Monday, January 21, 2013

ឃុំខ្លួន​បុរស​ម្នាក់​ពី​បទ​ហិង្សា​ដោយ​ ចេតនា​ មាន​ស្ថាន​ទម្ងន់​ពាក់ព័ន្ធ​កាប់​ ជន​រង​គ្រោះ​ដាច់​ដៃ​ម្ខាង​

ភ្នំពេញ​ ៖​ ចៅក្រម​ស៊ើបសួរ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ ទី​១៩​ ខែមករា​ ឆ្នាំ​២០១៣​ បាន​សម្រេច​ ឃុំខ្លួន​បុរស​ម្នាក់​ ដាក់​ពន្ធនាគារ​បណ្ដោះ​ អាសន្ន​ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ ដែល​មាន​ចែង​មាត្រា​ ២១៧​ នៃ​ក្រមព្រហ្មទណ្ឌ​ ហើយ​ទោស​នេះ​ ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ទៀត​ប្រសិនបើ​ តុលាការ​ស៊ើបរក​ឃើញ​ថា​ ជន​ត្រូវ​ចោទ​ ពិតជា​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទប្រកាន់​ ខាងលើ​នេះ​ពិតប្រាកដ​មែន​ ។​
​ជន​ត្រូវ​ចោទ​ឈ្មោះ​អ៊ឹ​ង​ ចំរើន​ ហៅ​ ថ្លៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មានមុខ​ របរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​១១០៣​បេ​ ផ្លូវ​៣៧១​ ភូមិ​-​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១១​ នៅ​ចំណុច​ផ្លូវ​៣៧១​ ភូមិ​ ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​
​ដើមហេតុ​ដែល​នាំ​ឱ្យ​ឃាត់ខ្លួន​ នេះ​ កើតឡើង​ដោយសារ​តែ​នៅ​ថ្ងៃ​ទី​៣១​ ខែ​ តុលា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៨​យប់​ បង​ ប្រុស​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​អ៊ឹ​ង​ តុលា​ និង​ជន​ត្រូវ​ចោទ​ ព្រមទាំង​ឈ្មោះ​រិ​ទ្ធ​ និង​ ឈ្មោះ​ភេ​វ​ បាន​ជិះ​ម៉ូតូ​២​គ្រឿង​របស់​អ៊ឹ​ង​ ចំរើន​ និង​របស់​ឈ្មោះ​រិ​ទ្ធ​ នាំ​គ្នា​ទៅ​ផឹកស៊ី​ នៅ​អាហារ​ដ្ឋា​ន​អង្គរ​ភូមិន្ទ​ ។​ ពេល​ផឹក​ ស៊ី​រួច​ ពួក​គេ​ដើរ​ចេញ​ក្រៅ​បម្រុង​ឡើង​ ជិះ​ម៉ូតូ​ ស្រាប់តែ​ក្រុម​ម្ខាង​ទៀត​បាន​ ទាញ​ដៃ​របស់​ឈ្មោះ​អ៊ឹ​ង​ ចំរើន​ បណ្ដាល​ ឱ្យ​ដួល​ម៉ូតូ​ ពេល​នោះ​អ៊ឹ​ង​ ចំរើន​ បាន​ ទាញ​កាំ​បិទ​ភ្លាស​សាច់​ជ្រូក​ ដែល​ដាក់​ តាម​ម៉ូតូ​ស្រាប់​កាប់​ទៅ​លើ​ភាគី​ម្ខាង​ ទៀត​ទាំង​កំរោល​ រួច​ហើយ​អ៊ឹ​ង​ ចំរើន​ និង​បក្ខពួក​បាន​ផ្ដួល​ម៉ូតូ​ទុក​ចោល​ ហើយ​ រត់គេច​ខ្លួន​តែ​ម្ដង​ ។​
​លុះដល់​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៣​ ដោយសារ​មាន​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ លេខ​០០៦​អយ​ឋ​ ចុះ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​ ២០១៣​ របស់​លោក​សៀង​ សុខ​ តំណាង​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សមត្ថកិច្ច​ក៏​បាន​ចុះ​អនុវត្ដន៍​តាម​ដីកា​ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១​ ភូមិ​ទ្រា​៤​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ក៏​បាន​ឃាត់​ ខ្លួន​ឈ្មោះ​អ៊ឹ​ង​ ចំរើន​ តាម​ដីកា​តែ​ម្ដង​ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ។
​                        

Comments system

Disqus Shortname