Thursday, January 3, 2013

ឪពុក​ប្រមឹក​ដែល​វាយ​ធ្វើបាប​កូនៗ​ឱ្យ​ដើរ​សុំទាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្ដសៀមរាប​ ៖​ បុរស​ប្រមឹក​ដែល​តែងតែ​វាយ​ធ្វើបាប​កូនប្រុស​ទាំង​២​របស់​ ខ្លួន​ឱ្យ​ដើរ​សុំទាន​ត្រូវ​នគរបាល​ចាប់ខ្លួន​ បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​  ខែធ្នូ​ ឆ្នាំ​២០១២​ ។​
​អនុសេនីយ៍ទោ​ ឈុ​ម​ សំ​បាន​ នាយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​គោក​ចក​  បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បុរស​ឈ្មោះ​វិ​ន​ គ្រួ​ច​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អង្គរ​ក្រៅ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ដែល​តែងតែ​វាយ​ធ្វើបាប​កូនប្រុស​ទាំង​២​នាក់​ របស់​ខ្លួន​ឱ្យ​ដើរ​សុំ​លុយ​ភ្ញៀវ​ទេសចរ​ដើម្បី​ មក​ឱ្យ​ខ្លួន​យក​ទៅ​ផឹកស្រា​នោះ​ត្រូវ​បាន​ នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​  ខណៈ​ដែល​គាត់​វិល​ត្រលប់​ចូល​ផ្ទះ​វិញ​ បន្ទាប់​ពី​គេចខ្លួន​មួយ​រយៈ​ ។​
លោក​ឈុ​ម​ សំ​បាន​ និយាយ​ថា​ បុរស​រូប​នេះ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ ក្រុង​សៀមរាប​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ ទី​១​ ខែមករា​នេះ​។​ ដោយឡែក​កូនៗ​ ទៅ​ទាំង​ពី​នាក់​របស់​គាត់​ត្រូវ​បាន​អង្គការ​ កល្យាណមិត្ដ​ទទួលយក​ទៅ​ចិញ្ចឹម​ និង​ផ្ដល់​ ការ​រៀនសូត្រ​ ។​
​គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​ ២០១២​ បុរស​វិ​ន​ គ្រួ​ច​ បាន​វាយ​កូន​ ប្រុស​អាយុ​១៧​ឆ្នាំ​ របស់​គាត់​ឈ្មោះ​គ្រួ​ច​ គ្រឿន​ បណ្ដាល​ឱ្យ​មាន​របួស​ស្នាម​រហូត​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កុមារ​គន្ធ​បុ​បា្ព​ខេត្ដសៀមរាប​។​ ដោយ​ ឡែក​កូន​ប្អូន​ឈ្មោះ​គ្រួ​ច​ គ្រៀប​ អាយុ​១៣​ ឆ្នាំ​ នៅ​ពេល​ឃើញ​ឪពុក​វាយដំ​បងប្រុស​ របស់​ខ្លួន​ក៏​រត់គេច​ចេញពីផ្ទះ​ ។​
​ពួក​គេ​រស់នៅ​ជាមួយ​ឪពុក​ដែល​ម្ដាយ​ បាន​ស្លាប់​ចោល​តាំងពី​៤-៥​ឆ្នាំ​មុន​នៅ​ ភូមិ​អង្គរ​ក្រៅ​ សង្កាត់​គោក​ចក​ ក្រុង​ សៀមរាប​ ។​ ឪពុក​ដែល​តែងតែ​ផឹកស្រា​ មិន​លស់​ថ្ងៃ​នោះ​ឈ្មោះ​ វិ​ន​ គ្រួ​ច​ អាយុ​៥០​ឆ្នាំ​ តែងតែ​វាយ​ធ្វើបាប​កូនប្រុស​ ទាំង​២​នាក់​ ពេល​ដែល​ពួក​គេ​មិន​មាន​ប្រាក់​ ឱ្យ​គាត់​ទិញ​ស្រា​ផឹក​ ។​ កូនប្រុស​ច្បង​ ឈ្មោះ​ គ្រួ​ច​ គ្រឿ​ត​ អាយុ​១៧​ឆ្នាំ​ និង​កូន​ ប្អូន​ឈ្មោះ​ គ្រួ​ច​ គ្រៀប​ អាយុ​១៣​ឆ្នាំ​ ។​
