រាជធានីភ្នំពេញ ៖ ផ្ទះឧត្តមសេនីយ៍ទោប៉ូលិសម្នាក់
ត្រូវក្រុមចោរមួយក្រុមនាំគ្នាចូលធ្វើសកម្មភាពលួចយកម៉ូតូអស់
ចំនួន២គ្រឿង កាលពីវេលាម៉ោង៣និង៥៧នាទីទៀបភ្លឺថ្ងៃទី៩ មីនា
២០១៣
ហើយម្ចាស់បានទៅប្តឹងប៉ូលិសប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣
តែពុំត្រូវបានប៉ូលិសយកចិត្តទុកដាក់ទៅសួរនាំស្រាវជ្រាវឡើយ ។
ទោះបីក្នុងសកម្មភាពមានកាមេរ៉ាថតបានពីសកម្មភាពក្រុមចោរលួច
យ៉ាងណាក៏ដោយ ។ លំនៅឋានដែលត្រូវចោរចូលលួចនោះលេខ៧៦EA
ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលគេស្គាល់ថា
ជាផ្ទះឧត្តមសេនីយ៍ទោប៉ូលិស ។
ការមិនអើពើនេះកំពុងតែធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿមកលើប៉ូលិស
។ ម៉ូតូដែលត្រូវចោរចូលលួច១គ្រឿងម៉ាក BRAND ពណ៌ខ្មៅ
ដែលមានម្ចាស់ឈ្មោះអិុន សុភា ភេទស្រី អាយុ២៥ឆ្នាំ
ជាបុគ្គលិកសារព័ត៌មាន មានលំនៅផ្ទះជួលខាងលើ
និងមួយគ្រឿងទៀតម៉ាកគុបជ្រុង៧០ ពណ៌ទឹកប៊ិច ម្ចាស់ឈ្មោះស្រេង
ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស
មានលំនៅផ្ទះជួលខាងលើ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី៨ មីនា ២០១៣
ស្រ្តីជាម្ចាស់ម៉ូតូទាំងពីរគ្រឿងបានចតម៉ូតូទុកក្នុងផ្ទះជួលលេខ៧៦EA
ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលម្ចាស់ផ្ទះជួលគេស្គាល់ថា
លោកឧត្តមសេនីយ៍ទោប៉ូលីសម្នាក់។
លុះនៅវេលាម៉ោង៣និង៥៧នាទីទៀបភ្លឺចូលថ្ងៃទី៩ មីនា ២០១៣
មានក្រុមចោរមួយក្រុមបានចូលធ្វើសកម្មភាពលួចយកម៉ូតូអស់ចំនួន២គ្រឿង
ក្នុងចំណោមម៉ូតូចំនួន៤គ្រឿងដែលចតទុកក្នុងផ្ទះជួលនោះ ៕