ដំណោះស្រាយចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ម្តងរួចមកហើយ ប៉ុន្តែត្រូវភាគីខាងរោងចក្រប្ដឹងជំទាស់។ ដូច្នេះ ក្រុមកម្មករនៅទាមទារឲ្យភាគីពាក់ព័ន្ធគោរព ឬមានវិធានការដោះស្រាយបន្តដើម្បីបញ្ចប់បញ្ហាឲ្យបានឆាប់៕(RFA)