​អ្នក​ភូមិ​អង្គរ​ក្រៅ​ដែល​រស់នៅ​ជិត​ ខាង​ផ្ទះ​កុមារ​ទាំង​២​នាក់​បានឱ្យ​ដឹង​ថា​ កុមា​រា​ គ្រួ​ច​ គ្រឿន​ កំពុង​ទទួល​រង​របួស​ គ្រាំគ្រា​និង​ប្អូនប្រុស​កំពុង​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​ ពោះម៉ាយ​តែង​ ទទួល​រង​ការ​វាយដំ​ធ្វើបាប​ជា​ញឹកញាប់​។​
​ក្មេង​ប្រុស​ឈ្មោះ​ គ្រួ​ច​ គ្រៀប​ ដែល​ មាន​រូប​កាយ​ស្គមស្គាំង​ស្បែក​ដណ្ដប់​ឆ្អឹង​និយាយ​ថា​ ជា​រៀងរាល់ថ្ងៃ​ខ្លួន​និង​បង​ ប្រុស​ឈ្មោះ​ គ្រួ​ច​ គ្រឿ​ត​ តែង​នាំ​គ្នា​ ចេញពីផ្ទះ​តាំងពី​ព្រឹក​ព្រលឹម​ទៅ​តំបន់​ អង្គរធំ​ដើម្បី​ជូន​និង​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​យក​ទៅ​ឱ្យ​ឪពុក​នៅ​ចាំ​ឯ​ ផ្ទះ​ដែល​មិន​ ធ្វើការ​អ្វី​សោះ​ គឺ​ចេះ​តែ​ផឹកស្រា​ ។​ កុមារ​ ដដែល​បាន​បញ្ជាក់​ថា​ ឪពុក​របស់​ខ្លួន​ តែង​វាយ​ធ្វើបាប​និង​បងប្រុស​ជា​ញឹកញាប់​ នៅ​ពេល​ដែល​ពួក​គេ​រក​ប្រាក់​មិន​បាន​ ហើយ​កាលពី​ថ្ងៃ​ទី​២០​ខែធ្នូ​កន្លង​ទៅ​ថ្មីៗ​នេះ​ ឪពុក​របស់​ខ្លួន​បាន​វាយ​ធ្វើបាប​បងប្រុស​យ៉ាងធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​ខ្លួន​ភ័យ ​ខ្លាច​ និង​រត់​ គេច​ចេញពីផ្ទះ​ជា​ប្រញាប់​ ។​ កុមារ​ប្អូន​ និយាយ​យ៉ាងនេះ​ថា​ “​គាត់​ផឹកស្រា​ពេល​ រក​លុយ​អត់​បាន​គាត់​ខឹង​គាត់​វាយ​ទាត់​ វាយ​នឹង​ដៃ​ វាយ​ដោយ​ខ្សែក្រវាត់​ ។​ ពេល​ ខ្លះ​យក​អង្រែ​វាយ​ក្បាល​ខ្ញុំ​លើក​មុន​គប់​ខ្ញុំ​នឹង​ដែកកេះ​ចេញ​ឈាម​ ។​ គាត់​យក​ជើង​ ជាន់​ដើមទ្រូង​បង​ខ្ញុំ​ទ​ន្ទ្រាំ​ ហើយ​ចាប់ចង​វាយ​ ខ្ញុំ​រត់​អត់​ហ៊ាន​នៅផ្ទះ​ខ្លាច​ឪ​របស់ខ្ញុំ​វាយ​”​។​
​ស្ដ្រី​ម្នាក់​ដែល​មិន​ហ៊ាន​បញ្ចេញ​ ឈ្មោះ​ បាន​និយាយ​ថា​ កន្លង​ទៅ​បុរស​ឈ្មោះ​ វិ​ន​ គ្រួ​ច​ ជា​ឪពុក​បាន​វាយ​ធ្វើបាប​កូនប្រុស​ ច្បង​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់​ បន្ទាប់​មក​ឪពុក​នោះ​ក៏​បាន​គេច​ ចេញពីផ្ទះ​នៅ​ពេល​ដែល​ដឹង​ថា​ អាជ្ញាធរ​ បាន​តាម​រក​ចាប់ខ្លួន​ ។​ ស្ដ្រី​ដដែល​បាន​ មាន​ប្រសាសន៍​ថា​ បុរស​នោះ​ចូល​ចិត្ដ​ ផឹកស្រា​ដោយ​មិន​ធ្វើ​ការងារ​អ្វី​ទេ​ ហើយ​ តែងតែ​វាយ​ធ្វើបាប​កូនប្រុស​ទាំង​២​នាក់​ជា​ញឹកញាប់​ ។​
