Monday, January 14, 2013

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្តើម​យុទ្ធនាការ​ប្រកាស​ទ្រព្យ​សម្បត្តិ​

លោក​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​

ពេញ​មួយ​ខែម​ករានេះ​គឺជា​រយៈ​ពេល​ដែល​ មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​ក្នុង​ច្បាប់​អំពើ​ពុករលួយ​ទាំងអស់​ជិត​៣ម៉ឺន ​នាក់​ត្រូវ​ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​ឯ​អង្គភាព​ប្រឆាំង​ អំពើ​ពុករលួយ​ក្នុង​ដំណាក់​កាល​ទី​២ ។ គិត​ត្រឹម​ថ្ងៃ​ទី​១១​ មករា មាន​មន្ត្រី​ចំនួន​ជាង ៣០០០ នាក់​បាន​ចូល​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​រួច​ហើយ។ យុទ្ធនា​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នឹង​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី ៣១ មករា។ 

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បើក​ទ្វារ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ មករា​មក​ ដើម្បី​ឲ្យ​មន្ត្រី​ជាប់​កាតព្វកិច្ច​ទាំងអស់ ​ទៅ​ប្រកាស​ទ្រព្យ​ សម្បត្តិ និង​បំណុល​របស់​ខ្លួន។ ការ​បើកទ្វារ​ទទួល​អ្នក​ចូល​ខ្លួន​ ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​ នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​នេះ​បាន​ប្រកាស​ជូនដំណឹង​ដល់​បុគ្គល​ ជាប់​កាតព្វកិច្ច​ទាំងអស់ ​ឲ្យ​បាន​ដឹង​កាល​ពី​ថ្ងៃ​ទី​១​ ខែ ​មករា។
គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ នេះ មាន​មន្ត្រី​រដ្ឋាភិបាល​ចំនួន​ជាង ៣.២០០ នាក់​ហើយ​ដែល​បាន​ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ ​និង​បំណុល​នៅ​ចំពោះ ​មុខ​អង្គភាព​ប្រឆាំង​ពុក​រលួយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
លោក ឃុន រតនា ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី៩មករា​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជា​លើក​ទី​២ បាន​ដំណើរ​ការ ​ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​៣១​ មករា។ ក្នុង​អំឡុង​ពេល​ពេញ​មួយ​ខែ ​មករា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​បើក​ធ្វើការ​រៀង​រាល់​ថ្ងៃ ​រាប់​ទាំង​ ថ្ងៃ​សៅរ៍​អាទិត្យ ​ដោយ​គ្មាន​ការ​ឈប់​សម្រាក​ឡើយ ​ចាប់​ពី​ម៉ោង​៨​ព្រឹក​ រហូត​ដល់​ម៉ោង​៥​រសៀល។

យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង។ អ្នក​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​រួម​មាន មន្ត្រី​រាជការ​ស៊ីវិល​ដែល​មាន​ឋានៈ​ចាប់​ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ មន្ត្រី​ប្រដាប់​អាវុធ​ដែល​មាន​ឋានៈ​ចាប់​ពី​វរៈសេនីយឯក​  និង​ក្រៅពី​នោះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត ស្រុក-​ខណ្ឌ និង​ឃុំ​-សង្កាត់ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ព្រម​ទាំង​មន្ត្រី​តុលាការ​ផង ក៏ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ដែរ។ អ្នក​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទាំងអស់​មាន​សរុប​ជិត ៣ម៉ឺន​នាក់។

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១២ លោក​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​ថា ឆ្នាំ​២០១៣ នេះ​គឺ​ជា​ឆ្នាំ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​សកម្ម​ថែម​ទៀត។ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ អំពើ​ពុករលួយ ប៉ុន្តែ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ដែល​ធ្វើ​ឡើង​ដោយ​សម្ងាត់​  ត្រូវ​បាន​មតិ​មួយ​ចំនួន​រិះគន់​ថា នឹងធ្វើ​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ​មិន​សូវ​មាន​ប្រសិទ្ធភាព​ ឡើយ៕(rfi)

 

Comments system

Disqus Shortname