Saturday, March 23, 2013

នាងក្អយ, ជីប ធី, ជា រដ្ឋា សុទ្ធ​តែ​ជាប់បទ​ល្មើស​ព្រហ្មទណ្ឌស្វែង​រក​ចាប់ខ្លួន... ហេតុអីក៏​ចាប់មិនបាន?​

រាជធានីភ្នំពេញ ៖ បាត់នាងក្អយឱ្យ​ឈឹង... នាងក្អយ​ជាប់បណ្តឹង​​ពីបទរំលោភ​​សេចក្តី​ទុក​ចិត្ត គឺជួល​រថយន្ត​​ទំនើប​របស់​គេ​ច្រើន គ្រឿង ​យកទៅបញ្ចាំ និង​ត្រូវ​តុលាការ​ចេញដីកា​​ស្វែង​រកចាប់ខ្លួន​​រួចហើយ ប៉ុន្តែ​ស្ងាត់ឈឹង​​មិន​ដឹង​ជាគេ​ភ្លេច?  ឬ​ខ្ជិល​អនុវត្ត? ​វីវរ​ហើយ ។
​បុរស​ឈ្មោះ​ជីព ធី ​ជា​សិស្ស​​មេធាវី​ក្បត់​នឹង​មនសិកា​​រ ស៊ី​កូនស្រី​មិត្តភក្តិ​ដែលយកទៅផ្ញើ​នៅផ្ទះ​ គឺ​រំលោភ​សេព​សន្ថវៈ​លើ​ក្មេងស្រី​មិន​ទាន់គ្រប់អាយុ (ក្មេង​ស្រី​អាយុ១៥ឆ្នាំ) ​ហើយ​ប្រើ​ល្បិច​ចាប់ឪពុក​នាង​ដាក់គុក​មួយប្រាវទៀត ប៉ុន្តែសំណាង​អាក្រក់របស់​គេ ក៏​បែកការណ៍​​ធ្លាយ​រឿង​​ពិត​​ តុលា​ការ​រាជ​ធានីភ្នំពេញ ក៏ចេញ​ដីកា​ដោះលែង​​ឪពុក​នាង​ជំទង់​រងគ្រោះ​​ឱ្យ​មាន​សេរីភាពវិញ​ ហើយចេញ ដីកា​​ស្វែង​រក​ចាប់ខ្លួន​​សិស្ស​មេធាវី​​ជីប ធី ដើម្បី​បើកការ​ជំនុំ​ជម្រះ ​​​។
​ការ​ស្វែង​រក​ចាប់ខ្លួន​ជីប ធី ពី​មួយថ្ងៃទៅមួយថ្ងៃ ក៏ស្ងាត់​ឈឹង... មិន​ដឹង​ថា សមត្ថកិច្ច​ភ្លេច ឬ​​ខ្ជិល​នោះទេ? បើរវល់​តែ​ខ្ជិល​យ៉ាង នេះ ​តើ​ឱ្យពលរដ្ឋ​​សង្ឃឹម​​លើច្បាប់​​ដូចម្តេចទៅ?​រឿង​ជំទាវ​ជា​ រដ្ឋា អតីត​រដ្ឋលេខាធិការ​​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម និងជា អតីត​​ស្នង​ការ​រង​នគរបាល​រាជធានីភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ព្រហ្ម​ទណ្ឌ ​វាយប្រហារ​​​ដោយទឹកអាស៊ីត​​ទៅ​​លើម្តាយ​មីង​តារា​​សម្តែង​​​អុិន សុខលីដា ​ដោយសារតែ​​ស្រឡាញ់​​ស្រីដូចគ្នា មិនបាន​សម្រេច​នោះ ក៏​ត្រូវ​​តុលាការ​​រាជ​ធានី​ភ្នំពេញចេញដីកា​ស្វែង​រក​​ចាប់​ខ្លួន​ដែរ ប៉ុន្តែ​ស្ងាត់​ឈឹងមិន​ដឹងថា សមត្ថ​កិច្ចភ្លេច ឬ​ក៏ខ្ជិលនោះទេ?
ករណីបទល្មើស​ព្រហ្ម​ទណ្ឌ​​​ខាងលើនេះ បានអូស​បន្លាយ​ពេលជាង​២ឆ្នាំ​ហើយ... ​បើ​​សមត្ថកិច្ច​ខ្ជិល ឬ​មិន​អនុវត្ត​ច្បាប់ តើ​ថ្ងៃ​ណា ទៅ ទើប​ច្បាប់​យុត្តិធ​ម៌... ច្បាប់​មានតម្លាភាព? អ្នកស្លូត​ត្រង់​សង្ឃឹម​លើសមត្ថកិច្ច​ និងច្បាប់ ចុះ​បើ​មិនអនុវត្ត​ជាមួយ​អ្នក​ល្មើស តើ​​ឱ្យ​ពលរដ្ឋ​​ស្លូតត្រង់​សង្ឃឹម​​លើអ្វី?

Comments system

Disqus Shortname