​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ បុរស​ម្នាក់​នោះ​ មិន​ត្រឹមតែ​ប្រើ​អំពើ​ហិង្សា​វាយដំ​កូន​ ប្រុស​ទាំង​២​នាក់​នោះ​ទេ​ គឺ​គាត់​បាន​វាយ​ ដំ​និង​ធ្វើបាប​ប្រពន្ធ​របស់​គាត់​រហូត​ដល់​ឈឺ​ស្លាប់​កាលពី​៤-៥​ឆ្នាំ​មុន​ ។​ អ្នក​ភូមិ​ បញ្ជាក់​ថា​ កាលពី​ម្ដាយ​របស់​កុមារ​ ទាំង​២​នៅ​រស់​ បុរស​ជា​ប្ដី​តែង​វាយ​ធ្វើ​ បាប​ប្រពន្ធ​រហូត​ដល់​ប្រពន្ធ​នាំ​កូន​តូចៗ​ រត់​ចោលផ្ទះ​ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ​ ដាច់​បាយ​ដាច់​ទឹក​មិន​ហ៊ាន​ចូល​ទៅ​ផ្ទះ​ ឡើយ​ ។​ ចំណែក​កូនប្រុស​២​នាក់​កាលពី​ ម្ដាយ​នៅរ​ស់បាន​នាំ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ នៅ​សាលា​បឋម​សិក្សា​ក្នុងភូមិ​ ប៉ុន្ដែ​ ក្រោយមក​កុមារ​ទាំង​២​បាន​ឈប់​ទៅ​ សាលារៀន​ បន្ទាប់​ពី​ឪពុក​តែង​ទៅ​ជេរ​ប្រមាថ​ និង​រករឿង​វាយតប់​គ្រូបង្រៀន​ផង​នោះ​ ។​
​ក្រោយ​ពេល​ប្រើ​អំពើ​ហិង្សា​លើ​កូន​ យ៉ាងដំណំ​ បុរស​ប្រមឹក ​វិ​ន​ គ្រួ​ច​ បាន​រត់​ចេញពី​លំនៅ​ឋាន​ដើម្បី​គេចខ្លួន​ពី​ការ​ តាម​ចាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។
​តាម​ប្រ​ភ​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ ថា​ បុរស​ប្រមឹក​ម្នាក់​នេះ​តែងតែ​វាយ​ធ្វើ​ បាប​កូនៗ​ស្ទើរតែ​គ្មាន​លុះ​ថ្ងៃ​នៅ​ពេល​ កូនៗ​បស់​គាត់​ដើរ​សុំ​លុយ​ពី​ភ្លៀវ​មិន​បាន​ មួយ​ថ្ងៃ​៥០​ដុល្លារ​ តាម​គាត់​កំណត់​។​ អ្នក​ ភូមិ​និយាយ​ទៀត​ថា​ មិន​ត្រឹមតែ​កូនៗ​ទេ​ ប្រពន្ធ​របស់​គាត់​កាល​នៅ​រស់​ក៏​ទទួល​រង​ នៅ​ការ​វាយដំ​ពី​គាត់​ដែរ​ ។​
​លោក​ ចៅ​ ល័​ក្ខ​វ​ណ្ណា​ មន្ដ្រី​អង្គការ​ លី​កាដូ​ (LICADHO)​ ដែល​ជា​អ្នក​ ស៊ើបអង្កេត​ករណី​នេះ​ បាន​និយាយ​ថា​ តាម​ការ​អង្កេត​រក​ឃើញ​ថា​ កុមារ​២​ នាក់​បងប្អូន​ត្រូវ​ឪពុក​វាយ​ធ្វើបាប​តាំងពី​ ពួក​គេ​មាន​អាយុ​៧​ឬ​៨​ឆ្នាំ​មក​ម្ល៉េះ​។​  អំពើ​ទាំងនេះ​គឺជា​ការ​បំពារបំពាន​យ៉ាង​ ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​របស់​អង្គការ​ សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​កុមារ​ផង​ និង​ ក៏​ជា​បទល្មើស​ដែល​បង្ក​ឱ្យ​មាន​របួស​ស្នាម​ ដោយ​មាន​ចែង​នៅ​ក្នុង​មាត្រា​ខ្លះ​នៃ​ក្រម​ ព្រហ្មទណ្ឌ​ថ្មី​របស់​ប្រទេស​កម្ពុជា​ផង​។​ ដូច្នេះ​លោក​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថ​ កិច្ច​ចាត់វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ចំពោះ​បុរស​ជា​ឪពុក​រូប​នេះ​ ។​
នៅ​រសៀល​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​ ២០១៣​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ តុលាការ​ សម្រេច​យ៉ាងណា​ចំពោះ​បុរស​ប្រមឹក​ ដែល​ចូល​ចិត្ដ​វាយដំ​កូនៗ​នេះ​ទេ​។​ ប៉ុន្ដែ​ ប្រភព​ពី​មន្ដ្រី​តុលាការ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ បុរស​នេះ​ គេច​មិន​ផុត​ពី​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នោះ​ទេ​។​ ព្រោះ​ទ​ង្វើ​របស់​គាត់​មិនមែន​ ធ្វើ​ដោយ​អ​ចេតនា​នោះ​ទេ​ ហើយ​ក៏​មិន​ មែន​តែ​ម្ដង​ដែរ​ ។​
​អង្គការសិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល ​ ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​ស្ដ្រី​ និង​កុមារ​ មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុង​ប្រទេស​ កម្ពុជា​នៅ​តែ​ទទួល​រង​ការ​វាយដំ​លើ​រាង​កាយ​នៅឡើយ​ ហើយ​សមត្ថកិច្ច​មូល​ ដ្ឋា​ន​មិន​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ទេ​ ដោយ​តែងតែ​ចាត់​ទុក​ថា​ ជា​រឿង​ជម្លោះ​ ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ ហើយ​សមត្ថកិច្ច​មិន​ អាច​លូកដៃ​ចូល​ផ្ទៃក្នុង​គ្រួសារ​របស់​គេ​ បាន​ទេ​ ។​
​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ សហប្រជាជាតិ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​១៩៨៩​ស្ដី​ពី​សិទ្ធិ​កុមារ​បាន​ចែង​ថា​ កុមារ​ ត្រូវ​ទទួល​បាន​នូវ​កិច្ច​គាំពារ​ឱ្យ​ជៀស​ផុត​ពី​អំពើ​ឃោរឃៅ​ និង​ការ​ជិះជាន់​គ្រប់​ បែប​យ៉ាង​ ។​
​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ នៃ​អនុសញ្ញា​នេះ​តាំង​តែ​ពី​អំឡុង​ខែកញ្ញា​ ឆ្នាំ​១៩៩២​មក​ម្ល៉េះ​ ។​ ការ​ចូល​ជាស​មា​ ជិ​ក​នៃ​អនុសញ្ញា​នេះ​ជា​ការ​សន្យា​គោរព​ និង​អនុវត្ដ​តាម​មាត្រា​ទាំងឡាយ​ដែល​ការពារ​ទៅ​លើ​សិទ្ធិ​កុមារ​ ។​
​បច្ចុប្បន្ន​កុមារ​កម្ពុ​ជាមួយ​ចំនួន ​នៅ​ តែ​ទទួល​រង​គ្រោះ​លើ​រាង​កាយ​និង​ផ្លូវចិត្ដ​ ដោយសារ​តែ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ចាត់​ ទុក​ថា​ ការ​ដែល​ឪពុក​ឬ​ម្ដាយ​ វាយដំ​លើ​ រូប​កាយ​កុមារ​ធ្ងន់ធ្ងរ​នោះ​ជា​រឿង​សង្គម​ គ្រួសារ​ផ្ទាល់​ទៅ​វិញ​ ។​ តើ​បញ្ហា​នេះ​ផ្លូវច្បាប់​ត្រូវ​មាន​វិធានការ​យ៉ាងណា​?​ ៕(nokorwat)

Comments system

Disqus Shortname